អាថ៌កំបាំងដែលគេចាត់ទុកទាហានជប៉ុនថា “អមតៈ” តួអង្គ Anime ដ៏អស្ចារ្យ
តើអ្នកធ្លាប់បានមើល Manga/Anime “Golden Kamuy” ដែរទេ?
តួអង្គឯក Sugimoto ក្នុងរឿងនេះយកតាមរឿងពិតរបស់ទាហានជប៉ុនម្នាក់មានឈ្មោះថា Funasaka Hiroshi ។
ចូរយើងស្វែងយល់រឿងរ៉ាវដែលលើសពីសមត្ថភាពរបស់មនុស្សម្នាក់តាមរយៈអត្តបទនេះ។
ម្នាក់ឯងកម្ចាត់ទាហានអាមេរិកជាង ១០០ នាក់
ទីកន្លែងប្រយុទ្ធរបស់គាត់ស្ថិតនៅលើកោះតូចមួយនៅ Palau នៃប៉ាស៊ីហ្វិកខាងត្បូង។
នៅពេលនោះ បរាជ័យរបស់ជប៉ុនស្ទើរតែជាក់ស្តែងទៅហើយ។ ការប្រយុទ្ធនៅលើកោះក៏មានភាពខុសគ្នាយ៉ាងខ្លាំងខាងផ្នែកកងកម្លាំង ហើយកងទ័ពជប៉ុនដែលនៅជុំវិញគាត់កំពុងថយចុះបន្តិចម្តងៗ។
ទោះបីជាមានការលំបាកក៏ដោយ Funasaka បានបន្តប្រយុទ្ធដោយកាំភ្លើងបាញ់គ្រាប់បែកដៃ។
កាំភ្លើងបាញ់គ្រាប់បែកដៃនឹងក្តៅក្រោយពេលបាញ់ម្តងៗ ដូច្នេះមិនអាចបាញ់ជាបន្តបន្ទាប់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ Funasaka មិនខ្វល់ចំពោះគ្រោះថ្នាក់ឡើយ បានប្រយុទ្ធដោយប្រើកាំភ្លើងបាញ់គ្រាប់បែកដៃក្តៅ ហើយសម្លាប់ទាហានអាមេរិកជាង ១០០ នាក់តែម្នាក់ឯង។
បានរួចផុតជីវិតបន្ទាប់ពីត្រូវកាត់ទោសប្រហារជីវិត
នៅថ្ងៃទី ៣ នៃការប្រយុទ្ធ Funasaka រងរបួសធ្ងន់ត្រង់ភ្លៅខាងឆ្វេងដោយសារគ្រាប់កាំភ្លើងធំរបស់អាមេរិក។
ដោយសារស្ថានការណ៍ប្រយុទ្ធតានតឹង គាត់ត្រូវរង់ចាំអស់ជាច្រើនម៉ោងទើបត្រូវបានគ្រូពេទ្យយោធាពិនិត្យមើល។ នៅពេលដែលមើលឃើញមុខរបួស គ្រូពេទ្យយោធាបានកំណត់ថា មិនអាចជាសះស្បើយបានទេ ហើយឲ្យលោកគ្រាប់បែកដៃមួយគ្រាប់សម្រាប់ធ្វើអត្តឃាត។
មានន័យថា គាត់ត្រូវធ្វើអត្តឃាតដាច់ខាត។
ទោះជាយ៉ាងណា Funasaka មិនចុះចាញ់ឡើយ។ គាត់ប្រើទង់ជាតិជំនួសឲ្យបង់រុំរបួស រួចរុំមុខរបួស ហើយចំណាយពេលពីរបីថ្ងៃត្រឡប់ទៅមូលដ្ឋានជប៉ុនក្នុងរូងភ្នំវិញ។
នៅព្រឹកបន្ទាប់ ថ្វីត្បិតតែ ដើរមិននឹងដោយសាររបួសត្រង់ជើងខាងឆ្វេង គាត់នៅតែអាចដើរទៅមក និងបន្តប្រយុទ្ធ។
ក្នុងការប្រយុទ្ធបន្ទាប់ គាត់រងរបួសធ្ងន់ជាច្រើនដង ដែលស្ទើរតែមិនអាចឆ្លងផុត ប៉ុន្តែបានជាសះស្បើយដោយអព្ភូតហេតុ។
សមត្ថភាពជាសះស្បើយដ៏អស្ចារ្យដូចនេះគឺលើសពីដែនកំណត់របស់មនុស្សទៅហើយ។
មិនបោះបង់ទោះស្ថិតក្រោមស្ថានភាពអស់សង្ឃឹមក៏ដោយ
ទោះស្ថិតក្នុងស្ថានភាពអស់សង្ឃឹមក៏ដោយ Funasaka មិនដែលចុះចាញ់ឡើយ។
កងទ័ពជប៉ុនខ្វះអាវុធ លោកបានវាយទាហានអាមេរិកដោយកាំភ្លើងខ្លី ដណ្តើមយកកាំភ្លើងយន្ត ហើយបន្តវាយប្រហារសត្រូវ ប្រើកាំបិតចាក់មនុស្សម្នាក់ទៀតរហូតដល់ស្លាប់។
របួសជើងឆ្វេង និងដៃទាំងសងខាង ប៉ុន្តែគាត់នៅតែអាចកម្ចាត់ទាហានអាមេរិកចំនួន ៥ នាក់។
ប្រយុទ្ធទាំងមិនអាចដើរទៅមក
កងទ័ពជប៉ុនត្រូវបង្ខំឲ្យដើរដល់ផ្លូវទាល់បន្តិចម្តងៗ។
ដោយសារខ្វះខាតស្បៀងអាហារ ទឹក និងអាវុធ Funasaka – ដែលជាអ្នកប្រយុទ្ធមិនឈប់ក្នុងជួរកងទ័ពជប៉ុន – ក៏ត្រូវចាក់ចូលពោះ ហើយដង្កូវកំពុងលូតលាស់លើមុខរបួស។
គាត់មិនអាចបន្តធ្វើដំណើរទៅមក ត្រឹមតែអាចវារប៉ុណ្ណោះ។
“សុខចិត្តទុកឲ្យដង្កូវសុីសាច់ប្រសើរជាង” គាត់ដកគ្រាប់បែកធ្វើអត្តឃាតចេញ ប៉ុន្តែវាមិនផ្ទុះ។
ដោយមើលឃើញពីភាពអស់សង្ឃឹមដែលមិនអាចជៀសផុត ហើយក្រុមកងទ័ពស្លាប់ជាបន្តបន្ទាប់ នៅទីបំផុតគាត់សម្រេចចិត្តវាយលុកមូលដ្ឋានទ័ពអាមេរិក។
ក្នុងស្ថានភាពដែលស្ទើរតែមិនអាចដើរបាន ដោយមានតែគ្រាប់បែកដៃ ៦ គ្រាប់ និងកាំភ្លើងខ្លី ១ ដើម គាត់បានវាយលុកចូលទីបញ្ជាការយោធាអាមេរិកតែម្នាក់ឯង។
នៅទីបំផុត គាត់បានចូលទៅជិតដល់តង់ទីបញ្ជាការយោធាអាមេរិកសល់ត្រឹមចម្ងាយ ២០ ម៉ែត្រ។ យ៉ាងណាមិញ រាងកាយរបស់គាត់មានរបួសទាំងតូចទាំងធំ ២៤ កន្លែង ក្នុងនោះរបួស ៥ កន្លែងធ្ងន់ធ្ងរ។ គាត់វារទៅដល់ទីនោះក្រោមស្ថានភាពត្រូវបំណែកគ្រាប់កាំភ្លើងចំនួន ២០ បំណែកចាក់ជាប់ខ្លួន។
Funasaka រង់ចាំរហូតដល់ទាហានអាមេរិកប្រមូលផ្តុំកាន់តែច្រើនកាន់តែល្អ ហើយត្រៀមខ្លួនសម្រាប់វាយប្រហារ។ នៅពេលដែល Funasaka ក្រោកឈរដោយប្រើកម្លាំងទាំងអស់របស់ខ្លួន ទាហានអាមេរិកមើលឃើញរូបរាងទ្រុឌទ្រោមរបស់គាត់ ហើយគិតថាពួកគេបានឃើញខ្មោច ដែលធ្វើឲ្យពួកគេមិនអាចធ្វើចលនាបាន។
Funasaka សម្រុកចូលទីបញ្ជាការ ហើយត្រូវទាហានអាមេរិកបាញ់។ នៅពេលដែលទាហានអាមេរិកបានបញ្ជូន Funasaka ជាបុគ្គលដែលជិតស្លាប់ទៅកាន់កន្លែងព្យាបាលយោធា ពួកគេខំប្រឹងដកយកអាវុធរបស់គាត់ រួមមានគ្រាប់បែកដៃ និងកាំភ្លើងខ្លីមួយដើម ប៉ុន្តែគាត់ក្តាប់ជាប់ពេក រហូតដល់ថ្នាក់ពួកគេមិនអាចបើកដៃរបស់គាត់។
Funasaka និយាយប្រាប់ទាហាអាមេរិកនៅពេលដែលម្រាមដៃរបស់គាត់ត្រូវហែកចេញ។
“នេះគឺជា Harakiri (Seppuku) – របៀបស្លាប់ក្លាហានដែលមានតែសាមូរ៉ៃជប៉ុនប៉ុណ្ណោះដែលអាចធ្វើបាន” ។
នៅកន្លែងព្យាបាលយោធា Funasaka មានអារម្មណ៍ត្រូវគេអាណិត ទើបខឹងយ៉ាងខ្លាំង ហើយបំផ្លាញឧបករណ៍ពេទ្យ។
គេនិយាយថា លោកបានភ្ជង់កាំភ្លើងយន្តរបស់ទាហានម្នាក់ដែលរត់ចូលទៅជិតគាត់ ហើយស្រែកថា “សម្លាប់ខ្ញុំទៅ” ចំណុចនេះបានក្លាយជាប្រធានបទក្តៅក្នុងជួរកងទ័ពអាមេរិក។
ក្រោយមក គាត់ត្រូវឃុំក្នុងគុកសម្រាប់អ្នកទោសសង្គ្រាម ហើយត្រឡប់ទៅផ្ទះវិញក្រោយសង្គ្រាម។
តើលោកនៅរស់ដែរទេ?
ខាងជប៉ុនគិតថា Funasaka បានស្លាប់ក្នុងសង្គ្រាម ដូច្នេះចាត់ទុកគាត់ជាទាហាដែលបានលះបង់ជីវិត។ នៅពេលដែល Funasaka ត្រឡប់មកផ្ទះ ក្រុមគ្រួសារភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គាត់ថែមទាំងបានទៅមើលផ្នូររបស់ខ្លួន ហើយរុះរើផ្នូរចេញ។
ក្រោយពេលត្រឡប់មកប្រទេសវិញ Funasaka យល់ថា ជប៉ុនចាញ់អាមេរិកដោយសារការអប់រំ និងវប្បធម៌របស់ពួកគេ។ ដូច្នេះហើយ ទើបគាត់បើកហាងលក់សៀវភៅមួយ។ ហាងលក់សៀវភៅនោះគឺ Taiseido Bookstore (大盛堂書店) ដែលសព្វថ្ងៃនៅទល់មុខស្ថានីយ៍ Shibuya ។
អ្នកប្រហែលជាធ្លាប់មើលឃើញ ប្រសិនបើអ្នកធ្លាប់ទៅដល់ Tokyo ។
វាស្ថិតនៅទីតាំងដែលលេចធ្លោ។
ជាងនេះទៅទៀត Funasaka ក៏ល្បីក្នុងនាមជាអ្នកប្រើដាវផងដែរ។ ក្រោយមក នៅពេលដែល Mishima Yukio ជាបុគ្គលដែលខំប្រឹងបង្កើតបដិវត្តន៍នៅជប៉ុនធ្វើអត្តឃាត ដាវដែលប្រើសម្រាប់កាត់ក្បាលរបស់គាត់ត្រូវបានគេចាត់ទុកជាអំណោយរបស់ Funasaka ជូនដល់ Mishima ។
Funasaka មិនត្រឹមតែទៅដល់កោះដែលគាត់បានប្រយុទ្ធប៉ុណ្ណោះទេ ថែមទាំងទៅដល់កោះផ្សេងទៀត ហើយកសាងកន្លែងរំលឹកគុណផងដែរ។ គាត់ក៏បានសរសេរសៀវភៅជាច្រើន ហើយចំណូលដែលបានមកពីការលក់សៀវភៅត្រូវបានបរិច្ចាគឲ្យកបាទក្រហមអន្តរជាតិ ជាមួយនឹងគោលបំណងសន្តិភាពពិភពលោក។
ថ្វីត្បិតតែ ត្រូវបានគេហៅថា “Funasaka អមតៈ” គាត់ក៏បានទទួលមរណភាពនៅឆ្នាំ ២០០៦ ក្នុងអាយុ ៨៥ ឆ្នាំ។ ផ្ទុយនឹងតំណាលរឿង គេនិយាយថា គាត់ជាមនុស្សស្លូតបូតមួយរូបក្នុងជិវិតប្រចាំថ្ងៃ។
អ្វីដែល “បិសាចក្នុងរឿងដ៏អស្ចារ្យ” ចង់បានគឺសន្តិភាពសម្រាប់ពិភពលោក និងប្រទេសជប៉ុន។ យើងត្រូវបន្តគោរព និងរក្សាគោលបំណងរបស់ពួកគេ។
Abe Kengo