KOTODAMA អំណាច​អស្ចារ្យនៃជំនឿ និង​សេចក្តី​សង្រ្គោះ

ក្នុងវប្បធម៌ជប៉ុន មាន​ជំនឿ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អំណោច​នៃពាក្យសម្តី ដែល​គេ​ហៅ​ថា KOTODAMA (言霊) – ព្រលឹង​វិញ្ញាណ​នៃ​ភាសា។

ដូច្នេះហើយ ពាក្យសម្តីដែលចេញពីមាត់មានអំណាចអាថ៌កំបាំង ហើយលទ្ធផលនឹងដូចជាអ្វីដែលបាននិយាយ។

ដូចជាពេលដែលយើងបួងសួង ពាក្យ​សម្ដី​របស់​យើងអាចនឹងកំណត់អនាគត​។ នៅថ្ងៃនេះ ខ្ញុំនឹងស្វែងយល់ឱ្យកាន់​តែ​ស៊ី​ជម្រៅ​ចំពោះ​ទស្សនៈ​នេះ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា។

ព្រលឹងវិញ្ញាណនៃភាសាក្នុងសម័យសព្វថ្ងៃ

ថ្វីត្បិតតែ ប្រជាជនជប៉ុនសម័យនេះហាក់បីដូចជាលែងជឿលើទស្សនៈព្រលឹងវិញ្ញាណនៃភាសាច្រើនដូចមុន ប៉ុន្តែនៅ​​តែ​​មាន​មនុស្ស​ជា​ច្រើន​ប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យសម្ដី។

ឧទាហរណ៍គេតែងតែជៀសវាងនិយាយពាក្យដូចជា “បរាជ័យ” ឬ “ធ្លាក់” នៅចំពោះមុខបេក្ខជន ឬមិននិយាយថា “បែកគ្នា” ឬ “បញ្ចប់” នៅចំពោះមុខអ្នកដែលទើបតែមានសង្សារ។ ទាំងនេះអាចចាត់ទុកដូចជាផ្នែកមួយនៃទស្សនៈ​​ព្រលឹង​វិញ្ញាណ​នៃ​ភាសា។

ព្រលឹងវិញ្ញាណនៃភាសាក្នុង Jujutsu Kaisen 

ប្រសិនបើអ្នកចូលចិត្តរឿងគំនូរជីវចល Anime ជប៉ុន អ្នកប្រហែលជាស្គាល់ “Jujutsu Kaisen” ។

ក្នុងរឿង Anime នេះ មាន “ព្រលឹងវិញ្ញាណនៃភាសា” ដ៏សំខាន់មួយលេចឡើង។

នោះគឺ “布瑠部由良由良 (Furube Yura Yura)” អ្វីដែល​ពិសេស​នោះ​គឺឃ្លា​នេះ​នៅ​តែ​អាច​សរសេរ​ដោយ​តួអក្សរ​ក្នុង​ភាសា​ជប៉ុន​សម័យនេះ។

布瑠部 (ふるべ – Furube) មានន័យថា “រំញ័រ” អង្រួនវត្ថុដែលមានតម្លៃ ចំណែក 由良由良 (ゆらゆら – Yura Yura) គឺជាពាក្យតម្រាប់សូរដែលបង្ហាញពីរូបភាពត្បូងដ៏មានតម្លៃមួយគ្រាប់រង្គើទៅមក។

តាមពិតទៅ មន្តគាថាដើមវែងជាងនេះទៅទៀត នោះគឺ៖

一二三四五六七八九十 (ひふみよいむなやここのたり – Hifumiyoimunayakonotari)

(នេះជារបៀបអានលេខពីមួយដល់ដប់តាមលំដាប់លំដោយក្នុងភាសាជប៉ុនបុរាណ) ។

布瑠部由良由良止(ふるべゆらゆらと – Furube Yurayurato) 布瑠部 (ふるべ –  Furube)

(ផ្នែកចុងក្រោយរបស់មន្តគាថា ការរួមបញ្ចូលកត្តាខាងលើដើម្បីបង្កើតបានជារូបភាពរំញ័រវត្ថុដ៏មានតម្លៃ) ។

នេះជាមន្តគាថាមួយ​ប្រភេទ​ដែល​គេ​ហៅ​ថា 祓詞 – Harai kotoba ដែលមានមុខងារបណ្តេញ​វិញ្ញាណ​អាក្រក់ និងសំណាងមិនល្អ។ មន្តគាថានេះជាទម្រង់ 祝詞 – Norito ដែលជាទូទៅ​បូជាចារ្យ​នៅ​ទីសក្ការៈ Shinto ប្រើសម្រាប់សរសេរលើក្រដាសក្នុងពិធីបួងសួង។

សូមកុំបារម្ភ មិនមែនជាការកោះហៅសត្វចម្លែកដ៏គួរឱ្យភ័យខ្លាចដូចក្នុង Anime នោះទេ។

ព្រលឹងវិញ្ញាណនៃភាសាក្នុងទេវកថា “Samuhara”

គេនិយាយថាបើសិនជាសូត្រ Samuhara ប៉ុន្មានដងក្នុងមួយថ្ងៃ អ្នកអាច​ជៀស​ផុត​ពី​សំណាង​អាក្រក់ ហើយ​ត្រូវបាន​នាំ​ទៅ​កាន់​ផ្លូវ​ដែល​ត្រឹម​ត្រូវ។

រឿងព្រេងនិទាននិយាយថា មេទ័ពល្បីឈ្មោះ Kato Kiyomasa បានឆ្លាក់ពាក្យនេះនៅលើដាវជប៉ុនរបស់ខ្លួន ហើយទាហាន​មួយ​ចំនួន​ដែល​ចេញ​ទៅ​សមរភូមិ​ក៏​យក​ក្រដាស​ដែល​មានអក្សរ Samuhara តាម​ផង​ដែរ។

ដោយសារតែព្យញ្ជនៈក្នុងពាក្យនេះមិនមានក្នុងអក្សរ Han សព្វថ្ងៃ ដូច្នេះមិនអាចបញ្ចូលក្នុងកុំព្យូទ័របាន។

នេះជាពាក្យដែលសរសេរដោយអក្សរអាទិទេព  (神代文字 – kamiyomoji) ជា​​ប្រភេទ​​អក្សរ​​បុរាណ​​ដែល​​បាន​​បាត់​បង់​ទៅ​ហើយ។

ខ្ញុំបានបង្កើតផ្ទាំងរូបភាពពាក្យនេះសម្រាប់ទូរស័ព្ទ iPhone  ប្រសិនបើអ្នកចាប់អារម្មណ៍ អាចទាញយកនៅទី​នេះ។

https://jp.japo.news/contents/wp-content/uploads/2024/09/Samuhara.jpg

ខ្ញុំដឹងថា មានមនុស្សមួយចំនួនមិនជឿថា គ្រាន់តែពាក្យសម្តីអាចនាំមកនូវប្រសិទ្ធភាព។

ទោះជាយ៉ាងណា ខ្ញុំក៏សង្កេតឃើញថា អ្នកដែលតែងតែនិយាយពាក្យសម្តីអវិជ្ជមានច្រើនតែជួបសំណាងមិនល្អ។

ដូច្នេះហើយ ខ្ញុំជឿថា ការខិតខំប្រឹងប្រែងនិយាយពាក្យសម្តីវិជ្ជមាន ជៀសវាងការនិយាយដើម ឬត្អូញ​ត្អែរ​ពិត​ជាសំខាន់​​ណាស់។ នេះមិនមែនជាបញ្ហាដែល​ទាក់​ទង​នឹង​សាសនា​នោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​ទស្សនវិជ្ជា​និយាយ​ពី​របៀបដែល​យើង​​ប្រឈម​​មុខ​​នឹង​​ជីវិត។

ដើម្បីរក្សាអារម្មណ៍ទាំងនោះ ខ្ញុំបានកំណត់យក​មន្តគាថាជាផ្ទាំងរូបភាពទូរស័ព្ទ។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែមើល ហើយសូត្រ​ក្នុង​ចិត្ត ដោយ​រំឭក​ខ្លួន​ឯង​ឱ្យ​រក្សា​គំនិត​វិជ្ជមាន និង​សុទិដ្ឋិនិយម។

មិត្តភក្តិរបស់ខ្ញុំតែងតែនិយាយពាក្យសម្តីអវិជ្ជមានដូចជា “ការងារពិតជាគួរឱ្យធុញទ្រាន់” ឬ “ខ្ញុំស្អប់ប្រពន្ធរបស់ខ្ញុំ” ។

ជំនួសឱ្យពាក្យសម្តីអវិជ្ជមានទាំងនេះ ហេតុអ្វីបានជាយើងមិនប្តូរទៅនិយាយពាក្យសម្តីវិជ្ជមាន ដោយមិនត្រឹមតែមនុស្ស​នៅ​ជុំវិញ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់​ក៏​មាន​អារម្មណ៍​សប្បាយ​រីក​រាយ និង​​ស្រួល​ក្នុង​ចិត្ត​ផង​ដែរ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: