Bushido ៥ ៖ សៀវភៅ Hagakure (葉隠) ទស្សនៈជីវិតរបស់សាមូរ៉ៃ
មានសៀវភៅមួយក្បាលដែលគេហៅថា “សាមូរ៉ៃបុរាណ” នោះគឺសៀវភៅ Hagakure ។
ក្នុងអត្តបទថ្ងៃនេះ យើងនឹងនិយាយអំពីការបង្រៀនក្នុងសៀវភៅ Hagakure ទាក់ទងនឹងខ្លឹមសារ និងទស្សនៈជីវិតរបស់សាមូរ៉ៃពិតប្រាកដមួយរូប។
បណ្តុះស្មារតីសាមូរ៉ៃ៖ ឆ្ពោះទៅរក Bushido
គេនិយាយថា អ្វីដែលសំខាន់ចំពោះសាមូរ៉ៃមួយរូបគឺនៅពេលដែលប្រឈមនឹងជម្រើសរវាងសេចក្តីស្លាប់ និងជីវិត ពួកគេនឹងរើសយកសេចក្តីស្លាប់។
សូមរស់នៅយ៉ាងណាឱ្យដូចជាថ្ងៃចុងក្រោយនៃជីវិត ហើយផ្តោតអារម្មណ៍ទាំងមូលទៅលើអ្វីដែលអ្នកត្រូវសម្រេច។
នៅពេលដែលប្រឈមនឹងសេចក្តីស្លាប់ ហើយសញ្ជឹងគិត យើងនឹងមានឳកាសសង្កេតមើលខ្លួនឯងកាន់តែច្បាស់ និងសុីជម្រៅជាងនេះ ដូច្នេះទើបយល់កាន់តែច្បាស់ពីតម្លៃ និងគោលបំណងរស់នៅនៃជីវិតរបស់ខ្លួន។
Bushido ជាមួយនឹងស្មារតីស៊ូស្លាប់ ជម្រុញមនុស្សឱ្យរស់នៅប្រកបដោយភាពក្លាហាន ហ៊ានលះបង់ខ្លួនឯងដើម្បីអ្វីដែលថ្លៃថ្នូរ។
ការដែលយកឈ្នះលើសាមូរ៉ៃមួយរូប (ឬមនុស្ស) ស៊ូប្រយុទ្ធរហូតដល់ស្លាប់គឺជារឿងដែលពិបាកណាស់។
ជំនឿមុតមាំចំពោះខ្លួនឯងគឺជាគន្លឹះដ៏សំខាន់ ជីវិតរស់នៅប្រចាំថ្ងៃដដែលៗនឹងមិនអាចទទួលបានជោគជ័យធំនោះទេ។
ការប្តេជ្ញាចិត្ត និងសកម្មភាពដ៏អស្ចារ្យទើបជាអាថ៌កំបាំងឆ្ពោះទៅរកភាពជោគជ័យ។
នៅពេលដែលប្រឈមនឹងសេចក្តីស្លាប់ មនុស្សនឹងបង្ហាញពីកម្លាំងចង់រស់រានមានជីវិត។
យ៉ាងណាមិញ ការតាំងចិត្តស្លាប់មិនមែនមានន័យថាចង់ស្លាប់នោះទេ ហើយក៏មិនមែនជាទង្វើបំពានដោយមិនគិតពីអ្វីទាំងអស់ដែរ។ ការផ្តោតអារម្មណ៍ខ្ពស់ទៅលើការរស់រានមានជីវិតគឺជារឿងសំខាន់។
ដើម្បីបំពេញបេសកកម្មរបស់ខ្លួន ចូរផ្តោតសំខាន់សម្រេចចំណុចតែមួយ ដោយលុបបំបាត់គំនិតផ្សេងទៀត រួមទាំងជីវិត និងសេចក្តីស្លាប់របស់ខ្លួនផងដែរ។
ដោយសារសេចក្តីស្លាប់តែងតែនៅជិតបង្កើយ ទើបសាមូរ៉ៃអាចរស់នៅយ៉ាងណាឱ្យល្អជារៀងរាល់ថ្ងៃ។
រស់នៅយ៉ាងណាឱ្យល្អគឺជាការរស់នៅដែលយល់ច្បាស់ ប្រុងប្រយ័ត្នចំពោះការគិតគូរ ពាក្យសម្តី និងសកម្មភាព។
ដូច្នេះហើយ កាយវិការ និងពាក្យសម្តីរបស់សាមូរ៉ៃតែងតែសមរម្យ និងថ្លៃថ្នូរ មិនដែលនិយាយពាក្យមិនគប្បីឡើយ។
បច្ចុប្បន្នរស់នៅយ៉ាងណាឱ្យល្អ ផ្តោតកម្លាំងទាំងអស់់លើគ្រប់វិនាទី គ្មានអតីតកាល គ្មានអនាគត នោះហើយជាស្មារតីរបស់សាមូរ៉ៃ។
អនុវត្តស្មារតីរបស់សាមូរ៉ៃក្នុងសម័យសព្វថ្ងៃ
រស់នៅក្នុងសម័យសព្វថ្ងៃ យើងទទួលបានព័ត៌មានជាច្រើនតាមរយៈអុីនធឺណេត។ ព័ត៌មានទាំងនេះអាចនឹងជះឥទ្ធិពល និងធ្វើឱ្យចិត្តរបស់យើងប្រែប្រួល។
ដោយអនុវត្តស្មារតី “រស់នៅយ៉ាងណាឱ្យល្អ” របស់សាមូរ៉ៃក្នុងសម័យសព្វថ្ងៃ អ្នកអាចនឹងទទួលបានភាពជោគជ័យក្នុងការងារ ជីវិតផ្ទាល់ខ្លួន និងគ្រប់ទំនាក់ទំនង។
ប្រសិនបើអ្នកមិនខ្វល់ពីអតីតកាល ដូច្នេះការឈឺចាប់ដែលបង្កឡើងដោយម្នាក់នោះក៏មិនសំខាន់ដែរ។
គ្រាន់តែគិតដល់អាកប្បកិរិយាចំពោះមនុស្សដែលកំពុងនៅជុំវិញខ្លួន យើងនឹងមិនចាំបាច់និយាយកុហក ហើយអាចរស់នៅដោយស្មោះត្រង់ចំពោះខ្លួនឯង។
ចំណុចនេះជួយឱ្យអ្នកសម្រួលដល់ទំនាក់ទំនងទាំងអស់ ធ្វើឱ្យអ្នកកាន់តែងាយយល់ និងកាន់តែទាក់ទាញក្នុងក្រសែភ្នែករបស់មនុស្សគ្រប់គ្នា។
ចូររស់នៅដោយផ្តោតលើស្មារតីសាមូរ៉ៃ ចាប់ពីថ្ងៃនេះ ពេលនេះតទៅ។ ខ្ញុំជឿជាក់ថា ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរច្រើន។
គ្រូបង្រៀនក្បាច់ដាវ Shiden Hiryu
សាលាបង្រៀនក្បាច់ដាវ Shidenryu
Shiden Hiryu