ភាព​ខុស​គ្នា​រវាង​ខ្នាត​រង្វាស់​រញ្ជួយ​ដី shindo (震度) និង magnitude (マグニチュード) ?

ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសដែលកើតមានរញ្ជួយដីញឹកញាប់ រញ្ជួយដីជាង ២០% នៅទូទាំងពិភពលោកកើតឡើងនៅទីនេះ។ 

ថ្វីត្បិតតែ ផ្ទៃដីរបស់ជប៉ុនមានត្រឹមតែ ០,៣% នៃផ្ទៃដីសរុបរបស់ពិភពលោកក៏ដោយ ប៉ុន្តែប្រហែល​ ១០% ភ្នំភ្លើងនៅលើពិភពលោកប្រមូលផ្តុំនៅ​ប្រទេស​ជប៉ុន។

ចំណុចនេះផ្តល់អត្ថប្រយោជន៍ដូចជាមានប្រភពទឹកក្តៅធម្មជាតិច្រើន ប៉ុន្តែធ្វើឱ្យជប៉ុនប្រឈមរញ្ជួយដីញឹកញាប់ ដែលនេះជាចំណុចពិសេសនៃប្រទេសនេះ។

ខុសពីប្រទេសភាគច្រើននៅលើពិភពលោក ប្រទេសជប៉ុនមានប្រព័ន្ធវាស់ស្ទង់រញ្ជួយដីពិសេសនោះគឺ Shindo (震度) ។

ចូរយើងស្វែងយល់អំពី Shindo – ឯកតារង្វាស់ដែលប្រហែលជាប្លែកចំពោះជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។

ស្តង់ដារពិភពលោកគឺ M (Magnitude) 

នៅលើពិភពលោក តួលេខដែលបង្ហាញពីទំហំនៃរញ្ជួយដីគឺ M ពោលគឺ magnitude ។

នេះគឺជាសន្ទស្សន៍បង្ហាញពីកម្លាំងដែលរញ្ជួយដីបញ្ចេញ ហើយជាពិសេសរញ្ជួយដីនីមួយៗមានតម្លៃត្រឹមតែមួយ magnitude ប៉ុណ្ណោះ។

ថ្វីត្បិតតែ ជាសន្ទស្សន៍សំខាន់មួយក្នុងភូគព្ភវិទ្យា ប៉ុន្តែពេលខ្លះ magnitude មិនឆ្លុះបញ្ចាំងកម្រិតរញ្ជួយដីជាក់ស្តែងនោះទេ។

ឧទាហរណ៍ទីតាំងនៃចំណុចកណ្តាលជ្រៅ ឬរាក់ក្នុងផ្ទៃដី។

ឬអាស្រ័យលើប្រភេទស្រទាប់ មានប្រភេទស្រទាប់រំញ័រកាន់តែខ្លាំង ដែលធ្វើឱ្យការយល់ឃើញរបស់មនុស្សចំពោះកម្រិតរំញ័រក៏ខុសគ្នា។

ដូច្នេះហើយ ប្រសិនបើពឹងផ្អែកតែ magnitude យើងមិនអាចដឹងកម្រិតរំញ័រជាក់ស្តែង និងវាយតម្លៃការខូចខាតបានច្បាស់លាស់នោះទេ។

ហេតុ​នេះហើយ ប្រជាជនប៉ុនបានបង្កើតខ្នាតរង្វាស់ដាច់ដោយឡែកហៅថា “shindo” ។

“Shindo” (震度) – ខ្នាតរង្វាស់ដោយឡែករបស់ជប៉ុន

ខុសពី magnitude ដែលបង្ហាញពីកម្លាំងរបស់រញ្ជួយដី Shindo ត្រូវបានប្រើសម្រាប់បង្ហាញពីកម្រិតរំញ័រដែលប្រជា​ជន​មើល​ឃើញ​ជាក់​ស្តែង​នៅ​ទីតាំង​ជាក់​លាក់​មួយ។

ជប៉ុនមានបណ្តាញស្ថានីយ៍សង្កេតមើលរញ្ជួយដីចំនួន ​៦០០ សម្រាប់ប្រមូលទិន្នន័យ។ ទិន្នន័យដែលទទួលបានពីឧបករណ៍​ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រកាស​ក្រោម​ទម្រង់ Shindo ។

ដូច្នេះហើយ ទោះបីជាមានរញ្ជួយដីដូចគ្នាក៏ដោយ ប៉ុន្តែកម្រិតរញ្ជួយដីនៅតំបន់នីមួយៗខុសគ្នា ហេតុ​នេះជាទូទៅគេ​នឹង​កំណត់​អាំងតង់ស៊ីតេ​រញ្ជួយ​នៅ​លើ​ផែន​ទី។

ហេតុអ្វីបានជាកម្រិតរញ្ជួយអតិបរិមាឡើងដល់ ៧ ?

ដើម្បីជៀសវាងភាពស្មុគស្មាញដោយរូបមន្តគណនាលម្អិត យើងអាចបញ្ជាក់បានថា មូលហេតុ​មួយក្នុងចំណោមនោះ​គឺ​មិន​ធ្លាប់​មាន​រញ្ជួយ​ដីដែល​មាន​កម្រិត ៨ Shindo នោះ​ទេ។

តាមពិតទៅ កម្រិតរំញ័រត្រូវបានគណនាយ៉ាងត្រឹមត្រូវរហូតដល់ទសភាគនីមួយៗ។ យ៉ាងណាមិញ ដើម្បីងាយស្រួលដល់​ការ​ប្រកាស គេ​នឹង​បង្គ្រប់​លទ្ធផល។

ជាក់ស្តែង ប្រសិនបើតម្លៃដែលបានគណនាទាបជាង ០.៥ នឹងត្រូវបង្គ្រប់ទៅជាកម្រិត ០ ចាប់ពី ០.៥ រហូតដល់ក្រោម ១.៥ នឹង​ត្រូវ​បង្គ្រប់​ទៅ​ជា​កម្រិត ១ ។

ចំណុចនេះមានន័យថា ប្រសិនបើកម្រិត ៨ ដូច្នេះតម្លៃនឹងចាប់ពី ៧.៥ រហូតដល់ក្រោម ៨.៥ យ៉ាងណាមិញ ក្នុងប្រវត្តិ​សាស្ត្រ​មិន​ធ្លាប់​បាន​កត់​ត្រា​ឈាន​ដល់​កម្រិត​នេះនៅទូទាំងពិភពលោកឡើយ ដូច្នេះមិនចាំបាច់មានកម្រិតនេះ​នោះ​ទេ។

ទន្ទឹមនឹងនេះ ការបង្កើតមជ្ឈមណ្ឌលបញ្ជាការទប់ទល់នឹងរញ្ជួយដី និងវិធានការជួយសង្គ្រោះត្រូវបានគ្រោងទុកជាក់​លាក់​សម្រាប់​កម្រិត​រញ្ជួយ​ដី​នីមួយៗ។

យ៉ាងណាមិញ ដោយសារវិធានការទប់ទល់នឹងកម្រិត ៧ ត្រូវបានរៀបចំដើម្បីដោះស្រាយស្ថានភាពធ្ងន់ធ្ងរបំផុត ដូច្នេះ​ការ​ដំឡើង​​កម្រិត​​ខ្ពស់​ជាង​នេះ​ក្នុង​គ្រា​អាសន្ន​គឺ​មិន​ចាំបាច់​ទេ។

កម្រិត ៦ ដក (៦弱) ៦ បូក (៦強) ជាអ្វី?

កាលពីមុន ខ្នាតរង្វាស់រញ្ជួយដីមានត្រឹមតែ ៨ កម្រិតប៉ុណ្ណោះ ចាប់ពី ០ ដល់ ៧ ។ ទោះជាយ៉ាងណា សព្វថ្ងៃនេះ ដើម្បីពណ៌នា​ឱ្យ​កាន់​តែ​ច្បាស់​អំពី​កម្រិត​រំញ័រ គេបែងចែករ៉ិចទ័រ ៥ និង ៦ ទៅជាពីរកម្រិតតូចជាង បង្កើតបានជា ១០ កម្រិត។ ជាក់ស្តែង រ៉ិចទ័រ ៥ ត្រូវបានបែងចែកទៅ ៥ ដក និង ៥ បូក រ៉ិចទ័រ ៦ ក៏ត្រូវបានបែងចែកទៅជា ៦ ដក និង ៦ បូក​ផង​ដែរ។

ទោះបីជាខាងផ្នែកទិន្នន័យ ភាពខុសគ្នារវាងកម្រិតគឺ ១ ប៉ុន្តែនៅពេលដែលអាំងតង់ស៊ីតេរញ្ជួយដីកាន់តែខ្លាំង ភាព​ខុស​គ្នា​នៃ​កម្រិត​រំញ័រ​ក៏​កាន់​តែ​ខ្លាំង​ផង​ដែរ។

ដូច្នេះហើយ ការបែងចែកកម្រិត ៥ និង ៦ រ៉ិចទ័រ ជួយធ្វើឱ្យសេចក្តី​ប្រកាស​ពី​អាំងតង់ស៊ីតេ​រញ្ជួយ​ដី​កាន់​តែ​ត្រឹម​ត្រូវ ស្រប​នឹង​អារម្មណ៍​រំញ័រ​ជាក់ស្តែង​របស់​ប្រជាជន។

អ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាគេមិនបន្ថែមរ៉ិចទ័រ ៨ និង ៩ ដើម្បីទទួលបានខ្នាតរង្វាស់គ្រប់ ១០ រ៉ិចទ័រមែនទេ? មូលហេតុ​ប្រសិនបើធ្វើដូច្នេះ ខ្នាតរង្វាស់លែងស្របនឹងទិន្នន័យដែលវាស់ ចំណុចនេះនឹងបង្កឱ្យមានការភ័ន្តច្រឡំ។

តើការខូចខាតជាក់ស្តែងមានចំនួនប៉ុន្មាន?

ភាគច្រើនអគារនៅជប៉ុនត្រូវបានសាងសង់ឡើងរឹងមាំ អាចទប់ទល់នឹងរញ្ជួយដី ដូច្នេះនៅពេលដែលកើតមាន​រញ្ជួយដី​កម្រិត ៤ រ៉ិចទ័រ ជា​ទូទៅ​មិន​មាន​បញ្ហា​ធ្ងន់​​ធ្ងរ​នោះ​​ទេ។

ទោះជាយ៉ាងណា ដោយសាររំញ័រខ្លាំង ដូច្នេះនៅតែធ្វើឱ្យគេមានការព្រួយបារម្ភ។

នៅពេលដែលឈានដល់កម្រិត ៥ ដក រញ្ជួយនឹងកាន់តែខ្លាំង របស់របរនៅលើធ្នើរដូចជាចានអាចនឹងធ្លាក់បែក ទាំងដែលអគារនៅធម្មតា។ នៅពេលនេះ អារម្មណ៍ភ័យខ្លាចនឹងកើនឡើង។

ប្រសិនបើរញ្ជួយដីឈានដល់កម្រិត ៥ បូក ការធ្វើចលនានឹងពិបាក។

ខ្ញុំធ្លាប់ឆ្លងកាត់រញ្ជួយដីកម្រិត ៦ ដកនៅឆ្នាំ ២០១១ ហើយនៅពេលនោះខ្ញុំស្ទើរតែមិនអាចឈរបាន។

ខ្ញុំមិនធ្លាប់ជួបប្រទះរំញ័រកម្រិត ៧ នោះទេ ប៉ុន្តែប្រសិនបើគិតថា ខ្លាំងជាងដល់ទៅពីរកម្រិតពិតជាគួរឱ្យខ្លាចណាស់។

អ្វីដែល​គួរ​ឱ្យខ្លាចបំផុតមិន​មែន​រញ្ជួយដីនោះទេ ប៉ុន្តែគឺអគ្គិភ័យ និង​រលក​យក្ស​

នៅតំបន់ដែលមានផ្ទះចាស់ច្រើន ហានិភ័យផ្ទះរលំក៏ខ្ពស់ណាស់ដែរ។

ទោះជាយ៉ាងណា ការ​ខូច​ខាត​ដែល​ធំ​បំផុត​បន្ទាប់​ពី​រញ្ជួយដី​គឺបណ្តាលមកពីអគ្គិភ័យ និងរលកយក្ស។

ជាពិសេស រលកយក្សគឺជារឿងដ៏គួរឱ្យភ័យខ្លាចបំផុត។

មនុស្សជាច្រើនគិតថា រលកយក្សគ្រាន់តែជារលកធំៗ ប៉ុន្តែជាក់ស្តែងខុសគ្នាទាំងស្រុង។

ជាទូទៅរលកសមុទ្រគ្រាន់តែបក់ផ្ទៃ​ទឹក​ខាងលើ ខណៈដែល​រលក​យក្ស​ទាញយកបរិមាណទឹក​យ៉ាង​ច្រើនពីបាតសមុទ្រ។ ដូច្នេះ​ទោះ​បី​ជា​មាន​កម្ពស់​ស្មើ​គ្នា ក៏​រលក​យក្ស​នៅ​តែ​ខ្លាំង​ជាង​រលក​សមុទ្រ​ច្រើន​ដង​ផងដែរ។

អ្នក​ប្រហែល​ជា​គិត​ថា​ រលកដែលមានកម្ពស់ ៣០ សង់ទីម៉ែត្រគ្មានអ្វីគួរឱ្យបារម្ភនោះទេ ប៉ុន្តែប្រសិនបើអគារមួយរងការវាយប្រហារពី​រលក​យក្ស​កម្ពស់​ ៣០ សង់ទីម៉ែត្រ នោះវានឹងត្រូវរងកម្លាំង​រហូត​ដល់​ទៅ ៥០-៦០ គីឡូក្រាម។ កម្លាំង​​ខ្លាំង​​បែប​​នេះ​​អាច​បោក​បក់​កុមារ និង​ស្រ្តី​បាន។

ហើយប្រសិនបើកម្ពស់របស់រលកយក្សកើនឡើងដល់ ៥០ សង់ទីម៉ែត្រ នោះ​កម្លាំង​នឹង​កើន​ឡើង​ដល់​ទៅ ៤ ដង រហូត​ដល់ ២០០ គីឡូក្រាម។

រញ្ជួយដីដែលកើតឡើងក្នុងឆ្នាំ ២០១១ រលកយក្សមានកម្ពស់ដល់ទៅ ៩,៣ ម៉ែត្រ ដោយបានបំផ្លាញទីក្រុងទាំង​មូល។

ក្រោយពេលកើតមានរញ្ជួយដី កុំ​ទៅ​ជិត​សមុទ្រ​ជា​ដាច់​ខាត។ កម្ពស់ទឹកសមុទ្រនឹងឡើងខ្ពស់ ហើយថែមទាំងអាចហូរ​បញ្ច្រាស​ទិស​តាម​ទន្លេ ដូច្នេះ​ទន្លេ​ក៏​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដែរ។

ប្រវត្តិសាស្រ្តរបស់ជប៉ុនផ្សារភ្ជាប់នឹងគ្រោះមហន្តរាយធម្មជាតិ។

ដូច្នេះ​ហើយ​ ទើប​ប្រជាជន​ជប៉ុន​មាន​ចំណេះដឹង​ច្រើនសម្រាប់ដោះស្រាយគ្រោះ​ធម្មជាតិ។

ហេតុ​នេះ អ្នក​គួរតែ​ស្តាប់​ព័ត៌មាន​ពី​ទូរទស្សន៍ និង​មនុស្ស​ជុំវិញ​ខ្លួនឱ្យបានច្បាស់ ហើយប្រយ័ត្នប្រយែង។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: