នំ Taiyaki ៖ ធ្លាប់ជានំដែលមានរូបរាងដូចអណ្តើក និងបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកទទួលទាននំ
ក្នុងចំណោមនំចំណីដែលល្បីនៅតាមដងផ្លូវជប៉ុនគឺនំត្រី Taiyaki ។
តើអ្នកទាំងអស់គ្នាធ្លាប់ភ្លក់រសជាតិដ៏ពិសេសនេះដែរទេ?
ជាមួយនឹងរូបរាងដ៏គួរឲ្យស្រលាញ់ និងរសជាតិផ្អែមឆ្ងាញ់ នាំមកនូវអារម្មណ៍សប្បាយរីករាយ ជាពិសេសនៅពេលដែលទទួលទាននំក្តៅៗ ទើបតែចេញពីឡ គ្រាន់តែស្រមៃគិតក៏ធ្វើឲ្យគ្រប់គ្នាចង់ភ្លក់ទៅហើយ។
គ្រឿងផ្សំសំខាន់ដែលគេយកទៅធ្វើនំ Taiyaki គឺសាមញ្ញណាស់ គ្រាន់តែលាយម្សៅមី និងស្នូលសណ្តែកក្រហមផ្អែមឆ្ងាញ់ “Anko” ប៉ុណ្ណោះ។
ស្នូលសណ្តែកក្រហមត្រូវបានបន្ថែមដោយស្រទាប់ម្សៅទន់ពិសេស បន្ទាប់មកត្រូវដុតនំ បង្កើតបានជារសជាតិឈ្ងុយឆ្ងាញ់មិនអាចទប់អារម្មណ៍បាន។
នំ Taiyaki មានអាយុកាលជាង ១០០ ឆ្នាំមកហើយ ដោយបង្កប់នូវរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍។
កាលដែលទើបតែផលិតដំបូង នំនេះធ្លាប់មានរូបរាងដូចអណ្តើក ប៉ុន្តែបែរជាមិនទាក់ទាញភ្ញៀវទេសចរណ៍ប៉ុន្មានទេ។
ថ្វីត្បិតតែមិនច្បាស់ថា នំធ្លាប់ត្រូវបានគេហៅថា “នំអណ្ដើក” ដែរអត់ក៏ដោយ ប៉ុន្តែនៅពេលដែលផ្លាស់ប្តូររូបរាង ទើបនំនេះចាប់ផ្តើមល្បីខ្លាំង ហើយបានក្លាយទៅជានំចំណីតាមដងផ្លូវដែលពេញនិយមបំផុត។
ធម្មជាតិ និងការចិញ្ចឹម
នៅពេលដែលនិយាយពីត្រី យើងតែងតែបែងចែករវាងត្រីធម្មជាតិ (ចាប់នៅសមុទ្រ) និងត្រីចិញ្ចឹម (ចិញ្ចឹមក្នុងស្រះ) ។ ប៉ុន្តែតើអ្នកដឹងទេថា សូម្បីតែនំត្រី Taiyaki ក៏មានការបែងចែកស្រដៀងគ្នាដែរទេ?
ថ្វីត្បិតតែ នំ Taiyaki ត្រូវបានធ្វើឡើងដោយមនុស្ស ប៉ុន្តែរបៀបធ្វើនំបែរជាមានភាពខុសគ្នា។
នំ Taiyaki “ចិញ្ចឹម” ត្រូវបានដុតយ៉ាងច្រើននៅលើបន្ទះដែកធំ ចំណែកឯនំ Taiyaki “ធម្មជាតិ” ត្រូវបានដុតដោយឡែកមួយៗ ឬជាគូនៅលើបន្ទះដែកតូច។
ស្រដៀងនឹងត្រីធម្មជាតិដែរ គេតែងតែនិយមចូលចិត្តជាងត្រីចិញ្ចឹម នំ Taiyaki “ធម្មជាតិ” ក៏ទទួលបានការវាយតម្លៃខ្ពស់ផងដែរ។
ចំណុចនេះអាចបណ្តាលមកពីដំណើរការផលិតដោយដៃ មានភាពល្អិតល្អន់ ដែលនាំមកនូវអារម្មណ៍ពិសេសសម្រាប់ផលិតផល។
នំធម្មជាតិត្រូវបានដុតយ៉ាងយកចិត្តទុកដាក់ ដោយនំនីមួយៗត្រូវបានត្រួតពិនិត្យយ៉ាងច្បាស់ ដើម្បីឲ្យស្រទាប់ខាងក្រៅស្រួយឆ្ងាញ់តែមិនខ្លោច។
ដោយសារតែដំណាក់កាលដុតនំមានភាពល្អិតល្អន់ ទើបប្រភេទនំនេះត្រូវបានគេចាត់ទុកជាមុខម្ហូបពិសេសលំដាប់ខ្ពស់។
ខ្ញុំពិតជាចង់ឲ្យអ្នកទាំងអស់គ្នាភ្លក់នំធម្មជាតិនេះម្តងណាស់ ដើម្បីមើលឃើញពីភាពខុសគ្នា។
តើអ្នកដឹងទេថា របៀបទទួលទាននំ Taiyaki អាចបង្ហាញពីអ្វីខ្លះដែលទាក់ទាញនឹងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ដែរទេ?
គេតែងតែនិយាយថា អ្នកដែលញ៉ាំនំ Taiyaki ពីក្បាលចុះមកក្រោមជាមនុស្សសុទិដ្ឋិនិយម មិនទាមទារភាពល្អឥតខ្ចោះពេកទេ និងទៀងត្រង់។
ទន្ទឹមនឹងនេះ អ្នកដែលចូលចិត្តញ៉ាំពីក្រោមកន្ទុយឡើងលើជាមនុស្សដែលមានភាពប្រុងប្រយ័ត្ន។
ដោយសារតែរូបរាងពិសេសរបស់នំ Taiyaki ដូច្នេះឃើញថា ត្រង់កន្ទុយមិនអាចពេញទៅដោយស្នូលគ្រប់ពេលនោះទេ។
ដូច្នេះហើយ ការដែលទុកកន្លែងឆ្ងាញ់បំផុតទុកញ៉ាំចុងក្រោយបង្ហាញថា អ្នកដែលញ៉ាំ មានការប្រុងប្រយ័ត្ន និងដឹងពីរបៀបទទួលទានដោយភាពរីករាយ។
របៀបបែងចែកនំ Taiyaki ជាពីរ និងលំដាប់លំដោយញ៉ាំក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកទទួលទានមួយផ្នែកផងដែរ។
អ្នកដែលទទួលទានត្រង់ផ្នែកកន្ទុយមុន ជាទូទៅជាមនុស្សដែលមានគំនិតគិតគូរ ពួកគេតែងតែចំណាយពេលស្វែងយល់ល្អិតល្អន់មុនពេលធ្វើសកម្មភាព។
ការដែលតែងតែទទួលទានត្រង់ផ្នែកក្បាលនំ Taiyaki មុន អាចនឹងជាសញ្ញាបង្ហាញថា អ្នកកំពុងតែខំប្រឹងហួសកម្លាំង។ ចូរចំណាយពេលសម្រាកបន្ធូរអារម្មណ៍ ហើយធ្វើការងារដែលខ្លួនចូលចិត្ត។
តោះនរណាខ្លះចូលចិត្តញ៉ាំកន្ទុយនំមុន? ចុះអ្នកផ្សេងទៀត តើអ្នកចូលចិត្តញ៉ាំក្បាល ឬកន្ទុយមុន?
សូមកុំភ្លេច comment ប្រាប់ JAPO ទាំងអស់គ្នាណា! ដើម្បីពិនិត្យមើលថា នរណាខ្លះ Fan ផ្នែកក្បាល ឬកន្ទុយនំ Taiyaki ។
Abe Kengo