ជប៉ុនជាប្រទេសដែលផ្តោតសំខាន់លើអង្ករបែរជាប្រឈមនឹងបញ្ហាខ្វះខាតអង្ករ
ដូចដែលយើងដឹងហើយថា អង្ករគឺជាស្បៀងអាហារចម្បងរបស់ប្រជាជនជប៉ុន។
អង្ករជប៉ុនសម្បូរទៅដោយម្សៅ មានរស់ជាតិក្រអូបឆ្ងាញ់ ដែលមនុស្សជាច្រើននៅជុំវិញពិភពលោកចូលចិត្ត ហើយថែមទាំងជាគ្រឿងផ្សំសំខាន់សម្រាប់ផលិតស្រា sake ផងដែរ។
គុណភាពអង្ករជប៉ុនទទួលបានការវាយតម្លៃខ្ពស់ជាសកល។ ទោះជាយ៉ាងណា បច្ចុប្បន្នជប៉ុនកំពុងប្រឈមនឹងស្ថានភាពខ្វះខាតអង្ករ។
ដូច្នេះតើមូលហេតុអ្វីដែលបណ្តាលឱ្យកើតមានស្ថានភាពនេះ? យើងនឹងវិភាគតាមរយៈអត្តបទនេះ រួមទាំងកត្តាប្រវត្តិសាស្ត្រផងដែរ។
ជប៉ុនមុនពេលកើតមានសង្គ្រាម៖ អត្រាស្វ័យផ្គត់ផ្គង់ស្បៀងអាហារជាង ១០០%
ក្រោយសង្គ្រាម ក្នុងចំណោមគោលនយោបាយសំខាន់នៃប្រទេសសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺកាត់បន្ថយការផលិតស្រូវ។ ចំណុចនេះមានន័យថា កាត់បន្ថយផ្ទៃដីដាំដុះស្រូវ។
ពួកគេបានសម្រេចចិត្តកាត់បន្ថយផលិតកម្មស្រូវ និងបង្កើនការប្រើប្រាស់ស្រូវសាលី។
មានពាក្យយចចាមអារ៉ាមជាច្រើននិយាយពីការសម្រេចចិត្តនេះ ដូចជាបង្កើនការប្រើប្រាស់ស្រូវសាលីរបស់អាមេរិក បំផ្លាញមូលដ្ឋានកសិកម្មស្រូវរបស់ជប៉ុន រួមទាំងគម្រោងបំផ្លាញវប្បធម៌ជប៉ុន។
ទោះជាយ៉ាងណា ធាតុពិតនៃការសម្រេចចិត្តនេះមិនច្បាស់នៅឡើយទេ។
អ្វីដែលប្រាកដនោះគឺថា ផលិតកម្មស្រូវបានធ្លាក់ចុះ ខណៈដែលផលិតកម្មស្រូវសាលីកើនឡើង។
នៅសាលាមុខម្ហូបក៏បានប្តូរទៅជានំប៉័ងជាចម្បងផងដែរ។
ក្រោយមកគោលនយោបាយកាត់បន្ថយការផលិតស្រូវនៅតែបន្ត
ថ្វីត្បិតតែ ជប៉ុនបានទទួលឯករាជ្យ ហើយបំបែកចេញពីប្រទេសសម្ព័ន្ធមិត្ត ប៉ុន្តែគោលនយោបាយកាត់បន្ថយផលិតកម្មស្រូវនៅតែបន្តអនុវត្ត។
រដ្ឋាភិបាលជប៉ុនបានផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់កសិករផ្លាស់ប្តូរផ្ទៃដីដាំស្រូវទៅជាដំណាំផ្សេងទៀតដូចជាបន្លែ ស្រូវសាលី និងស្មៅ។
ដូច្នេះហើយក្រោយសង្គ្រាម កសិករជប៉ុនជាច្រើនបានប្តូរដីស្រែមកដាំប្រភេទដើមទាំងនេះ។ ស្ថានភាពនេះបានអូសបន្លាយរយៈពេលប្រហែល ៨០ ឆ្នាំ។
ក្រៅពីនេះ កសិករដាំស្រូវកំពុងប្រឈមនឹងស្ថានភាពគួរឱ្យបារម្ភគឺ៖ តម្លៃស្រូវទាបខ្លាំង ដែលធ្វើឱ្យពួកគាត់ភាគច្រើនធ្លាក់ក្នុងស្ថានភាពខាតបង់។
យោងតាមស្ថិតិ កសិករដាំស្រូវរហូតដល់ទៅ ៩៥% កំពុងធ្វើអាជីវកម្មខាតបង់។
ទន្ទឹមនឹងនោះ គ្រួសារជាច្រើនដាំស្រូវដើម្បីផ្គត់ផ្គង់តម្រូវការរបស់គ្រួសារ។
ប៉ុន្តែដោយសារតម្លៃដើមខ្ពស់ ការផលិតអង្ករដោយខ្លួនឯងប្រែទៅជាមិនល្អបើប្រៀបនឹងការទិញអង្ករនៅលើទីផ្សារ។ ចំណុចនេះបានធ្វើឱ្យការធ្វើស្រែលែងមានភាពទាក់ទាញ។
សព្វថ្ងៃនេះ ប្រឈមនឹងស្ថានភាពខ្វះខាតអង្ករ ជប៉ុនបានប្តូរទៅនាំចូលអង្ករពីបរទេស។ ទន្ទឹមនឹងនោះ ដើម្បីទប់ទល់នឹងហានិភ័យខ្វះខាតស្បៀងអាហារនាពេលអនាគត ជប៉ុនក៏កំពុងស្រាវជ្រាវចំពោះការប្រើប្រាស់សត្វល្អិតជាអាហារផងដែរ។
អង្ករគឺជាអាហារចម្បងរបស់ជប៉ុន។
ខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាល និងប្រជាពលរដ្ឋរួមគ្នាយកចិត្តទុកដាក់បន្ថែម ហើយខំប្រឹងស្តារឡើងវិញការដាំស្រូវដូចមុន ស្ថានភាពខ្វះខាតអង្ករអាចនឹងត្រូវបានដោះស្រាយ។
តើអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ? សូមចែករំលែកប្រាប់យើងខ្ញុំ។
Abe Kengo