ភ្លេង​ជាតិ​នៃ​ប្រទេស​ជប៉ុន – សំបុត្រ​ស្នេហា​ដ៏​រំភើប​ចិត្ត

បទចម្រៀងជាតិនៃប្រទេសជប៉ុនគឺបទ “Kimigayo” ។

មនុស្សជាច្រើនប្រហែលជាធ្លាប់ឮបទនេះក្នុងការប្រកួតបាល់ទាត់ ឬកីឡាអូឡាំពិក។ បើប្រៀបទៅនឹងភ្លេងជាតិនៅ​ប្រទេស​ផ្សេង​ទៀត បទ “Kimigayo” មាន​​​ភ្លេង​​ខ្លី និង​​ស្រទន់។

មនុស្សតិចណាស់ដែលដឹងថា ដើមឡើយបទចម្រៀងនេះជាសំបុត្រស្នេហា។

(ភាសាជប៉ុន)

君が代は

千代に八千代に

細石の

巌となりて

苔の生すまで

(Romaji)

Kimiga yo wa

Chiyo ni yachiyo ni

Sazare ishino

I wao to narite

Kokeno musu made

(ប្រែថា)

ព្រះរាជវង្សានុវង្សគង់វង្សនៃទ្រង់

សូមព្រះចៅអធិរាជសោយរាជ្យ

រហូតដល់គ្រាប់គ្រួសនៅពេលនេះ

យូរៗទៅភ្ជាប់ទៅជាផ្ទាំងថ្ម

ជាមួយនឹងផ្ទៃបុរាណពោរពេញដោយស្លែ។

បទចម្រៀងបង្ហាញពីអត្តន័យ “អធិរាជគឺជាចំណុចកណ្តាល សូមឲ្យទឹកដីនៃប្រទេសជប៉ុនមានសន្តិភាពជារៀងរហូត​តទៅ” ត្រូវ​បាន​បំផុស​គំនិត​ដោយ​កំណាព្យ​ជប៉ុន​បុរាណ​មួយ​ដែល​មាន​ឈ្មោះ​ថា “Waka” ។

កំណាព្យនេះស្ថិតនៅក្នុងបណ្តុំកំណាព្យ “Kokinshu” (古今和歌集 – Kokin Wakashū) ត្រូវបានចងក្រងនៅសតវត្សរ៍​ទី ១០ ។

ដោយគ្រាន់តែប្តូរពី “我が君は” (Waga kimi wa) ទៅជា “君が代は” (Kimiga yowa) បទចម្រៀងបានក្លាយជាភ្លេងជាតិជប៉ុន។

ពាក្យ “我が君” មានន័យថា “មនុស្សដែលខ្ញុំស្រលាញ់” បង្ហាញពីក្តីស្រលាញ់ចំពោះមនុស្សដែលខ្លួនស្រលាញ់។

បកប្រែជាភាសាសម័យសព្វថ្ងៃ ប្រយោគនេះមានន័យថា “សង្ឃឹមថាមនុស្សដែលខ្ញុំស្រលាញ់នឹងស្ថិតស្ថេរជារៀងរហូត”

ទាំងនេះពិតជាសំបុត្រស្នេហាមែន យ៉ាង​ណា​មិញ បទចម្រៀងដែលបង្កប់សំបុត្រស្នេហាមាន​បរិបទមួយ​កាន់​តែ​ស៊ី​ជម្រៅ​ជាង​នេះ។

ក្នុងទេវកថាជប៉ុន អាទិទេពប្រុសដំបូងដែលប្រសូត្រគឺ Izanagi ហើយអាទិទេពស្រីដំបូងដែលប្រសូត្រគឺ Izanami ។ ដូច្នេះ​ពាក្យ “ki” (き) តែង​ប្រើ​សម្រាប់​សំដៅ​លើ​បុរស ចំណែក​ឯ​ពាក្យ “mi” (み) តែង​ប្រើ​សម្រាប់​សំដៅ​លើ​​ស្រ្តី។

នៅពេលដែលយើងយល់ពីចំណុចនេះ បទចម្រៀងបានក្លាយទៅជាការបួងសួងសម្រាប់អាយុវែង និងសុភមង្គលរបស់​មនុស្ស​គ្រប់​រូប​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន ទាំង​បុរស និង​ស្ត្រី។

ក្រៅពីនេះ មានទ្រឹស្តីមួយបានលើកឡើងថា ទំនុកច្រៀងនៃភ្លេងជាតិជប៉ុន Kimigayo មានប្រភពមកពីភា​សា​ហេព្រើរ​បុរាណ។ ដូច្នេះ​ ប្រភព​​ពិត​​​ប្រាកដ​​​នៃ​​​បទ​​​ចម្រៀង​​នៅ​​មិន​​ទាន់​ច្បាស់​ឡើយ។

យ៉ាងណាមិញ តើអ្នកធ្លាប់គិតទេថាកាន់តែស្រស់ស្អាតបើយើងចាត់ទុកបទចម្រៀងនេះជាសំបុត្រស្នេហាដែលត្រូវបាន​ដំឡើង​ទៅ​ជា​ភ្លេង​ជាតិ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: