ផ្ទាំង​គំនូរ Ukiyo-e ហេតុ​អ្វី​បាន​ជា​​ស្នាដៃ​សិល្បៈ​ជប៉ុន​បែរ​ជា​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ពិភព​លោក?

គំនូរ Ukiyo-e ឬ (浮世絵) គឺ​ជា​សិល្បៈ​ប្រពៃណី​របស់​ជប៉ុន ប្រាកដ​ជា​ធ្លាប់ទាក់ទាញ​អ្នក​ដែល​ស្រលាញ់​ចូល​ចិត្តសិល្បៈ។

នេះជាស្នាដៃសិល្បៈរបស់លោក Katsushika Hokusai ដែលជាវិចិត្រករល្បី​ឈ្មោះ​ខាង​​ផ្នែក Ukiyo-e ។ ហើយ​ស្នា​ដៃសិល្បៈ​នេះ​មាន​ឈ្មោះ​ថា “សាម​សិប​ប្រាំ​មួយ​ទេសភាព​នៃ​ភ្នំហ្វូជី” ដែល​ជា​ផ្ទាំង​គំនូរ​មួយ​ក្នុង​ចំណោម​ផ្ទាំង​គំនូរបង្ហាញ​ពី​ទេស​ភាព​ខុសៗ​គ្នា​របស់​ភ្នំ​ហ្វូជី។

ថ្វីត្បិតតែ មានឈ្មោះថា “សាមសិបប្រាំមួយទេសភាព” (三十六景) ប៉ុន្តែដោយសារតែមានប្រជាប្រិយភាពខ្លាំង ឈុត​គំនូរ​នេះ​ត្រូវ​បាន​បន្ថែម ដែល​មាន​ន័យ​ថា ចំនួន​សរុប​គឺ ៤៦ ស្នាដៃ​សិល្បៈ។

ចំណុចដែលឱ្យចាប់អារម្មណ៍ត្រង់ថា នេះជាទម្រង់សិល្បៈបែបប្រពៃណីជប៉ុន ប៉ុន្តែ Ukiyo-e បែរជាល្បីខ្លាំងនៅក្រៅប្រទេស ជា​ពិសេស​នៅ​អឺរ៉ុប និងអាមេរិក។ ដូច្នេះហើយ តើចំណុចអ្វីដែលធ្វើឱ្យ Ukiyo-e មានភាពទាក់ទាញដូចនេះ? យើង​នឹង​ស្វែង​រក​ចម្លើយ​តាម​រយៈ​អត្តបទ​ខាង​ក្រោម។

តើ Ukiyo-e ជាអ្វី?

នេះជាប្រភេទគំនូរជប៉ុនដែលបានអភិវឌ្ឍតាំងពីសម័យសាមូរ៉ៃរហូតដល់សម័យកាលថ្មី។

ពាក្យ “Ukiyo” (浮世) ក្នុង “Ukiyo-e” (浮世絵) មានសំឡេងដូចនឹងពាក្យ “Ukiyo” (憂き世) ដែលមានន័យថា “ពិភព​លោក​រង​ទុក្ខ​វេទនា” ។

យ៉ាងណាមិញ អត្តន័យដែលវិចិត្រករចង់បង្ហាញ​ផ្ទុយ​ស្រឡះ​ទាំងស្រុង។ ពួកគេចង់ឱ្យមនុស្សគ្រប់គ្នាបំភ្លេចបញ្ហាក្នុង​ជីវិត​ដោយ​ប្រើ​គំនូរ​សប្បាយ​រីក​រាយ ស្រស់​ស្អាត។ 

ម្យ៉ាងវិញទៀត ពួកគេចង់ឱ្យគ្រប់គ្នាអាច “អណ្តែត” ក្នុងពិភពដែលពេញទៅដោយភាពរីករាយ និងសុភមង្គល។

មិនត្រឹម​តែទេសភាពប៉ុណ្ណោះទេ Ukiyo-e ថែម​ទាំង​បង្ហាញ​ពី​ភាព​ស្រស់​ស្អាតរបស់​ស្រ្តី និង​មេទ័ព​ដែល​មាន​ទេព​កោសល្យ​ផង​ដែរ។ 

ស្នាដៃសិល្បៈ Ukiyo-e មានទម្រង់សំខាន់ពីរគឺ៖ គំនូរគូរដោយដៃ (肉筆画 – nikuhitsuga) និង​គំនូរ​ចម្លាក់​ឈើ (木版画 – mokuhanga) ។

គំនូរគូរដោយដៃគឺជាស្នាដៃសិល្បៈដែលពិសេសតែមួយគត់ ដូច្នេះមានតម្លៃខ្ពស់ខ្លាំងណាស់។

ទោះជាយ៉ាងណា ដោយផ្អែកលើបច្ចេកទេសឆ្លាក់ឈើ Ukiyo-e ត្រូវបានផលិតយ៉ាងច្រើនក្នុងតម្លៃទាបជាង ដែលផ្តល់​ឳកាស​ដល់​ប្រជាជន​សាមញ្ញ​អាច​ទិញ​ស្នាដៃ​សិល្បៈ​ទាំង​នេះ។ ដោយផ្អែកលើចំណុចនេះ Ukiyo-e កាន់​តែ​មានប្រជា​ប្រិយ​ភាព។

នៅសម័យនោះ គំនូរ Ukiyo-e មួយផ្ទាំងមានតម្លៃស្មើនឹងមី soba មួយចាន ដែលមានតម្លៃប្រហែល ៣០០ ទៅ ៥០០ យ៉េន​បើ​គិត​តាម​តម្លៃ​សព្វ​ថ្ងៃ។ ពិត​ជា​ពិបាក​ជឿ​ណាស់​មែន​ទេ?

ឥឡូវនេះ គំនូរ Ukiyo-e ធម្មតាមួយផ្ទាំងមានតម្លៃយ៉ាងហោចណាស់ ១ ម៉ឺនយ៉េន។ តើចំណុចអ្វីដែលធ្វើ​ឱ្យ​តម្លៃ​ផ្ទាំង​គំនូរ​ឡើង​ថ្លៃ​ដូច្នេះ? ចូរ​យើង​ស្វែង​យល់​ពី​ចំណុច​ពិសេស​នៃ​ផ្ទាំង​គំនូរ Ukiyo-e ទាំង​អស់​គ្នា។

គំនូរចម្លាក់ឈើ (木版画 – mokuhanga)

ពណ៌នីមួយៗក្នុងគំនូរចម្លាក់ឈើត្រូវបានឆ្លាក់នៅលើបន្ទះឈើដាច់ដោយឡែក ហើយបន្ទះឈើទាំងនោះត្រូវបានដាក់​ត្រួត​លើ​គ្នា​ដោយ​បង្កើត​បាន​ជា​គំនូរ​ចម្រុះ​ពណ៌។

ដូច្នេះហើយ ដើម្បីសម្រេចបានផ្ទាំងគំនូរ Ukiyo-e ចម្រុះពណ៌ ត្រូវមានវត្តមានរបស់វិចិត្រករជំនាញចំនួន ៣ នាក់។

បុគ្គលដំបូងគេគឺវិចិត្រករ (絵師 – eshi)។ ហើយលោក Katsushika Hokusai គឺជាវិចិត្រករដែលល្បីម្នាក់ក្នុងចំណោម​នោះ។ វិចិត្រករ​គឺ​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត និង​គំនូរ​ព្រាង។

បុគ្គលទីពីរគឺជាងចម្លាក់ឈើ (彫師 – horishi) ។ ពួកគេមានតួនាទីឆ្លាក់រូបភាពពណ៌នៅលើបន្ទះឈើដាច់ដោយ​ឡែក។

បុគ្គលទីបីគឺអ្នកបោះពុម្ព (摺師 – surishi) ។ ពួកគេប្រើបន្ទះឈើដែលឆ្លាក់រួចដើម្បីបោះពុម្ព​រូបភាព​លើ​ក្រដាស បង្កើត​បាន​ជា​ផ្ទាំង​គំនូរ។

តើ Ukiyo-e ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកដោយរបៀបណា?

តើអ្នកធ្លាប់វេចខ្ចប់របស់របរដែលងាយបែកដូចជាចានដោយប្រើក្រដាសកាសែតសម្រាប់ដឹកជញ្ជូនដែរទេ? ដោយ​សារ​ក្រដាស​វេច​ខ្ចប់​ទាំង​នេះ​បាន​ផ្តល់​ឳកាស​ឱ្យ​ Ukiyo-e ទៅ​ដល់​អឺរ៉ុប។ 

កាលពីមុន គេតែងតែប្រើក្រដាសបោះពុម្ពគំនូរ Ukiyo-e ដើម្បីរុំសេរ៉ាមិចដែលនាំចេញ។ ដំបូងឡើយ ក្រដាសទាំងនេះ​គ្រាន់​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​របស់​វេច​ខ្ចប់​ធម្មតា​ប៉ុណ្ណោះ។

យ៉ាងណាមិញ នៅពេលដែលទៅដល់អឺរ៉ុប គេបែរជាប្រទះឃើញពីភាពស្រស់ស្អាតរបស់ផ្ទាំងគំនូរទាំងនេះ។

ពួកគេមានការភ្ញាក់ផ្អើល ហើយចូលចិត្តចំពោះភាពល្អឥតខ្ចោះ និងពណ៌ស្រស់ស្អាតរបស់គំនូរ Ukiyo-e ។ ចាប់ពីពេល​នោះ​មក Ukiyo-e ចាប់ផ្តើមទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រមូលទិញនៅអឺរ៉ុប ហើយបានក្លាយទៅជាបាតុភូត​សិល្បៈ​ថ្មី​មួយ។

តើចំណុចអ្វីដែលធ្វើឱ្យ Ukiyo-e ទទួលបានការវាយតម្លៃខ្ពស់?

ចំណុចដំបូងដែលទាក់ទាញជនជាតិអឺរ៉ុបស្ថិតលើការលាយពណ៌យ៉ាងពិសេសរបស់ Ukiyo-e ។

វិចិត្រករជនជាតិជប៉ុនតែងតែប្រើពណ៌ដើម ដោយមិនលាយបញ្ចូលគ្នា បង្កើត​បាន​ជា​ផ្ទាំង​គំនូរ​ស្រស់​ស្អាត ភ្លឺចែង​ចាំង។

ទន្ទឹមនឹងនេះ ជំនាញឆ្លាក់ឈើយ៉ាងពិសេស ដែលបង្ហាញយ៉ាងច្បាស់ពីសរសៃសក់នីមួយៗ លំនាំតូចៗក៏ជាចំណុចដែល​គួរ​​ឱ្យ​​ចាប់​អារម្មណ៍​ផង​ដែរ ដោយ​ធ្វើ​ឱ្យ​ Ukiyo-e ខុស​ប្លែក​ពីស្នាដៃសិល្បៈផ្សេងទៀត។

មិនត្រឹមតែប៉ុណ្ណឹង នៅជប៉ុនជាងបោះពុម្ពថែមទាំងមានជំនាញយ៉ាងពិសេសមួយត្រង់ថា បង្កើតបានជាទិដ្ឋភាពព្រិលៗ (Bokashi) ដោយ​ផ្អែក​លើ​កម្លាំង​សង្កត់ និង​បរិមាណ​ទឹក​ថ្នាំ។

ដោយសារការរួមបញ្ចូលទេពកោសល្យរបស់វិចិត្រករ ជាងចម្លាក់ឈើ និងអ្នកបោះពុម្ព បង្កើតបានជាគំនូរ Ukiyo-e ដ៏​ស្រស់​ស្អាត និង​ល្អ​ឥត​ខ្ចោះ។

របៀបបែងចែក Ukiyo-e ដែលមានតម្លៃ

ថ្វីត្បិតតែ ជាទូទៅស្នាដៃសិល្បៈរបស់វិចិត្រករល្បីៗតែងតែមានតម្លៃខ្ពស់ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ក៏​មាន​ភាព​ខុសគ្នា​ផង​ដែរ។

ជាទូទៅ បន្ទាប់ពីដំណើរការឆ្លាក់ឈើត្រូវបានបញ្ចប់ ការបោះពុម្ពប្រហែល ៣០០ ច្បាប់ដំបូងត្រូវបានធ្វើឡើងក្រោម​ការ​ត្រួត​ពិនិត្យ​ផ្ទាល់របស់វិចិត្រករ និងអ្នកបោះពុម្ពឈានមុខគេ។ ការបោះពុម្ពទាំងនេះត្រូវ​បាន​គេ​ចាត់ទុក​ថា​មាន​តម្លៃ​ខ្ពស់​បំផុត។

ការបោះពុម្ព ៣០០ ច្បាប់ដំបូងនេះមិនប្រែប្រួលពណ៌នោះទេ ហើយ​ត្រូវ​បាន​ត្រួត​ពិនិត្យ​គុណ​ភាពពណ៌យ៉ាង​យកចិត្ត​​ទុក​​ដាក់។

ក្រោយមក នៅពេលដែលអ្នកបោះពុម្ពដែលមិនសូវមានជំនាញទទួលបន្តការងារ ការបោះពុម្ពចាប់ផ្តើមលេចឡើងនូវ​កំហុស​ប្រែ​ប្រួល​ពណ៌។

ទន្ទឹមនឹងនោះ ការបោះពុម្ពច្រើនដងធ្វើឱ្យបន្ទះឈើសឹក ដែលធ្វើឱ្យលំនាំក្បាច់លើផ្ទាំងគំនូរប្រែជាព្រិល ហើយលែងស្អាត​ដូច​មុន។ ជាការពិតណាស់ តម្លៃនៃច្បាប់បោះពុម្ពទាំងនេះក៏ធ្លាក់ចុះផងដែរ។

គន្លឹះក្នុងការកំណត់ថា ការបោះពុម្ពនោះអាចនឹងមានក្នុងចំណោមការបោះពុម្ពចំនួន ៣០០ ច្បាប់ដំបូងដែរអត់ ស្ថិតលើការសង្កេតមើលចំណុចលម្អិតដូចជា ការប្រែប្រួលពណ៌ និងកម្រិតច្បាស់នីមួយៗ។

ម្យ៉ាងវិញទៀត សព្វថ្ងៃមានច្បាប់ចម្លងជាច្រើនត្រូវបានធ្វើឡើងយ៉ាងល្អឥតខ្ចោះ ស្ទើរតែដូចនឹងច្បាប់ដើម។ ទោះ​ជា​យ៉ាង​ណា ច្បាប់​ចម្លង​ទាំង​នេះដូចជាមិនមានតម្លៃនោះទេ។

របៀបពិនិត្យមើលគំនូរ Ukiyo-e មានពីរគឺ

វិធីទីមួយគឺពិនិត្យមើលផ្នែកខាងក្រោយក្រដាស

វិធីដែលកំណត់ថាតើការបោះពុម្ព Ukiyo-e គឺជាច្បាប់ដើមដែរអត់ គឺ​ពិនិត្យ​មើល​ផ្នែក​ខាង​ក្រោយ​ក្រដាស។ នៅ​ពេល​បោះ​ពុម្ព​ផ្ទាំង​គំនូរ​ឈើ ទឹកថ្នាំនឹងជ្រាបចូលក្រដាស ហើយបន្សល់ទុកស្នាមផ្នែកខាងក្រោយ។ នេះជាចំណុចពិសេស​នៃ​ការ​បោះ​ពុម្ព​ច្បាប់​ដើម​ពិត។

វិធីទីពីរគឺពិនិត្យមើលគែមក្រដាស

លក្ខណៈពិសេសមួយទៀតនៃការបោះពុម្ព Ukiyo-e ច្បាប់ដើមតែងតែមានហត្ថលេខារបស់វិចិត្រករចម្លាក់ឈើ និងអ្នកបោះពុម្ពខាងផ្នែកគែមក្រដាស។ ទោះជាយ៉ាងណា ជា​ទូទៅ​ចំណុច​នេះ​តែង​តែ​ត្រូវ​បិទ​បាំង​នៅពេលដែលដាក់ចូលស៊ុម​រូប​ថត។

អ្វីដែលឱ្យចាប់អារម្មណ៍ត្រង់ថា ផ្ទាំងគំនូរដែលយើងបានលើកឡើងនៅដើមអត្ថបទនេះ ធ្លាប់ត្រូវបានលក់ក្នុងតម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​គំនូរ Ukiyo-e ។

នៅឆ្នាំ ២០១៧ តាមរយៈការដេញថ្លៃមួយនៅប្រទេសបារាំង ផ្ទាំងគំនូរនេះត្រូវបានលក់ក្នុងតម្លៃជិត ១០០ លានយ៉េន។

ទោះបីជាឆ្លងកាត់រយៈពេលច្រើនឆ្នាំ ប៉ុន្តែការរកឃើញថ្មីទាក់ទងនឹងស្នាដៃសិល្បៈ Ukiyo-e នៅ​តែ​បន្ត​មាន។ អាច​​និយាយ​​​បាន​​​ថា ផ្ទះ​បុរាណ​នៅ​ជប៉ុន​លាក់​កំបាំង​នូវ​កំណប់​សិល្បៈ​ដែល​​មិន​​អាច​​កាត់​​ថ្លៃ​​បាន។

ទីក្រុងតូក្យូត្រូវបំផ្លិចបំផ្លាញយ៉ាងខ្លាំងអំឡុងសង្គ្រាម ប៉ុន្តែនៅតាមតំបន់ជនបទនៅតែមានផ្ទះបុរាណជាច្រើន។ ការ​បង្កើត​មិត្តភាពជាមួយ​ប្រជាជន​ក្នុង​តំបន់ ហើយស្វែងយល់ពីផ្ទះបុរាណទាំងនេះរួម​គ្នា​អាច​នឹង​ក្លាយ​ជា​​បទ​ពិសោធន៍​​​ដ៏​​​គួរ​​​ឱ្យ​​​ចាប់​​​អារម្មណ៍ និង​ភ្ញាក់​​ផ្អើល។ គ្មាននរណាដឹងនោះទេ អ្នក​អាច​នឹង​រក​ឃើញ​ស្នាដៃ​សិល្បៈ Ukiyo-e ដ៏​កម្រ​ណា​មួយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: