របៀបប្រាស្រ័យទាក់ទងរបស់ប្រជាជនជប៉ុន៖ មិនអាចនិយាយថា “ទេ” ឡើយ

ក្នុងនាមជាជនជាតិជប៉ុនម្នាក់ ខ្ញុំ​អាច​និយាយ​បាន​យ៉ាង​ងាយ​ថា “ទេ” ។ យ៉ាងណាមិញ ចំណុចនេះមិនប្រាកដថាត្រូវ​ចំពោះ​ប្រជាជន​ជប៉ុន​ទាំង​អស់​នោះ​ទេ។

ប្រជាជនជប៉ុនជាច្រើនពិបាកនិយាយបដិសេធដោយផ្ទាល់ ដូច្នេះត្រូវនិយាយ “បញ្ឆិតបញ្ឆៀង” ដែលធ្វើឲ្យជនបរទេស​ស្រឡាំង​កាំង។

អត្ថបទនេះនឹងបកស្រាយអាថ៌កំបាំងទាក់ទងនឹងរបៀបនិយាយដែលពិបាកយល់របស់ប្រជាជនជប៉ុន ខណៈដែលពួក​គេ​មិន​​អាច​​និយាយ​​ថា “ទេ” ។

នេះជាអត្តបទមានសារៈសំខាន់បំផុតសម្រាប់អ្នកដែលកំពុងរៀនភាសាជប៉ុន។

ឥឡូវនេះ ចូរយើងស្វែងយល់ទាំងអស់គ្នា។

結構です

ឧទាហរណ៍នៅពេលដែលត្រូវណែនាំអាហារឆ្ងាញ់ក្នុងភោជនីយដ្ឋាន មនុស្សជាច្រើនប្រើរបៀបនិយាយថា “結構です” (Kekko desu) ។

ឃ្លានេះមានន័យថា “គ្រប់គ្រាន់ហើយ” “មិនត្រូវការបន្ថែមទៀតទេ” “សូមអរគុណ” ប៉ុន្តែឃ្លានេះក៏អាចយល់បានដែល​​ថា “មិន​ចង់​ភ្លក់​មុខ​ម្ហូបនេះ” ។ អត្តន័យដើមនៃពាក្យ “Kekko desu” គឺ “គ្មានបញ្ហាអ្វីឡើយ” ។

ដោយរបៀបនិយាយបែបនេះ អ្នកស្តាប់មិនអាចដឹងថា អ្នកនិយាយចង់ឬអត់នោះទេ បើយល់ព្រម (YES) ឬមិនយល់​​ស្រប (NO) ។

យ៉ាងណាមិញ ក្នុងស្ថានភាពជាក់ស្តែង គេតែងតែប្រើសម្រាប់បង្ហាញអត្តន័យមិនយល់ព្រម។

ពាក្យនេះមិនត្រឹម​តែប្រើ​ក្នុង​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​ទេ។ ប្រសិនបើអ្នកធ្វើការខាងផ្នែកលក់ អ្នកប្រាកដជាធ្លាប់ឮឃ្លានេះញឹកញាប់។ 

今度

今度 (konodo) គេតែងតែយល់ថា “លើកក្រោយ” ឬ “ក្នុងឳកាសមួយផ្សេង” ។

នៅពេលដែលកំពុងសន្ទនាយ៉ាងសប្បាយជាមួយមិត្តរួមការងារ ឬមិត្តភក្តិមហាវិទ្យាល័យ ពេលខ្លះអ្នកនឹងត្រូវសួរថា “今度、ご飯に行こう!” (Kondo, gohan ni ikou!) ។

ប្រយោគនេះអាចយល់បានពីរយ៉ាង “លើកក្រោយពួកយើងនឹងទៅហូបជាមួយគ្នា” ឬ “ប្រហែលជាពួកយើងនឹងទៅ​ហូប​ជា​មួយ​គ្នា​ក្នុង​ឳកាស​មួយ​ផ្សេង” ។

នេះជាឃ្លាមួយក្នុងចំណោមឃ្លាដែលសូម្បីតែប្រជាជនជប៉ុនក៏មិនច្បាស់ពីអត្តន័យរបស់វាផងដែរ។

ឃ្លានេះក៏ប្រើសម្រាប់ករណីពិតជាចង់ទៅទទួលទានអាហារ ប៉ុន្តែក៏អាចប្រើសម្រាប់ពេលដែលមិនចង់ទៅទទួល​ទាន​អាហារ ប៉ុន្តែ​មិន​អាច​បដិសេធ​​ច្បាស់​លាស់។

ក្នុងករណីនេះ អ្នកអាចសាកសួរថា “じゃぁ、いつにする?” (Jaa, itsu ni suru? – អូ តើអ្នកចង់ទៅពេលណា?)

ប្រសិនបើម្នាក់នោះអាចរៀបចំកាលវិភាគជាក់លាក់ ដូច្នេះមានន័យថា ពួកគេចង់ជួបអ្នក។

ផ្ទុយទៅវិញ ប្រសិនបើពួកគេនិយាយថា “スケジュールを確認してからね” (Sukejuru o kakunin shite kara ne – ខ្ញុំនឹងពិនិត្យមើលកាលវិភាគឡើងវិញ) ឬប្រយោគស្រដៀងគ្នា មានន័យថាពួកគេមិនចង់ជួបអ្នកនោះទេ។

ហេតុ​អ្វីមិននិយាយឲ្យច្បាស់ថាមិនចង់ទៅ?

ហេតុ​អ្វីបានជាប្រើរៀបនិយាយបែបបញ្ឆិតបញ្ឆៀងទាំងដែលអាចឆ្លើយយ៉ាងងាយថា YES! ឬ NO! ដូចនេះ?

សរុបទៅ ប្រសិនបើចង់បង្ហាញការបដិសេធគ្រាន់តែនិយាយថា “ទេ” បានហើយ។ ការដែលឆ្លើយមិនច្បាស់លាស់ បញ្ឆិត​​បញ្ឆៀង​​ដែល​​សូម្បី​​តែ​​ប្រជាជន​​ជប៉ុន​​ក៏​ពិបាក​យល់ គ្រាន់តែធ្វើឲ្យគ្រប់យ៉ាងស្មុគស្មាញប៉ុណ្ណោះ។

ទោះជាយ៉ាងណា មូលហេតុ​ពិត​ប្រាកដ​ដែល​ប្រជាជន​ជប៉ុន​មិន​ប្រើរបៀបនិយាយបែបនេះដោយសារ​ពួកគេ​ខ្មាស់​អៀន​​បុគ្គល​នៅ​ចំពោះ​មុខ។

ភាសាជប៉ុនត្រូវគេចាត់ទុកជាភាសាដែលមិនសូវមានពាក្យពិបាកស្តាប់សម្រាប់មនុស្សនៅចំពោះមុខ។ ប្រជាជនជប៉ុន​ទម្លាប់រស់ក្នុងបរិយាកាស ដែល​ពួក​គេ​ជៀស​វាង​​ការ​ប្រើពាក្យបដិសេធដោយផ្ទាល់ទៅហើយ។ វប្បធម៌​នេះ​នៅ​តែ​​បន្ត​រហូត​មក​ដល់​​សព្វ​​ថ្ងៃ។

របៀបទំនាក់ទំនងបញ្ឆិតបញ្ឆៀងដូចនេះអាច​បង្ក​បញ្ហា​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយជនបរទេស និងការទូត។ ទោះជាយ៉ាងណា ដោយយល់បានថា នេះជារបៀបប្រាស្រ័យទាក់ទងដែលកើតចេញពីគោលគំនិត “ជៀសវាងការនិយាយ​ត្រង់​​នឹង​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ” ជួយឲ្យអ្នកអាចប្រាស្រ័យទាក់ទងជាមួយប្រជាជនជប៉ុនកាន់តែមានប្រសិទ្ធភាព។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: