“អំពើអាក្រក់ចាំបាច់” តើការបំពានច្បាប់ស្រមនឹងពាក្យថា “មនុស្សអាក្រក់” ដែរទេ?
បទល្មើសលួចប្លន់ និងឃាតកម្មសុទ្ធតែជាទង្វើដែលត្រូវកាត់ទោស។ ទោះជាយ៉ាងណា ជប៉ុនធ្លាប់មានទស្សនៈទាក់ទងនឹង “អំពើអាក្រក់ចាំបាច់” ដោយចាត់ទុកថា ទង្វើអាក្រក់មួយចំនួនអាចទទួលយកបាន ប្រសិនបើនាំមកនូវផលប្រយោជន៍ដល់សហគមន៍។
ដូច្នេះ តើទង្វើអ្វីខ្លះដែលគេចាត់ទុកថាអាចប្រើហេតុផលខាងលើ?
តើអ្នកដែលប្រើហេតុផលទាំងនោះសមនឹងទទួលបានការសរសើរដែរទេ?
Nezumi Kozo
Nezumi Kozo គឺជាចោរដ៏ល្បីមួយរូបរស់នៅសម័យ Edo ជាសម័យកាលដែលសង្គមជប៉ុនប្រឈមនឹងវិសមភាពរវាងមាន និងក្រ។
ខណៈដែលវណ្ណៈសាមូរ៉ៃ និងអភិជនរស់នៅក្នុងភាពសុខស្រួល ចំណែកឯប្រជាជនក្រីក្រត្រូវតស៊ូដើម្បីរស់រានមានជីវិត។ Nezumi Kozo បានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងភាពអយុត្តិធម៌របស់សង្គម។
តំណាលរឿងព្រេងនិយាយថា Nezumi Kozo បានកំណត់គោលដៅអ្នកមានលោភលន់ដើម្បីប្លន់ ហើយចែកប្រាក់ទៅឱ្យមនុស្សក្រីក្រ។
រូបភាពរបស់លោកបានក្លាយជានិមិត្តរូបនៃភាពសុចរិត ដោយត្រូវបានសរសើរយ៉ាងទូលំទូលាយក្នុងអក្សរសិល្ប៍ និងរឿងព្រេងនិទាន។
ទោះជាយ៉ាងណា តាមពិតទៅគឺជាក់ស្តែងជាងនេះ ប្រាក់ដែលលួចបានសុទ្ធតែត្រូវ Nezumi Kozo ចំណាយលើការសប្បាយផ្ទាល់ខ្លួន។
គួរឲ្យស្តាយ លោកមិនមែនជាឧទាហរណ៍នៃ “អំពើអាក្រក់ចាំបាច់” ដូចដែលគេគិតនោះទេ។ ប្រាក់ដែល Nezumi Kozo លួចបាន បើប្រៀបនឹងតម្លៃសព្វថ្ងៃប្រហែលស្មើនឹង ៤០ លានយ៉េន។
ប្រហែលជាលោកគ្រាន់តែចែករំលែកប្រាក់ដែលនៅសល់ឱ្យប្រជាជនក្រីក្រប៉ុណ្ណោះ បន្ទាប់ពីបានបំពេញភាពរីករាយផ្ទាល់ខ្លួន។
លទ្ធផលរបស់លោកគឺស្លាប់នៅកន្លែងប្រហារជីវិត ដែលជាការបញ្ចប់យ៉ាងសោកសៅផ្ទុយស្រឡះនឹងរូបភាពរបស់វីរភាពក្នុងរឿងព្រេង។
Yakuza
Yakuza ត្រូវបានគេចាត់ទុកដូចជាក្រុមឧក្រិដ្ឋកម្ម ដែលស្រដៀងនឹងក្រុមក្រុមម៉ាហ្វីយ៉ានៅបរទេសដែរ។
យ៉ាងណាមិញ ប្រភពដើមរបស់ Yakuza បែរជាផ្តើមចេញពីបុគ្គលដែលមានកេរ្តិ៍ឈ្មោះក្នុងសហគមន៍មូលដ្ឋាន ជាបុគ្គលដែលប្រជាជនពឹងពាក់ឱ្យដោះស្រាយបញ្ហាដែលរដ្ឋាភិបាលមិនអាចធ្វើអន្តរាគមន៍បាន។
ទោះជាយ៉ាងណា មិនមែន Yakuza ទាំងអស់សុទ្ធតែដូចគ្នានោះទេ។ នៅពេលនោះ សកម្មភាពរបស់ពួកគេក៏ដើរតួនាទីដូចជា “អំពើអាក្រក់ចាំបាច់” ផងដែរ។
ដូច្នេះហើយ ទំនាក់ទំនងរបស់ពួកគេនឹងប្រជាជនមូលដ្ឋានក៏ល្អណាស់ដែរ។ យ៉ាងណាមិញ គ្រប់យ៉ាងចាប់ផ្តើមផ្លាស់ប្តូរនៅពេលដែលចំនួនក្រុម Yakuza ច្រើនឡើង ហើយពួកគេចាប់ផ្តើមប្រជែងដណ្តើមអំណាច។
ដើម្បីបង្កើនប្រាក់ចំណេញ Yakuza បានងាកទៅរកសកម្មភាពខុសច្បាប់ដូចជាការជួញដូរគ្រឿងញៀន ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ពួកគេកាន់តែអាក្រក់នៅក្នុងក្រសែភ្នែករបស់សាធារណៈជន។
ក្រោមសម្ពាធរបស់រដ្ឋាភិបាល សមាជិកក្រុម Yakuza កាន់តែថយចុះយ៉ាងខ្លាំង។ រដ្ឋាភិបាលក៏បានចាត់វិធានការជាច្រើនដើម្បីលុបបំបាត់ឥទ្ធិពលរបស់ Yakuza ចំពោះសង្គម។
ប្រសិនបើត្រូវគេចាត់ទុកជា Yakuza ប្រៀបដូចជាត្រូវសង្គមរើសអើង។ ពួកគេត្រូវប្រឈមនឹងបញ្ហាជាច្រើនក្នុងជីវិតប្រចាំថ្ងៃ ដូចជាស្វែងរកកន្លែងរស់នៅ ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាដើម។
ដូច្នេះហើយ មនុស្សកាន់តែច្រើនបានសម្រេចចិត្តដកខ្លួនចេញពីពិភពសង្គមងងឹត។
ចំនួន Yakuza ធ្លាក់ចុះប្រៀបដូចជាមនុស្សអាក្រក់នៅតាមដងផ្លូវកាន់តែតិចទៅៗ។ យ៉ាងណាមិញ ចំណុចនេះក៏បណ្តាលឱ្យយុវជនដែលមិនចេះគិតរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ឬក្រុមម៉ាហ្វីយ៉ាបរទេសបង្កបញ្ហានៅជប៉ុន។
ហេតុនេះធ្វើឱ្យយើងចោទជាសំណួរសួរថា តើ “អំពើអាក្រក់ចាំបាច់” របស់ Yakuza ពិតជាមិនចាំបាច់សម្រាប់រចនាសម្ព័ន្ធសង្គមរបស់ជប៉ុនមែនទេ?
Shinto – ដែលជាសាសនាបុរាណរបស់ជប៉ុនមានលក្ខណៈពិសេសមួយគឺថា មិនបែងចែកច្បាស់រវាងល្អ និងអាក្រក់។
យោងទៅតាមជំនឿរបស់ Shinto មិនមានឋានសួគ៌ ឬឋាននរកនោះទេ មានតែពិភពសម្រាប់មនុស្សដែលបានចែកឋានប៉ុណ្ណោះ។
បុគ្គលដែលកាន់សាសនា Shinto ជឿថា មនុស្សយើងម្នាក់ៗគួរតែសម្រេចចិត្តដោយខ្លួនឯងនូវអ្វីដែលត្រូវ ហើយរស់នៅដោយផ្អែកលើតម្លៃនោះ។
ប្រសិនបើ “អំពើអាក្រក់ចាំបាច់” សំដៅលើទង្វើអាក្រក់តែចាំបាច់ ចំណែកឯ “អំពើល្អមិនចាំបាច់” សំដៅលើទង្វើល្អប៉ុន្តែមិនចាំបាច់។ ឧទាហរណ៍ច្បាប់គឺជារឿងល្អ ប៉ុន្តែមិនមែនគ្រប់បទប្បញ្ញត្តិក្នុងច្បាប់សុទ្ធតែចាំបាច់នោះទេ។
ប្រជាជនជប៉ុនមានទស្សនៈថា គ្រប់យ៉ាងសុទ្ធតែមានមុខពីរ។ មិនថាមនុស្សអាក្រក់ដូចជាចោរ Nezumi Kozo ឬ Yakuza សុទ្ធតែមានចំណុចល្អ។ វប្បធម៌ជប៉ុនបានទាញយកទិដ្ឋភាពទាំងនោះយ៉ាងឆ្លាតវៃ ហើយបង្ហាញដល់សាធារណជនតាមរយៈស្នាដៃសិល្បៈ។
ប៉ុន្តែសង្គមបានផ្លាស់ប្តូរ សព្វថ្ងៃនេះ ច្បាប់គឺជាបន្ទាត់វាយតម្លៃទង្វើល្អ និងអាក្រក់។ ដូច្នេះទស្សនៈដូចជា “អំពើអាក្រក់ចាំបាច់” និង “អំពើល្អមិនចាំបាច់” បានហួសសម័យទៅហើយ។
ដូច្នេះអ្នកទាំងអស់គ្នាគិតទេថាក្នុងសង្គមដែលគ្រប់គ្រងដោយច្បាប់ តើយើងត្រូវការទង្វើអាក្រក់ដើម្បីសម្រេចគោលដៅល្អដែរទេ? សូមចែករំលែកប្រាប់ JAPO ផង។
Abe Kengo