Miso មានអត្ថប្រយោជន៍ល្អចំពោះសុខភាព ហើយជារូបមន្តចម្អិនមុខម្ហូបយ៉ាងពិសេស
Miso ត្រូវបានគេប្រើច្រើនក្នុងមុខម្ហូបជប៉ុនមានដូចជា ស៊ុបមីសូ មីរ៉ាមេនមីសូជាដើម។
ថ្វីត្បិតតែ មើលទៅមិនមានភាពទាក់ទាញ ប៉ុន្តែ miso ត្រូវបានគេចាត់ទុកថាល្អចំពោះសុខភាព និងកំពុងទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោក។
នៅថ្ងៃនេះ ចូរយើងស្វែងយល់អំពីអត្ថប្រយោជន៍របស់ miso ចំពោះសុខភាព។
គ្រឿងផ្សំ miso
Miso ជាប្រភេទគ្រឿងទេសខាប់ ដែលត្រូវបានធ្វើឲ្យឡើងជូរ ហើយផ្អាប់នឹងសណ្តែកសៀងចំហុយ ឬដាំឆ្អិនជាមួយ Koji និងអំបិល។
Koji គឺជាគ្រឿងផ្សំសំខាន់មួយសម្រាប់ធ្វើ miso ។ នេះជាផលិតផលដែលប្រើអង្ករ ស្រូវបាឡេ ឬសណ្តែកសៀងធ្វើឲ្យឡើងជូរ។
Miso មានប្រភពមកពីប្រទេសចិន គឺជាផលិតផលអំបិលសណ្តែកសៀងដែលត្រូវបាននាំចូលជប៉ុន ហើយផ្លាស់ប្តូរក្លាយទៅជាទម្រង់ដូចសព្វថ្ងៃ។
ទោះបីជាប្រទេសកូរ៉េក៏មានមុខម្ហូបស្រដៀងគ្នា ប៉ុន្តែរបៀបចម្អិនខុសគ្នា ដូច្នេះត្រូវបានគេចាត់ទុកថាជាមុខម្ហូបដាច់ដោយឡែក។
អត្ថប្រយោជន៍របស់ Miso
Miso មានផ្ទុកជាតិសរសៃច្រើន ដូច្នេះជួយសម្រួលដល់ចលនាពោះវៀន និងគ្រប់គ្រងស្ថានភាពពោះវៀន។
ក្រៅពីនេះ miso ថែមទាំងមានមុខងារកម្ចាត់ជាតិស្ករ ខ្លាញ់ និងសូដ្យូមដែលលើសចេញពីរាងកាយ ដូច្នេះអាចជួយគ្រប់គ្រងជាតិស្ករ និងសម្ពាធឈាម។
សណ្តែកសៀង – គ្រឿងផ្សំសំខាន់របស់ miso – មានផ្ទុកសារធាតុ lecithin ច្រើន ដែលជួយទប់ស្កាត់ការស្រូបយកកូឡេស្តេរ៉ុល ពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្ការជំងឺសរសៃឈាមបេះដូង។
Miso ថែមទាំងត្រូវបានគេចាត់ទុកជាកំណប់អាហារូបត្ថម្ភ ជាមួយនឹងវីតាមីន B1, B2, B6, B12, E, ជាតិដែក និងម៉ាញ៉េស្យូមផងដែរ។
ជាយូរណាស់មកហើយ Miso ត្រូវបានប្រជាជនជប៉ុនចាត់ទុកជា “គ្រូពេទ្យតាមផ្ទះ” ព្រោះតែអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាព។
របៀបបរិភោគ Miso មានច្រើន និងសម្បូរបែប
តើអ្នកមិនបានចម្អិនមុខម្ហូបជប៉ុននៅផ្ទះញឹកញាប់ឬ?
សូមកុំបារម្ភ Miso មិនមែនសម្រាប់តែមុខម្ហូបជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែអាចរួមផ្សំជាមួយនឹងឈីស ក្រែម និងគ្រឿងផ្សំជាច្រើនទៀត បង្កើតបានជាមុខម្ហូបឆ្ងាញ់ជាច្រើន។
សូមក្រឡេកមើលរូបមន្តដែលខ្ញុំចូលចិត្តមួយចំនួនខាងក្រោម៖
មុខម្ហូប hamburger miso
នៅពេលដែលចម្អិនសាច់ Hamburger ជំនួសឲ្យការដាក់អំបិល គ្រប់គ្នាអាចបន្ថែម miso ។
ក្លិនឈ្ងុយរបស់ miso សាយភាយធ្វើឲ្យមុខម្ហូបកាន់តែឆ្ងាញ់។
ដើម្បីធ្វើឲ្យបន្ទះសាច់ Hamburger កាន់តែទាក់ទាញ អ្នកអាចរួមបញ្ចូលជាមួយនឹងទឹកជ្រលក់ miso ។ របៀបធ្វើងាយៗ៖ លាយ miso ស្រាសម្រាប់ចម្អិនម្ហូប និង mirin តាមបរិមាណ ១ៈ១ៈ១ បន្ថែមស្ករបន្តិចជាការស្រេច។
មីអុីតាលី Miso Carbonara
ស្រដៀងនឹង Hamburger ដែរ យើងប្រើ miso ជំនួសឲ្យអំបិលដែលដាក់ក្នុងមី Carbonara ។
ថ្វីត្បិតតែ ជាទូទៅមី Carbonara ចម្អិនជាមួយក្រែម ប៉ុន្តែការរួមបញ្ចូលគ្នារវាងក្រែម និង miso ក៏ពិសេសណាស់ដែរ។
ស៊ុបពោត miso
ស្រដៀង Hamburger និងមី Carbonara យើងក៏ជំនួសអំបិលដោយ miso ក្នុងស៊ុបពោតនេះដែរ។ បន្ទាប់ពីភ្លក់រសជាតិផ្អែមនៃស៊ុបពោត រសជាតិ miso នឹងសាយភាយក្នុងមាត់ បង្កើតជាអារម្មណ៍ពិសេសទាក់ទាញបំផុត។
ការដែលប្រើ miso ជំនួសអំបិលបែបនេះនឹងបង្កើតរសជាតិដល់មុខម្ហូប។ សូមសាកល្បងរូបមន្តនេះជាមួយនឹងមុខម្ហូបផ្សេងទៀត ហើយសង្ឃឹមថា អ្នកនឹងទទួលបានបទពិសោធរីករាយនៃមុខម្ហូប និងល្អចំពោះសុខភាព។
ទោះជាយ៉ាងណា សូមកត់សម្គាល់ចំណុចសំខាន់មួយ។
នៅពេលដែលចម្អិនម្ហូប ប្រសិនបើដាំឲ្យពុះនឹងបាត់បង់រសជាតិពិសេសរបស់វា។ ដូច្នេះ បន្ទាប់ពីដាក់ miso ចូលមុខម្ហូប សូមបន្ថយភ្លើង ហើយកុំដាំឲ្យពុះ ដើម្បីធានាថាអាចរក្សារសជាតិឆ្ងាញ់។
Miso គឺជាគ្រឿងផ្សំចម្រុះ និងពិសេស អាចរួមបញ្ចូលនឹងមុខម្ហូបជាច្រើន។ អ្នកអាចស្វែងយល់ ហើយច្នៃមុខម្ហូបជាមួយនឹង miso ។
ជាពិសេស អ្នកអាចសាកល្បងប្រើ miso ដើម្បីបង្កើតរសជាតិថ្មីសម្រាប់មុខម្ហូបប្រពៃណីនៃប្រទេសរបស់អ្នក។
Abe Kengo