ស្មារតី Bushido (ភាគ ៤)
អ្នកប្រាកដជាធ្លាប់ឆ្ងល់ចង់ដឹងអំពីជីវិតនៃកំពូលសាមូរ៉ៃ – ដែលជាអ្នកចម្បាំងដ៏ក្លាហាន និងស្មោះត្រង់នៅប្រទេសជប៉ុន។
ដូច្នេះចូរយើងបន្តស្វែងយល់អំពីជីវិតរបស់សាមូរ៉ៃ ហើយស្វែងយល់ពីចំណុចខុសគ្នារវាងជីវិតរបស់ពួកគេ និងជីវិតរបស់យើងសព្វថ្ងៃតាមរយៈអត្ថបទនេះ។
នៅសម័យ Edo គឺជាសម័យកាលចុងក្រោយរបស់សាមូរ៉ៃ។ នេះជាអំឡុងពេលនៃសន្តិភាពដែលមានរយៈពេលប្រហែល ២៦០ ឆ្នាំ ដោយមិនមានសង្គ្រាមធំកើតឡើងឡើយ។
យើងអាចស្វែងយល់អំពីជីវិតរបស់សាមូរ៉ៃក្នុងអំឡុងពេលនេះតាមរយៈកំណត់ហេតុដែលពួកគេបានបន្សល់ទុក។
សាមូរ៉ៃក្រោកពីគេងនៅម៉ោង ៤ ព្រឹក ហើយមិនដែលធ្វេសប្រហែសលើការហ្វឹកហាត់នោះទេ។ ពួកគេហ្វឹកហាត់ដាវឈើចំនួន ១០០០ ដង បន្ទាប់មកងូតទឹកត្រជាក់មិនថារដូវណាក៏ដោយ ដើម្បីហ្វឹកហាត់ទាំងផ្លូវកាយ និងស្មារតី ពិតជាអស្ចារ្យណាស់។
បន្ទាប់ពីហ្វឹកហាត់រួច ពួកគេនឹងរៀបចំខ្លួនប្រាណឲ្យបានស្អាតបាត។ ប្រាកដណាស់ គ្រប់គ្នាដឹងហើយថា ស្ទីលម៉ូដសក់ពិសេសរបស់សាមូរ៉ៃគឺ chonmage ហើយនេះជាចំណុចសំខាន់ក្នុងការបង្កើតរូបរាងផ្ទាល់ខ្លួន ពួកគេក៏កោរសក់ផ្នែកខាងមុខយ៉ាងប្រុងប្រយ័ត្នជារៀងរាល់ថ្ងៃផងដែរ។
បន្ទាប់មកទៀត គឺជាពេលវេលាសមាធិ។ សមាធិ ឬគេហៅថា Zen ដូចដែលគ្រប់គ្នាបានដឹង ត្រូវបានគេចាត់ជាវិធីសាស្ត្រហ្វឹកហាត់យ៉ាងមានប្រសិទ្ធភាព ដើម្បីរក្សាលំនឹងចិត្ត ហើយប្រឈមមុខនឹងខ្លួនឯង។
ក្រោយពេលធ្វើសមាធិ ទើបពួកគេចាប់ផ្តើមបរិភោគអាហារពេលព្រឹក។
របបអាហាររបស់សាមូរ៉ៃមានភាពសាមញ្ញណាស់។ បើប្រៀបធៀបទៅនឹងប្រជាជនធម្មតាជាទូទៅបរិភោគមី soba ស៊ូស៊ី អន្ទង់ ។ល។ ចំណែកឯអាហាររបស់សាមូរ៉ៃភាគច្រើនមានតែបាយសពេញមួយចាន បន្លែជ្រក់ និងស៊ុប miso ប៉ុណ្ណោះ។
ទាំងនេះគឺជាទម្លាប់ពេលព្រឹករបស់សាមូរ៉ៃចាប់ពីម៉ោង ៤ ដល់ម៉ោង ៨ ព្រឹក។
សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ពួកគេគ្រាន់តែបន្ថែមមុខម្ហូបស្ងោរ និងត្រីអាំងជាដើម។ យ៉ាងណាមិញ ភាគច្រើននៅតែបរិភោគបាយសច្រើនដើម្បីឆ្អែត។
បន្ទាប់មក ពួកគេទៅកន្លែងធ្វើការដើម្បីបំពេញភារកិច្ច។ នៅសម័យសន្តិភាព ការប្រយុទ្ធមិនមែនជាតួនាទីរបស់សាមូរ៉ៃនោះទេ ពួកគេទទួលខុសត្រូវការងារជាច្រើន។ បុគ្គលម្នាក់ៗមានមុខតំណែងរៀងខ្លួន ការងារសំខាន់មានដូចជា កត់ត្រានយោបាយ អនុវត្តពិធី យាម និងសម្អាត។
រហូតដល់ម៉ោង ១៨ ពួកគេបញ្ចប់ការងារ ហើយត្រឡប់ទៅផ្ទះបរិភោគអាហារពេលល្ងាច។ ដូចដែលបានរៀបរាប់ខាងលើ អាហារពេលល្ងាចរបស់ពួកគេសាមញ្ញណាស់។
ហើយនៅពេលយប់ ក្រោយពេលបាយល្ងាច ពួកគេត្រូវចំណាយពេលរៀនសូត្រ។
សាមូរ៉ៃត្រូវមានទាំង “ចំណេះ និងក្បាច់គុន” ដែលមានន័យថា ពួកគេត្រូវហ្វឹកហាត់ទាំងរាងកាយ និងជំនាញដាវផងដែរ ម្យ៉ាងវិញទៀត ត្រូវរៀនគណិតវិទ្យា អក្សរសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត។
ជាទូទៅពួកគេចូលគេងនៅម៉ោង ២២ យប់។ ការដែលពួកគេចូលគេងយឺតនៅសម័យដែលមិនទាន់មានភ្លើងអាចនឹងធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។
នេះជាទម្លាប់ប្រចាំថ្ងៃរបស់សាមូរ៉ៃនៅសម័យ Edo ។
ថ្វីត្បិតតែ មមាញឹកនឹងការងារ និងការហ្វឹកហាត់ ក៏សាមូរ៉ៃមានថ្ងៃសម្រាកដែរ។ នៅថ្ងៃសម្រាក ពួកគេតែងតែចូលរួមសកម្មភាពកម្សាន្តដូចជាមើលល្ខោន Noh ល្ខោន Kabuki ឬពិធីបុណ្យនៅប្រាសាទ។
ទោះជាយ៉ាងណា សាមូរ៉ៃតែងតែត្រូវហាមមិនឲ្យចូលរួមពិធីបុណ្យប្រពៃណីដែលពួកគេចូលចិត្ត។
ក្រៅពីនេះ ស្ទូចត្រីគឺជាការកម្សាន្តដែលសាមូរ៉ៃនិយមចូលចិត្តបំផុត។ ស្ទូចត្រីជួយឲ្យចិត្តស្ងប់ស្ងាត់ និងការផ្តោតអារម្មណ៍ខ្ពស់ ដែលគេចាត់ទុកជាវិធីសាស្រ្តសម្រាប់បណ្តុះបណ្តាលខ្លួនឯង។ អាចនិយាយបានថា ស្ទូចត្រីមានទំនាក់ទំនងស្និទ្ធស្នាលនឹងទស្សនវិជ្ជា Zen ។
តើអ្នកយល់ថាកាលវិភាគពេញមួយថ្ងៃរបស់សាមូរ៉ៃដូចម្តេចដែរ? ពួកគេតែងតែហ្វឹកហាត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ប្រហែលជាអ្នកនឹងភ្ញាក់ផ្អើលពេលដឹងថា ពួកគេចំណាយពេលច្រើនសម្រាប់បណ្តុះបណ្តាលខ្លួនឯង ហើយហ្វឹកហាត់ស្មារតី។
ទោះបីជាមានឋានៈខ្ពស់ជាងប្រជាជនធម្មតា សាមូរ៉ៃនៅតែរស់នៅបែបសាមញ្ញ។ ស្មារតីស្មោះត្រង់ចំពោះផ្នត់គំនិតសាមូរ៉ៃរបស់ពួកគេ ជាអ្វីដែលយើងស្ទើរតែមិនអាចរៀន និងយកតម្រាប់បាន។
ដូច្នេះតើជីវិតសព្វថ្ងៃរបស់អ្នកយ៉ាងម៉េចដែរ?
ដោយសារភាពមមាញឹកនៃសង្គមសម័យសព្វថ្ងៃ យើងគួរតែរៀនសូត្រតាមស្មារតី Bushido ហើយយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីបណ្តុះបណ្តាលខ្លួនឯងទាំងផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះអាចលើកតម្កើងតម្លៃរបស់មនុស្ស។
គ្រូបង្រៀនក្បាច់ដាវ Shiden Hiryu នៃសាលា Shidenryu