ប្លែក​មិន​ធ្លាប់​មាន​សួន​សត្វ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​ក្នុង​ប្រទេស​ជប៉ុន

តើអ្នកទាំងអស់គ្នាចូលចិត្តសួនសត្វដែរទេ? ជាទូទៅ នៅពេលដែលយើងមើលឃើញពពួកសត្វសម្ងំដេក មិនថានោះ​ជា​ប្រភេទ​សត្វ​កាច​ក៏​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​ណាស់​ដែរ។

តើសួនសត្វជាកន្លែងដែលស្ងប់ស្ងាត់បែបនេះ… មែនទេ?

ប៉ុន្តែនៅ Hokkaido បែរជាមានសួនសត្វគួរឲ្យខ្លាចបំផុតនៅជប៉ុននោះគឺ North Safari Sapporo ។

នៅថ្ងៃនេះ យើងនឹងស្វែងយល់ពីភាពភ័យខ្លាចនៅទីនោះ។

មានផ្លាកសញ្ញាជាច្រើនសរសេរថា “ទទួលខុសត្រូវដោយខ្លួនឯង”

គ្រាន់តែដើរបានប៉ុន្មានជំហានអ្នកនឹងមើលឃើញផ្លាកសញ្ញាសរសេរថា “ទទួលខុសត្រូវដោយខ្លួនឯង” ។

នៅពីក្រោយផ្លាកសញ្ញានោះ តើមានរឿងអ្វីខ្លះដែលកំពុងរង់ចាំយើងទាំងអស់គ្នា?

ជាពិសេស ខ្លោងទ្វារចូលទៅកាន់តំបន់គ្រោះថ្នាក់នោះ… ពិតជាគួរឲ្យខ្លាចណាស់។

មុនពេលចូលដល់តំបន់នេះ អ្នកត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាដែលមានខ្លឹមសារដូចតទៅ “ប្រសិនបើរងរបួស អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង” ។

គ្រាន់តែចំណុចនេះក៏អាចធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាចទៅហើយ។ 

តោះយើង ដើរឆ្ពោះទៅមុខ ហើយរកមើលទាំងអស់គ្នា។

ស្ពានដើរឆ្លងកាត់ក្បាលរបស់ក្រពើ

អ្នកត្រូវតែដើរឆ្លងកាត់ស្ពានតូចមួយនេះ នៅខាងក្រោមមានក្រពើធំៗជាច្រើនក្បាល។

ម្យ៉ាងវិញទៀត អ្នកត្រូវតែដើរឆ្លងកាត់តំបន់ដែលមានត្រី Piranha ហែលជុំវិញ និងសត្វកាំប្រមា។

មិនមានសំណាញ់សុវត្ថិភាពនោះទេ ដូច្នេះប្រសិនបើធ្លាក់ចុះពិតជាគ្រោះថ្នាក់ណាស់។

ថែមទាំងមានកន្លែងអនុញ្ញាតឲ្យអ្នកបីក្រពើ និងជីងចក់ផងដែរ។

មិនត្រឹមតែប៉ុណ្ណឹង មានកន្លែងឲ្យចំណីចចក និងតោដែរ។

ក្រៅពីតំបន់ដែលមានគ្រោះថ្នាក់ អ្នកអាចចូលទៅជិតប្រភេទសត្វជាច្រើនដោយមិនចាំបាច់បារម្ភនោះទេ។ ទាំងអស់នេះជាបទពិសោធដ៏ពិសេសសម្រាប់សមាជិកគ្រួសារ។

អ្នកគួរតែសាកល្បងទទួលយកបទពិសោធទាំងនេះ។

អ្នកអាចឲ្យចំណីសត្វភេដោយផ្ទាល់ នៅពេលដែលពួកវាលូកដៃចេញតាមប្រឡោះ។

យើងអាចមើលឃើញមុខរបស់វាតាមកញ្ចក់ ពិតជាគួរឲ្យស្រលាញ់ណាស់។

ទិដ្ឋភាពដែលវាលូកដៃចេញមកក្រៅមើលទៅគួរឲ្យខ្លាចបន្តិច ប៉ុន្តែយ៉ាងណាអ្នកអាចឲ្យចំណីផងចាប់ដៃរបស់​វា​ផង។ 

ហើយនេះជាអ្វីដែលខ្ញុំចង់ណែនាំជាពិសេស។

តើអ្នកអាចទាយដឹងទេថានេះជាអ្វី? នេះជាល្បែងដែលអ្នកតែងតែមើលឃើញនៅសួនកម្សាន្ត ជាកន្លែងដែលគេប្រើដង្កៀបចាប់តុក្កតា ប៉ុន្តែលើកនេះអ្នកគឺជា “UFO catcher” ។

អ្នកនឹងក្លាយជាអ្នកចាប់របស់របរ ហើយមិត្តភក្តិរបស់អ្នកនឹងប្រើសន្ទូចសម្រាប់ផ្លាស់ទីអ្នក។ អ្នក និងមិត្តភក្តិរបស់​អ្នក​ត្រូវ​តែ​សហការ​គ្នា​ឲ្យ​បាន​ល្អ។

ប្រសិនបើចាប់មិនបានអ្វីទាំងអស់ អាចនឹងបណ្តាលឲ្យឈ្លោះប្រកែកគ្នា ហើយចំណុចនេះរឹតតែគ្រោះថ្នាក់ជាងតំបន់​គ្រោះ​ថ្នាក់​មុន​នោះ​ទៅ​ទៀត។ 

Hokkaido ល្បីជាកន្លែងដែលមានព្រិលធ្លាក់ ប៉ុន្តែទោះបីជាពេលដែលមិនមានព្រិលធ្លាក់ ក៏អ្នកនៅតែអាចលេងកម្សាន្តបានដែរ។

សូមមកកាន់ Hokkaido ជាកន្លែងដែលមានម្ហូបឆ្ងាញ់ពិសា ហើយទទួលយកបទពិសោធដ៏ពិសេសនេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: