ការបង្ហាញពីអារម្មណ៍ពិតរបស់ប្រជាជនជប៉ុនតាមរយៈពាក្យសម្ដីដែលមិនមានបង្រៀនក្នុងសៀវភៅ
ប្រជាជនជប៉ុនច្រើនតែមិននិយាយចំៗនូវអ្វីដែលពួកគេគិតនោះទេ។
ពួកគេមិននិយាយថា “ខ្ញុំស្អប់” អ្វីដែលខ្ញុំស្អប់ ហើយក៏មិននិយាយថា “មិនត្រូវការ” អ្វីដែលខ្ញុំមិនត្រូវការនោះដែរ។
ដូច្នេះយើងមើលឃើញពីការលំបាកពេលទំនាក់ទំនងជាភាសាជប៉ុនដែលយើងបានរៀននៅសាលា។
ក្នុងអត្តបទថ្ងៃនេះ យើងនឹងចែករំលែកប្រាប់អ្នកទាំងអស់ពីរបៀបស្វែងយល់គំនិតរបស់ប្រជាជនជប៉ុន ជាអ្វីដែលយើងមិនបានរៀននៅសាលា។
結構です(Kekkou desu)
ពាក្យ “結構” បើបកប្រែតាមអត្តន័យដើមមានន័យថា “ល្អអស្ចារ្យ” “ល្អណាស់” ។ ទោះជាយ៉ាងណា ប្រជាជនជប៉ុនតែងតែប្រើពាក្យនេះក្នុងករណីដែលពួកគេចង់បដិសេធសំណើ។
ឧទាហរណ៍ នៅពេលដែលដើរទិញទំនិញ ប្រសិនបើបុគ្គលិកផ្នែកលក់សួរថា “តើបង/បងស្រីចង់ទិញផលិតផលនេះបន្ថែមដែរទេ?” គេមិននិយាយថា “ទេ អរគុណ” នោះទេ ប៉ុន្តែប្រជាជនជប៉ុនបែរជាឆ្លើយថា “結構です” (Kekkou desu) ។ ត្រង់ចំណុចនេះ “結構です” លែងមានន័យថាសរសើរទៀតហើយ ប៉ុន្តែត្រូវបានគេប្រើសម្រាប់បដិសេធដោយគួរសម។
ប្រសិនបើនរណាម្នាក់និយាយប្រយោគនេះនៅពេលដែលអ្នកណែនាំ ឬស្នើសុំអ្វីម្យ៉ាង ចូរយើងយល់ថាពួកគេកំពុងបដិសេធអ្នក។
បើសិនជាអ្នកចង់ណាត់ទៅដើរលេងជាមួយនរណាម្នាក់ ហើយពួកគេឆ្លើយតបដោយប្រើប្រយោគនេះ សូមទទួលយកព្រោះថា ពួកគេបានបដិសេធការអញ្ជើញរបស់អ្នក។
またの機会に (Mata no kikai ni) (ប្រែថា៖ ចាំឳកាសផ្សេង)
ឧបមាថាអ្នកអញ្ជើញនរណាម្នាក់ទៅទទួលទានអាហារ ហើយពួកគេឆ្លើយថា “Mata no kikai ni” ។
ប្រហែលជាជនបរទេសអាចនឹងអញ្ជើញពួកគេម្តងទៀតក្នុងឳកាសផ្សេង។
ប៉ុន្តែជាក់ស្តែង ចម្លើយនោះមានន័យថា “ខ្ញុំមិនចង់ទៅទទួលទានអាហារជាមួយអ្នកនោះទេ” ។
ប្រសិនបើពួកគេពិតជាចង់ទៅ ប៉ុន្តែមិនអាចរៀបចំកាលវិភាគបាន ពួកគេនឹងនិយាយពីការរៀបចំកាលវិភាគឡើងវិញ។
ដូច្នេះអ្នកត្រូវបដិសេធទៅហើយ ពិតជាគួរឱ្យស្តាយណាស់។
大丈夫です (Daijobu desu)
តើអ្នកដឹងទេថាពាក្យ “大丈夫” (daijobu desu) អាចមានន័យថា “OK” និង “NO” ដែរទេ?
នៅពេលដែលពាក្យ “大丈夫” ត្រូវបានប្រើក្នុងបរិបទស្រដៀងនឹង “結構です” (ជាទូទៅត្រូវបានគេប្រើសម្រាប់បដិសេធការអញ្ជើញ ឬសំណើ) នោះវាក៏មានន័យថា “NO” ដែរ។
ពិតជាពិបាកណាស់មែនទេ?
ឧទាហរណ៍នៅពេលដែលអ្នកសួរថា តើអាចពឹងឱ្យនរណាម្នាក់ជួយអ្វីម្យ៉ាងដែរទេ ហើយពួកគេឆ្លើយថា “大丈夫” នោះមានន័យថា “មិនអីទេ ខ្ញុំនឹងជួយ” ។
ប៉ុន្តែនៅពេលដែលអ្នកសួរអំឡុងពេលទិញអីវ៉ាន់ថា តើអ្នកចង់បន្ថែមជម្រើសផ្សេងទៀតឬអត់ ហើយគេឆ្លើយថា “大丈夫” ចូរយើងយល់អត្តន័យនោះថា “មិនត្រូវការ” ទេ។
ចំណុចនេះពិតជាស្មុគស្មាញណាស់មែនទេ?
និយាយឡើងវិញពីរដង
ឧទាហរណ៍នៅពេលដែលប្រជាជនជប៉ុននិយាយថា “របស់មួយនេះគួរឱ្យស្រលាញ់ណាស់ គួរឱ្យស្រលាញ់ណាស់” ឬ “ឆ្ងាញ់ណាស់ ឆ្ងាញ់ណាស់” ដោយនិយាយឡើងវិញចំនួនពីរដង។
ក្នុងករណីនេះមានន័យថា ប្រជាជនជប៉ុនមានទំនោរឆ្លើយឱ្យតែបានៗ។
ប្រសិនបើអ្នកសួរថា “តើខ្ញុំគួរឱ្យស្រលាញ់ទេ?” ហើយបន្ទាប់មកពួកគេឆ្លើយថា “ចា គួរឱ្យស្រលាញ់ គួរឱ្យស្រលាញ់” ប្រហែលជាពួកគេគ្រាន់តែឆ្លើយឱ្យតែបានៗ ដោយមិនបានសង្កេតមើលអ្នកច្បាស់នោះទេ។
ភាពមិនច្បាស់លាស់ក្នុងការបញ្ចេញមតិដូចនេះធ្វើឱ្យប្រជាជនជប៉ុនតែងតែយល់ច្រឡំ។ យ៉ាងណាមិញ ប្រសិនបើកំពុងប្រាស្រ័យទាក់ទងទល់មុខគ្នា វិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុតក្នុងការកំណត់គោលបំណងរបស់ភាគី គឺសង្កេតមើលទឹកមុខរបស់ពួកគេ។
ប្រសិនបើពួកគេដូចជាមិនសប្បាយចិត្ត មានន័យថាពួកគេកំពុងបដិសេធ។
ដោយសារតែនៅជប៉ុន ការដែលនិយាយត្រង់ៗថា “ទេ” តែងតែត្រូវគេចាត់ទុកថា ខ្វះការគួរសម ដូច្នេះទើបបង្កើតបានជាការបញ្ចេញមតិមិនច្បាស់លាស់បែបនេះ។
មុននឹងមានអារម្មណ៍ថាមួម៉ៅ ហើយគិតថា “ប្រជាជនជប៉ុនពិតជាពិបាកយល់ណាស់” សង្ឃឹមថា អ្នកទាំងអស់គ្នាអាចយល់ថានោះជាការបង្ហាញពីភាពគួរសមរបស់ប្រជាជនជប៉ុន។
ប្រហែលជាពេលដែលយល់ពីចំណុចនេះ យើងបានឈានដល់ “ខ្លឹមសារនៃភាពស្រស់ស្អាតក្នុងវប្បធម៌ជប៉ុន” ។
Abe Kengo