តើជប៉ុននឹងទៅជាយ៉ាងណាពេលប្រឈមនឹងបញ្ហារចនាសម្ព័ន្ធសង្គម?

ជប៉ុនបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបន្ទាប់ពីសង្គ្រាម។ យ៉ាងណាមិញ របបសង្គមដែលបង្កើតឡើងក្នុងអំឡុងពេលនេះកំពុងឈានដល់ការដួលរលំ។ សូមក្រឡេកមកមើលបញ្ហាសង្គមរបស់ជប៉ុនដែលបច្ចុប្បន្នមិន​ទាន់​មាន​ដំណោះ​ស្រាយ​ច្បាស់​លាស់​នៅ​ឡើយ។ 

របបការងារពេញមួយជីវិតដួលរលំ

ទម្លាប់ដ៏យូរអង្វែងនៃក្រុមហ៊ុនជប៉ុនគឺរក្សាបុគ្គលិកបន្ទាប់ពីបានជ្រើសរើស។

ដូច្នេះ​ហើយ គេជឿថា ការលះបង់អស់ពីសមត្ថភាពដើម្បីក្រុមហ៊ុនអាចធានានូវស្ថិរភាពជីវិត។ ទោះ​ជា​យ៉ាង​ណា ចំណុច​នេះ​លែង​ត្រូវ​នឹង​សម័យ​សព្វ​ថ្ងៃ​ទៀត​ហើយ។

សូម្បីតែក្រុមហ៊ុនធំៗក៏មានហានិភ័យក្ស័យធនដែរ ហើយ​ក្រុម​ហ៊ុន​​ដែល​លើក​ទឹក​ចិត្ត​បុគ្គលិកឲ្យ​ចូល​និវត្តន៍​​មុន​អាយុ​​កាន់​​តែ​ច្រើន​ឡើង។

កាលពីមុន ដោយសារតែអត្រាកំណើតខ្ពស់ ដូច្នេះការដំឡើងឋានៈក្នុងក្រុមហ៊ុនក៏ជារឿងធម្មតាដែរ។

យ៉ាងណាមិញ ដោយសារស្ថានភាពចំនួនប្រជាជនចំណាស់ និងអត្រាកំណើតទាប ចំនួនកុមារធ្លាក់ចុះ ដែលបណ្តាល​ឲ្យ​កើត​មាន​អតុល្យ​ភាព​រចនា​សម្ព័ន្ធ​អាយុ​ក្នុង​ក្រុម​ហ៊ុន។

ខណៈ​ដែល​ចំនួន​យុវវ័យមិនកើនឡើង ចំនួនមនុស្សចាស់បែរជាមិនធ្លាក់ចុះ។ ចំណុចនេះធ្វើឲ្យការដំឡើងឋានៈក្នុងក្រុមហ៊ុន​កាន់​តែ​ពិបាក។

នៅពេលដែលមិនបានដំឡើងឋានៈ មានន័យថាប្រាក់ខែក៏មិនឡើងដែរ។ ហើយបន្ទាប់មក នៅពេលដែលដល់អាយុ ពួកគេនឹងត្រូវគេចាត់ទុកថា “លែងសំខាន់” ទៀត។

ព្រោះតែលះបង់អស់ពីសមត្ថភាពដើម្បីក្រុមហ៊ុន ដូច្នេះពួកគេមិនអាចធ្វើការងារផ្សេង ចំណុចនេះប្រៀបដូចជា​ឋាន​នរក​អញ្ចឹង។

របបប្រាក់សោធន​និវត្តន៍ដួលរលំ

ប្រាក់សោធននិវត្តន៍មួយផ្នែកត្រូវបានកាត់ចេញពីប្រាក់ខែដោយផ្ទាល់។

ចំណុចនេះធ្លាប់ជារបបដែលមានសុវត្ថិភាពសម្រាប់មនុស្សចាស់បន្ទាប់ពីចូលនិវត្តន៍ ដោយធានាថា និយោជិតទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ដោយ​ផ្អែក​លើ​ចំនួន​ប្រាក់​ដែល​បាន​រួម​ចំណែក។

យ៉ាងណាមិញ ប្រព័ន្ធនេះកំពុងដួលរលំទាំងស្រុង។ សង្គមជប៉ុនកំពុងស្ថិតក្រោមស្ថានភាពប្រជាជន​វ័យ​ចំណាស់ច្រើន ចំនួន​​​អ្នក​​​ទទួល​​​ប្រាក់​​​សោធន​​និវត្តន៍​​កាន់​​តែ​​ច្រើន​​ឡើង។

ផ្ទុយទៅវិញ ចំនួនមនុស្សដែល “កំពុងធ្វើការ” ចូលរួមប្រាក់សោធននិវត្តន៍បែរជាធ្លាក់ចុះ ដោយសារតែផលប៉ះពាល់​បណ្តាល​មក​ពី​អត្រា​កំណើត​ទាប។

យើងអាចមើលឃើញថា ប្រព័ន្ធ​នេះ​មិន​អាច​ទ្រទ្រង់យូរអង្វែងឡើយ មែនទេ?

នៅជប៉ុនចំនួនប្រាក់សោធននិវត្តន៍កំពុងធ្លាក់ចុះជាលំដាប់ ចំណែកឯអាយុដែលទទួលបានប្រាក់សោធននិវត្តន៍កំពុង​តែ​កើន​ឡើង។

ចំណុចនេះដូចជានិយាយថា “ចូរធ្វើការរហូតដល់ស្លាប់” ឬ “ស្លាប់ពេលនៅក្មេង” ។

របបធានារ៉ាប់រងសុខភាពដួលរលំ

ជប៉ុនជាប្រទេសដែលមានប្រព័ន្ធធានារ៉ាប់រងសុខភាពល្អណាស់ ជាមួយនឹងការចំណាយបុគ្គលត្រឹមតែ​ ៣០% សម្រាប់​សេវា​ព្យា​បាល​ទូទៅ (កុមារអាយុក្រោម ៦ ឆ្នាំបង់ត្រឹមតែ ២០% ប៉ុណ្ណោះ) ។

យ៉ាងណាមិញ ជាក់ស្តែងការចំណាយបុគ្គលកំពុងកើនឡើង។

នៅពេលដែលរបបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៧ ការចំណាយបុគ្គលគឺ ០% ។ បន្ទាប់មក ចំនួននេះកើនឡើង ១០%, ២០% ហើយ​សព្វ​ថ្ងៃ​គឺ ៣០% ។

ការចំណាយបុគ្គលសម្រាប់មនុស្សចាស់ក៏កំពុងកើនឡើងជាលំដាប់ផងដែរ។

ម្យ៉ាងវិញទៀត ថ្លៃធានារ៉ាប់រងក៏កំពុងឡើង ដែលបង្ហាញពីអតុល្យភាពក្នុងប្រព័ន្ធ។

ថ្វីត្បិតតែ ប្រជាជនស្ទើរតែទាំងអស់ចូលរួម ប៉ុន្តែរបប​ធានា​រ៉ាប់រង​សុខភាព​នេះអាចនឹងធ្វើឲ្យគ្រប់គ្នាភ័យខ្លាចពេល​ទៅ​​មន្ទីរ​ពេទ្យ​​នា​ពេល​​អនាគត។

ប្រព័ន្ធសោធននិវត្តន៍ និងធានារ៉ាប់រងសុខភាពបច្ចុប្បន្នរបស់ជប៉ុនត្រូវបានបង្កើតឡើងដោយផ្អែកលើការសន្និដ្ឋាន​ចំពោះ​អត្រា​កំណើត​ខ្ពស់ និង​កំណើន​ប្រជាជន។

ទោះជាយ៉ាងណា ការសន្និដ្ឋានទាំងនេះលែង​ស្រប​នឹង​តថភាព​សង្គម​បច្ចុប្បន្ន​ទៀត​ហើយ ដែលបណ្តាលឲ្យមានបញ្ហាជា​ច្រើន និង​ធ្វើ​ឲ្យ​យុវជន​មិន​ចង់​ចូល​រួម​ក្នុង​ប្រព័ន្ធ។

ប្រសិនបើជប៉ុនមិនធ្វើកំណែទម្រង់រចនាសម្ព័ន្ធរឹងមាំនោះទេ​ មិនយូរមិនឆាប់ប្រព័ន្ធទាំងនេះនឹងដួលរលំ។ ទោះជាយ៉ាង​ណា បច្ចុប្បន្ន​​មិន​​ទាន់​​មាន​​ផែន​ការ​​ច្បាស់​លាស់​​នៅ​​ឡើយ​​ទេ។

ដូច្នេះតើជប៉ុននឹងទៅជាយ៉ាងណាក្រោយរយៈពេល ២០ ឆ្នាំខាងមុខ?

ជប៉ុនកំពុងឈរនៅផ្លូវបំបែកដ៏សំខាន់នៃកំណែទម្រង់ប្រព័ន្ធសន្តិសុខសង្គម។

តើយើងអាចកសាងសង្គមដែលយុវវ័យ និងមនុស្សចាស់អាច​រស់នៅ​ដោយ​សុខសាន្ត​ដែរទេ? នេះជាឱកាសចុងក្រោយសម្រាប់ផ្លាស់ប្តូរ ហើយយើងមិនអាចខកខានបានទេ។

ត្រូវមានដំណោះស្រាយដែលប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពពីអ្នកជំនាញ ដើម្បីដោះស្រាយបញ្ហាដែល​របប​សន្តិ​សុខ​សង្គម​ជប៉ុន​កំពុង​ប្រឈម។

បើ​ប្រៀបនឹង​របបនៃ​ប្រទេសរបស់អ្នក តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​របប​របស់​ជប៉ុន?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: