សាមញ្ញតែមានប្រសិទ្ធភាព៖ អាថ៌កំបាំងកាត់បន្ថយកំហុសឆ្គងរបស់ជប៉ុន
ជប៉ុនជាប្រទេសដែលល្បីថាបរិយាកាសការងារកម្រនឹងកើតមានគ្រោះថ្នាក់ អាថ៌កំបាំងដែលពួកគេតែងតែអនុវត្តគឺត្រួតពិនិត្យគ្រប់យ៉ាងឱ្យបានហ្មត់ចត់។
អ្នកក៏អាចអនុវត្តវិធីសាស្រ្តត្រួតពិនិត្យនេះក្នុងការងាររបស់ខ្លួនផងដែរ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់។
ការដ្ឋានសំណង់ កន្លែងដំណើរការរថភ្លើង និងហ្ការ៉ាស់ជួសជុលយាន្តជំនិះ គឺជាកន្លែងដែលងាយនឹងកើតមានគ្រោះថ្នាក់។
ទោះជាយ៉ាងណា ជប៉ុនជាប្រទេសដែលត្រូវបានគេចាត់ទុកថា អត្រាគ្រោះថ្នាក់ការងារមានកម្រិតទាប។ ចំណុចនេះមិនមែនដោយសារប្រជាជនជប៉ុនមានជំនាញពិសេស ឬគ្រឿងចក្រនៅជប៉ុនទំនើបជាងបណ្តាប្រទេសផ្សេងទៀតនោះទេ។
អ្វីដែលពួកគេធ្វើគ្រាន់តែត្រួតពិនិត្យឱ្យបានហ្មត់ចត់ប៉ុណ្ណោះ ទោះបីជាមើលទៅងាយស្រួល ប៉ុន្តែដើម្បីធានាថាគ្រប់យ៉ាងត្រូវបានត្រួតពិនិត្យច្បាស់លាស់មិនងាយនោះទេ។
ជាទូទៅ អ្នកដែលមានបទពិសោធន៍ការងារងាយនឹងបង្កកំហុសក្នុងដំណើរការត្រួតពិនិត្យណាស់។
ខ្ញុំនឹងចែករំលែកអាថ៌កំបាំងទាំងនេះប្រាប់អ្នកទាំងអស់គ្នា។
បញ្ជាក់ដោយការចង្អុលដៃ
ប្រសិនបើអ្នកធ្លាប់ជិះរថភ្លើងនៅជប៉ុន អ្នកប្រហែលជាធ្លាប់ឃើញអ្នកបើករថភ្លើងចង្អុលសញ្ញា និងកុងតាក់ ហើយនិយាយខ្លាំងៗដើម្បីបញ្ជាក់។ នោះគឺជាសកម្មភាព “ចង្អុលដៃបញ្ជាក់” ។
វិធីសាស្រ្តនេះត្រូវបានគេចាត់ទុកថា បង្កើតឡើងដោយក្រុមហ៊ុនផ្លូវដែករដ្ឋមួយប្រហែលក្នុងឆ្នាំ ១៩០០ ។ លទ្ធផលគួរឱ្យភ្ញាក់ផ្អើល វិធីសាស្ត្រនេះបានជួយកាត់បន្ថយកំហុសដល់ទៅ ១/៣ ។
ដោយសារតែប្រសិទ្ធភាពខ្ពស់ ទើបវិធីសាស្រ្តនេះមិនត្រឹមតែត្រូវបានប្រើខាងវិស័យផ្លូវដែកប៉ុណ្ណោះទេ រួមទាំងការដ្ឋានសំណង់ រោងចក្រ និងវិស័យជាច្រើនទៀត ដែលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៅជប៉ុន។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការងាររបស់ខ្លួនឡើងវិញគឺជារឿងដែលគួរឱ្យធុញទ្រាន់ណាស់។ មនុស្សជាច្រើនតែងតែគិតថា “ខ្ញុំបានធ្វើរួចហើយ ប្រាកដជាមិនអីទេ” ដូច្នេះការបញ្ជាក់តាមបញ្ជីត្រួតពិនិត្យក៏មិនច្បាស់លាស់ដែរ។
ប៉ុន្តែការចង្អុលដៃបញ្ជាក់បែរជាជួយឱ្យយើងត្រួតពិនិត្យការងារនីមួយៗបានច្បាស់។
ទោះបីជាមានអារម្មណ៍ថារាងអៀនបន្តិចពេលធ្វើសកម្មភាពបែបនេះនៅចំពោះមុខអ្នកដទៃ ប៉ុន្តែបើប្រៀបនឹងកំហុសគឺល្អជាងដល់ទៅ ១០០ ដង។
ការរួមបញ្ចូលទ្រឹស្តី
មានទ្រឹស្តីមួយនិយាយពីការយល់ដឹងរបស់មនុស្សហៅថា “ការរួមបញ្ចូលទ្រឹស្តី” ។
តាមទ្រឹស្តីនេះ ការយល់ដឹងរបស់មនុស្សត្រូវបានបែងចែកជា ៥ កម្រិត ចាប់ពី ០ ដល់ ៤ ។ មិនថាការយល់ដឹងមានកម្រិតខ្ពស់ ឬទាបសុទ្ធតែអាចបណ្តាលឱ្យកើតមានកំហុស។
កម្រិត ០ – គ្មានគំនិត៖ ស្ថានភាពមិនដឹងអំពីខ្លួនឯង និងបិរស្ថានជុំវិញ។ ឧទាហរណ៍៖ នៅពេលដែលកំពុងគេងលក់ស្កប់ស្កល់ សន្លប់។
កម្រិត ១ – ស្មារតីមិនច្បាស់លាស់៖ ស្ថានភាពពាក់កណ្តាលដឹងខ្លួន ពាក់កណ្តាលមិនដឹងខ្លួន ពិបាកផ្តោតអារម្មណ៍ ប្រតិកម្មយឺតយ៉ាវ។
កម្រិត ២ – ធម្មតា៖ ស្ថានភាពមានការប្រុងប្រយ័ត្ន ផ្តោតអារម្មណ៍ ប្រសិទ្ធភាពធ្វើការងារខ្ពស់បំផុត។ នេះជាស្ថានភាពដែលល្អអាចអនុវត្តការងារប្រចាំថ្ងៃ។
កម្រិត ៣ – ច្បាស់លាស់៖ ស្ថានភាពផ្តោតអារម្មណ៍ខ្ពស់ ប្រុងប្រយ័ត្ន ស័ក្តសមនឹងការងារដែលទាមទារភាពច្បាស់លាស់ខ្ពស់ ប៉ុន្តែងាយនឹងបង្កឱ្យមានសម្ពាធ។
កម្រិត ៤ – មានសម្ពាធខ្លាំង៖ ស្ថានភាពព្រួយបារម្ភ តានតឹង បាត់បង់ការគ្រប់គ្រង។ ក្នុងស្ថានភាពនេះ សមត្ថភាពផ្តោតអារម្មណ៍ធ្លាក់ចុះ ងាយនឹងបង្កកំហុស។
ទោះបីជាទ្រឹស្ដីនិយាយថា ស្ថានភាព “ច្បាស់លាស់ ផ្តោតអារម្មណ៍ខ្ពស់” គឺល្អបំផុត ប៉ុន្តែជាក់ស្តែង នៅពេលដែលធ្វើការងារដដែលៗ មនុស្សច្រើនតែធ្លាក់ក្នុងស្ថានភាព “ធម្មតា” ហើយមានទំនោរប្រព្រឹត្តកំហុសដែលមិនគួរមាន។
ចូរសាកល្បងអនុវត្តក្នុងជីវិតប្រចាំថ្ងៃ
តើអ្នកតែងតែភ្លេចរបស់របរមែនទេ?
ទោះបីជាខំប្រឹងចាំយ៉ាងណាដ៏ដោយ នៅតែភ្លេចសោ និងទូរស័ព្ទ។
ដូច្នេះសូមសាកល្បងបិទតារាងបញ្ជីត្រួតពិនិត្យរបស់របរដែលត្រូវយកតាមនៅមាត់ទ្វារចេញចូល។
បន្ទាប់មក ចូរអ្នកចង្អុលរបស់របរនីមួយៗក្នុងតារាងបញ្ជី ហើយនិយាយខ្លាំងៗថា៖ “សោ OK!” “ទូរស័ព្ទ OK!” ។ល។
វិធីសាស្រ្តនេះអាចជួយឱ្យអ្នកកាត់បន្ថយការភ្លេចភ្លាំងបានច្រើន។
ការអនុវត្តវិធីសាស្រ្តនេះក្នុងការងារអាចនឹងជួយឱ្យអ្នកធ្វើការកាន់តែមានប្រសិទ្ធភាព កាត់បន្ថយកំហុសឆ្គង ហើយប្រាកដជាទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់លើ។
កែលម្អគុណភាពជីវិតទាំងនៅកន្លែងធ្វើការ និងក្នុងជីវិតផ្ទាល់ខ្លួន ដោយអនុវត្តវិធីសាស្រ្តចង្អុលដៃបញ្ជាក់។
Abe Kengo