អាថ៌កំបាំងនៃពិធីបុណ្យ Chiba Warai ធ្លាប់ជាកន្លែងដែលគ្រប់គ្នាអាចបង្ហាញការមិនពេញចិត្ត
និយាយអាក្រក់ថ្នាក់លើនៅក្រុមហ៊ុន? នេះជាចំណុចដែលមិនត្រូវធ្វើដាច់ខាត ព្រោះថាឋានៈតែងតែត្រូវបានគោរពប្រៀបដូចជាច្បាប់ដែលមិនអាចកែប្រែបាន។ ទោះបីជាក្នុងចិត្តមានការត្អូញត្អែរជាច្រើនក៏ដោយ ភាពភ័យខ្លាចធ្វើឲ្យយើងលាក់អាថ៌កំបាំង។
កាលពីសម័យមុន ឋានៈសង្គមច្បាស់លាស់ជាងនេះទៅទៀត ដូច្នេះប្រសិនបើអ្នកហ៊ាននិយាយអាក្រក់ស្តេចក្រាញ់ដែលគ្រប់គ្រងតំបន់នោះ អ្នកអាចនឹងត្រូវគេសម្លាប់។
ប៉ុន្តែសំណាងដែរ នៅខេត្ត Chiba មានពិធីបុណ្យមួយ នៅទីនោះអ្នកអាចបង្ហាញការមិនពេញចិត្តទាំងអស់ក្នុងរយៈពេលមួយថ្ងៃ។
នៅយប់ថ្ងៃឆ្លងឆ្នាំ នៅថ្ងៃទី ៣១ ខែធ្នូ នៅប្រាសាទ Chiba (Chibadera) នៃខេត្ត Chiba សព្វថ្ងៃ គេប្រារព្ធពិធីបុណ្យមួយហៅថា “Chiba Warai” ។
គ្រប់គ្នាលចូលរួមពិធីបុណ្យសុទ្ធតែពាក់របាំងមុខដើម្បីបិទបាំងមុខមាត់។
គោលបំណងនៃពិធីបុណ្យនេះជួយឲ្យគ្រប់គ្នាអាចបញ្ចេញមតិមិនពេញចិត្ត ថែមទាំងអាចនិយាយចំអកអ្នកដែលមានឋានៈខ្ពស់ជាងខ្លួន ជាអ្វីដែលពួកគេមិនអាចធ្វើបានក្នុងជីវិតប្រចាំថ្ងៃ។
ដោយនិយាយលេងសើចរឿងដែលធ្វើឲ្យគេពិបាកទ្រាំបែបកំប្លែង គ្រប់គ្នាសង្ឃឹមថាអាចបំបាត់សំណាងអាក្រក់នៅឆ្នាំចាស់ ហើយទទួលស្វាគមន៍ឆ្នាំថ្មីដ៏ល្អប្រសើរ។ តើអ្នកគិតថានេះជាពិធីបុណ្យពិសេសដែរទេ?
មតិយោបល់ខ្លះនិយាយថា ក្រៅពីគោលបំណងបំបាត់ភាពតានតឹង និងទទួលឆ្នាំថ្មីដ៏ល្អ ពិធីបុណ្យ “Chiba Warai” ថែមទាំងមានគោលបំណងជម្រុញឲ្យអ្នកដែលមានឋានៈខ្ពង់ផ្លាស់ប្តូរអាកប្បកិរិយា ដើម្បីជៀសវាងការដែលត្រូវគេត្អូញត្អែរនៅឆ្នាំក្រោយ។
ក្នុងពិធីបុណ្យនេះមានរឿងដំណាលគួរឲ្យចាប់អារម្មណ៍មួយចំនួន។
ស្តេចក្រាញ់ Chibanosuke គឺជាស្តេចក្រាញ់ដែលមានអំណាចបំផុតនៅតំបន់ Chiba នាសម័យនោះ គាត់បានទៅដល់ប្រាសាទ Chiba ហើយពាក់របាំងមុខ។ នៅទីនោះ លោកបានស្តាប់ឮប្តីប្រពន្ធមួយគូកំពុងនិយាយអាក្រក់ពីគាត់ដោយសំឡេងខ្លាំងៗ។
ស្តេចក្រាញ់ Chibanosuke ខឹងយ៉ាងខ្លាំងពេលស្តាប់ឮពាក្យនិយាយអាក្រក់។ ភ្លាមៗនោះ គាត់ដេញតាមប្តីប្រពន្ធមួយគូនោះដើម្បីចាប់ខ្លួន។ យ៉ាងណាមិញ នៅពេលដែលពួកគេដោះរបាំងមុខចេញ គាត់ភ្ញាក់ផ្អើលនៅពេលដែលដឹងថា នោះគឺជាប្រពន្ធ កូនស្រី និងជាអ្នកក្រោមបង្គាប់របស់ខ្លួន។
ខកចិត្តជាខ្លាំង ស្តេចក្រាញ់ Chibanosuke និយាយត្រឹមតែមួយឃ្លា ហើយត្រឡប់ទៅប្រាសាទវិញ។
“គ្រប់គ្នាពាក់របាំងមុខវិញទៅ” ។
ប្រាកដណាស់ ក្រោយពេលស្តេចក្រាញ់ Chibanosuke បានចាកចេញ បរិយាកាសក្នុងពិធីបុណ្យកាន់តែអ៊ូអរ។
ពិធីបុណ្យពិសេសនេះត្រូវផ្អាកអស់រយៈពេល ១៣០ ឆ្នាំ ដោយសារតែប្រាសាទ Chiba ដែលជាកន្លែងប្រារព្ធពិធីបុណ្យត្រូវដុតបំផ្លាញព្រោះតែអគ្គីភ័យ។
ទោះជាយ៉ាងណា ឥឡូវនេះពិធីបុណ្យបានវិលត្រឡប់មកវិញ ប៉ុន្តែជំនួសឲ្យរបាំងមុខ និងការត្អូញត្អែរ គ្រប់គ្នានឹងផ្តោតលើ “សំណើច” ។
Abe Kengo