Bushido ៦ ៖ ស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលរបស់សាមូរ៉ៃ

នៅជប៉ុនមានពាក្យមួយហៅថា “Bunbyoudou” (文武両道 – ទាំងអក្សរសិល្ប៍ និងក្បាច់គុនសុទ្ធតែពូកែ) ។

ថ្វីត្បិតតែ តួនាទីចម្បងរបស់សាមូរ៉ៃគឺប្រយុទ្ធគ្នា ប៉ុន្តែពួកគេក៏ត្រូវរៀនសូត្រផងដែរ។ ហើយទស្សនៈ “Bunbyoudou” ចាត់​ទុក​ថា ចំណុច​ទាំង​ពីរ​នេះ​មាន​សារៈ​សំខាន់​ដូចគ្នា។

ដូច្នេះហើយ ទើបមានសាលាបង្រៀនសម្រាប់សាមូរ៉ៃ។

សាលារបស់សាមូរ៉ៃ – សាលា Han (藩校)

កាលពីមុន សាមូរ៉ៃមានសាលារៀនដោយឡែកសម្រាប់ពួកគេ ហើយសាលាទាំងនេះគេហៅថា “Hanko” (藩校) ។

Han (藩) គឺជាអង្គភាពរដ្ឋបាលដែលស្មើនឹងខេត្ត និងទីក្រុងក្រោមការគ្រប់គ្រងដូចនៅជប៉ុនសព្វថ្ងៃ។

ទោះជាយ៉ាងណា បើប្រៀបធៀបទៅនឹងខេត្ត និងទីក្រុងសព្វថ្ងៃ Han មានស្វ័យភាពក្នុងការគ្រប់គ្រងជាង ដូច្នេះ​បើ​ប្រៀប​ទៅ​នឹង​ប្រព័ន្ធ​នយោបាយ​បច្ចុប្បន្ន ប្រៀប​បី​ដូច​ជា​សហព័ន្ធ ឬ​សាធារណ​រដ្ឋ​សហព័ន្ធ។

អាចនិយាយបានថា ត្រូវបានបែងចែកតូចជាងខេត្ត និងទីក្រុងសព្វថ្ងៃនេះទៅទៀត។ នៅសម័យកាលសាមូរ៉ៃជប៉ុន​ត្រូវ​បាន​បែង​ចែក​ប្រហែល ៣០០ អង្គ​ភាព​រដ្ឋបាល ដោយ​អង្គភាព​រដ្ឋបាល​នីមួយៗ​គេ​ហៅថា Han ។

ហើយដោយសារតែ Han នីមួយៗសុទ្ធតែបង្កើតសាលារៀងខ្លួន ដូច្នេះគេហៅថា Hanko ។ Hanko ទាំងនេះបានក្លាយទៅជាកន្លែងអប់រំ​របស់​សាមូរ៉ៃ។

តើ Hanko បង្រៀនអ្វីខ្លះ?

Han – អង្គភាពរដ្ឋបាលមូលដ្ឋាននាសម័យនោះ គឺជាសង្គមដែលផ្តោតសំខាន់លើសាមូរ៉ៃ ដោយត្រូវបានបែងចែកតាម​ប្រព័ន្ធ​វណ្ណៈ​ក្នុង​នោះ​ស្តេច​ក្រាញ់ (Daimyo) នាំ​មុខ។

តម្រូវការដែលសំខាន់បំផុតគឺសាមូរ៉ៃទាំងអស់ត្រូវតែស្មោះត្រង់ចំពោះម្ចាស់របស់ខ្លួន។

ដូច្នេះហើយ Hanko ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយលទ្ធិខុងជឺ និងសីលធម៌។

ម្យ៉ាងវិញទៀត ដើម្បីបង្វឹកសាមូរ៉ៃឱ្យក្លាយជាមនុស្សដែលមានលក្ខណៈសម្បត្ដិត្រឹមត្រូវ ពួក​គេ​ថែម​ទាំង​ត្រូវ​បានបង្រៀន​យ៉ាង​​យក​​ចិត្ត​ទុក​ដាក់​អំ​ពី​សុជីវធម៌ ការនិយាយស្តី និងជំនាញជាច្រើនទៀត។

ជាការពិតណាស់ ពួកគេក៏រៀនមុខវិជ្ជាដូចជា អាន សរសេរ គណិតវិទ្យា និងមុខវិជ្ជាជាច្រើនទៀត។

ក្នុងសង្គមដែលសាមូរ៉ៃដើរតួនាទីសំខាន់បែបនេះ ការគ្រប់គ្រងរដ្ឋបាលក៏ជាផ្នែកមួយនៃការងាររបស់ពួកគេផង​ដែរ។ ដូច្នេះ​ហើយ គេ​មិន​ត្រឹម​តែ​តម្រូវ​ឱ្យ​សាមូរ៉ៃ​មាន​ក្បាច់​គុន​ខ្ពង់​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សមត្ថភាពជាច្រើន​ទៀត​ផង​ដែរ។

ជប៉ុនជាប្រទេសដែលមានភ្នំច្រើន លក្ខខណ្ឌធម្មជាតិមិនអំណោយផលសម្រាប់ការអភិវឌ្ឍន៍កសិកម្ម និងពាណិជ្ជកម្ម។

ដូច្នេះដើម្បីធ្វើឱ្យ​ទឹកដី​របស់ខ្លួនមានអំណោចខ្លាំងក្លា ការដែលប្រមូលផ្តុំមនុស្សមានទេពកោសល្យ​គឺចាំបាច់ណាស់។

ដូច្នេះហើយ អំឡុងពេលរៀននៅកន្លែងអប់រំទាំងនោះក៏យូរណាស់ដែរ យ៉ាងហោចណាស់ជាង ១០ ឆ្នាំ អ្នកខ្លះត្រូវរហូតដល់ទៅ ៤០ ឆ្នាំ។

យ៉ាងណាមិញ នៅពេលនោះអាយុជាមធ្យមរបស់ប្រជាជនជប៉ុនប្រហែល ៤៥ ឆ្នាំប៉ុណ្ណោះ ដូច្នេះអាចនិយាយបានថា នេះ​គឺ​ជា​ការ​រៀន​សូត្រ​ពេញ​មួយ​ជីវិត។

ក្បាច់ដាវ (剣術 – Kenjutsu) ក៏ត្រូវបានបង្រៀនតាមលំដាប់លំដោយ

នៅសម័យ Edo ជាសម័យកាលសន្តិភាពគ្មានសង្គ្រាមដែលមានរយៈពេលប្រហែល ២៦០ ឆ្នាំ។

ប្រាកដ​ជា​គ្រប់​គ្នា​គិត​ថា ការប្រើប្រាស់ដាវបានក្លាយទៅជារឿងដែលមិនចាំបាច់មែនទេ?

ទោះជាយ៉ាងណា ក្នុងការអប់រំរបស់សាមូរ៉ៃឆ្ពោះទៅរកគោលដៅ “ទាំងអក្សរសិល្ប៍ និងក្បាច់គុនសុទ្ធតែពូកែ” ដូច្នេះក្បាច់​ដាវ​មាន​សារៈ​សំខាន់​ណាស់។

មិនត្រឹម​តែដើម្បីហ្វឹកហាត់ក្បាច់គុនប៉ុណ្ណោះទេ ថែមទាំងបណ្តុះស្មារតី និងខ្លួនឯងឱ្យល្អឥតខ្ចោះ ក្បាច់ដាវត្រូវបានបង្រៀន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ដាវដែលត្រូវបានប្រើក្នុង Kendo សព្វថ្ងៃគេហៅថា shinai ដែលធ្វើពីឬស្សីផ្គុំចូលគ្នា។ ទោះបីជាត្រូវវាយចំឈឺខ្លាំង ប៉ុន្តែ​កម្រ​នឹង​បាក់​ឆ្អឹង​ណាស់។

ទោះ​ជា​យ៉ាង​ណា នៅសម័យនោះគេប្រើដាវឈើ (bokken) ដែលធ្វើឡើងដោយការឆ្លាក់ឈើ។

ហាក់បីដូចជាបញ្ហាបាក់ឆ្អឹងកើតឡើងញឹកញាប់ ទោះបីជាកម្រនឹងស្លាប់ ប៉ុន្តែប្រាកដជាឈឺចាប់ខ្លាំងណាស់។ ដូច្នេះ​ការ​ហ្វឹក​ហាត់​អស់​ពី​សមត្ថភាព​ពិត​ជា​ចាំ​បាច់​ណាស់។

ប្រសិនបើមិនរឹងមាំឡើង គេត្រូវស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​នោះជា​រៀង​រហូត។

នៅសម័យនេះការអប់រំត្រូវបានបែងចែកពេលវេលាច្បាស់លាស់ ហើយបើតាមមិនទាន់ក៏មិនមានបញ្ហាច្រើនដែរ។

ការអប់រំចំពោះលទ្ធិខុងជឺ និងសីលធម៍ក៏មិនត្រូវបានសង្កត់ធ្ងន់ដែរ ដែលបណ្តាលឱ្យមានជនក្បត់កាន់តែច្រើនឡើង។

ប្រហែលជាដល់ពេលដែលយើងគួរតែសង្កេតមើលឡើងវិញនូវវិធីសាស្រ្តបង្រៀនតាមសាលារបស់​ដែន​ដីសក្តិភូមិ។

គ្រូបង្រៀនក្បាច់ដាវ Shiden Hiryu

សាលាបង្រៀនក្បាច់ដាវ Shidenryu

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: