ស្មារតី Bushido (ភាគ ៣)
ក្នុងអត្តបទថ្ងៃនេះ យើងនឹងណែនាំដោយសង្ខេបអំពីប្រភពដើម និងខ្លឹមសារនៃ Bushido ។
Bushido គឺជាទស្សនៈសីលធម៌ និងបទប្បញ្ញត្តិអកប្បកិរិយាដែលគ្រប់គ្រងលើវណ្ណៈសាមូរ៉ៃជប៉ុនច្រើនសតវត្ស។ ប្រភពដើមរបស់វាអាចនឹងមកពីក្រុមអ្នកចម្បាំងដែលបានបង្កើតឡើងនៅសម័យ Heian ពាក់កណ្តាលសតវត្សទី ៩ និងទី ១០ ។
ក្រោយសង្គ្រាម និងភាពវឹកវរជាច្រើនសតវត្ស នៅដើមសតវត្សទី ១៧ ជប៉ុនឈានចូលសម័យ Edo ក្រោមការគ្រប់គ្រងរបស់ Tokugawa Shogunate ដែលបង្កើតឡើងដោយ Tokugawa Ieyasu ក្នុងឆ្នាំ ១៦០៣ ។
នៅសម័យ Edo (១៦០៣ – ១៨៦៨) ត្រូវបានសម្គាល់ដោយស្ថិរភាព និងសន្តិភាព ក្រោយរយៈពេលជាង ៤០០ ឆ្នាំនៃសង្រ្គាមស៊ីវិល និងការដណ្តើមអំណោច។
ពីមុនការប្រយុទ្ធក្នុងសមរភូមិគឺជាតួនាទីចម្បងរបស់សាមូរ៉ៃ។ ទោះជាយ៉ាងណា នៅពេលដែលជប៉ុនឈានចូលសម័យកាលសន្តិភាព តួនាទីរបស់ពួកគេក៏បានផ្លាស់ប្តូរផងដែរ។ ក្រៅពីផ្តោតសំខាន់លើការប្រយុទ្ធ សាមូរ៉ៃចាប់ផ្តើមចូលរួមនយោបាយកាន់តែច្រើន។
ដើមឡើយ សាមូរ៉ៃត្រូវបានបណ្តុះបណ្តាល និងហ្វឹកហាត់ដើម្បីប្រយុទ្ធ តែងតែឆ្ពោះទៅរកគោលដៅយកឈ្នះគ្រប់សមរភូមិ។ ពួកគេចាត់ទុកចំណុចនេះជាបេសកកម្ម និងកិត្តិយសរបស់ខ្លួន។ យ៉ាងណាមិញ ឥឡូវនេះ សាមូរ៉ៃបាត់បង់គោលដៅប្រយុទ្ធដែលពួកគេបានដើរតាមជាច្រើនជំនាន់។
អំឡុងពេលនេះ ឧត្ដមគតិដែលសាមូរ៉ៃចង់ឆ្ពោះទៅរកគឺបណ្តុះសីលធម៌ និងក្លាយជាគំរូសម្រាប់សង្គម។ ស្រាប់តែទទួលបានការរំពឹងទុកបែបនេះនរណាមិនភ្ញាក់ផ្អើលមែនទេ?
ហើយចាប់តាំងពីពេលនោះមក Bushido ត្រូវបានបង្កើតឡើង ដោយសង្ខេបគោលការណ៍ដែលសាមូរ៉ៃត្រូវគោរពតាម។
“ឧត្ដមគតិរបស់សាមូរ៉ៃ” បើតាមទស្សនៈរបស់ “Bushido” ជាបុគ្គលដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម។
義 (Gi – យុត្តិធម៌) ៖ នោះគឺជាការបង្រៀនដែលសាមូរ៉ៃត្រូវប្រកាន់ខ្ជាប់ជានិច្ច មានចិត្តសុចរិត ស្អប់ទង្វើដែលកំសាក អំពើអយុត្តិធម៌ និងត្រូវប្រុងប្រយ័ត្នចំពោះពាក្យសម្តី និងសកម្មភាពរបស់ខ្លួន។
勇 (Yu – ក្លាហាន) ៖ មិនត្រឹមតែរស់នៅដោយភាពក្លាហានប៉ុណ្ណោះទេ ថែមទាំងត្រូវហ្វឹកហាត់ភាពក្លាហានដើម្បីយុត្តិធម៌ផងដែរ រស់នៅពេលដែលត្រូវរស់ ស្លាប់នៅពេលដែលត្រូវស្លាប់។
仁 (Jin – មេត្ដា) ៖ ចិត្តមេត្ដាចំពោះបុគ្គលដែលទន់ខ្សោយ បរាជ័យ និងក្តីស្រលាញ់ចំពោះអ្នកដទៃ។
礼 (Rei – គោរព) ៖ គិតពីអារម្មណ៍របស់អ្នកដទៃ និងគោរពវណ្ណៈសង្គមរបស់ពួកគេ។
信 (Shin – ជំនឿចិត្ត) ៖ មានការតាំងចិត្តធ្វើរឿងគ្រប់យ៉ាងដែលបាននិយាយចេញ។
忠 (Chu – ចិត្តស្មោះ) ៖ គោរពប្រតិបត្តិ និងស្មោះត្រង់ចំពោះថ្នាក់លើ លះបង់ខ្លួនឯងដើម្បីអ្នកដទៃ សូម្បីតែជីវិតក៏ដោយ។
智 (Chi – ប្រាជ្ញា) ៖ បណ្ដុះគំនិតឈ្លាសវៃ។ ប្រាជ្ញាឈ្លាសវៃមិនត្រឹមតែជាចំណេះប៉ុណ្ណោះទេ ថែមទាំងជាសេចក្តីពិតដោយផ្អែកលើមូលដ្ឋានចំណេះដឹងនោះ។
名誉 (Meiyo – កិត្តិយស) ៖ មិនមែនក្រអឺតក្រទមនោះទេ ប៉ុន្តែជាការគោរពកាតព្វកិច្ច និងឯកសិទ្ធិដែលភ្ជាប់មកជាមួយតួនាទីរបស់ខ្លួន។
克己 (Kokki – ម្ចាស់ការ) ៖ មិនបញ្ចេញគំនិត និងអារម្មណ៍ក្នុងចិត្តតាមអំពើចិត្ត។
ដូចជាតួនាទីរបស់អ្នកចម្បាំង សាមូរ៉ៃបានក្លាយជាគំរូសីលធម៌សម្រាប់សង្គម ហើយស្មារតី Bushido បានលេចឡើងចាប់ពីពេលនោះ មិនមែនជាសៀវភៅណែនាំប្រយុទ្ធនោះទេ។
ទាំងនេះជាគោលការណ៍ណែនាំរបៀបដែលបុគ្គលគួរធ្វើ ដើម្បីក្លាយទៅជាគំរូសម្រាប់មនុស្សគ្រប់គ្នា។
វាបង្ហាញពី “ភាពត្រឹមត្រូវ” តាមរបៀបផ្សេងពីសាសនា។
គោលការណ៍ទាំងនេះមានជាភាសាអង់គ្លេស ហើយត្រូវបានបកប្រែជាភាសាជាច្រើនទៀត ដូច្នេះខ្ញុំពិតជារីករាយណាស់ ប្រសិនបើអ្នកទាំងអស់គ្នាអាចអានវា។
គ្រូបង្រៀនក្បាច់ដាវ Shiden Hiryu – នៃសាលា Shidenryu