ហេតុអ្វីបានជាសាមូរ៉ៃមិនប្រើខែលសម្រាប់ការពារខ្លួន?
ខ្ញុំគិតថា ចំណុចដែលខុសគ្នាធំបំផុតរវាងអ្នកប្រយុទ្ធជិះសេះលោកខាងលិច និងសាមូរ៉ៃជប៉ុនស្ថិតលើការប្រើខែល។
ក្រៅពីនេះ យន្តហោះចម្បាំងជាច្រើនដែលផលិតដោយជប៉ុនកំឡុងសង្គ្រាមលោកលើកទី ២ មិនសូវផ្តោតលើការការពារនោះទេ។
ចូរយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តសង្រ្គាមរបស់ជប៉ុន។
ដំបូងឡើយ ប្រជាជនជប៉ុនប្រើខែលការពារ
យោងតាមកំណត់ត្រា មុនពេលដែលមានវត្តមានរបស់សាមូរ៉ៃ ប្រជាជនជប៉ុនបានប្រើខែលទៅហើយ។
ប្រហែលនៅសតវត្សរ៍ទី ៣ មុនគ្រឹស្តសករាជ ពួកគេមានខែលសំខាន់ចំនួន ២ ប្រភេទគឺ “ខែលកាន់ដៃ” (持ち盾 – mochidate) តូចល្មម កាន់ដោយដៃម្ខាង និង “ខែលបញ្ឈរ” (置き盾 – okidate) ធំទុកសម្រាប់ដាក់នៅសមរភូមិ។ ដំបូងឡើយ ខែលត្រូវបានធ្វើពីឈើ ហើយក្រោយមកត្រូវបានរុំដោយស្បែកដើម្បីបង្កើតជា “ខែលស្បែក” (革盾- kawadate) ។
ប្រហែលដល់សតវត្សរ៍ទី ៥ ទើបមានខែលដែក
ខែលបញ្ឈរនៅតែត្រូវបានបន្តប្រើប្រាស់ ប៉ុន្តែក្រោយមក ខែលកាន់ដៃលែងឃើញទៀត។
ការនិយមប្រើប្រាស់សេះ និងធ្នូបានផ្លាស់ប្តូរវិធីសាស្រ្តប្រយុទ្ធ
ចូលដល់សម័យសាមូរ៉ៃ ពួកគេចាប់ផ្តើមជិះសេះ ហើយអាវុធសំខាន់គឺធ្នូ និងព្រួញ។
ដោយសារតែប្រើប្រាស់ធ្នូដោយដៃទាំងពីរ ដូច្នេះពួកគេមិនអាចកាន់ខែលបាននោះទេ។
ម្យ៉ាងវិញទៀត នៅពេលដែលជិះសេះ ពួកគេមិនអាចប្រើដាវ Katana ជប៉ុនសម្រាប់វាយប្រហារសត្រូវនោះទេ ប៉ុន្តែប្រើអាវុធមួយប្រភេទហៅថា Naginata (薙刀) ។
Naginata គឺជាអាវុធដែលរួមបញ្ចូលគ្នារវាងដាវ katana ខ្លីមួយភ្ជាប់ទៅនឹងចុងដំបងវែង។ មិនដូចជាលំពែងនោះទេ Naginata មិនប្រើសម្រាប់ចាក់ឡើយ ប៉ុន្តែប្រើសម្រាប់កាត់។
Naginata ក៏ជាអាវុធដែលប្រើដោយដៃទាំងពីរផងដែរ។
ដូច្នេះហើយ ពួកគេមិនអាចយកខែលតាមដូចរាល់ដងទៀតឡើយ។
តើ Katana អាចប្រើជាខែលដែរទេ?
នៅជប៉ុន ទស្សនៈការពារដោយប្រើអាវុធចាប់ផ្តើមលេចឡើង។
នោះគឺជាជំនាញ “受け流し” (Uke Nagashi) ។ ដែលជាសិល្បៈទប់ទល់នឹងការវាយប្រហារ បង្វែរដាវរបស់សត្រូវទៅកាន់ទិសដៅមួយផ្សេង។
ដាវ Katana ជប៉ុនមុតស្រួចម្ខាងប៉ុណ្ណោះ ចំណែកម្ខាងទៀតត្រូវបានរចនាឡើងក្រាសជាង។
ត្រង់កន្លែងដែលក្រាសបំផុតនៃដាវគេហៅថា “shinogi” (鎬) ។ ជាកន្លែងដែលប្រើសម្រាប់ទប់ទល់នឹងការវាយប្រហាររបស់សត្រូវ។
ថ្វីត្បិតតែ អាចនិយាយបានថាមានប្រសិទ្ធភាព ប៉ុន្តែការប្រើដាវជប៉ុនដែលស្តើងតម្រូវឲ្យមានជំនាញខ្ពស់ ព្រោះបើមិនទ្រទប់ទល់បានល្អ ដាវអាចនឹងកោង។
នេះជាជំនាញដែលពិសេសមួយ។
យន្តហោះចម្បាំងក៏មិនមានការការពារឬ?
Zero គឺជាយន្តហោះចម្បាំងដ៏ល្បីមួយអំឡុងសង្គ្រាមលោកលើកទី ២ ។
ក៏ដូចជាយន្តហោះចម្បាំងដទៃទៀតផ្តោតលើកម្លាំងវាយប្រហារជាជាងការពារ ប៉ុន្តែ Zero ត្រូវបានរចនាឡើងខុសទាំងស្រុងបើប្រៀបទៅនឹងប្រទេសផ្សេងទៀត។
យន្តហោះចម្បាំងនៃបណ្តាប្រទេសផ្សេងការពារកាប៊ីនយន្ដហោះដោយប្រើខែលដ៏រឹងមាំដើម្បីការពារអ្នកបើកបរ ប៉ុន្តែចំណុចនេះធ្វើឲ្យទម្ងន់របស់យន្តហោះកើនឡើងច្រើន។
យន្តហោះចម្បាំង Zero ជប៉ុនមិនប្រើស្រទាប់ការពារនោះទេ ដូច្នេះតួយន្តហោះមានទម្ងន់ស្រាលជាង ដែលជួយឲ្យការហោះហើរបានឆ្ងាយ ហើយអាចហោះហើរបានលឿនជាង។
នៅពេលដែលវាបង្ហាញខ្លួនដំបូង យោធាអាមេរិកហាក់បីដូចជាពិបាកក្នុងការទប់ទល់ជាមួយវា។
ទោះបីជាមនុស្សមួយចំនួននិយាយថា Zero មិនបានការពារអ្នកបើកយន្តហោះ ប៉ុន្តែវិធីសាស្រ្តការពាររបស់ជប៉ុនមានភាពខុសគ្នា។
តាមទស្សនៈនេះ ឲ្យតែយន្តហោះមានភាពបត់បែនខ្ពស់ អាចជៀសផុតរាល់ការវាយប្រហារ ដូច្នេះមិនចាំបាច់បំពាក់សម្ភារការពារច្រើននោះទេ។
ចំណុចដែលសំខាន់គឺផលិតយន្តហោះដែលអាចវាយប្រហារសត្រូវមុនពេលត្រូវគេវាយប្រហារ។
វិធីសាស្រ្តការពាររបស់ជប៉ុនក៏ត្រូវបានលើកឡើងក្នុងសុភាសិតផងដែរ។
នេះជាសុភាសិតជប៉ុនមួយចំនួនដែលបង្ហាញពីចំណុចនេះ៖
១. វាយប្រហារមុនទើបឈ្នះ
វាយប្រហារមុនប្រាកដជាយកឈ្នះ
២. វាយប្រហារមុនទើបជាវិធីសាស្រ្តល្អ
វាយប្រហារគឺជាការការពារដែលល្អបំផុត
គួរឲ្យស្តាយ សព្វថ្ងៃសេដ្ឋកិច្ចជប៉ុនកំពុងស្ថិតក្រោមស្ថានភាពការពារ។
ប្រជាជនជប៉ុនមិនពូកែខាងផ្នែកការពារនោះទេ ដូច្នេះខ្ញុំសង្ឃឹមថា ពួកគេប្តូរទៅរកជំហរវាយលុកដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។
Abe Kengo