ទឹកដីជប៉ុនដែលស្ថិតនៅប្រទេសអូស្ត្រាលី៖ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ
ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ជប៉ុនបានទៅដល់ប្រទេសជាច្រើន ហើយពង្រីកទឹកដីរបស់ខ្លួន។
លទ្ធផលជប៉ុនបានបរាជ័យ ហើយបាត់បង់ទឹកដីទាំងអស់ដែលនៅក្រៅប្រទេស។
យ៉ាងណាមិញ តើអ្នកដឹងទេថាសព្វថ្ងៃនៅប្រទេសអូស្ត្រាលីមានកន្លែងមួយជាកម្មសិទ្ធិរបស់ជប៉ុនដែរទេ?
មិនមែនជាស្ថានទូត ឬស្ថានកុងស៊ុលនោះទេ។
ចូរយើងស្វែងយល់អំពីទឹកដីជប៉ុននៅប្រទេសអូស្ត្រាលី ជាកន្លែងដែលអ្នកអាចនឹងទទួលបានអារម្មណ៍ដ៏កក់ក្តៅរបស់ប្រជាជនអូស្ត្រាលី។
ទឹកដីជប៉ុនសព្វថ្ងៃនៅអូស្ត្រាលី
ទីកន្លែងមួយចំនួនដែលនៅក្នុងប្រទេសអូស្ត្រាលីត្រូវបានចាត់ទុកជាទឹកដីរបស់ជប៉ុន។
ដែលនោះជាកន្លែងបញ្ចុះសពទាហានជប៉ុននៅ Cowra (Cowra Japanese War Cemetery) និងសួន Cowra ជប៉ុន (Cowra Japanese Garden) ។
ថ្វីត្បិតតែ កន្លែងទាំងពីរនេះមិនស្ថិតក្រោមអធិបតេយ្យភាពរបស់ជប៉ុន ប៉ុន្តែរដ្ឋាភិបាលអូស្ត្រាលីបានកំណត់ថា “នេះជាទឹកដីអចិន្ត្រៃយ៍របស់ជប៉ុន” ។
ផ្តើមដោយសង្គ្រាមលោកលើកទីពីរ
នៅពេលនោះ ទំនាក់ទំនងរវាងជប៉ុន និងអូស្ត្រាលីប្រៀបដូចជាសត្រូវនឹងគ្នា។
នៅអូស្ត្រាលីក៏មានកន្លែងឃុំខ្លួនអ្នកទោសជនជាតិជប៉ុនផងដែរ ជាកន្លែងដែលមានមនុស្សជាង ២០០ នាក់បានស្លាប់។
ក្រោយសង្គ្រាម រដ្ឋាភិបាលអូស្ត្រាលីបានសាងសង់កន្លែងរំលឹកវិញ្ញាណក្ខន្ធ និងកន្លែងបញ្ចុះសពទាហានជប៉ុនដែលបានលះបង់ជីវិត ដែលនោះជាកន្លែងបញ្ចុះសពទាហានជប៉ុននៅ Cowra ។
ទោះជាយ៉ាងណា ព្រលឹងវិញ្ញាណរបស់ជនជាតិជប៉ុនដែលបានបាត់បង់ជីវិតមិនអាចត្រឡប់ទៅស្រុកកំណើតវិញ។
ដូច្នេះហើយ បានជាសួន Cowra ជប៉ុនត្រូវបានសាង់សង់ឡើង។
យ៉ាងណាមិញ ការផ្លាស់ប្តូរកន្លែងបញ្ចុះសពមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះតាមរយៈការចាត់ទុកកន្លែងនេះជាទឹកដីរបស់ជប៉ុន ពួកគេបានបង្កើតកន្លែង “ត្រឡប់ទៅស្រុកកំណើតជប៉ុន” សម្រាប់អ្នកដែលបានបាត់បង់ជីវិត។
ទាំងនេះជាការបង្ហាញពីទឹកចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ដោយពួកគេចង់ចាំគ្រប់បញ្ហាប្រវត្តិសាស្ត្រ ថែមទាំងខិតខំប្រឹងប្រែងកែលម្អ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនអូស្ត្រាលីទាំងអស់។
ជាមួយនឹងផ្ទៃដីរហូតដល់ទៅ ៥ ហិចតា សួននេះពិតជាមានទំហំធំទូលាយ ដែលស្មើនឹងទីលានកីឡាបេស្បល។
ថ្វីត្បិតតែ ត្រូវបានចាត់ទុកជាទឹកដីរបស់ប្រទេសជប៉ុនក៏ដោយ ប៉ុន្តែកន្លែងនេះមិនមានស្វ័យភាពនោះទេ ដូច្នេះនៅពេលដែលទៅដល់ទីនេះ សូមគោរពតាមច្បាប់របស់ប្រទេសអូស្ត្រាលី។
សង្គ្រាមជារឿងដែលមិនគួរកើតឡើង។
យ៉ាងណាមិញ ខ្ញុំគិតថា ពិតជាល្អណាស់ដែលប្រទេសទាំងពីរគោរពគ្នាទៅវិញទៅមកដូច្នេះ។
ខ្ញុំសង្ឃឹមថា ទំនាក់ទំនងរវាងជប៉ុន និងអូស្ត្រាលីនឹងបន្តរីកចម្រើន ហើយខ្ញុំក៏ចង់ថ្លែងអំណរគុណចំពោះទាហានជប៉ុនដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមផងដែរ។
Abe Kengo