៥ ករណីជាក់ស្តែងដែលត្រូវចាប់ខ្លួនព្រោះតែ “ការងារស្រួលរកប្រាក់”
នៅពេលដែលទៅនៅជប៉ុន ជនបរទេសជាច្រើនតែងតែត្រូវបបួលឲ្យទៅ “រកប្រាក់បន្ថែម” តាមរយៈអ្នកស្គាល់ ឬបណ្តាញសង្គម។ ឧទាហរណ៍៖ “ខ្ញុំនឹងទិញកាតដកប្រាក់ ឬសៀវភៅធនាគាររបស់អ្នកក្នុងតម្លៃខ្ពស់។ អ្នកដែលត្រឡប់ទៅប្រទេសវិញ សូមលក់កាត និងសៀវភៅធនាគារ” “ប្រសិនបើអ្នកជួយខ្ញុំដកប្រាក់សុទ្ធពីម៉ាស៊ីន ATM ខ្ញុំនឹងឲ្យអ្នក ○ ម៉ឺនយ៉េន” “ខ្ញុំនឹងទិញទូរស័ព្ទដៃរបស់អ្នកក្នុងតម្លៃខ្ពស់” “អ្នកគ្រាន់តែជួយលើកអីវ៉ាន់ជំនួសខ្ញុំ ខ្ញុំនឹងឲ្យអ្នក ○ ម៉ឺនយ៉េន” ។ល។ ពេលក្រឡេកមើលទៅដូចជា “ការងារដែលងាយរកបានប្រាក់” ប៉ុន្តែតាមពិតទៅគ្រោះថ្នាក់ណាស់។ ប្រសិនបើអ្នកទទួលយកការងារបែបនេះ ចំណុចនេះជាបទល្មើសមួយដែរ។ រឿងនោះអាចជាការចូលដៃចូលជើងដល់ឧក្រិដ្ឋកម្មធំណាមួយ។ យើងនឹងនិយាយពីករណីជនបរទេសមួយចំនួនទទួលធ្វើការងារបែបនេះ ហើយពិតជាត្រូវចាប់ខ្លួន។
〈មាតិកា〉
១. ត្រូវចាប់ខ្លួនព្រោះតែអនុញ្ញាតឲ្យអ្នកដទៃប្រើគណនីរបស់ខ្លួន។
២. ត្រូវចាប់ខ្លួនព្រោះតែដកប្រាក់ពីគណនីរបស់អ្នកដទៃ។
៣. ត្រូវចាប់ខ្លួនព្រោះតែទិញទូរស័ព្ទដៃដែលអ្នកដទៃចុះកិច្ចសន្យា។
៤. ត្រូវចាប់ខ្លួនព្រោះតែទទួល និងដឹកជញ្ជូនប្រាក់សុទ្ធ។
៥. ត្រូវចាប់ខ្លួនព្រោះតែធ្វើការថែមម៉ោង “ដឹកជញ្ជូនទំនិញដើម្បីទទួលបានប្រាក់ ២ ម៉ឺនយ៉េន” ។
៦. សរុបទៅ
១. ត្រូវចាប់ខ្លួនព្រោះតែអនុញ្ញាតឲ្យអ្នកដទៃប្រើគណនីរបស់ខ្លួន
នៅឆ្នាំ ២០២៣ ប៉ូលីសខេត្ត Saitama បានចាប់ខ្លួននិស្សិតជនជាតិវៀតណាមអាយុ ២២ ឆ្នាំម្នាក់ ដែលរស់នៅក្នុងទីក្រុង Niigata ព្រោះសង្ស័យឆបោកបន្ទាប់ពីបើកគណនីធនាគារ។ និស្សិតអន្តរជាតិបានបកស្រាយថា “គណនីនេះប្រើសម្រាប់ផ្ញើ និងដកប្រាក់សម្រាប់ចំណាយលើការរស់នៅ” ប៉ុន្តែជាក់ស្តែងសម្រាប់អ្នកដទៃប្រើប្រាស់។ នេះជាបទល្មើសឆបោកព្រោះនិស្សិតអន្តរជាតិបានបោកប្រាស់ធនាគារ។
យោងទៅតាមប៉ូលីស និស្សិតអន្តរជាតិម្នាក់នេះបានបើកគណនីនៅធនាគារមួយក្នុងទីក្រុង Niigata បន្ទាប់មកបានចែករំលែកពាក្យសម្ងាត់ (Internet banking) និងព័ត៌មានរបស់ខ្លួនជាមួយអ្នកដទៃ ដោយអនុញ្ញាតឲ្យពួកគេប្រើគណនីនេះសេរី។ អំឡុងពេល ១៣ ខែក្រោយមក ប្រហែល ៦៥០ លានយ៉េនត្រូវបានផ្ទេរចូលគណនីនេះ ដែលប្រតិបត្តិការចំនួន ៤០០ ដងពីគណនីរបស់ជនជាតិវៀតណាមជាច្រើននាក់ (នៅជប៉ុន និងវៀតណាម) ។
ប្រាក់ដែលផ្ទេរចូលគណនីនេះគឺជាប្រាក់ឆបោកពីជនរងគ្រោះជាច្រើនរូប ហើយបន្ទាប់មកត្រូវបានផ្ទេរទៅកាន់គណនីផ្សេងទៀត និងត្រូវអ្នកផ្សេងដកជាប្រាក់សុទ្ធ។
ការទិញ និងលក់កាត ATM ឬសៀវភៅធនាគារ គឺជាបទល្មើស។|KOKORO
※リンク埋め込み(JP):https://www.kokoro-vj.org/ja/post_10243
※リンク埋め込み(VN):https://www.kokoro-vj.org/vi/post_10237
២. ត្រូវចាប់ខ្លួនព្រោះតែដកប្រាក់ពីគណនីរបស់អ្នកដទៃ
នៅឆ្នាំ ២០២៣ នាយកដ្ឋានប៉ូលីសក្រុង (ប៉ូលីសតូក្យូ) បានប្រកាសចាប់ខ្លួនបុរសជនជាតិចិនគ្មានការងារម្នាក់ (អាយុ ៣៣ ឆ្នាំ) ដោយសង្ស័យថាលួចព្រោះដកប្រាក់ពីម៉ាស៊ីន ATM ដោយប្រើកាតធនាគាររបស់អ្នកដទៃ។ អាចនិយាយបានថា បុរសម្នាក់នេះបានប្រើ ១៨៤ កាត់ដកប្រាក់របស់អ្នកដទៃ ដើម្បីដកប្រាក់ជាង ៥០ លានយ៉េន។
បុរសនេះត្រូវចាប់ខ្លួនព្រោះដកប្រាក់សរុបចំនួន ៧៧៦.០០០ យ៉េនពីម៉ាស៊ីន ATM នៅតាមម៉ាតលក់ទំនិញចំនួន ៩ ក្នុងទីក្រុងតូក្យូ ដោយប្រើកាតធនាគាររបស់ជនជាតិវៀតណាម។ ការដែលដកប្រាក់ដោយប្រើកាត ATM របស់អ្នកដទៃត្រូវចាត់ទុកជាសកម្មភាពលួច។
ជនរងគ្រោះជាច្រើនដែលបានទិញផលិតផលពីគេហទំព័រទិញទំនិញអនឡាញក្លែងបន្លំ ដែលដំណើរការដោយក្រុមឆបោកបានផ្ទេរប្រាក់ចូលគណនីនេះ។ គេហទំព័រលក់សម្លៀកបំពាក់ និងនាឡិកាក្នុងតម្លៃថោក ប៉ុន្តែនោះជាគេហទំព័រឆបោក។ គេហទំព័រមិនបានដឹកជញ្ជូនទំនិញភ្លាមទាំងដែលអតិថិជនបានទូទាត់ការបញ្ជាទិញនោះទេ។ ក្រុមឆបោកបានដំណើរការគេហទំព័រជាច្រើន ហើយត្រូវគេជឿថាបានបោកប្រាស់មនុស្សប្រហែល ៥០០០ នាក់នៅទូទាំងប្រទេសជប៉ុន ជាមួយនឹងប្រាក់ជាង ១០០ លានយ៉េន។
អ្នកដែលលក់កាតដកប្រាក់ ឬសៀវភៅធនាគារក៏ជាជនល្មើសផងដែរ ព្រោះតែបំពានច្បាប់ស្តីពីការទប់ស្កាត់ការផ្ទេរប្រាក់ដែលទទួលបានពីសកម្មភាពខុសច្បាប់។
៣. ត្រូវចាប់ខ្លួនព្រោះតែទិញទូរស័ព្ទដែលអ្នកដទៃចុះកិច្ចសន្យា
នៅឆ្នាំ ២០២៣ ប៉ូលីសខេត្ត Saitama បានចាប់ខ្លួនបុរសជនជាតិវៀតណាមអាយុ ២៦ ឆ្នាំម្នាក់ដែលរស់នៅក្នុងខេត្ត ព្រោះសង្ស័យថាបានបំពានច្បាប់ស្តីពីការទប់ស្កាត់ការប្រើប្រាស់ទូរស័ព្ទដៃខុសច្បាប់ ដោយសារតែគាត់បានទិញទូរស័ព្ទដៃដែលអ្នកដទៃចុះកិច្ចសន្យា។ គាត់ត្រូវគេសង្ស័យថា បានទិញទូរស័ព្ទដៃចំនួន ៤ គ្រឿង និងស៊ីមកាតចំនួន ៤ ដោយស្រ្តីជនបរទេសអាយុ ៦០ ឆ្នាំម្នាក់ចុះកិច្ចសន្យា។
ជនសមគំនិតរបស់បុរសរូបនេះបានប្រើបណ្តាញសង្គមដើម្បីស្វែងរកអ្នកលក់ទូរស័ព្ទដៃ ហើយស្ត្រីម្នាក់បានចុះឈ្មោះធ្វើរឿងខាងលើ។ បន្ទាប់មក ស្រ្តីម្នាក់នោះត្រូវបានស្នើឲ្យទៅកាន់ហាងលក់ទូរស័ព្ទ ចុះកិច្ចសន្យា ទិញទូរស័ព្ទដៃមួយគ្រឿង ហើយលក់ទៅឲ្យបុរសរូបនោះ។
៤. ត្រូវចាប់ខ្លួនព្រោះតែទទួល និងដឹកជញ្ជូនប្រាក់សុទ្ធ
នៅឆ្នាំ ២០២៣ ស្រ្តីចំណាស់ម្នាក់នៅខេត្ត Saitama បានទទួលទូរស័ព្ទពីបុរសម្នាក់ដែលអះអាងថាជាកូនប្រុសរបស់គាត់ ហើយនិយាយថា៖ “នៅថ្ងៃនេះកូនត្រូវផ្ទេរប្រាក់ទៅឲ្យដៃគូអាជីវកម្ម ប៉ុន្តែកូនបានធ្វើបាត់កាបូបប្រាក់របស់ក្រុមហ៊ុន។ សូមម៉ាក់ជួយកូនផង” ។ បន្ទាប់មក បុរសម្នាក់ដែលបន្លំខ្លួនជាអ្នកក្រោមបង្គាប់របស់បុរសជាកូន ទៅដល់ផ្ទះរបស់ស្រ្តីចំណាស់ ហើយគាត់ប្រគល់ប្រាក់ឲ្យបុរសម្នាក់នោះចំនួន ១,៣ លានយ៉េន។
ទោះជាយ៉ាងណា នៅថ្ងៃបន្ទាប់ ស្រ្តីចំណាស់បែរជាទទួលបានទូរស័ព្ទនិយាយថា៖ “កូនមិនទាន់គ្រប់ប្រាក់នោះទេ។ អ្នកក្រោមបង្គាប់របស់កូននឹងមកយកប្រាក់ម្តងទៀត” ។ ស្រ្តីចំណាស់មានអារម្មណ៍សង្ស័យ ដូច្នេះបានហៅទូរស័ព្ទទៅឲ្យកូនប្រុសរបស់ខ្លួន។ នៅពេលនោះ ស្រ្តីចំណាស់ដឹងថា អ្នកដែលហៅទូរស័ព្ទពីម្សិលមិញមិនមែនជាកូនរបស់គាត់នោះទេ។
ស្រ្តីចំណាស់បានហៅទូរស័ព្ទទៅកាន់ប៉ូលីស ហើយពួកគេបានពួនរង់ចាំ “បុរសក្រោមបង្គាប់” មកយកប្រាក់។ បុរសជនជាតិវៀតណាមម្នាក់ (អាយុ ២៨ ឆ្នាំ) បានបង្ហាញខ្លួននៅទីនោះ ហើយត្រូវចាប់ខ្លួន។
បុរសម្នាក់នោះធ្លាប់ជាសិក្ខាកាមបច្ចេកទេស ហើយបានរត់គេចខ្លួន។ បន្ទាប់ពីបានរត់គេចខ្លួន គាត់ត្រឹមតែអាចរកការងារក្រៅម៉ោងរយៈពេលខ្លីប៉ុណ្ណោះ ហើយកំពុងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។
នៅពេលនោះ គាត់មើលឃើញការបង្ហោះលើបណ្ដាញសង្គមដែលសរសេរថា “តើអ្នកកំពុងស្វែងរកការងារធ្វើ?” នៅពេលដែលទំនាក់ទំនងទៅកាន់អ្នកបង្ហោះដំណឹងនោះ គាត់ត្រូវបានណែនាំឲ្យស្គាល់ជនជាតិជប៉ុនម្នាក់ដែលដើរតួជាអ្នកបង្គាប់ការងារ។ ការងារដែលត្រូវធ្វើគឺទទួលប្រាក់សុទ្ធរបស់បុគ្គលចំណាស់ យកទៅកាន់សួនច្បារ ហើយប្រគល់ឲ្យជនជាតិជប៉ុនម្នាក់។
បុរសជនជាតិវៀតណាមម្នាក់នោះបានធ្វើសកម្មភាពនេះពី ៤ ទៅ ៥ ដងក្នុងរយៈពេលប្រហែល ២ ខែមុនពេលត្រូវចាប់ខ្លួន។ សម្រាប់ “ការងារ” ចុងក្រោយ គាត់ទទួលបាន ៣០.០០០ យ៉េន។
បុរសរូបនេះត្រូវចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តអំពើឆបោក និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំ ហើយព្យួរទោសចំនួន ៤ ឆ្នាំ។
ប្រភេទអំពើឆបោកនេះគេហៅថា “ការឆបោកពិសេស” ។ នៅឆ្នាំ ២០២២ ចំនួនជនបរទេសត្រូវប៉ូលីសចាប់ខ្លួនព្រោះតែទាក់ទងនឹងករណីឆបោកពិសេសមានចំនួន ១៤៥ នាក់ ដែលជាចំនួនខ្ពស់មិនធ្លាប់មាន។ ប្រហែល ៥៨% ក្នុងចំណោមនេះដើរតួជាអ្នកទទួលប្រាក់សុទ្ធ (Ukeko) ហើយប្រហែល ២០% ទទួលតួនាទីដកប្រាក់សុទ្ធពីម៉ាស៊ីន ATM (Deshiko) ។
៥. ត្រូវចាប់ខ្លួនព្រោះតែធ្វើការថែមម៉ោង “ដឹកជញ្ជូនទំនិញដើម្បីទទួលបានប្រាក់ ២ ម៉ឺនយ៉េន”
នៅឆ្នាំ ២០២២ បុរសជនជាតិវៀតណាមម្នាក់ (អាយុ ២៥ ឆ្នាំ) ដែលធ្លាប់ជាសិក្ខាកាមបច្ចេកទេស កំពុងកាន់កញ្ចប់ទំនិញតាមសំណើរបស់បុគ្គលម្នាក់នៅទីក្រុង Osaka ស្រាប់តែត្រូវប៉ូលីសឡោមព័ទ្ធ និងចាប់ខ្លួន ព្រោះបំពានលើច្បាប់គ្រឿងញៀនពិសេស។ ក្នុងកញ្ចប់ទំនិញគឺ MDMA ជាប្រភេទគ្រឿងញៀនចម្រុះ។
បុរសរូបនេះទទួលបានការពឹងពាក់ពីបុរសម្នាក់ដែលមើលទៅដូចវៀតណាម ដែលគាត់បានជួបនៅមជ្ឈមណ្ឌលទីក្រុងកាលពីមួយខែមុន។ “ស្ករគ្រាប់ត្រូវបានដឹកជញ្ជូនមកកាន់បន្ទប់របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនចង់ជួបម្ចាស់ផ្ទះនោះទេ ព្រោះខ្ញុំបង់ប្រាក់ជួល និងថ្លៃភ្លើងហ្គាសយឺត។ ខ្ញុំចង់ឲ្យអ្នកទៅយកទំនិញរបស់ខ្ញុំ ហើយយកមកឲ្យខ្ញុំ” ។
បន្ទាប់ពីរត់គេចចេញពីកម្មវិធីសិក្ខាកាមបច្ចេកទេស បុរសម្នាក់នេះរកមិនបានការងារនឹងនរ និងកំពុងជួបបញ្ហាខ្វះប្រាក់ ដូច្នេះទើបទទួលយក “ការងារ” ជាមួយនឹងប្រាក់កម្រៃចំនួន ២ ម៉ឺនយ៉េន។ គាត់ទៅដល់ផ្ទះដែលបានកំណត់ ទទួលកញ្ចប់ទំនិញពីអ្នកដឹកជញ្ជូន ហើយនៅពេលដែលបើកប្រអប់នោះឃើញគ្រាប់កាហ្វេ និងប្រអប់សូកូឡាមួយ។ ឃើញដូច្នេះ គាត់ធូរអារម្មណ៍ហើយដាក់ទំនិញចូលកាបូប ហើយចាកចេញពីផ្ទះនោះស្រាប់តែត្រូវចាប់ខ្លួន។
កញ្ចប់ទំនិញត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាសពីប្រទេសអាឡឺម៉ង់ ហើយអំឡុងពេលត្រួតពិនិត្យគយ MDMA ចំនួន ៩៨៥ គ្រាប់ (តម្លៃចុងក្រោយប្រហែល ៤,៩៣ លានយ៉េន) ត្រូវបានរកឃើញក្នុងកញ្ចប់កាហ្វេ។ ប៉ូលីសកំពុងស៊ើបអង្កេតថាតើផ្នែកខាងក្នុងត្រូវបានជំនួសដោយអ្វីមួយផ្សេងដែរទេ ហើយកញ្ចប់ទំនិញត្រូវបានបញ្ជូនទៅណា?
បុរសរូបនេះត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ១ ឆ្នាំ ៦ ខែ និងព្យួរទោសចំនួន ៣ ឆ្នាំ។
៦. សរុបទៅ
ប្រសិនបើអ្នកលក់កាតធនាគារ ឬទូរស័ព្ទដៃរបស់អ្នកទៅឲ្យអ្នកផ្សេង ឬជួយនរណាម្នាក់កាន់អីវ៉ាន់ក្នុងគោលបំណង “រកប្រាក់ចាយវាយ” នោះជាបទល្មើសទៅហើយ។ រឿងនេះក៏ក្លាយទៅជាការចូលដៃចូលជើងឧក្រិដ្ឋកម្មមួយចំនួនផងដែរ។
ប្រសិនបើអ្នកជឿ និងទទួលយកការងារដោយគិតថា “អាចរកប្រាក់បានតាមរយៈការងារងាយៗ” អ្នកអាចនឹងត្រូវប៉ូលីសចាប់ខ្លួនដូចជាជនល្មើសម្នាក់ ឬក្នុងករណីខ្លះ អ្នកត្រូវបណ្តេញទៅប្រទេសវិញ។ សូមប្រយ័ត្នចំពោះ “ការងារងាយៗ” និង “រឿងដែលគួរឲ្យសង្ស័យ” – អាចរកប្រាក់បានជាមួយនឹងការងារងាយស្រួល។
① ទិញលក់គណនីធនាគារ
・ការដែលលក់លកាតដកប្រាក់ ឬសៀវភៅធនាគាររបស់អ្នកទៅឲ្យអ្នកផ្សេងគឺជាបទល្មើស (ការបំពានច្បាប់ស្តីពីការការពារការផ្ទេរប្រាក់ដែលទទួលបានពីអំពើខុសច្បាប់) ។ គណនីនោះប្រើសម្រាប់ចាប់បង្ខំជនរងគ្រោះឲ្យផ្ទេរប្រាក់ចូល ។ល។
・ការបើកគណនីផ្ទាល់ខ្លួនក្នុងគោលបំណងឲ្យអ្នកដទៃប្រើប្រាស់ក៏ជាបទល្មើស (ឆបោក) ផងដែរ។
② ដកប្រាក់ដោយប្រើគណនីរបស់ខ្លួន
ការដកប្រាក់ដែលបានផ្ទេរចូលគណនីធនាគាររបស់អ្នក ហើយផ្ញើទៅឲ្យគណនីផ្សេង ឬប្រគល់ទៅឲ្យអ្នកផ្សេងគឺជាបទល្មើស (ការបំពានច្បាប់ស្តីពីការទប់ស្កាត់ការផ្ទេរប្រាក់ដែលទទួលបានពីសកម្មភាពខុសច្បាប់) ។ ចំនួនទឹកប្រាក់នោះទាក់ទងនឹងការឆបោក និងផ្ទេរប្រាក់ខុសច្បាប់។
③ ដកប្រាក់សុទ្ធពីធនាគាររបស់នរណាម្នាក់
ការដកប្រាក់ពីម៉ាស៊ីន ATM ដោយប្រើកាតរបស់អ្នកដទៃ គឺជាបទល្មើស (បទល្មើសលួច) ។
④ ទិញលក់ទូរស័ព្ទដៃ
ការលក់ទូរស័ព្ទដៃទៅឲ្យអ្នកផ្សេងគឺជាបទល្មើស (បំពានច្បាប់ស្តីពីការទប់ស្កាត់ការប្រើប្រាស់ទូរស័ព្ទដៃដោយខុសច្បាប់) ។ ទូរស័ព្ទនោះប្រើសម្រាប់បទល្មើសដូចជាឆបោកជាដើម។
⑤ ទទួលប្រាក់ពីបុគ្គលប្លែកមុខ
ការទទួលយកប្រាក់ពីអ្នកផ្សេងតាមសំណើរបស់នរណាម្នាក់មានន័យថា អ្នកកំពុងចូលដៃចូលជើងជាមួយជនល្មើស (ដូចជាអំពើឆបោកជាដើម) ។
⑥ ទទួល ប្រគល់ ដឹកជញ្ជូនទំនិញ និងអីវ៉ាន់
ការទទួលទំនិញ ដឹកជញ្ជូន ផ្ញើអីវ៉ាន់ទៅកន្លែងណាមួយក៏អាចនឹងក្លាយជាបទល្មើសផងដែរ (ឆបោក បំពានច្បាប់ស្តីពីការត្រួតពិនិត្យសារធាតុញៀនជាដើម) ។
អត្ថបទសង្ខេប – ស្ថាប័នប្រឹក្សាសម្រាប់ជនជាតិវៀតណាម
https://www.kokoro-vj.org/vi/post_12008
求人詐欺、多発中!
សូមប្រយ័ត្នចំពោះការឆបោកក្នុងការជ្រើសរើសបុគ្គលិក។