ហេតុ​អ្វី​​បាន​ជា​បញ្ហា​បៀត​បៀន​ច្រើន​តែ​កើត​នៅ​ជប៉ុន?

នៅម៉ោងដែលមមាញឹកដោយសារតែមនុស្សច្រើន រថភ្លើង ឬឡានក្រុងបានក្លាយទៅជាសុបិន្តអាក្រក់សម្រាប់មនុស្ស​ជា​ច្រើន ជា​ពិសេស​ស្ត្រី ព្រោះ​ថា​អាច​នឹង​ជួប​បញ្ហា​បៀត​បៀន​គ្រប់​ពេល។

គ្រាន់តែស្រមៃគិតដល់អារម្មណ៍ត្រូវគេប៉ះពាល់ដោយមិននឹកស្មានដល់ ឬបំពាននៅកន្លែងចង្អៀតក៏អាចនឹងធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​អារម្មណ៍​ភ័យ​ខ្លាច ហើយ​ខឹង​យ៉ាង​ខ្លាំង​ផង​ដែរ។

ជប៉ុនជាប្រទេសដែលត្រូវបានគេចាត់ទុកថា មានសុជីវធម៌បែរជាមានបញ្ហាទាំងនេះ។

សំណួរសួរថា៖ ហេតុ​អ្វីបាន​ជាអត្រាបៀតបៀននៅលើយានជំនិះ​សាធារណៈក្នុងប្រទេសជប៉ុនខ្ពស់ដូច្នេះ? 

តើមូលហេតុ​មកពី​ជន​ខិលខូច​មានចំនួនច្រើនជាងប្រទេសផ្សេងទៀត ឬនៅមានមូលហេតុអ្វីនៅពីក្រោយ?

ស្រ្តីជប៉ុនជាងពាក់កណ្តាលធ្លាប់ទទួលរងការបៀតបៀន

អាស្រ័យលើទិន្នន័យអត្រាអាចនឹងផ្លាស់ប្តូរ ប៉ុន្តែតាមព័ត៌មានបានឱ្យដឹងថា ស្រ្តីជប៉ុនចំនួន ៤៥% ដល់ ៦០% ធ្លាប់​ទទួល​រង​ការ​បៀត​បៀន។

ដោយសារករណីទាំងនេះកើតឡើងនៅលើរថភ្លើង និងឡានក្រុងមានមនុស្សច្រើនកកកុញ ដែលភាគច្រើននៅតំបន់ទីក្រុង ដូច្នេះជាក់ស្តែង ស្រ្តីមួយចំនួនធំធ្លាប់ទទួលរងការបៀតបៀន។

មិនត្រឹមតែត្រូវស្ទាបដើមទ្រូង ឬគូទប៉ុណ្ណោះទេ ថែមទាំងមានទង្វើខុសឆ្គងដូចជាចូលទៅជិតនៅពីក្រោយខ្នងដើម្បី​ហិត​ក្លិន ឬ​ឆ្លៀត​ឱកាស​រថ​ភ្លើង​គ្មាន​លំនឹង​ប្រើ​ខ្នង​ដៃ​ប៉ះ​​គូទ​របស់​អ្នក​ដទៃ ការ​បៀត​បៀន​មាន​ច្រើនប្រភេទ​​ណាស់។

ប្រសិនបើត្រូវជនប្លែកមុខប្រព្រឹត្តទង្វើទាំងនេះ អ្នកប្រាកដជាមានអារម្មណ៍ថាខឹងខ្លាំង មែនទេ?

ហេតុ​អ្វីបានជានៅជប៉ុនមានព្រាននារីច្រើនដូច្នេះ?

មូលហេតុទី ១ គឺ៖ មនុស្សច្រើនកកកុញ

ជាទូទៅបញ្ហាបៀតបៀនកើតឡើងដោយសម្ងាត់ ដូច្នេះពិបាកនឹងកំណត់អត្តសញ្ញាណជនល្មើសណាស់។

ជនរងគ្រោះតែងតែត្រូវកំណត់គោលដៅនៅលើឡានក្រុង ឬរថភ្លើងដែលមានមនុស្សច្រើនកកកុញ។ ជាការពិតណាស់ គ្រប់​គ្នា​ទៅ​ធ្វើ​ការ ឬទៅរៀនក្នុងពេលតែមួយបណ្តាលឱ្យកើតមានស្ថានភាពបែបនេះ។

ហេតុផលទី ២ គឺ៖ ប្រជាជនជប៉ុនតែងតែខ្មាស់អៀន

ការស៊ើបអង្កេតដោយនាយកដ្ឋានប៉ូលីស Tokyo បានបង្ហាញថា ស្រ្តីដែលទទួលរងការបៀតបៀនចំនួន ៨៩,១% មិន​បាន​រាយ​ការណ៍ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​​ធំ​មួយ​ផង​ដែរ។

ព្រោះតែពិបាកកំណត់អត្តសញ្ញាណជនល្មើស ស្រ្តីច្រើនតែមិនប្តឹង។ ម្យ៉ាងវិញទៀត ភាគីជនល្មើសតែងតែជាមនុស្សប្រុស​ដែល​កំសាក ត្រឹម​​តែ​អាច​ប្រព្រឹត្តិ​សកម្មភាព​ដោយ​លួច​លាក់​ប៉ុណ្ណោះ។

ជនដែលបៀតបៀនតែងតែនិយាយដោះសារថា ដោយសារមានសម្ពាធទើបប្រព្រឹត្តទង្វើទាំងនោះ ប៉ុន្តែការបំបាត់​ភាព​តាន​តឹង​មក​លើស្រ្តីដែលមិនស្គាល់គឺជាកំហុសធ្ងន់ធ្ងរ ហើយមិនអាចលើកលែងបាននោះទេ។

នៅបណ្តាប្រទេសមួយចំនួន មិនមែនករណីបៀតបៀននោះទេ ប៉ុន្តែជាករណីរំលោភកើតឡើងញឹកញាប់។

ចរិតលក្ខណៈរបស់បុរសជប៉ុនគឺមិនហ៊ានប្រព្រឹត្តទង្វើធ្ងន់ធ្ងរបែបនេះ ហើយចំណុចនេះអាចបណ្តាលឱ្យករណីបៀត​បៀន​កើន​ឡើង។

ធ្វើយ៉ាងណាអាចជៀសផុតពីករណីបៀតបៀនផ្លូវភេទ

ជីវិតប្រចាំថ្ងៃនៅតាមទីក្រុងប្រទេសជប៉ុនត្រូវធ្វើដំណើរតាមរយៈរថភ្លើង ជាពិសេសនៅពេលដែលមមាញឹក។

យ៉ាងណាមិញ មនុស្សច្រើនកកកុញក៏មានន័យថា ហានិភ័យប្រឈមនឹងការបៀបៀនខ្ពស់ផងដែរ។ មនុស្សជាច្រើនបាន​ដាក់​ចេញវិ​ធាន​ការ​ការ​ពារ​ខ្លួន​ដូចជា៖ 

មិនជិះរថភ្លើងម្នាក់ឯង៖ ស្វែងរកមិត្តរួមដំណើរ ឬក្រុមមិត្តភក្តិ ដើម្បីបង្កើនសុវត្ថិភាព។

និយាយឱ្យច្បាស់ និងម៉ឺងម៉ាត់ថា “សូមកុំធ្វើបែបនេះ”៖ កុំស្ទាក់ស្ទើរនឹងនិយាយនៅពេលដែលអ្នកមានអារម្មណ៍ថា រងការគំរាមកំហែង។

ជៀសវាងកន្លែងដែលស្ងាត់គ្មានមនុស្ស៖ គួរតែឈរនៅកន្លែងដែលមានមនុស្សច្រើនឆ្លងកាត់ ហើយងាយស្រែកហៅរកជំនួយ។

គេ​តែង​និយាយ​ថា នៅក្បែរទ្វារជា​កន្លែង​ដែលគ្រោះថ្នាក់បំផុត។

មូលហេតុ​គឺថា ជនដែលបៀតបៀនចង់​រត់គេច​ខ្លួន​ឱ្យ​បាន​លឿន។ ក្រៅពីនេះ ជនដែលបៀតបៀនមិនចង់ឱ្យគេប្រាប់​ត្រង់ៗ​ថា “សូមកុំធ្វើបែបនេះ” ទេ ដូច្នេះទើបស្រ្តីដែលមើលទៅរឹងមាំ មិនថាស្អាតយ៉ាងណា ក៏​មិន​សូវ​ទទួល​រងការ​បៀត​បៀនដែរ។

ខ្ញុំយល់ពីការបារម្ភ និងអារម្មណ៍មិនសប្បាយចិត្តដែលស្រ្តីកំពុងឆ្លងកាត់ដោយសារបញ្ហាបៀតបៀនទាំងនេះ។ 

ក្នុងនាមជាបុរសជនជាតិជប៉ុន ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​អៀន​ជា​ខ្លាំង ហើយ​សូម​ទោស​ដោយ​ស្មោះ។

ទោះជាយ៉ាងណា ត្រឹមតែម្តងគត់ ដោយសាររថភ្លើងមានមនុស្សច្រើនពេក ដៃរបស់ខ្ញុំរបូតចេញពីកន្លែងកាន់ ហើយ​ខ្ញុំ​អង្គុយ​លើ​ភ្លៅ​ស្រ្តី​ម្នាក់​ដែល​អង្គុយនៅខាងមុខដោយ​អចេតនា…

ជាការពិតណាស់ ករណីនេះមិនមែនជាចេតនានោះទេ ហើយខ្ញុំបានសុំទោសជាច្រើនដង។

ខ្ញុំយល់ថា ការលើកកម្ពស់ការងារពីចម្ងាយអាចរួមចំណែកកាត់បន្ថយបន្ទុកនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូច្នេះហើយ អាច​កាត់​បន្ថយ​ស្ថាន​ភាព​រុញ​ច្រាន និង​បញ្ហា​បៀត​បៀន។ 

ទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហានេះទាំងស្រុង យើងគួរតែចាត់វិធានការបន្ថែម រួម​ទាំង​ការលើកកម្ពស់ការយល់​ដឹង​ចំពោះ​សមភាព​យេនឌ័រ ពង្រឹង​សន្តិ​សុខ​លើ​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ហើយ​ដោះស្រាយទង្វើបៀត​បៀន​ឱ្យ​បាន​តឹង​រុឹង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: