សាកលវិទ្យាល័យនិម្មិត៖ គំនិតលេងសើចរបស់អ្នកប្រើបណ្តាញសង្គម
នៅលើបណ្តាញសង្គមពេញទៅដោយសកម្មភាពបោកប្រាស់ និងពាក្យចចាមអារ៉ាមមិនពិតជាច្រើន ដែលធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ខឹងសម្បារ។
ទោះជាយ៉ាងណា មានរឿងដ៏គួរឲ្យអស់សំណើចមួយបានកើតឡើង ដែលធ្វើឲ្យអ្នកប្រើបណ្តាញសង្គមជប៉ុន “ភ្ញាក់ផ្អើល” យ៉ាងខ្លាំង។
ចូរយើងក្រឡេកមកមើលអ្នកប្រើបណ្តាញសង្គមជប៉ុនបានធ្វើអ្វីដែលបង្កការចាប់អារម្មណ៍ទាំងអស់គ្នា។
សាកលវិទ្យាល័យដែលបង្កើតឡើងដោយសារព័ត៌មានតាមអុីនធឺណេត
នៅលើវេទិកាបណ្តាញសង្គម ជាកន្លែងដែលគ្រប់គ្នាអាចលាក់បាំងឈ្មោះរបស់ខ្លួន បុរសម្នាក់បានផ្តួចផ្តើមគំនិតដ៏ចម្លែកមួយ។
គាត់បានបបួលអ្នកទាំងអស់គ្នាបង្កើតសាកលវិទ្យាល័យ “និម្មិត” ឲ្យសប្បាយ។
គ្រប់គ្នាបញ្ចេញមតិយោបល់រួមគ្នា ដោយបញ្ចូលគំនិតបែបកំប្លែង និងច្បាស់លាស់ ដើម្បីបង្កើតសាកលវិទ្យាល័យដែលស្តាប់ទៅដូចជាពិត ប៉ុន្តែតាមពិតទៅគឺ “មិននឹកស្មាន” ដល់។
ជាដំបូងគឺឈ្មោះសាកលវិទ្យាល័យ។
ជាមួយនឹងគោលបំណងរកឈ្មោះដែលមានលក្ខណៈបែបអន្តរជាតិ ហើយបង្កើនការនឹករលឹកដល់វប្បធម៌ជប៉ុន ពួកគេបានដាក់ឈ្មោះថា “សាកលវិទ្យាល័យអន្តរជាតិ Shinano” ។
ព័ត៌មានទាំងអស់ដែលទាក់ទងនឹងសាលារៀនដូចជា ទីតាំង បុគ្គលិក សុទ្ធតែត្រូវបានបង្កើតឡើងដោយផ្អែកលើការស្រមើលស្រមៃ។
ពួកគេថែមទាំងបង្កើតគេហទំព័រ “និម្មិត” សម្រាប់សាកលវិទ្យាល័យនេះផងដែរ។
គេហទំព័រនេះមើលទៅមានលក្ខណៈវិជ្ជាជីវៈ ប៉ុន្តែប្រសិនបើអានដោយយកចិត្តទុកដាក់ អ្នកមើលឃើញចំណុចចម្លែកជាច្រើន។ ឈ្មោះគ្រូបង្រៀនដំបូងដែលយើងមើលឃើញគឺ “吉村 コサックダンス” (Yoshimura Kosakku Dansu – Yoshimura រាំ Hopak) ។
ម្យ៉ាងវិញទៀត គ្រូបង្រៀនម្នាក់មានឈ្មោះថា Raigocho ដែលមានជំនាញខាងស្រាវជ្រាវបង្កង។
លោកគ្រូម្នាក់នោះបានរកឃើញចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយគឺ៖ នៅពេលដែលបង្កងញី ៣ ក្បាលនៅជាមួយគ្នា ពួកវាតែងតែធ្វើបាបគ្នាទៅវិញទៅមក។
ចំណែកឯគ្រូបង្រៀនសិល្បៈបែរជាចូលចិត្តលួចថតរូប។
លោកគ្រូថែមទាំងបានសរសេរសារប្រាប់សិស្សទាំងអស់គ្នា ដោយសង្ឃឹមថា អាចលួចថតរូបជាមួយអ្នកទាំងអស់គ្នាទៀតផង។
រឿងពិតដែលបង្កប់នៅពីក្រោយពាក្យសម្តីរបស់នាយកសាលា
មានមួយទំព័របានកត់ត្រាពាក្យសម្តីរបស់នាយកសាលាដំបូង ប៉ុន្តែបែរជាមានប្រយោគជាភាសាបារាំងសរសេរថា៖ “Les choses sur cette page sont fictives” ។
មានន័យថា “”ខ្លឹមសារនៅលើទំព័រនេះសុទ្ធតែជារឿងប្រឌិតប៉ុណ្ណោះ” ។
ពិតជារឿងដ៏គួរឲ្យកំប្លែងណាស់!
នៅពេលដែលពិនិត្យមើលលម្អិតប្រវត្តិសាលាគេប្រទះឃើញថា មាននាយកសាលាពីរនាក់ធ្លាប់ត្រូវចាប់ខ្លួនពីបទបៀតបៀន។
មិនត្រឹមតែជាសាកលវិទ្យាល័យ ហើយថែមទាំងផ្សាយលើទូរទស្សន៍
នៅលើ Twitter ម្ចាស់ភោជនីយដ្ឋានបានបង្ហោះដូចតទៅ “សាស្ត្រាចារ្យសាកលវិទ្យាល័យអន្តរជាតិ Shinano បានលុបចោលការកក់កន្លែង។ នេះជាការខាតបង់ដ៏ធំ” ។
ប្រជាជនជប៉ុនជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង ហើយរឿងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម។
រឿងនេះថែមទាំងត្រូវបានចុះផ្សាយលើកម្មវិធីសារព័ត៌មានតាមទូរទស្សន៍ ប៉ុន្តែតាមពិតទៅ ភោជនីយដ្ឋាននេះមិនមានពិតនោះទេ ហើយនេះគ្រាន់តែជាការលេងសើចរបស់អ្នកដែលបានង្កើតគេហទំព័ររបស់សាកលវិទ្យាល័យតែប៉ុណ្ណោះ។
ភោជនីយដ្ឋានមានឈ្មោះថា Namazu-tei (ភោជនីយដ្ឋានខ្យង) ប៉ុន្តែគ្មានភោជនីយដ្ឋានឯណាដាក់ឈ្មោះចម្លែកបែបនេះទេ។
មិនមែនព័ត៌មានទាំងអស់នៅលើអុីនធឺណេត ឬព័ត៌មានលើទូរទស្សន៍សុទ្ធតែពិតនោះទេ។
ប្រហែលជាបុគ្គលរូបនោះចង់ឲ្យគ្រប់គ្នាផ្ទៀងផ្ទាត់ព័ត៌មានជាជាងការដែលជឿលើអ្វីដែលបានស្តាប់។
ឬប្រហែលនោះគ្រាន់តែជារឿងកំប្លែងប៉ុណ្ណោះ ទោះជាយ៉ាងណា ខ្ញុំគិតថា នេះជាការពិសោធន៍គួរឲ្យចាប់អារម្មណ៍សម្រាប់ចោទជាសំណួរទាក់ទងនឹងភាពជឿទុកចិត្តចំពោះព័ត៌មាន។
គេហទំព័ររបស់សាកលវិទ្យាល័យនេះនៅតែកំពុងដំណើរការរហូតមកដល់សព្វថ្ងៃ ដូច្នេះប្រសិនបើអ្នកចេះភាសាជប៉ុនអាចពិនិត្យមើលបាន។
អ្នកដែលធ្វើបច្ចុប្បន្នភាពព័ត៌មានដោយយកចិត្តទុកដាក់ ទោះបីជាវាមិនមានប្រយោជន៍អ្វីខាងផ្នែកហិរញ្ញវត្ថុ ថែមទាំងកំប្លែង ពិតជាគួរឲ្យសរសើរណាស់។
មិនត្រឹមតែខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែប្រហែលជាគ្រប់គ្នាគិតថា ពួកគេគួរតែចំណាយពេលនោះដើម្បីធ្វើការងារដែលម៉ឺងម៉ាត់ជាងនេះ។
Abe Kengo