ហេតុអ្វីបានជាជប៉ុនមិនស្ថិតក្រោមអាណានិគម?
នៅសតវត្សទី ១៩ ដែលកត់សម្គាល់ប្រវត្តិសាស្ត្រដោយការពង្រីកអំណោចនៃអាណានិគមលោកខាងលិច ដោយបង្វែរប្រទេសអាស៊ីជាច្រើនឲ្យទៅជាអាណានិគម។ យ៉ាងណាមិញ ជប៉ុនជាករណីលើកលែង។
រាជវង្សឈីងដែលជាប្រទេសចិននាសម័យនោះត្រូវឈ្លានពានដោយបណ្តាប្រទេសលោកខាងលិច និងត្រូវបែងចែកទឹកដី។ ទឹកដីមួយផ្នែកគឺហុងកុងស្ថិតក្រោមការត្រួតត្រារបស់អង់គ្លេសជាង ១៥០ ឆ្នាំ រហូតដល់ឆ្នាំ ១៩៩៧ ទើបត្រូវបានប្រគល់ទៅឲ្យប្រទេសចិនវិញ។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកើតឡើងមិនយូរប៉ុន្មាន
ហេតុអ្វីបានជាជប៉ុនអាចរក្សាឯករាជភាពរបស់ខ្លួន ខណៈដែលអាស៊ីភាគច្រើនស្ថិតក្នុងស្ថានភាពបែបនេះ?
ចូរយើងស្វែងយល់តាមរយៈអត្ថបទថ្ងៃនេះ។
ពេលវេលាអំណោយផល
នៅឆ្នាំ ១៨៥៦ សង្គ្រាម Krym បានបញ្ចប់។ ថ្វីត្បិតតែ មមាញឹកដោះស្រាយក្រោយសង្គ្រាម អង់គ្លេសនៅតែបន្តគោលនយោបាយអាណានិគម ប៉ុន្តែពួកគេផ្តោតលើប្រទេសឥណ្ឌា និងចិន ហើយមិនមានធនធានគ្រប់គ្រាន់សម្រាប់ជ្រៀតជ្រែកជប៉ុននោះទេ។
ប្រទេសបារាំងក៏បានជួបការលំបាកជាច្រើនក្នុងការដោះស្រាយបញ្ហាក្រោយសង្រ្គាម Krym ផងដែរ។ អាមេរិកក៏ធ្លាក់ក្នុងសង្គ្រាមស៊ីវិលខាងជើង – ខាងត្បូងឆ្នាំ ១៨៦១ ដែលធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពវឹកវរ។ នេះជាមូលហេតុដែលធ្វើឲ្យពួកគេលែងមានកម្លាំងពង្រីកទឹកដីអាណានិគម។
ប្រទេសមួយដែលមិនចាំបាច់?
គោលបំណងនៃគោលនយោបាយអាណានិគមគឺដើម្បីធានាទីផ្សារ ប្រភពធនធាន និងស្បៀងអាហារ។
ទោះជាយ៉ាងណា ជប៉ុនជាប្រទេសដែលមានទឹកដីភូមិសាស្រ្តភ្នំ ដែលធ្វើឲ្យការអភិវឌ្ឍ និងការប្រើប្រាស់ទឹកដីថ្មីមានការលំបាក ហើយចំណាយច្រើន។
ដូច្នេះហើយ ជប៉ុនត្រូវគេចាត់ទុកជា “ប្រទេសដែលមិនចាំបាច់” ចំពោះមហាអំណាចលោកខាងលិចដែលកំពុងស្វែងរកអាណានិគមថ្មី។
ថ្វីត្បិតតែ នេះជាចំណុចដែលសំណាងរបស់ជប៉ុន ប៉ុន្តែការដែលត្រូវគេចាត់ទុកថា “មិនចាំបាច់” ក៏អាចប៉ះពាល់ដល់មោទនភាពជាតិរបស់ប្រជាជនជប៉ុន។
ការផ្ទេរអំណោចកំណត់ការខូចខាត
នៅពេលនោះជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរពីសម័យសាមូរ៉ៃទៅសម័យទំនើបកម្ម។
នេះជារយៈពេលដែលចលាចលយ៉ាងខ្លាំងដោយប្រទេសស្ថិតក្នុងសង្គ្រាមស៊ីវិល និងភាពវឹកវរឥតឈប់ឈរ។
ប្រសិនបើមហាអំណាចលោកខាងលិចវាយប្រហារអំឡុងពេលនេះ ពួកគេអាចកាន់កាប់ និងគ្រប់គ្រងប្រទេសជប៉ុនបានយ៉ាងងាយ។ ម្យ៉ាងវិញទៀត ទាក់ទងនឹងប្រសិទ្ធភាពចំណាយ នេះប្រហែលជាជម្រើសសមហេតុផល។
នេះជាអំឡុងពេលដែលជប៉ុនទើបតែបើកពាណិជ្ជកម្មជាមួយប្រទេសផ្សេង បន្ទាប់ពីអនុវត្តនយោបាយបិទទ្វារអស់រយៈពេលយូរ។ ពីមុនពួកគេបានកាត់បន្ថយទំនាក់ទំនងនឹងពិភពខាងក្រៅ ដែលបណ្តាលឲ្យមានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
នៅពេលនោះ មេដឹកនាំកំពូលរបស់ជប៉ុនគឺ Tokugawa Yoshinobu ។ នៅពេលដែលលោកបានប្រគល់អំណាចទៅឲ្យអធិរាជវិញ លោកបានស្នើឲ្យប្រទេសលោកខាងលិច “រក្សាជំហរអព្យាក្រឹតកំឡុងសង្គ្រាមស៊ីវិលរបស់ជប៉ុន” ។
ទោះបីជាសង្រ្គាមរវាងរដ្ឋាភិបាលចាស់ និងរដ្ឋាភិបាលថ្មីបានផ្ទុះឡើង ប៉ុន្តែដោយសារតែលោក Tokugawa Yoshinobu បានលះបង់អំណាចដើម្បីកាត់បន្ថយទំហំនៃសង្គ្រាម ជប៉ុនអាចផ្ទេរអំណាចដោយមិនប៉ះពាល់ខ្លាំងដល់កម្លាំងជាតិ។
ប្រសិនបើ Tokugawa Yoshinobu ចង់កាន់អំណាច និងតស៊ូដល់ទីបញ្ចប់ ប្រហែលជាប្រទេសមួយផ្សេងនឹងឈ្លានពានជប៉ុន នៅពេលដែលប្រទេសជប៉ុនកំពុងនឿយហត់ក្រោយសង្គ្រាមស៊ីវិល។
ទោះបីជាគេនិយាយថា Tokugawa Yoshinobu បានរត់គេចខ្លួនមិនប្រយុទ្ធបន្ត ប៉ុន្តែបើក្រឡេកទៅមើលតាមទស្សនៈរបស់លោកមេទ័សាមូរ៉ៃ លោកមេទ័ពចុងក្រោយនៃ Tokugawa Shogunate ជាអ្នកដែលបានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីការពារប្រទេសជាតិ យើងឃើញថា លោកពិតជាអស្ចារ្យណាស់ មែនទេ?
Abe Kengo