បញ្ហាសង្គមនៅជប៉ុន ការស្លាប់ដោយមិនមាននរណាម្នាក់ដឹងកាន់តែច្រើនឡើង
ស្លាប់ដោយមិនមាននរណាម្នាក់ដឹងបានក្លាយទៅជាបញ្ហាដែលត្រូវជជែកវែកញែកនៅជប៉ុនកាលពីជាង ១០ ឆ្នាំមុន។
នោះជាករណីមានមនុស្សស្លាប់ដោយមិនមាននរណាម្នាក់ដឹង ដែលជាទូទៅក្រោយពេលប៉ុន្មានថ្ងៃទើបប្រទះឃើញ ហើយភាគច្រើនកើតឡើងចំពោះមនុស្សចាស់ដែលរស់នៅម្នាក់ឯង។
យ៉ាងណាមិញ ថ្មីៗនេះ បាតុភូតនេះកំពុងតែរីករាយដាលដល់យុវវ័យ ដែលលាតត្រដាងពីជ្រុងម្ខាងក្នុងសង្គមជប៉ុន។
កំណើនទីក្រុងលក្ខណៈប្រមូលផ្តុំដែលបណ្តាលឱ្យកើតមានករណីស្លាប់ដោយមិនមាននរណាម្នាក់ដឹងចំពោះមនុស្សចាស់
ថ្វីត្បិតតែ ប្រទេសជប៉ុនមានទីក្រុងច្រើន ប៉ុន្តែការអភិវឌ្ឍបែរជាប្រមូលផ្តុំច្រើននៅទីក្រុងតូក្យូ។
ទាំងនយោបាយ និងសេដ្ឋកិច្ចសុទ្ធតែប្រមូលផ្តុំនៅទីក្រុងតូក្យូ។
ដោយសារមូលហេតុនេះ មនុស្សកាន់តែច្រើនពីតំបន់ជនបទប្តូរទៅកាន់ទីក្រុងតូក្យូ ដើម្បីស្វែងរកការងារ និងរស់នៅជាមួយក្រុមគ្រួសារ។
ប្រជាជនជប៉ុនតែងតែចង់បានបរិយាកាសឯកជន ដូច្នេះការរស់នៅក្នុងបន្ទប់តែមួយ (roomshare) មិនសូវជានិយមប៉ុន្មានទេ។ ផ្ទុយទៅវិញ មនុស្សជាច្រើនរើសយកការរស់នៅម្នាក់ឯងក្នុងបន្ទប់តូចមួយ។
ដូច្នេះហើយ ទើបកើតមានករណីស្លាប់ដោយមិនមាននរណាម្នាក់ដឹងកាន់តែច្រើនឡើង។
ជាពិសេសេចំពោះអ្នកដែលបានចូលនិវត្តន៍ មនុស្សនៅជុំវិញកម្រនឹងយកចិត្តទុកដាក់ចំពោះពួកគេ។
ម្យ៉ាងវិញទៀត មូលហេតុដែលបណ្តាលឲ្យចំនួនមនុស្សស្លាប់ដោយមិនមាននរណាម្នាក់ដឹងកើនឡើងក៏ព្រោះតែបញ្ហាគ្រួសារនុយក្លេអ៊ែរផងដែរ។
គ្រួសារនុយក្លេអ៊ែរគឺជាទម្រង់គ្រួសារដែលមានតែប្តីប្រពន្ធ និងកូនរស់នៅជាមួយគ្នា។
នៅពេលដែលកូនធំដឹងក្តី ពួកគេចាកចេញពីផ្ទះ ដោយបន្សល់ទុកប្តីប្រពន្ធចាស់ពីរនាក់។
ប្រសិនបើមនុស្សម្នាក់ក្នុងចំណោមនោះទទួលមរណភាពមុន មនុស្សម្នាក់ទៀតនឹងរស់នៅម្នាក់ឯង ហើយហានិភ័យស្លាប់ដោយមិនមាននរណាម្នាក់ដឹងនឹងខ្ពស់។
នៅតាមទីក្រុងធំៗ មានករណីជាច្រើនដែលមនុស្សមិនប្រាស្រ័យទាក់ទងនឹងអ្នកជិតខាង។ មានករណីខ្លះមនុស្សក្រោយពេលស្លាប់ច្រើនថ្ងៃ សាកសពរលួយមានក្លិនស្អុយ ប៉ុន្តែមនុស្សនៅជុំវិញនៅតែមិនដឹង។
បញ្ហាស្លាប់ដោយមិនមាននរណាម្នាក់ដឹងកើតមានកាន់តែច្រើនចំពោះយុវវ័យ
ក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ ចំនួនមនុស្សវ័យក្មេងសរុបដែលមានអាយុចន្លោះពី ១០ ដល់ ៣០ ឆ្នាំស្លាប់ដោយមិនមាននរណាម្នាក់ដឹងនៅតាមតំបន់ទីប្រជុំជនតូក្យូកើនឡើងរហូតដល់ ៧៤២ នាក់។
ថ្វីត្បិតតែ អត្រាមរណរបស់មនុស្សវ័យក្មេងតែងតែទាបជាងមនុស្សចាស់ក៏ដោយ ប៉ុន្តែមិនមែនស្មើសូន្យនោះទេ ហើយដោយសារតែមនុស្សវ័យក្មេងជាច្រើនរស់នៅម្នាក់ឯង ដូច្នេះហានិភ័យស្លាប់ម្នាក់ឯងក៏ខ្ពស់ដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា មានរហូតដល់ទៅ ១១៤ ករណីដែលត្រូវបានប្រទះឃើញក្រោយពេលស្លាប់អស់រយៈពេល ៤ ថ្ងៃ។
ឧទាហរណ៍មនុស្សម្នាក់កំពុងធ្វើការ ចាប់ពីពេលដែលមានអារម្មណ៍ថា មិនស្រួលខ្លួនរហូតដល់ពេលដែលស្លាប់ យ៉ាងហោចណាស់ត្រូវចំណាយពេលប៉ុន្មានថ្ងៃ។
ចំណុចនេះមានន័យថា បុគ្គលរូបនោះអវត្តមាននៅក្រុមហ៊ុនពេញមួយសប្តាហ៍ដោយមិនមាននរណាម្នាក់ដឹងឡើយ។
ស្ថានភាពជាក់ស្តែងនេះបង្ហាញថា មានករណីខ្លះមនុស្សស្លាប់ដោយមិនមាននរណាម្នាក់ដឹងក្នុងរយៈពេលយូរ។
តើកំពុងតែមានរឿងអ្វីកើតឡើងនៅជប៉ុន?
តើមូលហេតុស្លាប់អាចបណ្តាលមកពីការធ្វើអត្តឃាតដែរទេ?
មូលហេតុស្លាប់របស់មនុស្សចំនួន ៧៤២ នាក់ដែលបានប្រកាសលើកនេះមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនោះទេ ប៉ុន្តែគេយល់ថា ភាគច្រើនក្នុងចំណោមនោះគឺធ្វើអត្តឃាត។
ជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចជាង ៣០ ឆ្នាំ ជប៉ុនបានបាត់បង់កម្លាំងចិត្ត ហើយយុវជនកាន់តែច្រើនឡើងមានអារម្មណ៍ថាអស់សង្ឃឹម បាត់បង់ឆន្ទៈក្នុងការរស់នៅ។
ខ្ញុំកំពុងរស់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ រាល់ពេលដែលត្រឡប់ទៅប្រទេសជប៉ុន ខ្ញុំឃើញយុវជនជប៉ុនដែលនៅលើរថភ្លើងមើលទៅហត់នឿយណាស់ ចំណុចនេះធ្វើឱ្យខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត។
ខណៈពេលដែលភាគច្រើននៅតែខំប្រឹងជម្នះការលំបាក មនុស្សមួយចំនួនទៀតបែរជាមិនអាចទ្រាំនឹងសម្ពាធបាន ហើយរើសយកផ្លូវបញ្ចប់ជីវិតរបស់ខ្លួន។
ការដែលពួកគេផ្តាច់ទំនាក់ទំនងជាមួយនឹងសង្គមធ្វើឱ្យការស្លាប់របស់ពួកគេគ្មាននរណាប្រទះឃើញ ដែលបណ្តាលឱ្យកើតមានករណីស្លាប់ម្នាក់ឯងច្រើនឡើង។
ការបង្រៀនមិនឱ្យបង្កការរំខានរបស់ប្រជាជនជប៉ុន
តាំងពីតូចប្រជាជនជប៉ុនយើងត្រូវបានបង្រៀនថាមិនឱ្យបង្កការរំខានដល់អ្នកដទៃ។
បើក្រឡេកទៅមើលចំណុចវិជ្ជមាន ដោយសារការអប់រំបែបនេះ ទើបប្រជាជនជប៉ុនរក្សាច្បាប់ទម្លាប់ និងបទប្បញ្ញត្តិ។
យ៉ាងណាមិញ បើនិយាយពីគុណវិបត្តិគឺថា នៅពេលដែលប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត មនុស្សជាច្រើនបែរជាខ្លាចមិនហ៊ានប្រាប់អ្នកនៅជុំវិញ ដែលបណ្តាឱ្យកើតមានស្ថានភាពនៅម្នាក់ឯង។
យើងនៅតែមិនទាន់មើលឃើញពីសញ្ញាដែលសេដ្ឋកិច្ចជប៉ុនស្តារឡើងវិញនៅឡើយទេ។
តើអនាគតរបស់ជប៉ុននារយៈពេល ៣០ ឆ្នាំខាងមុខអាចនឹងភ្លឺស្វាងដែរទេ?
តើអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ? សូមចែករំលែកប្រាប់ JAPO ផង។
ឯកសារយោង
https://www.sankei.com/article/20240721-MZBGQN5G3JMTDJ3BVTQCZ5NHAY/
Abe Kengo