“វិបត្តិ​នៃ​តម្លៃ​បូជា​សព” ហេតុ​អ្វី​បាន​​ជា​តម្លៃ​បូជា​សព​នៅ​ទីក្រុង​តូក្យូ​បែរ​ជា​ខ្ពស់​ជាង​តំបន់​ផ្សេង​ទៀត​ដល់​ទៅ ១៥ ដង?

នៅប្រទេសជប៉ុន បញ្ហាបូជាសពអ្នកដែលបានចែកឋានគឺជាទំនៀមទម្លាប់ទូទៅ។

យ៉ាងណាមិញ ថ្មីៗនេះប្រជាជនរស់នៅទីក្រុងតូក្យូកំពុងប្រឈមនឹងបញ្ហាដ៏លំបាកមួយគឺ៖ តម្លៃបូជាសពក្នុងទីក្រុង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង។

ចំណុចនេះធ្វើឲ្យមនុស្សជាច្រើនចោទជាសំណួរ៖ ហេតុ​អ្វីបានជាមានតែទីក្រុងតូក្យូប្រឈមនឹងស្ថានភាពបែបនេះ?

នៅជប៉ុន ភាគច្រើនអ្នកដែលបានចែកឋានសុទ្ធតែត្រូវបូជា ចំណែកឯធាតុត្រូវបានដាក់ក្នុងផ្នូរ។

ថ្វីត្បិតតែ មិនមានច្បាប់កំណត់បង្ខំឲ្យបូជាក៏ដោយ យ៉ាងណាមិញ ការបញ្ចុះសពនៅតែអាចធ្វើទៅបាន ប៉ុន្តែត្រូវមាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូល​ដ្ឋាន។

ម្យ៉ាងវិញទៀត ចំនួនអាជ្ញាធរមូលដ្ឋានអនុញ្ញាតឲ្យបញ្ចុះសពកម្រណាស់ ហើយទីក្រុងធំៗដូចជា Tokyo, Osaka, Nagoya សុទ្ធ​តែ​បាន​ហាម​ឃាត់​ការ​បញ្ចុះ​សព ដូច្នេះ​ត្រូវ​តែ​បូជា​សព​នៅ​តំបន់​ទាំង​នេះ។

ការចំណាយលើជីវភាពរស់នៅក្នុងទីក្រុងតូក្យូខ្ពស់ណាស់ទៅហើយ យ៉ាងណាមិញ ថ្មីៗនេះប្រជាជនក្នុងទីក្រុងបែរជាត្រូវ​ប្រឈម​នឹងបញ្ហា​ដ៏​លំបាក​មួយ​ផ្សេង​ទៀត​គឺ៖ តម្លៃ​បូជា​សព​ឡើង​ថ្លៃ​ខ្លាំង។

យោងទៅតាមទិន្នន័យថ្មីបំផុត តម្លៃបូជាសពទាំង ២៣ សង្កាត់ក្នុងទីក្រុងឡើងដល់ ៩០.០០០ យ៉េន ដែលកើនឡើង​មួយ​ដង​កន្លះបើប្រៀបនឹងតម្លៃ ៥៩.០០០ យ៉េននៅឆ្នាំ ២០២១ ។ 

ចំនួននេះធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និង​ព្រួយ​បារម្ភ។ 

ចំណុចដែលគួរឲ្យកត់សម្គាល់ត្រង់ថា ប្រសិនបើប្រៀបនឹងតំបន់ជិតខាង តម្លៃមានភាពខុសគ្នាខ្លាំងណាស់។

ឧទាហរណ៍នៅទីក្រុង Chiba តម្លៃបូជាសពត្រឹមតែ ៦០០០ យ៉េនប៉ុណ្ណោះ ដែលស្មើនឹង ១/១៥ បើប្រៀបនឹងទីក្រុង​តូក្យូ។

យ៉ាងវិញទៀត នៅជាយក្រុងមួយចំនួនដូចជា Tachikawa ឬ Fuchu សេវាកម្មបូជាសពថែមទាំងឥតគិតថ្លៃផង​ដែរ។

មូលហេតុ​ដែលតម្លៃបូជាសពនៅទីក្រុងតូក្យូឡើងថ្លៃខ្លាំង

ការឡើងថ្លៃជាបន្តបន្ទាប់ដូចនេះជាស្ថានភាពជាក់ស្តែងដែលមិនសូវជាមានអ្នកដឹងពីមូលហេតុ​​ព្រោះ​តែ៖ ការ​ចូល​រួម​ពី​សាជីវកម្ម​​ឯក​ជន ជា​ពិសេស​ក្រុម​ហ៊ុន​ដែល​មក​ពី​ប្រទេស​ចិន។

នៅទីក្រុងតូក្យទាំង ២៣ សង្កាត់ មានកន្លែងបូជាសរុបចំនួន ៩ កន្លែង ក្នុងនោះមាន ៧ កន្លែងជាកម្មសិទ្ធិរបស់ក្រុម​ហ៊ុន​ឯក​ជន។

យោងទៅតាមបទប្បញ្ញត្តិបច្ចុប្បន្ន ក្រុមហ៊ុនទាំងនេះមានសិទ្ធិកំណត់តម្លៃសេវាកម្មបូជាសព។

ដោយមើលឃើញប្រាក់ចំណេញខ្ពស់ខាងផ្នែកនេះ សាជីវកម្មឯកជនមួយចំនួន ក្នុងនោះមានក្រុមហ៊ុនមកពីចិន បាន​វិនិយោគ​ទិញ​យក​កន្លែង​បូជា​សព។

ប្រសិនបើបន្ថែមដៃគូប្រកួត​ប្រជែង តើស្ថានភាព​អាចនឹងប្រសើរឡើងដែរទេ?

ខាងផ្នែកឧស្សាហកម្មផ្សេងទៀត នៅពេលដែលតម្លៃឡើងថ្លៃខ្លាំង អាជីវកម្មថ្មីតែងតែលេចឡើងដើម្បីប្រកួតប្រជែង ដែល​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ទីផ្សារ។

យ៉ាងណាមិញ អាជីវកម្មខាងផ្នែកបូជាសពកំពុងប្រឈមនឹងបញ្ហាមួយត្រង់ថា៖ ការសាង់សង់កន្លែងបូជាសពថ្មីពិត​ជា​ពិបាក​ណាស់។

ការសាងសង់កន្លែងបូជាសពថ្មីតែងតែប្រឈមនឹងការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពីប្រជាជនមូលដ្ឋាន។

ចំណុចនេះធ្វើឲ្យការពង្រីកសេវាកម្មបូជាសពកាន់តែពិបាក ដែលបណ្តាលឲ្យកើតមានស្ថានភាពក្រុមហ៊ុនកាន់កាប់ចំណែក​ទីផ្សារ​ធំ​មួយ​ចំនួន​អាច​កែ​ប្រែ​តម្លៃ​ដោយសេរី។

ដោយសារតែតម្រូវការបូជាមានចំនួនច្រើន ហើយមិនអាចជំនួសបាន ដូច្នេះហើយ ប្រជាជនត្រូវបង្ខំចិត្តទទួល​យក​តម្លៃ​ខ្ពស់​ដែល​ក្រុម​ហ៊ុន​ទាំង​នោះ​ដាក់​ចេញ។ 

ច្បាប់ជប៉ុនបច្ចុប្បន្នមិនអនុញ្ញាតឲ្យមានការកែតម្រូវតម្លៃនោះទេ។

ចំណុចនេះធ្វើឲ្យប្រជាជនត្រូវទ្រាំនឹងស្ថានភាពតម្លៃឡើងខ្ពស់ដោយមិនមានមធ្យោបាយផ្សេង។

ជាពិសេសនៅទីក្រុងតូក្យូ សូម្បីតែការបូជាក៏ឡើងថ្លៃដែរ ហើយក្រុមហ៊ុនចិនកំពុងតែទទួលបានប្រាក់ចំណេញយ៉ាង​ច្រើន​ពី​ស្ថានភាព​នេះ។

មធ្យោបាយដែលអាចដោះស្រាយស្ថានភាពនេះគឺ ធ្វើវិសោធនកម្មច្បាប់ ឬទីក្រុងតូក្យូ និងប្រជាជនសាងសង់កន្លែង​បូជា​សព​សាធារណៈ។ 

ក្នុងស្ថានភាពបច្ចុប្បន្ន ប្រជាជនមិនអាចស្ងប់ចិត្តទេនៅពេលដែលគិតដល់ការស្លាប់។

ថ្វីត្បិតតែ សកម្មភាពរបស់ក្រុមហ៊ុនទាំងនេះមិនបំពានច្បាប់ ប៉ុន្តែច្បាស់ណាស់ពួកគេកំពុងទាញយកប្រយោជន៍ដោយ​ផ្អែកលើ​ស្ថាន​ភាព​នេះ។

ABE KENGO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: