អ្នកប្រាកដ​ជា​ភ្ញាក់ផ្អើល​ពេល​​ដឹងថាប៉ូលីសជប៉ុន​រៀបវត្ថុដែល​រឹប​អូស​បាន​ដូច​ជា​ស្នាដៃ​សិល្បៈ

នៅពេលដែលប៉ូលីសចាប់ខ្លួនចោរ របស់របរដែលចោរលួចតែងតែត្រូវបានដាក់បង្ហាញតាមកញ្ចក់ទូរទស្សន៍ ដើម្បី​ឱ្យ​គ្រប់​​គ្នា​​មើល​ឃើញ​ពី​ទំហំ​នៃ​ការ​លួច។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលត្រង់ថា ប៉ូលីសជប៉ុនរៀបចំវត្ថុទាំងនោះមើលទៅដូចជាសិល្បៈ។ អ្នកប្រាកដជាភ្ញាក់ផ្អើល​​ចំពោះ​ទេពកោសល្យ​របស់​ពួក​គេ​ជា​មិន​ខាន។

ចូរយើងក្រឡេកមើលស្នាដៃសិល្បៈទាំងអស់ខាងក្រោម។

បាល់

គ្រប់គ្នាដឹងហើយថា បាល់ថ្មីត្រូវបានរក្សាទុកក្នុងប្រអប់ ប៉ុន្តែយកបាល់ដែលប្រើរួចមកតម្រៀបទៅជាពីរ៉ាមីត ពិត​ជា​គួរ​ឱ្យភ្ញាក់​ផ្អើល​ណាស់!

មើល​ទៅ​ដូច​ជា​ការ​តាំង​ពិពណ៌​នៅហាងលក់ទំនិញ។

ពណ៌ចាស់របស់បាល់ទាំងនេះធ្វើឱ្យយើងនឹកឃើញដល់ពីរ៉ាមីតពិត។

មិននឹកស្មានថានេះជាស្នាដៃសិល្បៈរបស់ប៉ូលីស Tochigi ទាល់តែសោះ។

ខោអាវទ្រនាប់

របស់ទាំងនេះត្រូវបានតម្រៀបតាមតារាងពណ៌ ការតម្រៀមតាមលំដាប់លំដោយពណ៌នីមួយៗ។

ការតម្រៀបតាមជួរឈរ និងផ្តេកបង្កើតបានជាស្នាដៃសិល្បៈពេញលេញ ហើយ​នេះជាស្នាដៃសិល្បៈរបស់ប៉ូលីសខេត្ត Chiba ។

ស្បែកជើង

ប្រហែលជាស្នាដៃសិល្បៈនេះត្រូវបានបំផុសគំនិតដោយសិល្បៈ mosaic ហើយមើលទៅ។

ការរួមបញ្ចូលពណ៌ចម្រុះបង្កើតបានជាភាពស្រស់ស្អាតពិសេស។

នេះជាស្នាដៃរបស់ប៉ូលីសខេត្ត Iwate ។

ខ្លុយ

ចំនួនខ្លុយដែលគេលួចនៅសាលារៀនត្រូវបានតម្រៀបតាមប្រភេទនីមួយៗ។

ស្នាដៃសិល្បៈនេះជាគំនិតច្នៃប្រឌិតរបស់ប៉ូលីសខេត្ត Tochigi ។

កែបកង់

ប្រហែលជាចោរម្នាក់នេះនឹកស្រមៃដល់ទិដ្ឋភាពស្រីស្អាតអង្គុយលើកែបកង់ហើយមើលទៅ។

នេះជាស្នាដៃសិល្បៈដែលត្រូវបានតម្រៀបតាមពណ៌របស់ប៉ូលីសខេត្ត Osaka ។

ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលត្រង់ថា…

នេះជារូបភាពរបស់នាយកដ្ឋានប៉ូលីស Tokyo ជាមួយនឹងការផ្លាស់ប្តូរពណ៌ជាបន្តបន្ទាប់ បង្កើតបានជាស្នាដៃសិល្បៈ​ពិត​ប្រាកដ​មួយ។

បង្កើតជារូបរាងម៉ាក Chanel ដោយប្រើ Chanel

ប៉ូលីសខេត្ត Aichi បានបង្កើតជាស្នាដៃសិល្បៈដោយប្រើវត្ថុដែលពួកគេរឹបអូសបាន៖ ម៉ាកទំនិញក្លែងក្លាយ។

ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់​ដែលពួកគេប្រើរបស់ដែលខ្លួនប្រមូលបានបង្កើតបានជាស្នាដៃសិល្បៈ។

រូបថតរបស់ Idol

រូបថតទាំងនេះជារបស់ Idol ប្រុសជនជាតិជប៉ុន ត្រូវបានរឹបអូសព្រោះបំពានសិទ្ធិអ្នកនិពន្ធដោយលក់ខុសច្បាប់។

របស់ទាំងនេះត្រូវបានតម្រៀបតាមលំដាប់លំដោយ ហើយមើលទៅមានរបៀបរៀបរយ ដូចជាស្តង់នៅកន្លែងលក់ទំនិញ។ នេះ​ជា​ស្នាដៃ​របស់​នាយកដ្ឋាន​ប៉ូលីស Tokyo ។

ឈុតល្បែងដែលខ្លាំងបំផុត

នេះជាល្បែងដែលត្រូវបានរឹបអូសពីកន្លែងលេងម៉ាចុង សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​លេង​ម៉ាចុង ម៉ាចុង​ក្នុង​រូប​ភាពខាង​លើ​នៅ​ខ្វះ​មួយ​គ្រាប់​គឺ (国士無双-Kokushi musou) ជា​ម៉ាចុង​ដែល​ខ្លាំង​បំផុត ហើយ​ជា​ក្តី​ស្រមៃ​របស់​អ្នកលេង​ម៉ាចុង​ទាំង​អស់។

អាចតម្រៀបក្រុមម៉ាចុងដូចនេះពិតជាអស្ចារ្យណាស់ ប៉ូលីសខេត្ត Aichi ពិតជាពូកែមែន។

សំបកកង់

សំបកកង់រថយន្តទំនើបទាំងនេះត្រូវបានរឹបអូសពីចោរម្នាក់។

របៀបតម្រៀបសំបកកង់បែបនេះ តើនោះជាស្នាដៃរបស់អ្នកលក់មែនទេ?

មិនមែនទេ នេះជាស្នាដៃសិល្បៈរបស់ប៉ូលីសខេត្ត Tochigi ។

ប៉ូលីសជប៉ុនល្បីថាមានភាពម៉ឺងម៉ាត់ក្នុងការងារ ប៉ុន្តែនៅពេលដែលគិតដល់វត្ថុដែលរឹបអូស​ត្រូវ​បាន​តម្រៀបបែប​​កំប្លែង​​ដូច​នេះ តើ​អ្នក​យល់​ថា​ពួក​គាត់​គួរ​ឱ្យ​ចូលចិត្តដែរទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: