ព្រះចៅអធិរាជជប៉ុន៖ អំណោច និងតួនាទីពិតប្រាកដរបស់អធិរាជ
ជប៉ុនជាប្រទេសតែមួយគត់ដែលបន្តប្រវត្តិរាជវង្សានុវង្សរាប់ពាន់ឆ្នាំមកហើយ។
ព្រះចៅអធិរាជជាប្រមុខរាជវង្សានុវង្ស ហើយប្រវត្តិរាជាធិបតេយ្យនេះបានចាប់ផ្តើមនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ៦៦០ មុនគ.ស។
ចំណុចនេះមានន័យថា ជប៉ុនជាប្រទេសដែលមានប្រវត្តិសាស្ត្រចំនួន ២៦៨៤ ឆ្នាំមកហើយ ហើយជារាជវង្សចំណាស់ដែលបន្តរហូតមកនៅលើពិភពលោក។
ទោះជាយ៉ាងណា អំណាចរបស់ព្រះចៅអធិរាជមានភាពខុសគ្នាបើប្រៀបនឹងថ្នាក់ដឹកនាំនៅប្រទេសដទៃទៀត។
នៅថ្ងៃនេះ យើងនឹងវិភាគ ហើយស្វែងយល់អំពីចំណុចខុសគ្នា និងលក្ខណៈពិសេសនៃមុខតំណែងរបស់ព្រះចៅអធិរាជក្នុងសង្គម និងវប្បធម៌ជប៉ុន។
ព្រះចៅអធិរាជ៖ និមិត្តរូបនៃប្រទេសជប៉ុន
យោងទៅតាមច្បាប់បច្ចុប្បន្ន ព្រះចៅអធិរាជមិនអាចជ្រៀតជ្រែកបញ្ហានយោបាយឡើយ។
អ្នកដឹកនាំនយោបាយគឺជានាយករដ្ឋមន្ត្រីដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា ប៉ុន្តែព្រះចៅអធិរាជជាអ្នកតែងតាំងនាយករដ្ឋមន្ត្រីដែលរដ្ឋសភាបានជ្រើសតាំង។
យ៉ាងណាមិញ ព្រះចៅអធិរាជគ្មានអំណោចវេតូនោះទេ ដូច្នេះហើយ ការតែងតាំងនេះគ្រាន់តែជាពិធីប៉ុណ្ណោះ។
ក្រៅពីនេះ ព្រះចៅអធិរាជថែមទាំងមានតួនាទីតែងតាំងចៅក្រមនៅតុលាការកំពូល ប្រកាសរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញា ប៉ុន្តែមិនមានសិទ្ធិវេតូ ឬផ្តល់យោបល់នោះទេ។
សូម្បីតែពេលដែលសាមូរ៉ៃកាន់អំណោចគ្រប់គ្រងប្រទេសជប៉ុនក៏ដោយ ពួកគេត្រូវតែងតាំងជាផ្លូវការដោយអធិរាជ ដូច្នេះបើគិតទៅ ចំណុចនេះមិនខុសអ្វីពីនាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលសព្វថ្ងៃនោះទេ។
តើព្រះចៅអធិរាជជាពលរដ្ឋនៃប្រទេសជប៉ុនដែរទេ?
ប្រជាពលរដ្ឋជប៉ុនចុះបញ្ជីអត្តសញ្ញាណដោយផ្អែកលើច្បាប់ស្តីពីអត្រានុកូលដ្ឋាន។
យ៉ាងណាមិញ ព្រះចៅអធិរាជ និងក្រុមគ្រួសាររបស់ទ្រង់មិនបានចុះបញ្ជីអត្រានុកូលដ្ឋាននោះទេ។ ម្យ៉ាងវិញទៀត ឈ្មោះរបស់ប្រជាជនជប៉ុនមានទាំងនាម និងនាមត្រកូល ចំណែកព្រះចៅអធិរាជប៉ុនមានតែឈ្មោះមិនមាននាមត្រកូលទេ។
ប្រសិនបើយើងផ្អែកលើចំណុចដែលថា អ្នកដែលបានចុះបញ្ជីអត្រានុកូលដ្ឋានជាជនជាតិជប៉ុន ដូច្នេះអាចនិយាយបានថា ព្រះចៅអធិរាជ និងក្រុមគ្រួសាររបស់ទ្រង់មិនប្រាកដថាជាជនជាតិជប៉ុននោះទេ។
យោងតាមបទប្បញ្ញត្តិ នៅពេលដែលស្រ្តីក្នុងគ្រួសាររាជវង្សរៀបការជាមួយប្រជាជនធម្មតា ពួកគេនឹងត្រូវបានចុះបញ្ជីគ្រួសារថ្មី និងមានសញ្ជាតិជប៉ុន។
តើតួនាទីពិតប្រាកដរបស់ព្រះចៅអធិរាជជាអ្វី?
តួនាទីតែមួយគត់របស់ព្រះចៅអធិរាជគឺធ្វើជានិមិត្តរូបនៃប្រទេសជប៉ុន។
ការទំនាក់ទំនងជាមួយមនុស្សជាច្រើននៅជុំវិញពិភពលោកដោយមិនជាប់ពាក់ព័ន្ធនឹងនយោបាយជាអត្ថប្រយោជន៍ដ៏ធំ។
តាមពិតទៅអាចនឹងមានករណីទំនាក់ទំនងនយោបាយរវាងប្រទេស និងប្រទេសមិនសូវជាល្អ។
នៅពេលដែលអ្នកដឹកនាំនយោបាយទំនាក់ទំនងនឹងបណ្តាប្រទេសផ្សេងទៀត ជួនកាលត្រូវប្រឈមនឹងតម្រូវការដែលពិបាកឆ្លើយតប។
ទោះជាយ៉ាងណា ដោយសារតែមិនកាន់អំណោចនយោបាយ ព្រះចៅអធិរាជអាចបង្កើតទំនាក់ទំនងដែលមានភាពស្និទ្ធស្នាល។
ទិដ្ឋភាពបុគ្គលជាន់ខ្ពស់ចំណាយពេលពង្រឹងមិត្តភាពរវាងប្រទេស និងប្រទេសពិតជាពិសេសណាស់ ហើយដើរតួនាទីយ៉ាងសំខាន់ខាងវិស័យការទូត។
ប្រាសាទរស់
ទន្ទឹមនឹងនេះ តួនាទីដ៏ពិសិដ្ឋរបស់ព្រះចៅអធិរាជគឺ បួងសួងសុំសេចក្ដីសុខដល់ប្រជារាស្ត្រ និងប្រទេសជាតិទាំងមូល។
តាមរយៈទំនៀមទម្លាប់ប្រពៃណីដែលមានរយៈពេលជាងពីរពាន់ឆ្នាំ រាជវង្សានុវង្សបានបន្តការបួងសួងដោយស្មោះអស់ពីចិត្តដល់ប្រជាជនគ្រប់រូប ដោយចាត់ទុកពួកគេដូចជាកូនរបស់ខ្លួន។
ជាមួយនឹងដើមកំណើតដ៏ថ្លៃថ្នូ ប្រភពកំណើតមកពីអាទិទេពព្រះអាទិត្យ Amaterasu គ្រួសាររាជវង្សជប៉ុនដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងថែរក្សាប្រទេស។
អាចនិយាយបានថា ដោយពឹងលើការបួងសួងរបស់ទ្រង់ទើបប្រទេសជប៉ុនមានវត្តមានយូរអង្វែងបែបនេះ។
ក្រៅពីនេះ ព្រះចៅអធិរាជក៏ត្រូវបានគេចាត់ទុកដូចជាអ្នកថែរក្សាវប្បធម៌ ទំនៀមទម្លាប់ និងទស្សនៈបុរាណដែលប្រជាជនជប៉ុនជាច្រើនបានបាត់បង់បន្តិចម្តងៗ។
នេះហើយជា “ប្រាសាទរស់” ។
ទាំងនេះអាចចាត់ទុកដូចជាតួនាទីរបស់ព្រះចៅអធិរាជ។
ថ្វីត្បិតតែ នៅប្រទេសជប៉ុននៅតែមានទស្សនៈប្រឆាំងនឹងរបបអធិរាជ។
តាមគំនិតខ្ញុំ របបនេះជាកត្តាសំខាន់ដែលជួយឲ្យជប៉ុនរក្សាអត្តសញ្ញាណរបស់ខ្លួនដូចសព្វនេះ។
ចុះអ្នកវិញ តើអ្នកយល់យ៉ាងណាចំពោះការរក្សាទំនៀមទម្លាប់ប្រពៃណីនេះ? សូមកុំភ្លេចចែករំលែកប្រាប់ JAPO ។
Abe Kengo