វប្បធម៌ក្នុងការជជែកវែកញែករបស់ប្រជាជនជប៉ុន នៅពេលដែលពាក្យសម្តីក្លាយទៅជាអាវុធវាយប្រហារ
ក្នុងចំណោមភាសាទាំងអស់នៅលើពិភពលោក ភាសាជប៉ុនដូចជាត្រូវបានគេស្គាល់ថា ជាភាសាដែលមានពាក្យសម្តីអាក្រក់តិចបំផុត។
ទោះបីជាយើងមិនដឹងច្បាស់ថា ចំណុចនេះមកពីប្រជាជនជប៉ុនចិត្តល្អដែរអត់ក៏ដោយ ប៉ុន្តែខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពាក្យមួយចំនួនដែលមានលក្ខណៈវាយប្រហារខ្ពស់ ដែលភាគច្រើនជាពាក្យប្រើសម្រាប់ “វាយប្រហារ” ដោយពាក្យសម្តី។
សូមកុំទុកឲ្យប្រជាជនជប៉ុនយកឈ្នះអ្នក។
ហើយជាចុងក្រោយ ដើម្បីបន្ថែមចំណុចដែលគួរឲ្យចាប់អារម្មណ៍ ខ្ញុំនឹងណែនាំ “ពាក្យវេទមន្ត (Magic Word)” ដែលអាចជួយបញ្ចប់ការឈ្លោះប្រកែកគ្នា (?)
របៀបនិយាយដែលមើលងាយសមត្ថភាពរបស់អ្នកដទៃ
ក្នុងភាសាជប៉ុនពាក្យ “baka” (ល្ងង់) “aho” (ឆោតល្ងង់) “boke” (ក្បាលដី) ត្រូវបានគេចាត់ទុកជាពាក្យទាំងបីដែលប្រើសម្រាប់សំដៅលើបញ្ញាទាប។
ការប្រើប្រាស់ពាក្យទាំងនេះតិចឬច្រើន និងមានភាពខុសគ្នាអាស្រ័យលើតំបន់ និងបុគ្គល។
ឧទាហរណ៍នៅតំបន់ Kanto គេតែងតែប្រើពាក្យ “baka” ចំណែកឯតំបន់ Kansai ពាក្យ “aho” បែរជាត្រូវបានគេប្រើច្រើនជាង។
ក្រៅពីនេះ ពាក្យ “baka” ថែមទាំងត្រូវបានរួមបញ្ចូលនឹងពាក្យ “yarou” (អា, ឈ្មោះ) ដោយបង្កើតបានជាពាក្យ “Baka-yarou” (អាល្ងង់) ដែលបង្កប់អត្តន័យមើលងាយយ៉ាងខ្លាំង។
ចំណុចដែលគួរឲ្យកត់សម្គាល់ត្រង់ថា ថ្វីត្បិតតែពាក្យ “yarou” ប្រើសម្រាប់តែសំដៅលើបុរស ប៉ុន្តែជាក់ស្តែងពាក្យនេះប្រើជាទូទៅសម្រាប់ទាំងបុរស និងស្ត្រី។
ប្រៀបធៀបរូបរាងខាងក្រៅជាមួយសត្វ និងរបស់របរ
ការដែលប្រៀបធៀបមនុស្សជាមួយសត្វ ដូចជាស្វា និង gorrila ប្រៀបដូចជារឿងធម្មតា។ ឧទាហរណ៍ “zaru” (ស្វា) ប្រើសម្រាប់សំដៅលើមនុស្សដែលមានមាឌតូច សកម្ម ឬរប៉ិលរប៉ូច។ ចំណែកឯពាក្យ “gorira” (gorilla) បែរជាប្រើសម្រាប់សំដៅលើបុរសដែលមានមាឌធំ ឬស្រ្តីដែលរឹងមាំ។
ទន្ទឹមនឹងនោះ ការប្រើប្រាស់ពាក្យ “buta” (ជ្រូក) សម្រាប់សំដៅលើមនុស្សដែលធាត់ ដែលប្រៀបដូចជាបាតុភូតទូទៅនៅទូទាំងពិភពលោក។
បុគ្គលដែលមានគម្លាតភ្នែកឆ្ងាយពីគ្នាច្រើនតែត្រូវគេចំអកថា មុខមាត់មើលទៅដូចត្រី ហើយចាប់តាំងពីពេលនោះមកមានរហស្សនាមថា “sakana-gao” (មុខដូចត្រី) ។
ចំណែកឯអ្នកដែលមានបបូរមាត់ក្រាស់ត្រូវបានគេប្រៀបដូចជា “tarako-kuchibiru” (បបូរមាត់ដូចពងត្រី caviar) ។
ចំណុចដែលគួរឲ្យកត់សម្គាល់ត្រង់ថា ការជ្រើសរើសប្រភេទសត្វ។
ប្រសិនបើគ្រាន់តែនិយាយថា នរណាម្នាក់ដូច “ឆ្មា” ឬ “ទន្សាយ” អ្នកស្តាប់នឹងគិតថា អ្នកកំពុងសរសើរពួកគេ ព្រោះសត្វទាំងនោះត្រូវបានគេចាត់ទុកជាប្រភេទដែលគួរឲ្យស្រឡាញ់។
ទោះជាយ៉ាងណា គ្រាន់តែបន្ថែមគុណនាមពីក្រោយ ប្រយោគនោះនឹងមានអត្ថន័យខុសគ្នាទាំងស្រុង ដោយក្លាយទៅជាពាក្យចំអកឡកឡឺយ។
ឧទាហរណ៍នៅពេលដែលយើងហៅស្ត្រីម្នាក់ថា “Dorobou neko” (ឆ្មាលួចសុីចំណី) យើងកំពុងចង់សំដៅលើនាងមានសកម្មភាពដូចជាឆ្មាមួយក្បាលលួចលាក់ “ដណ្តើម” បុរសរបស់អ្នកដទៃ។
នេះជាឧទាហរណ៍ទូទៅមួយដែលប្រើរូបភាពរបស់សត្វដើម្បីបង្កើតបានជាពាក្យប្រមាថ និយាយបញ្ឆិតបញ្ឆៀង។
តើប្រយោគអាថ៌កំបាំងនោះគឺជា “ពាក្យវេទមន្ត” មែនទេ?
មានប្រយោគអាថ៌កំបាំងមួយដែលខ្ញុំតែងតែឮគេនិយាយកាលវ័យបឋមសិក្សា។
“Omae no kaachan, debeso!” (ម៉ែហែងលានផ្ចិត) ។
“Debeso” មានន័យថាផ្ចិតលានចេញមកក្រៅ។
ដោយមិនជេរចំៗនោះទេ គេបែរជានិយាយ “ដៀមដាម” ភាគីដោយរំលឹកដល់ម្តាយរបស់ម្នាក់នោះ។
គ្មាននរណាម្នាក់ស្មានដល់នោះទេ ពាក្យរិះគន់នេះបែរជាមានប្រភពតាំងពី ៥០០ ឆ្នាំមុន។
ដោយបន្តមកជាច្រើនឆ្នាំបែបនេះ យើងអាចចាត់ទុកនេះជាពាក្យបុរាណរបស់ជប៉ុន។
ហេតុអ្វីបានជាយើងងាយនឹងខឹងនៅពេលដែលឮពាក្យនេះ?
ព្រោះថាកាលពីតូច ម្តាយគឺជាគ្រប់យ៉ាង ជាមនុស្សដែលសំខាន់បំផុត។ ដូច្នេះហើយ នៅពេលដែលម្តាយត្រូវប្រមាថ យើងនឹងមានអារម្មណ៍ខឹងយ៉ាងខ្លាំង។
យ៉ាងណាមិញ នៅពេលដែលធំដឹងក្តី យើងនឹងលែងយកចិត្តទុកដាក់ចំពោះពាក្យទាំងនោះទៀតហើយ។ ទោះជាយ៉ាងណា វាគ្រាន់តែជារបៀបបង្ហាញពីកំហឹងក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះ។
សាកស្រមៃទៅមើល ប្រសិនបើជនបរទេសនិយាយប្រយោគនេះ ច្បាស់ជាក្លាយទៅជាស្ថានភាពគួរឲ្យអស់សំណើច។
អាចនិយាយបានថា “ម៉ែហែងលានផ្ចិត” ប្រៀបដូចជា “ពាក្យវេទមន្ត” សម្រាប់ពន្លត់ការឈ្លោះប្រកែកគ្នា។
ប្រសិនបើការឈ្លោះប្រកែកគ្នាកាន់តែធ្ងន់ធ្ងរជាងនេះ… ខ្ញុំសូមអភ័យទោសទុកជាមុន។
សរុបទៅអ្នកដែលប្រើប្រយោគនេះត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។
ABE KENGO