ការអនុវត្ត​ពិធី​វះ​ពោះ​ធ្វើ​អត្តឃាត Seppuku ដ៏​រន្ធត់​បំផុត រហូត​ដល់​ថ្នាក់​ជន​ជាតិ​បារាំង​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​រឿង​នេះ

នៅសម័យ Edo ជាសម័យកាលដែលសាមូរ៉ៃគ្រប់គ្រងប្រទេសជប៉ុន។

អំឡុងពេលនេះ ជប៉ុនអនុវត្តគោលនយោបាយ​ផ្តាច់ខ្លួន លើកលែងតែកំពង់ផែពាណិជ្ជកម្មមួយចំនួននៅ Nagasaki ជប៉ុន​ស្ទើរតែដាច់ខ្លួនទាំងស្រុងពីពិភពខាងក្រៅ។

នៅឆ្នាំ ១៨៥៣ នាវាចម្បាំងអាមេរិកដែលបញ្ជាដោយអនុឧត្តមនាវីឯក Matthew Perry បានទៅដល់កំពង់ផែ Uraga ដោយបង្ខំឱ្យ​ជប៉ុន​ត្រូវ​បើក​ច្រក​ពាណិជ្ជកម្មជាមួយ​បរទេស។ ព្រឹត្តិការណ៍នេះបានកត់សម្គាល់​ចំណុច​ដ៏សំខាន់​ក្នុង​​ប្រវត្តិសាស្ត្រ​ជប៉ុន។ ចាប់​​តាំង​​ពី​​ពេល​​នោះ​ កប៉ាល់​​បរទេស​ជាច្រើនបានទៅកាន់ប្រទេសជប៉ុន។ 

ព្រឹត្តិការណ៍សោកនាដកម្មដែលទាក់ទងនឹងពិធី Seppuku បានកើតឡើងក្នុងបរិបទនេះ។ ចូរយើងស្វែងយល់អំពីព្រឹត្តិការណ៍នេះ ដើម្បីដឹងពីការលំបាករបស់សាមូរ៉ៃជប៉ុន។

សម័យកាលដែលជនបរទេសជាច្រើន “បានទៅដល់ជប៉ុន ហើយធ្វើអ្វីក៏បាន” 

នៅពេលនោះប្រជាជនជប៉ុនមានមាឌតូច ទើបពួកគេមាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ជន​បរទេស​ដែលមិន​ធ្លាប់​ឃើញ​ពី​​មុន​​មក។ យ៉ាង​ណា​មិញ ជនបរទេសទាំងនេះហាក់បីដូចជាអាចធ្វើរឿងគ្រប់យ៉ាងដែលពួកគេចង់។

កំហឹងរបស់សាមូរ៉ៃចំពោះទង្វើមិនសមរម្យរបស់ជនបរទេសបានបង្កឱ្យមានជម្លោះតូចធំជាច្រើន។

ក្នុង​ចំណោម​នោះ អត្តបទថ្ងៃនេះនិយាយពី​ព្រឹត្តិការណ៍ Sakai ដែល​កើត​ឡើងនៅខេត្ត Osaka សព្វថ្ងៃ។

ព្រឹត្តិការណ៍ Sakai

នៅឆ្នាំ ១៨៦៨ នាវាចម្បាំងរបស់បារាំងមួយបានចូលចតនៅកំពង់ផែ Sakai ស្ថិតនៅខេត្ត Osaka សព្វថ្ងៃ។

នៅពេលដែលកំពុងចុះចត នាវិកជនជាតិបារាំងចំនួន ៣០ នាក់បាន​ឡើង​លើ​ច្រាំង ហើយ​ដើរ​ជុំវិញ​ទីក្រុង​បង្ក​ឱ្យ​មាន​ចលា​ចល។ សាមូរ៉ៃដែលដើរតួនាទីដូចជាប៉ូលីសនាសម័យនោះបានព្យាយាមបញ្ចុះបញ្ចូល​ពួក​គេ​ឱ្យ​ត្រឡប់​ទៅកប៉ាល់វិញ ប៉ុន្តែហាក់បីដូចជានាវិកជនជាតិបារាំងមើលងាយជនជាតិជប៉ុន ហើយមិនស្តាប់តាមដំបូន្មានរបស់​សាមូរ៉ៃ​ទាល់​តែ​សោះ។

នៅពេលដែលសាមូរ៉ៃព្យាយាម​ឃាត់ខ្លួន ជនជាតិបារាំងបានវាយបក ហើយបាញ់ប្រហារគ្នា។

ក្នុងពេលរត់គេចខ្លួន និងទប់ទល់ ជនជាតិបារាំងត្រូវសាមូរ៉ៃបាញ់ចំទូក ហើយមនុស្ស ១១ នាក់បានស្លាប់បាត់បង់ជីវិត។

ថ្វីត្បិតតែ អាចនិយាយបានថា ការដែលបាញ់ជនជាតិបារាំងពេលពួកគេកំពុងរត់គេចខ្លួនគឺមិនចាំបាច់នោះទេ ប៉ុន្តែតាម​ទស្សនៈ​សព្វ​ថ្ងៃ ការ​ដែល​ជន​ជាតិ​បារាំង​មិន​គោរព​តាម​ការ​​ណែនាំ​​របស់​​ប៉ូលិស​​មូលដ្ឋាន​គឺ​ជា​​បញ្ហា​​ធ្ងន់​ធ្ងរ។

ទោះជាយ៉ាងណា នៅពេលនោះ ជប៉ុនមិនទាន់មានកម្លាំងគ្រប់គ្រាន់សម្រាប់តទល់នឹងបារាំងឡើយ។

ដូច្នេះ​ហើ​យ ពួកគេត្រូវទទួលខុសត្រូវចំពោះការប្រឆាំងពីភាគីបារាំង។

កាត់​ទោសប្រហារជីវិត

ក្នុងចំណោមសាមូរ៉ៃដែលពាក់ព័ន្ធ​នឹងករណីនេះ មនុស្ស ២៩ នាក់បាន​សារភាព​ថា បាន​បាញ់​ប្រហារ។ មនុស្ស ២០ នាក់ក្នុងចំណោមនោះត្រូវកាត់ទោសប្រហារជីវិត។ មេបញ្ជាការចំនួន ៤ រូប​ក៏​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិតដែរ។

នៅពេលនោះរដ្ឋាភិបាលត្រូវបង្ខំចិត្តរើសយកមនុស្សចំនួន ១៦ នាក់ក្នុងចំណោមសាមូរ៉ៃ ២៥ រូបដែលបានចូលរួមករណីនេះ។ យ៉ាងណាមិញ ដោយ​​សារ​​ពួក​​គេ​​ទាំង​អស់​គ្នា​​មាន​​សកម្មភាព​​ស្រដៀង​​គ្នា ដូច្នេះ​មិន​អាច​ជ្រើស​រើស​​បាន​​ទេ ហើយ​នៅ​ទី​បំផុត​ពួក​គេត្រូវសម្រេច​ជ្រើស​រើស​តាម​រយៈ​ការចាប់ឆ្នោត។

ថ្វីត្បិតតែ នោះជាវិធីតែមួយគត់ ប៉ុន្តែនោះជាការសម្រេចចិត្តស្លាប់រស់ដ៏អស្ចរ្យមួយ។

កន្លែងប្រារព្ធពិធី Seppuku ដ៏គួរឱ្យភ័យខ្លាចបំផុត

យោងទៅតាមបទប្បញ្ញត្តិនៅសម័យនោះ សាមូរ៉ៃមិនត្រូវប្រហារជីវិតនោះទេ ប៉ុន្តែត្រូវអនុវត្តពិធី Seppuku (វះពោះធ្វើអត្តឃាត) ។ ជា​ការ​ពិត​ណាស់ ក្នុងករណីនេះក៏ដូចគ្នាដែរ ពួកគេត្រូវធ្វើពិធី Seppuku ម្តង​ម្នាក់ៗ។

ទោះជាយ៉ាងណា មិនដូចជាពិធី Seppuku ធម្មតានោះទេ នេះជាពិធី Seppuku ដែលពេញទៅដោយកំហឹង និងភាព​​ស្អប់​ខ្ពើម ដូច្នេះ​ហើយ កន្លែង​ប្រារព្ធ​ពិធី​មាន​ភាព​ចលាចល​ណាស់។

សាមូរ៉ៃវះពោះខ្លួនឯង ធ្វើឱ្យពោះវៀនលៀនចេញមកក្រៅ ខ្ទាតនៅចំពោះមុខនាវិកជនជាតិបារាំងដែលមកមើលប្រៀប​ដូច​ជា​ការ​គំរាម​កំហែង។ មិន​ថា​នរណា​មើល​ឃើញ​ទិដ្ឋភាព​នេះ​សុទ្ធ​តែ​ភ័យ​ខ្លាច។

នៅទីបំផុត បន្ទាប់ពីមនុស្ស ១១ នាក់អនុវត្តពិធី Seppuku ដូចៗគ្នា ភាគីបារាំងមិនអាចបន្តមើលតទៅទៀត ហើយ​បង្ខំ​ចិត្ត​លូក​ដៃ ដោយ​សុំ​ឱ្យ​បញ្ឈប់។ ដូច្នេះ​ទើប​មនុស្ស ៩ នាក់​ទៀត​រួច​ជីវិត។

មិនយូរប៉ុន្មានករណីនេះត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែង ហើយមនុស្សជាច្រើនបានទៅមើលផ្នូរសាមូរ៉ៃដែលអនុវត្តពិធី Seppuku ។

ជាការពិតណាស់ ជនជាតិបារាំងដែលបានឃើញពិធី Seppuku ប្រាកដជាគិតថា ប្រជាជនជប៉ុនឆ្កួតលីលា ហើយមិន​ចង់​ពាក់​ព័ន្ធ​នឹង​ប្រទេស​បែប​នេះ​ឡើយ។

ក្នុងភាសាជប៉ុនមានការប្រើប្រាស់ពាក្យដូចជា៖

腹を割って話す(Hara wo wattehanasu) ៖ និយាយដោយស្មោះត្រង់ (វះពោះដើម្បីនិយាយ) ។

腹の中を見せる (Hara no naka o miseru) ៖ បង្ហាញពីចិត្តគំនិត (បង្ហាញអ្នកដទៃនូវអ្វីដែលនៅក្នុងពោះ) ។

腹に溜める (Hara ni tameru) ៖ ទុកគ្រប់យ៉ាងក្នុងចិត្ត (ទុកក្នុងពោះ) ។

តាមរយៈការបង្ហាញទាំងបីនេះ យើងអាចមើលឃើញថា ពោះផ្ទុកនូវគំនិត និងអារម្មណ៍របស់យើង ហើយពិធី Seppuku (វះ​ពោះ​ធ្វើ​អត្តឃាត) បង្កប់​អត្តន័យ​លាត​ត្រដាង​រឿង​ទាំង​អស់​នោះ។

ព្រោះតែវីរបុរស​ដែល​បាន​អនុវត្តពិធីនេះបានធ្វើឱ្យជនជាតិបារាំងភ័យ​ខ្លាច ហើយបានការពារប្រទេសជប៉ុន។

ប្រជាជនជប៉ុនពិតជាគួរឱ្យខ្លាចណាស់នៅពេលដែលត្រូវគេធ្វើឱ្យខឹង។

កុំគិតថា ពួកគេតែងតែញញឹម ហើយអ្នកអាចធ្វើគ្រប់យ៉ាងដែលអ្នកចង់។ អ្នកអាចនឹងជួបបញ្ហាធំ។

យើងគួរតែនិយាយគ្នាដោយចិត្តស្មោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: