ស្វែងយល់ពីចរិកលក្ខណៈពិសេសនៃប្រភេទឈាមនីមួយៗ
តើអ្នកដឹងថាខ្លួនមានប្រភេទឈាមអ្វីដែរទេ?
ជាទូទៅឈាមត្រូវបានបែងចែកជា ៤ ប្រភេទធំៗគឺ A, B, AB និង O ។ នៅជប៉ុនគេនិយមសង្កេតមើលប្រភេទឈាមដើម្បីទស្សន៍ទាយពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ ដែលហៅថាទស្សន៍ទាយមើលតាមប្រភេទឈាម។
ថ្វីត្បិតតែ មានការបែងចែកលម្អិតជាងនេះ ដូចជាការរួមបញ្ចូលរវាងប្រភេទឈាម និងតារាវិទ្យា ប៉ុន្តែថ្ងៃនេះយើងគ្រាន់តែស្វែងយល់ពីលក្ខណៈទូទៅនៃប្រភេទឈាមនីមួយៗប៉ុណ្ណោះ។
ក្រុមឈាមប្រភេទ A
អ្នកដែលមានឈាមប្រភេទ A ច្រើនតែជាមនុស្សល្អិតល្អន់ មានទំនួលខុសត្រូវខ្ពស់ តែងតែមានការព្រួយបារម្ភ យកចិត្តទុកដាក់ចំពោះគំនិតរបស់អ្នកដទៃ មានផែនការ ហើយពេលខ្លះក៏រឹងរូសបន្តិចដែរ។
ចំពោះរឿងស្នេហា អ្នកដែលមានឈាមប្រភេទ A ច្រើនតែមិននិយាយចេញ ដូច្នេះហើយ ប្រសិនបើអ្នកចូលចិត្តបុគ្គលដែលមានឈាមប្រភេទ A អ្នកគួរតែជាអ្នកចាប់ផ្តើម។
នៅជប៉ុនក្រុមឈាមប្រភេទ A គឺសម្បូរបំផុត ដែលមានប្រហែល ៤០% ។ ដូច្នេះហើយ នៅពេលដែលរំលឹកដល់ “ប្រជាជនជប៉ុន” ក្រុមអ្នកដែលមានឈាមប្រភេទ A ច្រើនតែជាតំណាង។
ក្រុមឈាមប្រភេទ B
អ្នកដែលមានឈាមប្រភេទ B ច្រើនតែជាមនុស្សចង់ដឹងចង់ឃើញ សុទិដ្ឋិនិយម ឆាប់អផ្សុក ត្រូវការកន្លែងផ្ទាល់ខ្លួន ច្រើនតែព្រងើយកន្តើយចំពោះអ្វីដែលមិនចាប់អារម្មណ៍ ហើយត្រូវការពេលវេលាសម្រាប់បើកចិត្ត។
នៅជប៉ុនក្រុមអ្នកដែលមានឈាមប្រភេទ A ច្រើនតែត្រូវគេចាត់ទុកជាមនុស្សមានបុគ្គលិកលក្ខណៈខុសប្លែកនឹងអ្នកដទៃបន្តិច។
ទោះបីជាពេលខ្លះត្រូវគេវាយតម្លៃថាជាមនុស្សអាត្មានិយម ប៉ុន្តែក្រុមអ្នកដែលមានឈាមប្រភេទ B បែរជាមានភាពស្មោះត្រង់ និងទៀងត្រង់។ ប្រសិនបើអ្នកយល់ពីបុគ្គលិកលក្ខណៈទាំងនេះ អ្នកអាចបង្កើតទំនាក់ទំនងល្អជាមួយនឹងក្រុមអ្នកដែលមានឈាមប្រភេទ B ។
ក្រុមឈាមប្រភេទ AB
ក្រុមអ្នកដែលមានឈាមប្រភេទ AB ច្រើនតែមានបុគ្គលិកលក្ខណៈដូចខាងក្រោម។
បុគ្គលិកលក្ខណៈមានពីរគឺ ចូលចិត្តនៅម្នាក់ឯង ប៉ុន្តែក៏អាចនឹងមានអារម្មណ៍ឯកោផងដែរ ពូកែទាយដឹងពីស្ថានភាព មើលទៅដូចជាមានភាពអាថ៌កំបាំង អារម្មណ៍តែងតែប្រែប្រួលខុសធម្មតា មិនពូកែណែនាំអ្នកដទៃនោះទេ ប៉ុន្តែមានញ្ញាណដឹងមុន។
គេច្រើនតែយល់ថា អ្នកដែលមានឈាមប្រភេទនេះមិនស័ក្តិសមធ្វើជាគ្រូបង្រៀននោះទេ ប៉ុន្តែបែរជាមានទេពកោសល្យខាងសិល្បៈ។ ជាប្រភេទមនុស្សដែលមានទេពកោសល្យ។
នៅជប៉ុនអ្នកដែលមានក្រុមឈាមប្រភេទនេះមានប្រមាណ ១០% ប៉ុណ្ណោះ ពិតជាកម្រណាស់។
ក្រុមឈាមប្រភេទ O
ក្រុមឈាមប្រភេទ O ត្រូវបានគេចាត់ទុកថាមានបុគ្គិលលក្ខណៈដូចខាងក្រោម។
ជាមនុស្សដែលមានចិត្តល្អ ចិត្តទូលាយ មានអំណោយផលធ្វើជាអ្នកដឹកនាំ នៅពេលដែលខឹងពិបាកនឹងគ្រប់គ្រងខ្លួនឯង ចូលចិត្តអារម្មណ៍មានអ្នកដទៃចូលចិត្តខ្លួន និងមានការចងចាំល្អ។
ដោយសារតែជាមនុស្សចិត្តទូលាយ ទើបត្រូវបានគេចាត់ទុកថាស័ក្តិសមនឹងតួនាទីជាអ្នកដឹកនាំ គ្រប់គ្រងមនុស្សជាជាងការទទួលយកការងារលម្អិត។
គូស្នេហ៍ដែលត្រូវបានគេចាត់ទុកថាសមគ្នាបំផុតគឺ៖
ដំបូងគឺបុរសដែលមានឈាមប្រភេទ O និងនារីមានឈាមប្រភេទ A ។
ចំណាត់ថ្នាក់ទី ២ គឺបុរសមានឈាមប្រភេទ B និងនារីមានឈាមប្រភេទ O ។
បន្ទាប់មកគឺបុរស និងនារីមានឈាមប្រភេទ A ដូចគ្នា។
ផ្ទុយទៅវិញ គូស្នេហ៍ដែលត្រូវបានគេចាត់ទុកថាមិនត្រូវគ្នាគឺ៖ បុរសមានឈាមប្រភេទ B និងនារីមានឈាមប្រភេទ A បុរសមានឈាមប្រភេទ AB និងនារីមានឈាមប្រភេទ O ។
យ៉ាងណាមិញ បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់មិនត្រឹមតែអាស្រ័យលើប្រភេទឈាមរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែទទួលរងឥទ្ធិពលដោយកត្តាជាច្រើនផ្សេងទៀត។ ដូច្នេះហើយ យើងមិនអាចបញ្ជាក់បានទេថា គូស្នេហ៍សមគ្នាដោយផ្អែកលើប្រភេទឈាមនោះទេ។
ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ប្រសិនបើអ្នកសាកល្បងស្វែងយល់ពីគូស្នេហ៍ដែលនៅជុំវិញខ្លួន ជាអ្នកដែលជោគជ័យ ឬបរាជ័យក្នុងរឿងស្នេហា តើជាបុគ្គលដែលមានឈាមប្រភេទអ្វី។
និយាយអញ្ចឹង ខ្ញុំធ្លាប់មានបទពិសោធន៍រៀបការជាមួយអ្នកដែលមានឈាមប្រភេទ A ដូចគ្នា។ ប្រហែលជាទស្សនៈសមគ្នាដោយផ្អែកលើប្រភេទឈាមមិនមែនត្រូវគ្រប់ពេលនោះទេ មែនទេ?
នៅជប៉ុនគេតែងតែប្រើរបៀបនិយាយពីប្រភេទឈាមដើម្បីចាប់ផ្តើមការសន្ទនា។
ឧទាហរណ៍នៅពេលដែលឮនរណាម្នាក់និយាយថា ខ្ញុំមានឈាមប្រភេទ A គេនឹងនិយាយថា “អ៊ូ អ្នកប្រាកដជាជាមនុស្សដែលមានភាពប្រុងប្រយ័ត្ន និងម៉ឺងម៉ាត់ហើយមែនទេ?”
ចំណុចនេះប្រៀបដូចជាវិធីសាស្រ្តចាប់ផ្តើមទំនាក់ទំនង ហើយស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់អ្នកដែលនៅចំពោះមុខ។
នៅប្រទេសរបស់អ្នកទាំងអស់គ្នា តើមានទម្លាប់ទស្សន៍ទាយដោយអាស្រ័យលើប្រភេទឈាមដែរទេ? សូមកុំភ្លេចចែករំលែកប្រាប់ JAPO ។
Abe Kengo