ហេតុអ្វីបានជាលេណដ្ឋានការពារនុយក្លេអ៊ែរមិននិយមនៅជប៉ុន?
ក្នុងនាមជាប្រទេសតែមួយគត់នៅលើពិភពលោកធ្លាប់ទទួលរងគ្រាប់បែកបរមាណូ ជប៉ុនប្រហែលជាប្រទេសដែលស្អប់អាវុធនុយក្លេអ៊ែរបំផុតលើពិភពលោក។ ដូច្នេះហើយ ប្រជាជនភាគច្រើនសុទ្ធតែប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ។
ទោះជាយ៉ាងណា ប្រទេសជិតខាងដូចជាកូរ៉េខាងជើងអាចនឹងវាយប្រហារនុយក្លេអ៊ែរមកលើជប៉ុន ហើយទំនាក់ទំនងជាមួយចិន ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរក៏មិនសូវល្អប៉ុន្មានដែរ។
ត្រូវហើយ ជប៉ុនយល់ច្បាស់ពីការគំរាមកំហែងវាយប្រហារនុយក្លេអ៊ែរ។ យ៉ាងណាមិញ អាចនិយាយបានថា នៅជប៉ុនស្ទើរតែមិនមានលេណដ្ឋានការពារនុយក្លេអ៊ែរនោះទេ។
អ្នកដឹងទេថា ហេតុអ្វីបានជាលេណដ្ឋានការពារនុយក្លេអ៊ែរមិននិយមនៅជប៉ុន ទាំងដែលវាពេញនិយមនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដែរទេ?
ចូរយើងស្វែងយល់តាមរយៈអត្ថបទនេះ។
ស្ថានភាពទូទៅនៅបណ្តាប្រទេស
អត្រាប្រើលេណដ្ឋានការពារនុយក្លេអ៊ែរកំពុងកើនឡើងនៅតាមបណ្តាប្រទេសជាច្រើន
- ប្រទេសស្វីស អុីស្រាអែល → ១០០%
- ន័រវេស → ៩៨%
- សហរដ្ឋអាមេរិក → ៨២%
- រុស្ស៊ី → ៨%
- អង់គ្លេស → ៦៧%
យ៉ាងណាមិញ នៅជប៉ុនអត្រានេះត្រឹមតែ ០,០២% ប៉ុណ្ណោះ ដែលស្ទើរតែមិនមានលេណដ្ឋានការពារនុយក្លេអ៊ែរនោះទេ។
តើរថភ្លើងក្រោមដីអាចប្រើជាលេណដ្ឋានការពារដែរទេ?
បណ្តាញរថភ្លើងក្រោមដីនៅប្រទេសជប៉ុន ជាពិសេសក្នុងទីក្រុងធំៗដូចជាទីក្រុងតូក្យូ និងអូសាកាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។
យ៉ាងណាមិញ ទោះបីជាមនុស្សមួយចំនួនជឿថា កន្លែងនេះអាចជាលេណដ្ឋានការពារក្នុងករណីមានអាសន្ន ជាក់ស្តែង រថភ្លើងក្រោមមិនសមនឹងគោលបំណងនេះឡើយ។
រថភ្លើងក្រោមដីខ្វះប្រភពផ្គត់ផ្គង់សំខាន់ៗដូចជាទឹក អាហារ និងថ្នាំពេទ្យ។
ក្រៅពីនេះ រថភ្លើងក្រោមដីក៏មិនមានម៉ាស៊ីនភ្លើង ហើយប្រព័ន្ធខ្យល់ចេញចូលស្រូបយកខ្យល់ខាងក្រៅ។ ដូច្នេះហើយ រថភ្លើងក្រោមដីមិនអាចការពារប្រជាជនពីការគំរាមកំហែងដូចជាអាវុធនុយក្លេអ៊ែរ ឬអាវុធជីវសាស្ត្របានទេ។
ភាពខុសគ្នានៃការគិតប៉ះពាល់ដល់អត្រានិយមលេណដ្ឋានការពារ
នៅបណ្តាប្រទេសលើពិភពលោក និងជប៉ុនមានការព្រួយបារម្ភចំពោះហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរដូចគ្នា។ យ៉ាងណាមិញ ការទស្សន៍ទាយចំពោះផលវិបាកនៃសង្រ្គាមបែរជាមានភាពខុសគ្នាខ្លាំងរវាងកន្លែងទាំងពីរ។
ទស្សនៈរបស់បណ្តាប្រទេសទាក់ទងនឹងករណីកើតមានសង្គ្រាមនុយក្លេអ៊ែរខាងក្រោម។
នៅបណ្តាប្រទេសដែលមានអត្រាប្រើលេណដ្ឋានខ្ពស់ គេបានព្យាករណ៍ថា “ភាគច្រើនមនុស្សជាតិនឹងត្រូវបំផ្លាញ” (មនុស្សមួយចំនួនតូចអាចរស់រានមានជីវិត) ។
យ៉ាងណាមិញ នៅជប៉ុនការព្យាករណ៍សំដៅលើ “មនុស្សជាតិនឹងត្រូវបំផ្លាញទាំងស្រុង” (គ្មាននរណាម្នាក់អាចរស់រានមានជីវិតទេ) ។
ប្រជាជនជប៉ុនជាច្រើនជឿថា ទោះបីជាពួកគេនៅរស់រានមានជីវិតក្នុងលេណដ្ឋានបានប៉ុន្មានឆ្នាំ ក៏ពួកគេមិនអាចរស់បាននៅលើផែនដីដែលកខ្វក់នោះដែរ។ ដូច្នេះហើយ ពួកគេមិនសូវជាចាប់អារម្មណ៍លើការប្រើប្រាស់លេណដ្ឋានដែលប្រៀបដូចជាមធ្យោបាយរស់រានមានជីវិតនោះទេ។
ថ្វីត្បិតតែ សាមូរ៉ៃលែងមាននៅជប៉ុន ប៉ុន្តែទស្សនៈចំពោះសេចក្តីស្លាប់រស់របស់ពួកគេ ស្មារតី “ស្លាប់ដោយភាពសុខសាន្ត” នៅតែដក់ជាប់យ៉ាងជ្រាលជ្រៅចំពោះប្រជាជនជប៉ុន។ ដូច្នេះហើយ ពួកគេមិនខំប្រឹងរស់ដោយភាពអស់សង្ឃឹមត្រឹមប៉ុន្មានឆ្នាំដ៏ខ្លីនោះទេ។
ខ្ញុំមិនប្រាកដថា ការគិតមួយណាត្រឹមត្រូវនោះទេ ប៉ុន្តែដោយផ្ទាល់ខ្ញុំក៏មិនសូវចាប់អារម្មណ៍ចំពោះគំនិតរស់នៅក្នុងលេណដ្ឋានការពារនុយក្លេអ៊ែរឡើយ។ ប្រហែលមកពីខ្ញុំជាជនជាតិជប៉ុន?
ការសាងសង់លេណដ្ឋានការពារនុយក្លេអ៊ែរក៏ចំណាយប្រាក់យ៉ាងច្រើនផងដែរ។
ម្យ៉ាងវិញទៀត ប្រសិនបើយើងគិតដល់ការផ្គត់ផ្គង់សម្រាប់ប្រជាជនទាំងអស់ នោះការចំណាយពិតជាច្រើនណាស់។ តាមគំនិតរបស់ខ្ញុំ ការប្រើប្រាស់ថវិកានោះសម្រាប់លើកកម្ពស់សន្តិភាពពិភពលោក និងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរកុំឱ្យកើតឡើង គឺជាការប្រើប្រាស់ដែលឈ្លាសវៃជាង។ តើអ្នកយល់យ៉ាងណាចំពោះចំណុចនេះ? សូមចែករំលែកប្រាប់ JAPO ផង!
Abe Kengo