ប្រាសាទ​អាថ៍កំបាំង​នៅ​ជប៉ុន – តើ​អ្នក​ជា​មនុស្ស​ដែល​ទេវតា​បាន​ជ្រើស​រើស​ដែរ​ទេ?

ប្រាសាទទីសក្ការៈបូជានៅទូទាំងប្រទេសជប៉ុនជាទីកន្លែងដែលគ្រប់គ្នាអាចទៅទស្សនា ដោយមិនបែងចែកសាសនា ពូជ​សាសន៍ ឬ​ភេទ​នោះ​ឡើយ។

យ៉ាង​ណា​មិញ តើ​អ្នក​ដឹង​ទេ​ថា​មានប្រាសាទមួយចំនួន “មានតែអ្នកដែលត្រូវបានទេវតាកោះហៅប៉ុណ្ណោះទើបអាចទៅ​​បាន​​ដែរ​​ទេ?”

នោះគឺប្រាសាទ Tamaki នៅខេត្ត Nara ដែលយើងនឹងណែនាំក្នុងអត្តបទថ្ងៃនេះ។

ប្រាសាទ Tamaki ស្ថិតនៅលើព្រំប្រទល់រវាងខេត្ត Nara និងខេត្ត Wakayama ។

ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​ភ្នំ ដូច្នេះ​ការ​ធ្វើ​ចរាចរណ៍​មាន​ការ​លំបាកណាស់។

ត្រូវចំណាយពេល ១២០ នាទីជិះឡានក្រុងពីស្ថានីយ៍ដែលនៅជិតបំផុត និងប្រហែល ៤ ម៉ោងបើកឡានពីស្ថានីយ៍ Shin-Osaka ជា​កន្លែង​ដែល​មាន​រថភ្លើង Shinkansen ឈប់។

ទោះជាយ៉ាងណា បញ្ហាមិនស្ថិតលើការធ្វើដំណើរពិបាកនោះទេ។ បញ្ហាត្រង់ថា អ្នកមិនអាចទៅកាន់ប្រាសាទនេះបាន​ទេ ទោះ​បី​ជា​អ្នក​ចង់​ទៅ​ក៏​ដោយ។

ប្រាសាទដែលមានតែប្រជាជនចំនួន ១០% ប៉ុណ្ណោះដែលអាចទៅបាន

បានស្តាប់រឿងទាំងនេះ អ្នកប្រាកដជាចង់ទៅកន្លែងនេះមែនទេ? 

នៅសម័យ​សព្វថ្ងៃ ការដឹកជញ្ជូនមានការរីកចម្រើនយ៉ាងខ្លាំង យានជំនិះក៏ពេញនិយម ហើយថែមទាំងមានឡានក្រុង​ទៅ​ដល់​ទី​នោះ​ផង​ដែរ។

ដូច្នេះហើយ គ្រប់គ្នាគិតថា ឲ្យតែខំប្រឹងគឺអាចទៅដល់ទីនោះបាន។ យ៉ាងណាមិញ មានតែប្រជាជនចំនួន ១០% ប៉ុណ្ណោះ​ដែល​អាច​រក​ឃើញ​កន្លែង​នេះ ព្រោះ​តែ​មាន​អព្ភូត​ហេតុ​មួយ​ចំនួន​កើត​ឡើង។

ឧទាហរណ៍មួយចំនួនដែលបានកើតឡើងចំពោះបុគ្គលដែលមិនអាចរកឃើញប្រាសាទខាងក្រោម៖

  • មានរឿងសំខាន់នៅថ្ងៃដែលគ្រោងទៅកាន់ប្រាសាទ
  • ប្រព័ន្ធកំណត់ទីតាំង GPS នៅលើរថយន្តស្រាប់តែខូច
  • នៅតាមផ្លូវ មានបញ្ហាបាក់ដីដែលបណ្តាលឲ្យផ្លូវត្រូវបិទ
  • មានអារម្មណ៍ថាមិនស្រួលខ្លួន ដូច្នេះមិនអាចទៅបាន។

——————–

គេនិយាយថា អ្នកដែលរកឃើញប្រាសាទនេះនឹងមានការផ្លាស់ប្តូរធំក្នុងជីវិត ដូច្នេះខ្ញុំពិតជាចង់​ទៅ​កាន់​ប្រាសាទនេះ​ណាស់។

ប្រហែល​ជា​ខ្ញុំ​នឹង​ជឿ​លើពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ ប្រសិន​បើ​ខ្ញុំ​ពិត​ជាបានទៅដល់ប្រាសាទ។

តើប្រាសាទនេះមានអ្វីពិសេស?

ភ្នំ Tamaki ជាកន្លែងដែលមានប្រាសាទ Tamaki ដែលគេចាត់ទុកជាភ្នំដ៏ពិសិដ្ឋមួយ។

ជាយូរមកហើយ ប្រាសាទនេះបានទាក់ទាញព្រះសង្ឃជាច្រើនមកធ្វើធម្មយាត្រា ហើយក៏ធ្លាប់មានបុគ្គលដែលសំខាន់ៗក្នុងព្រះពុទ្ធសាសនា និង Shinto ជប៉ុនមកកាន់ទីនេះផងដែរ។

គេតំណាលថា ពួកគេទទួលបានប្រភពថាមពលដ៏អស្ចារ្យខាងព្រលឹងវិញ្ញាណនៅទីនេះ។

ម្យ៉ាងវិញទៀត ប្រាសាទ Tamaki ថែមទាំងត្រូវបានគេចាត់ទុកថា មានអាយុកាលតាំងពីឆ្នាំ ៣៧ មុនគ.ស ហើយជា​ប្រាសាទ​បុរាណ​ដែល​មាន​ប្រវត្តិ​ដ៏​យូរ​លង់។

មតិយោបល់របស់អ្នកដែលបានដល់ទៅប្រាសាទ

ដោយសារនៅទីនេះជាប្រាសាទ ដូច្នេះអ្នកត្រូវឆ្លងកាត់ច្រកទ្វារ Torii ហើយមិនថាអាកាសធាតុកក់ក្តៅក៏ដោយ អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​ត្រជាក់​នៅ​មុខ​ទ្វារ Torii ។

សូម្បីតែថ្ងៃដែលមិនមានភ្លៀង នៅពេលដែលថតរូប មនុស្សជាច្រើននិយាយថា មើលទៅដូចជាមានអ័ព្ទព័ទ្ធជុំវិញ។

ប្រហែល​ដោយសារតែអារម្មណ៍ “បានទៅដល់កន្លែងដែលមិនអាចទៅ” ធ្វើឲ្យពួកគេមានអារម្មណ៍បែបនេះ យ៉ាង​ណា​មិញ មនុស្ស​ជា​ច្រើន​និយាយ​ថា ទទួល​បាន​បទ​ពិសោធ​ចម្លែក​មិន​ធ្លាប់​មាន។

រំលឹកដល់ប្រាសាទទីសក្ការៈបូជា យើងតែងតែគិតដល់ Shinto ។

ដូច្នេះមិនអាចនិយយាថា មនុស្ស​អាក្រក់មិន​អាច​ទៅ​ដល់​ប្រាសាទ​បាន​ទេ។

ដូច្នេះហើយ តើចំណុចខុសគ្នារវាងអ្នក​ដែល​អាច​ទៅ​ដល់​ប្រាសាទ​នេះ​បាន និងអ្នកដែលមិនអាចទៅបានជាអ្វី?

នៅពេលដែលគិតដល់រឿងនេះ ខ្ញុំគិតថា មានកត្តាតែមួយគត់ប៉ុណ្ណោះគឺថា “តើបុគ្គលរូបនោះត្រូវបានទេវតាជ្រើស​រើស​ដែរទេ” ។

ប្រសិនបើអ្នកមានឱកាសទៅកាន់តំបន់ Kansai ក្នុងប្រទេសជប៉ុន ហេតុ​អ្វីបានជាអ្នកមិនសាកល្បងទៅកាន់ប្រាសាទ​មួយ​នេះ?

បើគិតតាមគំនិតវិជ្ជមាន ប្រសិនបើអ្នកអាចទៅដល់ទីនេះ ប្រហែលនេះជាសញ្ញាបង្ហាញថា ការផ្លាស់ប្តូរធំក្នុងជីវិតរបស់​អ្នក​ជិត​មក​ដល់​ហើយ។

មិនថាអ្នកជឿ​ ឬមិនជឿនោះទេ ខ្ញុំជឿថា នេះជាប្រាសាទដែលអ្នកនឹងមិនសោកស្តាយ​ពេល​បាន​ទៅមើលឡើយ។ សូម​អញ្ជើញ​មក​កាន់​ទីនេះ ហើយ​ទទួល​យក​បទ​ពិសោធន៍​ដោយ​ខ្លួន​អ្នក​ផ្ទាល់។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: