កំណប់​ដ៏​ធំ​បំផុត​នៅ​ជប៉ុន៖ តើ​នេះ​ជា​រឿង​ពិត ឬ​គ្រាន់​តែ​ជា​រឿង​ព្រេង?

កាលពីក្មេង ប្រហែលជាយើងទាំងអស់គ្នាធ្លាប់គិតដល់ដំណើរផ្សងព្រេងតាមរកកំណប់មែនទេ?

សៀវភៅរឿង One Piece ដ៏ល្បីនៅលើពិភពលោកក៏បានលើកយកប្រធានបទស្វែងរកកំណប់ដែលត្រូវលាក់ទុកនៅកន្លែង​ណា​មួយ​លើ​ពិភព​លោក​ផង​ដែរ។

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ដែលថា យើងតែងតែមានអារម្មណ៍រំភើបចំពោះដំណើរផ្សងព្រេងស្វែងរកកំណប់។

តើអ្នកដឹងទេថា នៅជប៉ុនយើងអាចចូលរួមដំណើរផ្សងព្រេងស្វែងរកកំណប់ដ៏គួរឲ្យទាក់ទាញបំផុតដែរទេ?

នោះគឺជាការស្វែងរក “Tokugawa Maizokin” (កំណប់ដែលត្រូវលាក់ទុករបស់គ្រួសារ Tokugawa) ។

កំណប់នៃគ្រួសារ Tokugawa

អំឡុងសម័យ Edo នៅពេលដែលសាមូរ៉ៃកាន់អំណាចគ្រប់គ្រងប្រទេសជប៉ុន គ្រួសារ Tokugawa បានគ្រប់គ្រងប្រទេស​អស់​រយៈពេល ២៦០ ឆ្នាំ។

នៅពេលដែលសម័យកាលនេះបញ្ចប់ ហើយគ្រួសារ Tokugawa ត្រូវចាកចេញពីប្រាសាទ ដែលជាលំនៅដ្ឋានសំខាន់របស់ពួកគេ អាថ៌កំបាំងដ៏អស្ចារ្យមួយត្រូវបានលាតត្រដាង៖ មាសប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលប្រើសម្រាប់គ្រប់​គ្រង​រាជការ ដែល​គេ​ជឿ​ថា ត្រូវ​បាន​លាក់​ទុក​នៅ​ទី​នេះ បាន​រលាយ​បាត់​យ៉ាង​អាថ៌កំបាំង។

ថ្វីត្បិតតែប្រវត្តិសាស្ត្រកត់ត្រាថា រាជវង្ស Tokugawa ធ្លាប់ប្រឈមនឹងបញ្ហាផ្នែកហិរញ្ញវត្ថុ ប៉ុន្តែបើនិយាយថា ពួកគេមិន​មាន​ទ្រព្យ​សម្បត្តិ​សោះ​គឺ​ជា​រឿង​ដែល​មិន​អាច​ជឿ​បាន។

ដូច្នេះហើយបានជាមនុស្សជាច្រើនជឿថា មាសប្រាក់យ៉ាងច្រើននៃរាជវង្សនេះត្រូវបានលាក់ទុកនៅកន្លែងណាមួយ រង​ចាំ​ថ្ងៃ​ត្រូវ​បាន​រក​ឃើញ។

នៅពេលនោះ អ្នកកាន់តំណែង Kanjo Bugyo (ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ Shogun) ដែលស្មើនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុ​សព្វ​ថ្ងៃ​គឺ Oguri Tadamasa ។

លោកជាគ្រប់គ្រងមូលនិធិសាធារណៈរបស់រដ្ឋាភិបាលដោយផ្ទាល់ ដូច្នេះ​លោក​ប្រាកដ​ជា​ដឹង​ច្បាស់​អំពី​ចំនួនទឹក​ប្រាក់។

នៅទីបំផុត លោកបានទៅជ្រកកោន​នៅ​ស្រុក​កំណើតដែលសព្វថ្ងៃគឺខេត្ត Gunma ។ យ៉ាងណាមិញ ក្រោយ​មកលោក​ត្រូវ​​រដ្ឋាភិបាល​​ថ្មី​​រក​​ឃើញ ហើយ​ត្រូវ​​ប្រហារ​​ជីវិត។

លោកជាបុគ្គលតែម្នាក់គត់ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ Edo ដួលរលំ។

ព័ត៌មានសាក្សី

នៅពេលនោះ ពាក្យចចាមអារ៉ាមនិយាយពីការដឹកជញ្ជូនកំណប់ចេញពីក្រុង Edo តាម​កប៉ាល់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​គ្រប់​កន្លែង។

មនុស្សជាច្រើនជឿថា មាសប្រាក់ដ៏មានតម្លៃទាំងនោះត្រូវបានលាក់ទុកនៅកន្លែងសម្ងាត់មួយ ហើយភ្នំ Akagi ក្នុង​ខេត្ត Gunma ច្រើន​តែ​ត្រូវគេចាត់ទុកដូចជាកន្លែងគួរឲ្យសង្ស័យ។

ការស្វែងរកជាបន្តបន្ទាប់ត្រូវបានធ្វើឡើងនៅទីនោះ ប៉ុន្តែរហូតមកដល់សព្វថ្ងៃ កំណប់នៅតែជាអាថ៌កំបាំងនៅ​ឡើយ។

តម្លៃនៃកំណប់

គេបានប៉ាន់ស្មានថា ទ្រព្យសម្បត្តិរបស់គ្រួសារ Tokugawa រួមមានមាសប្រាក់ និងប្រាក់សុទ្ធដែលមានតម្លៃរហូតដល់ ៣៦០ ទៅ ៤០០ ពាន់​តម្លឹង។

ប្រសិនបើប្តូរទៅជាប្រាក់នាពេលសព្វថ្ងៃ តួលេខពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ប្រាក់មានរហូតដល់ទៅ ២០.០០០ ពាន់​​លាន​​យ៉េន​។

ថ្វីត្បិតតែ ប្រទេសជាតិកំពុងជួបបញ្ហា ប៉ុន្តែដើមឡើយនេះជាទ្រព្យសម្បតិ្តរបស់ប្រទេសទាំងមូល ចំនួនទឹកប្រាក់ប្រាកដ​ជា​ច្រើន​សន្ធឹក​សន្ធាប់ អាចជួយឲ្យមនុស្សជាច្រើនក្លាយជាអ្នកមាន។

ទីតាំងកំណប់

សំណួរទាក់ទងនឹងកំណប់នៃ Tokugawa នៅតែជាអាថ៌កំបាំងនៅឡើយ។ ថ្វីត្បិតតែ នៅភ្នំ Akagi ខេត្ត Gunma ធ្លាប់ត្រូវគេចាត់ទុកជាកន្លែង “លាក់កំណប់” ប៉ុន្តែក្រោយពេលស្វែងរកជាច្រើនដង សង្ឃឹមហាក់ដូចជាបាត់បង់បន្តិច​ម្តងៗ។

ដូច្នេះតើកំណប់អាចនឹងត្រូវបានលាក់ទុកនៅកន្លែងដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្រួសារ Tokugawa ដូចជានៅ Nikko ខេត្ត Tochigi ឬ​ទីក្រុង Shizuoka ដែរ​ទេ?

ទាំងនេះជាកន្លែងដែលមនុស្សជាច្រើនកំពុងចោទជាសំណួរ។

ទ្រឹស្តីមួយផ្សេងទៀតបែរជាយល់ថា កំណប់របស់ Tokugawa មិនមានពិតនោះទេ។

ដូច្នោះ​ហើយ ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជួប​ការ​លំបាក បញ្ហាលាក់ប្រាក់យ៉ាងច្រើនបែបនេះជា​រឿង​ដែល​នឹក​ស្មាន​មិន​​ដល់

ផ្ទុយទៅវិញ មនុស្សមួយចំនួនយល់ថា មាសប្រាក់មួយផ្នែក ឬទាំងអស់ត្រូវបានបែងចែកជាចំណែកតូច ហើយត្រូវបាន​អ្នក​ដែល​ធ្វើ​ការ​ក្នុង​ក្រុង Edo យក​ទៅ។

ទោះជាយ៉ាងណា សម្មតិកម្មនេះស្តាប់ទៅដូចជាសាមញ្ញបន្តិច ហើយមិនអាចបញ្ចុះបញ្ចូលឲ្យ​មនុស្សជាច្រើនជឿនោះទេ។

ប្រសិនបើរកឃើញ តើ​អាច​រក្សា​ទុក​បាន​ទេ?

ប្រសិនបើសំណាងរកឃើញកំណប់របស់ Tokugawa សូមកុំប្រញាប់សប្បាយ ព្រោះអ្នកមិនអាចយកកំណប់ទាំងអស់ទៅ​ផ្ទះ​បាន​ទេ។

បទប្បញ្ញត្តិទាក់ទងនឹងការរកឃើញកំណប់ក៏ដូចជាពេលដែលរើសបានប្រាក់តាមផ្លូវផងដែរ។ អ្នកត្រូវរាយការណ៍ប្រាប់ប៉ូលីស​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍។

យ៉ាងណាមិញ ជាការតបស្នង អ្នកនឹងទទួលបានប្រាក់រង្វាន់យ៉ាងច្រើន ប្រហែល​ជា ២០% នៃ​តម្លៃ​របស់​កំណប់​ទាំង​មូល។

តម្លៃសរុបអាចនិយាយបានថាមានចំនួនច្រើន ដូច្នេះទោះបីជាមួយផ្នែកតូចក៏ជាចំនួនយ៉ាងច្រើនផងដែរ។ 

ខ្ញុំអាចយល់ពីអារម្មណ៍ចង់យកកំណប់ទៅផ្ទះដោយសម្ងាត់ ប៉ុន្តែនោះជាចំនួនយ៉ាងច្រើន ហើយមិនមែនជារូបិយ​ប័ណ្ណ​សព្វថ្ងៃ​នោះ​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា បើ​សិន​ជា​រាយ​ការណ៍​តាម​ត្រង់​ល្អ​ជាង។

ក្រៅពីនេះ អ្នកដែលបានរកឃើញអាចនឹងត្រូវសម្ភាសតាមកញ្ចក់ទូរទស្សន៍ ឬ​អាច​នឹង​ផលិត​ទៅ​ជា​រឿង​រ៉ាវ​របស់ខ្លួន ដូច្នេះ​អាច​រក​ប្រាក់​ចំណូល​បន្ថែម។

តើអ្នកយល់យ៉ាងណា? នេះជារឿងដែលគួរឲ្យចាប់អារម្មណ៍ណាស់មែនទេ?

ទោះជាយ៉ាងណា យើងមិនអាចស្វែងរកដោយមិនខ្វល់ពីអ្វីបានឡើយ។

ចាំបាច់ត្រូវស្រាវជ្រាវឯកសារខុសៗគ្នាជាច្រើន ហើយបើជីកកកាយលើដីរបស់អ្នកដទៃគឺមិនបាននោះទេ ដូច្នេះត្រូវ​សុំ​ការ​អនុញ្ញាត​ដាច់​ខាត។

ប្រសិនបើអ្នកជាអ្នកមាន ហើយចូលចិត្តការស្វែងរកកំណប់ ហេតុអ្វីមិន​សាកល្បង?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: