ជប៉ុន​ប្តូរ​ក្រដាស​ប្រាក់​ថ្មី ហេតុ​អ្វី​បាន​ជា​មាន​ការ​ផ្លាស់​ប្តូរ​ដូច​នេះ?

អ្នកទាំងអស់គ្នាដឹងទេថា

ក្រដាសប្រាក់ជប៉ុនត្រូវបានប្តូរថ្មីកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ។

ថ្មីៗនេះជប៉ុនបានផ្លាស់ប្តូរក្រដាសប្រាក់ចំនួន ៣ គឺ ១០.០០០ យ៉េន ៥.០០០ យ៉េន និង ១.០០០ យ៉េនជាផ្លូវការនៅថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០២៤ ។

មិនត្រឹម​តែឆ្ពោះទៅរកការរចនាថ្មីប៉ុណ្ណោះទេ នេះជាការផ្លាស់ប្តូរថ្មីទាំងស្រុងជាមួយនឹងបច្ចេកវិទ្យាការពារការក្លែងបន្លំ​ដ៏​ទំនើប​បំផុត ដែល​បង្ហាញ​ពី​បច្ចេក​ទេស​ខ្ពស់​របស់​ជប៉ុន។

ចូរយើងស្វែងយល់ពីចំណុចពិសេសមួយចំនួនដែលធ្វើឱ្យអ្នកជំនាញចាប់អារម្មណ៍។

បច្ចេកទេសបោះពុម្ពអក្សរផុស Shinouban Insatsu

ដូចដែលអ្នកបានដឹងហើយថា ក្រដាសប្រាក់ថ្មីរបស់ជប៉ុនត្រូវបានរចនាឡើងជាមួយនឹងចំណុចលម្អិតពិសេសជាច្រើន ក្នុង​នោះ​មាន​អក្សរ​ផុស​នៅ​ពេល​ដែល​យើង​ប៉ះ។

នៅពេលដែលក្រឡេកមើលទៅ វាគ្រាន់តែជាការរចនាដែលសាមញ្ញប៉ុណ្ណោះ ប៉ុន្តែបង្កប់ដោយបច្ចេកទេសបោះពុម្ពដ៏​ស្មុគ​ស្មាញ និង​ពិបាក​បំផុត។ 

រូបភាពព្រិលកម្រិតច្បាស់ខ្ពស់

រូបភាពព្រិលគឺជាបច្ចេកទេសបោះពុម្ពពិសេសដែលត្រូវបានប្រើលើក្រដាសប្រាក់ជប៉ុន។

បច្ចេកទេសនេះបង្កើតបានជារូបភាពព្រិលដោយការផ្លាស់ប្តូរកម្រាស់របស់ក្រដាស ហើយប៉ះពាល់ដល់កម្រិតពន្លឺដែល​ឆ្លងកាត់ផ្ទៃម្ខាងទៀត បង្កើតជារូបភាពដែលចង់បាន។

រូបភាពរបស់បុគ្គលដែលត្រូវបានបោះពុម្ពនៅលើក្រដាសប្រាក់នឹងច្បាស់នៅពេលដែលអ្នកមើលពីចំហៀង។

ក្រដាសប្រាក់ថ្មីរបស់ជប៉ុនមិនត្រឹមតែគួរឱ្យចាប់អារម្មណ៍ដោយសាររូបភាពព្រិលប៉ុណ្ណោះទេ ថែមទាំងបង្កប់អាថ៌កំបាំង​ពិសេស​មួយ​គឺ៖ ផ្ទៃ​ខាង​ក្រោយ​ដ៏​ប្រណិត។ 

អ្វីដែលពិសេសនោះគឺថា ផ្ទៃខាងក្រោយនៅលើក្រដាសប្រាក់ថ្មីរបស់ជប៉ុន មិនត្រឹមតែជាពណ៌ធម្មតាមួយប៉ុណ្ណោះទេ ប៉ុន្តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយប្រើបច្ចេកទេសបោះពុម្ពដ៏លម្អិតបំផុត រួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាផលិតក្រដាស​បែប​ប្រពៃណី​ជប៉ុន – Washi ។

បច្ចេកវិទ្យា hologram បោះពុម្ពឆ្នូត 3D 

ថ្វីត្បិតតែ ក្រដាសប្រាក់ដុល្លារក៏ប្រើបច្ចេកវិទ្យា hologram ក្រដាសប្រាក់ថ្មីរបស់ជប៉ុនបានឆ្ពោះទៅរកកម្រិតថ្មីមួយជា​មួយ​នឹងបច្ចេកវិទ្យា hologram 3D – ដែលជារបកគំហើញខាងវិស័យបោះពុម្ព។

នៅលើក្រដាសប្រាក់ជប៉ុន លក្ខណៈពិសេសនៃ hologram 3D ស្ថិតលើមុខងារផ្លាស់ប្តូររូបភាពតាមជ្រុងដែលយើងក្រឡេក​មើល។ 

នៅពេលដែលផ្អៀងក្រដាសប្រាក់តាមទិសដៅខុសៗគ្នា រូបភាពបុគ្គលដែលត្រូវបានបោះពុម្ពលើ hologram នឹងបង្វិល​តាម បង្កើតបានជាទម្រង់ 3D ដ៏រស់រវើក និងគួរឱ្យចាប់អារម្មណ៍បំផុត។

នេះជាលើកដំបូងនៅលើពិភពលោកដែលបច្ចេកវិទ្យា hologram 3D ត្រូវបានប្រើសម្រាប់បោះពុម្ពរូបិយប័ណ្ណ។ ចំណុច​នេះ​បញ្ជាក់​ពី​ជំហរ​ឈាន​មុខ​គេ​របស់ជប៉ុនខាងវិស័យបោះពុម្ព និងផលិតក្រដាសប្រាក់។

លំនាំក្បាច់បង្កប់

នៅពេលដែលក្រឡេកមើលទៅ ផ្ទៃខាងមុខក្រដាសប្រាក់គ្មានអ្វីពិសេសនោះទេ។ យ៉ាងណាមិញ ពេលផ្អៀងក្រដាសប្រាក់តាមទិសដៅណាមួយ អក្សរ “NIPPON” (ជប៉ុន) នឹងលេចឡើងយ៉ាងពិសេស។

ទឹកថ្នាំគុជខ្យងជាប្រភេទទឹកថ្នាំពិសេសដែលប្រើសម្រាប់បោះពុម្ព រួមទាំងគ្រាប់គុជខ្យងល្អិតៗត្រូវបានកិនម៉ត់ល្អ ហើយលាយជាមួយនឹងសារធាតុរំលាយ។ នៅពេលដែលបោះពុម្ព ទឹកថ្នាំគុជខ្យងនឹងបង្កើតបានជាពន្លឺចែងចាំងដូច​គុជ​ខ្យង ដែលនាំមកនូវភាពស្រស់ស្អាតដ៏ប្រណិត និងល្អ​ឥត​ខ្ចោះ​ដល់​ផលិត​ផល។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតគឺ ពន្លឺពណ៌ផ្កាឈូកចែងចាំងសងខាងក្រដាសប្រាក់។

មើលទៅផ្ទៃខាងមុខក្រដាសប្រាក់គ្មានអ្វីពិសេសនោះទេ។ យ៉ាងណាមិញ នៅពេលដែលផ្អៀងក្រដាសប្រាក់ទាំងសង​ខាង ពន្លឺ​ពណ៌​ផ្កា​ឈូក​នឹង​លេច​ចេញ​យ៉ាង​ស្រទន់។

ការបោះពុម្ពអក្សរតូច

ដូចដែលយើងដឹងហើយថា “អក្សរខ្នាតតូច” ជាអក្សរដែលត្រូវបានបោះពុម្ពលើក្រដាសប្រាក់មានទំហំតូចបំផុត ដែល​ស្ទើរ​តែ​មើល​មិន​ឃើញ​ដោយ​ភ្នែក​ទទេ។ ដើម្បីស្វែងយល់ពីអាថ៌កំបាំងនេះ អ្នកត្រូវប្រើកែវពង្រីកសម្រាប់សង្កេត​មើល​ក្រដាស​ប្រាក់​ថ្មី​របស់​ជប៉ុន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា តួអក្សរតូចទាំងនេះត្រូវបានលាក់នៅកន្លែងជាច្រើនលើក្រដាសប្រាក់។

ទឹកថ្នាំបោះពុម្ពឡើងមេពិសេស

មុខងារធានាសុវត្ថិភាពពិសេសត្រូវបានបញ្ចូលក្នុងក្រដាសប្រាក់ គឺបញ្ចេញពន្លឺក្រោមកាំរស្មី UV ។

នៅពេលដែលបញ្ចាំងពន្លឺកាំរស្មី UV (ពន្លឺអ៊ុលត្រាវីយូឡេ) លើក្រដាសប្រាក់ កន្លែងមួយចំនួននឹងបញ្ចេញពន្លឺជា​មួយ​នឹង​ពណ៌​ខុសៗ​គ្នា។ មុខ​ងារ​នេះអាចមើលឃើញយ៉ាងច្បាស់ដោយប្រើពិលបញ្ចាំងប្រាក់ឯកទេស។

ក្នុងឳកាសដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់ថ្មីរបស់ជប៉ុន ចូរយើងស្វែងយល់អំពីតួអង្គប្រវត្តិសាស្ត្រដ៏លេចធ្លោចំនួន​បី​រូប​ដែល​ត្រូវ​បាន​បោះ​ពុម្ព​លើ​ក្រដាស​ប្រាក់។

Shibusawa Eiichi

នៅលើក្រដាសប្រាក់ ១០.០០០ យ៉េនថ្មី គឺជារូបថតរបស់ Shibusawa Eiichi ដែលត្រូវគេចាត់ទុកជា “បិតានៃមូល​ធន​និយម​ជប៉ុន” ។

លោកគឺជាតួអង្គប្រវត្តិសាស្រ្តដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកែទម្រង់សេដ្ឋកិច្ចជប៉ុននៅសម័យទំនើប។ យើងតាមការកត់ត្រា លោកបានចូលរួមក្នុងសង្គម និងសេដ្ឋកិច្ចជាង ៦០០ គម្រោង។

Tsuda Umeko

ក្រដាសប្រាក់ ៥.០០០ យ៉េនថ្មីមានរូបថតរបស់ Tsuda Umeko ដែលជាអ្នកនាំមុខខាងវិស័យអប់រំ និងជាសកម្មជន​ដើម្បី​សិទ្ធិ​ស្ត្រី​នៅ​ជប៉ុន។

អំឡុងពេលដែលសាមូរ៉ៃគ្រប់គ្រង នៅពេលដែលស្ត្រីជប៉ុនទទួលរងនូវការកំណត់ និងរឹតបន្តឹងជាច្រើន Tsuda Umeko បាន​យក​ឈ្នះ​ការ​រើស​អើង​សង្គម​ដើម្បីទៅសិក្សានៅ​សហរដ្ឋ​អាមេរិក។ នៅពេលត្រឡប់មកជប៉ុនវិញ លោកស្រីនាំ​យក​ចំណេះ​ដឹង និងគំនិតរីកចម្រើន ដោយក្លាយជាអ្នកនាំមុខខាងវិស័យអប់រំសម្រាប់ស្រ្តី និងរួមចំណែកលើកកម្ពស់​សមភាព​យេនឌ័រ​ក្នុង​ប្រទេស។

Kitasato Shibasaburo

ក្រដាសប្រាក់ ១.០០០ យ៉េនថ្មីរបស់ជប៉ុនមានរូបថតរបស់ Shibasaburo Kitasato ដែលជាមីក្រូជីវវិទូដ៏អស្ចារ្យមួយរូប។

លោកត្រូវគេចាត់ជា​អ្នក​បង្កើត​មីក្រូជីវសាស្ត្រ និង​វេជ្ជសាស្ត្រ​សម័យទំនើបនៅប្រទេសជប៉ុន។

លោកល្បីដោយសារការរួមចំណែកដ៏ធំធេងក្នុងការស្រាវជ្រាវ និងការពារជំងឺឆ្លង ជាពិសេសការរកឃើញបាក់តេរីដែលបង្កឱ្យកើតជំងឺប៉េស្ត។

លោកក៏បានបង្កើតវិទ្យាស្ថានស្រាវជ្រាវជំងឺឆ្លងឯកជនដំបូងគេនៅជប៉ុនផងដែរ។

ក្រដាសប្រាក់ថ្មីរបស់ជប៉ុនត្រូវបានណែនាំថា មានមុខងារកម្រិតខ្ពស់ជាច្រើន ការប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ពទំនើប ដែលនាំមកនូវបទពិសោធន៍ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់។

ជាមួយនឹងការរចនាដ៏ស្រស់ស្អាត និងបង្កប់នូវវប្បធម៌ជប៉ុន ក្រដាសប្រាក់ថ្មីមិនត្រឹមតែជាមធ្យោបាយទូទាត់ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​វត្ថុ​អនុស្សាវរីយ៍​ពិសេស​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍​ពេល​ដែល​ទៅ​លេង​ជប៉ុន។

រដ្ឋាភិបាល​ជប៉ុន​បានលើកទឹកចិត្ត​ប្រជាជន​កុំប្រញាប់យកក្រដាសប្រាក់ចាស់ទៅប្តូរក្រដាសប្រាក់ថ្មី ព្រោះក្រដាសប្រាក់​ចាស់​នៅ​តែ​អាច​ប្រើ​បាន​តាម​ច្បាប់។

សព្វថ្ងៃនេះ អត្រាប្តូរប្រាក់យ៉េនកំពុងធ្លាក់ចុះ ដូច្នេះហើយ ភ្ញៀវទេសចរណ៍គួរតែពិចារណា​មុន​នឹង​ប្តូរប្រាក់ ដើម្បី​ជៀស​វាង​ការ​ខាត​បង់​នៃ​អត្រា​ប្តូរ​ប្រាក់។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: