ត្រលប់មកផ្ទះដោយភាពរីករាយ៖ អាថ៌កំបាំងនៅពីក្រោយពាក្យថា “おかえりなさい” (Okaeri nasai)
ដូចដែលអ្នករៀនភាសាជប៉ុនទាំងអស់គ្នាដឹងហើយថា នៅជប៉ុនមានពាក្យទទួលស្វាគមន៍ពិសេសមួយដែលប្រើនៅពេលដែលយើងត្រឡប់មកផ្ទះវិញ។
អ្នកដែលត្រឡប់មកផ្ទះនឹងនិយាយថា “Tadaima” (ខ្ញុំបានត្រលប់មកវិញហើយ) ចំណែកឯអ្នកដែលនៅផ្ទះនឹងឆ្លើយថា “Okaeri nasai” (សូមស្វាគមន៍ដែលមកផ្ទះវិញ) ។
តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាពេលត្រឡប់មកផ្ទះវិញប្រជាជនជប៉ុនបែរជានិយាយថា “Okaeri nasai” ដែរទេ?
ថ្វីត្បិតតែ នេះជាប្រយោគដែលយើងតែងតែស្តាប់ឮ ប៉ុន្តែអត្តន័យដែលបង្កប់ពីក្រោយមិនមែនគ្រប់គ្នាសុទ្ធតែដឹងនោះទេ។
ចូរយើងស្វែងយល់តាមរយៈអត្ថបទនេះ។
ពាក្យ “Okaeri nasai” បើសិនជាបកប្រែតាមត្រង់អាចនឹងមានន័យថា “GO HOME” ដែរទេ?
អ្នកធ្លាប់គិតទេថា ពាក្យដែលយើងប្រើសម្រាប់ទទួលស្វាគមន៍នរណាម្នាក់ដែលត្រឡប់មកផ្ទះវិញស្តាប់ទៅដូចជាចម្លែកបន្តិចដែរទេ?
តាមពិតទៅ នេះមិនមែនជាពាក្យសម្រាប់អ្នកដែលទើបតែត្រលប់មកវិញនោះទេ។
នៅជប៉ុនអារម្មណ៍របស់មនុស្សគេហៅថា “ki” (気 – ចំហាយ) ។
នៅពេលដែលចេញទៅក្រៅ យើងតែងតែជួប ឬដើរឆ្លងកាត់មនុស្សជាច្រើន។
មិនដូចជានៅផ្ទះនោះទេ មនុស្សជាច្រើនដែលនៅជុំវិញតែងតែខ្វល់ខ្វាយពីរឿងផ្សេងៗ ឬកំពុងប្រឈមនឹងសម្ពាធការងារ ឬការសិក្សា។
ថាមពលអវិជ្ជមានទាំងនេះអាចនឹងចម្លងទៅកាន់អ្នកដទៃយ៉ាងលឿន ដោយធ្វើឲ្យអ្នកដែលអស់កម្លាំងកាន់តែគិតដល់រឿងអវិជ្ជមានជាងនេះ។
ហើយនោះជាពេលដែលពាក្យថា “Okaeri nasai” បញ្ចេញអត្ថប្រយោជន៍របស់ខ្លួន ជួយបណ្តេញថាមពលអវិជ្ជមានទាំងនោះ។
ម្យ៉ាងវិញទៀត យើងមិនត្រឹមតែនិយាយពាក្យនោះជាមួយអ្នកដែលទើបតែត្រលប់មកវិញប៉ុណ្ណោះទេ ថែមទាំងកំពុងនិយាយដាក់ថាមពលអវិជ្ជមានដែលពួកគេយកមកផ្ទះដោយមិនដឹងខ្លួនផងដែរ។
គ្រួសារល្អគឺជាកន្លែងដែលសមាជិកគ្រប់រូបអាចរក្សាអារម្មណ៍វិជ្ជមាន ដោយមិនត្រូវថាមពលអវិជ្ជមានពីខាងក្រៅជ្រៀតចូល។
ហើយពាក្យថា “Okaeri nasai” គឺជាវិធីសាស្ត្រជួយបង្កើតបរិយាកាសបែបនេះ។
ប្រជាជនជប៉ុនជឿថា ពាក្យសម្តីផ្ទុកទៅដោយមនោសញ្ចេតនា
នៅប្រទេសជប៉ុនមានទស្សនៈមួយហៅថា “Kotodama” (言霊) – វិញ្ញាណនៃពាក្យសម្តី។ ពាក្យសម្តីនីមួយៗបង្កប់នូវថាមពលជាក់លាក់មួយចំនួន។
ដូច្នេះហើយពាក្យ “Okaeri nasai” ក៏ជាឧទាហរណ៍មួយផងដែរ។
សព្វថ្ងៃនេះ ប្រជាជនជប៉ុនភាគច្រើនប្រើពាក្យនេះដោយមិនបានយល់ច្បាស់ពីអត្ថន័យដ៏ជ្រាលជ្រៅរបស់វានោះទេ។ ទោះជាយ៉ាងណា នេះជាពាក្យដែលមានភាពរឹងមាំ។
ដើម្បីបង្ហាញពីកម្លាំងទាំងអស់របស់ពាក្យសម្តី យើងត្រូវតែនិយាយពាក្យទាំងនោះដោយអស់ពីចិត្ត។
ទោះជាយ៉ាងណា នៅក្នុងគ្រួសារជប៉ុនសម័យនេះ មនុស្សជាច្រើនគ្រាន់តែនិយាយពាក្យ “Okaeri nasai” ប្រៀបដូចជាទម្លាប់ប្រចាំថ្ងៃ ដោយមិនបានដាក់អារម្មណ៍ចូលនោះទេ។
ចំណុចនេះក៏មិនអីនោះដែរ ប៉ុន្តែប្រសិនបើអាច ចូរសាកល្បងនិយាយពាក្យទាំងនេះដោយចិត្តស្មោះ អ្នកនឹងមើលឃើញពីកម្លាំងដ៏អស្ចារ្យរបស់ពាក្យសម្តី។
យើងមិនដឹងទេថា តើពាក្យសម្តីជាភាសាជប៉ុនអាចនឹងបណ្តេញថាមពលអវិជ្ជមាននៅប្រទេសផ្សេងទៀតដែរអត់ទេ ព្រោះនោះជារឿងដែលលើសពីការយល់ដឹងរបស់មនុស្ស។
ទោះជាយ៉ាងណា ចូរយើងជឿជាក់ថានឹងមានប្រសិទ្ធភាព ហើយសាកល្បងអនុវត្តក្នុងគ្រួសាររបស់អ្នក។
Abe Kengo