តើស្រ្តីជប៉ុនដែលមានវ័យ ៣០ ឆ្នាំចាំបាច់ត្រូវរៀបការដែរទេ?
នៅប្រទេសជប៉ុន ឈានចូលវ័យ ៣០ ឆ្នាំធ្លាប់ត្រូវបានគេចាត់ទុកជាអាយុដែលបង្ហាញពីភាពចាស់ទុំរបស់ស្ត្រី ដែលទាក់ទងនឹងរឿងបង្កើតគ្រួសារ។
ទស្សនៈដែលថា “ត្រូវរៀបការមុនអាយុ ៣០ ឆ្នាំ” ធ្លាប់ជាសម្ពាធដ៏ធំសម្រាប់ស្ត្រីជាច្រើន។
ទោះជាយ៉ាងណា សង្គមសម័យនេះកាន់តែគោរពចំពោះជម្រើសនៃជីវិត ហើយស្រ្តីជប៉ុនកាន់តែច្រើនឡើងជ្រើសយកការរស់នៅម្នាក់ឯងក្រោយវ័យ ៣០ ឆ្នាំ។
ក្នុងអត្តបទថ្ងៃនេះ យើងនឹងជជែកពិភាក្សាជាមួយនឹងស្ត្រីជនជាតិជប៉ុនដែលមានវ័យ ៣០ ឆ្នាំចំនួន ៣ នាក់ និយាយពីទស្សនៈរបស់ពួកគេចំពោះអាពាហ៍ពិពាហ៍។
តើទស្សនៈចំពោះអាពាហ៍ពិពាហ៍របស់ពួកគេ និងនៅប្រទេសរបស់អ្នកមានចំណុចខុសគ្នាដែរទេ? ចូរយើងស្វែងយល់ទាំងអស់គ្នា។
សំណួរទីមួយ៖ តើអ្នកចង់រៀបការដែរទេ?
បុគ្គល ក (អាយុ ៣១ ឆ្នាំ ជាបុគ្គលិកការិយាល័យ)៖ “ខ្ញុំក៏ចង់រៀបការដែរ ប្រសិនបើបានជួបមនុស្សដែលស័ក្តិសម ប៉ុន្តែខ្ញុំមិនប្រញាប់ពេកទេ” ។
បុគ្គល ខ (អាយុ ៣៣ ឆ្នាំ ជាបុគ្គលិកការិយាល័យ)៖ “ប៉ុន្តែនៅពេលដែលខ្ញុំក្រឡេកមើលជុំវិញ ឃើញគ្រប់គ្នារៀបការជាបន្តបន្ទាប់ ខ្ញុំក៏មានអារម្មណ៍ថាបារម្ភណាស់ដែរ។ រាល់ពេលដែលគ្រួសារ ឬមិត្តភ័ក្តិសួរថា “ពេលណារៀបការ?” ខ្ញុំកាន់តែមានសម្ពាធជាងនេះ” ។
បុគ្គល គ (អាយុ ៣៦ ឆ្នាំ ជាបុគ្គលិកជាប់កិច្ចសន្យា)៖ “ខ្ញុំក៏គិតពីរឿងកូនដែរ យ៉ាងណាមិញ ខ្ញុំចង់បានកន្លែងរស់នៅដែលមានស្ថេរភាព ហើយមានអ្នកនៅផ្ទះជាមួយដើម្បីជជែកគ្នា។
ទោះជាយ៉ាងណា សម្រាប់ខ្ញុំមិនចាំបាច់ក្រោមទម្រង់ “អាពាហ៍ពិពាហ៍” នោះទេ។ គ្រាន់តែឪពុកម្តាយរបស់ខ្ញុំចង់ឱ្យខ្ញុំរៀបការ ហើយពួកគាត់ក៏ចង់មានចៅផងដែរ ដូច្នេះខ្ញុំមានអារម្មណ៍ថាច្របូកច្របល់ណាស់។
បុគ្គល ខ៖ “ខ្ញុំក៏មានគំនិតដូចអ្នកដែរ នៅពេលខ្លះខ្ញុំក៏ចង់ឱ្យឪពុកម្តាយរបស់ខ្ញុំទុកចិត្ត។ សព្វថ្ងៃខ្ញុំមិនទាន់រកឃើញដៃគូរៀបការនោះទេ នៅពេលដែលគិតដល់រឿងត្រូវរស់នៅម្នាក់ឯងអស់មួយជីវិត ខ្ញុំមានអារម្មណ៍ឯកាណាស់” ។
សំណួរទីពីរ៖ តើអ្នកកំពុងស្វែងរកឳកាសបង្កើតទំនាក់ទំនងមែនទេ?
បុគ្គល ខ៖ “កាលពីមុនខ្ញុំធ្លាប់ប្រើកម្មវិធីណាត់ជួប និងចូលរួមកម្មវិធីជប់លៀងជជែកកម្សាន្ត ប៉ុន្តែឥឡូវនេះខ្ញុំមិនបានធ្វើអ្វីទាំងអស់។ ខ្ញុំមានអារម្មណ៍ថារាងនឿយហត់បន្តិច” ។
បុគ្គល ក៖ “ខ្ញុំទើបតែចាប់ផ្តើមប្រើកម្មវិធីណាត់ជួប មិនមែនសម្រាប់រកអ្នករៀបការនោះទេ គ្រាន់តែចង់រកគូស្នេហ៍ប៉ុណ្ណោះ” ។
បច្ចុប្បន្នខ្ញុំកំពុងនិយាយជាមួយមនុស្សម្នាក់ ប៉ុន្តែដោយសារទើបតែស្គាល់គ្នាបានជាមិនទាន់គិតដល់រឿងរៀបការ” ។
បុគ្គល ខ៖ “ខ្ញុំមិនចាំបាច់ត្រូវមានដៃគូជីវិតនោះទេ ដូច្នេះខ្ញុំមិនបានធ្វើអ្វីឡើយ។ ខ្ញុំគ្រាន់តែគិតថា បើសិនជាតាមរយៈការងារ ឬចំណង់ចំណូលចិត្ត ហើយជួបគ្នាល្អជាង” ។
បុគ្គល គ៖ “ថ្មីៗនេះមិត្តរបស់ខ្ញុំម្នាក់បានរៀបការ នាងក៏ធ្លាប់ស្គាល់មនុស្សពីរបីនាក់នៅលើកម្មវិធីណាត់ជួបដែរ ប៉ុន្តែនៅទីបំផុតបែរជារៀបការជាមួយបុរសម្នាក់ដែលនាងជួបនៅបារដោយចៃដន្យ។
រីឯមិត្តខ្ញុំម្នាក់ទៀតបែរជាជួបដៃគូជីវិតរបស់ខ្លួននៅកន្លែងហាត់ប្រាណ។ ប្រហែលជា បើសិនជាយើងរស់នៅដោយសកម្ម និងមានគំនិតវិជ្ជមាន បានជួបមនុស្សម្នាក់ដែលពិសេសអាចនឹងកើតឡើងដោយឯងៗ” ។
ដូច្នេះឃើញថា មិត្តភក្តិរបស់ពួកគេក៏មានទស្សនៈដែលថា មិនចាំបាច់ត្រូវរៀបការ ឬមានកូននោះទេ។
ទោះជាយ៉ាងណា សព្វថ្ងៃស្រ្តីជប៉ុនក៏មានទំនោរស្វែករកកន្លែងដែលពួកគេមានអារម្មណ៍ថាសុខសាន្ត និងបុគ្គលម្នាក់ដែលពួកគេអាចជឿទុកចិត្តសម្រាប់និយាយគ្នា។
សព្វថ្ងៃនេះនៅប្រទេសជប៉ុន យើងអាចសង្កេតឃើញថា ចំនួនស្ត្រីដែលមានអាយុ ៣០ ឆ្នាំគិតថា “ប្រសិនបើមានឳកាសក៏ចង់រៀបការ និងមានកូន” កំពុងតែកើនឡើង។
ចំនួនស្រ្តីដែលទៅធ្វើការក៏កើនឡើងដែរ ហើយហាក់បីដូចជាសម្ពាធត្រូវរៀបការមុនអាយុ ៣០ ឆ្នាំក៏កាន់តែតិចទៅៗ។
នៅប្រទេសរបស់អ្នក តើគ្រប់គ្នាយល់យ៉ាងណាចំពោះការរៀបការ និងបង្កើតកូន?
សូមកុំភ្លេចចែករំលែកមតិយោបល់របស់អ្នកទាំងអស់គ្នាខាងក្រោម។
RIE TSUGITA