មកស្គាល់វិចិត្រការនីជប៉ុនដែលមានទេពកោសល្យ និងជីវិតដែលពេញទៅដោយឧបសគ្គ
តើអ្នកទាំងអស់គ្នាធ្លាប់មើលឃើញផ្ទាំងគំនូរនេះដែរទេ?
នេះជាស្នាដៃដែលតំណាងឲ្យគំនូរជប៉ុន ដូច្នេះមនុស្សជាច្រើនប្រហែលជាធ្លាប់មើលឃើញរូបគំនូរនេះ។
ជាផ្ទាំងគំនូរមួយក្នុងចំណោមផ្ទាំងគំនូរទាំង ៤៦ ផ្ទាំងដែលពណ៌នាអំពីភ្នំហ្វូជីក្នុងកម្រងគំនូរ “Thirty-six Views of Mount Fuji” (Fugaku Sanjurokkei) ។
(富嶽 – Fugaku) គឺជាឈ្មោះមួយផ្សេងទៀតនៃភ្នំហ្វូជី។
ថ្វីត្បិតតែ ឈ្មោះហៅថា “Thirty-six Views of Mount Fuji” ដែលមានន័យថា ទេសភាពទាំងសាមសិបប្រាំមួយនៃភ្នំហ្វូជី ប៉ុន្តែដោយសារលក់ដាច់ ដូច្នេះចំនួនគំនូរត្រូវបានបន្ថែមទៅជាសែសិបប្រាំមួយ។
វិចិត្រករដ៏ទេពកោសល្យនៃផ្ទាំងគំនូរនេះគឺលោក Katsushika Hokusai ។
ប្រហែលជាមនុស្សជាច្រើនស្គាល់លោកតាមរយៈផ្ទាំងគំនូរល្បីនេះ ប៉ុន្តែមនុស្សតិចណាស់ដែលដឹងថា កូនស្រីរបស់លោកក៏ជាមនុស្សដែលមានទេពកោសល្យម្នាក់ផងដែរ។
ខ្ញុំបែរជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃ និងជីវិតដែលពោរពេញទៅដោយការផ្លាស់ប្តូររបស់ស្រ្តីម្នាក់នេះ។
ចូរយើងស្វែងយល់អាថ៌កំបាំងទាក់ទងនឹងស្រ្តីម្នាក់នេះតាមរយៈអត្ថបទខាងក្រោម។
Katsushika Oui – កូនស្រីរបស់វិចិត្រករដ៏ល្បី Hokusai
លោក Hokusai មានកូនប្រុសពីរនាក់ និងកូនស្រីបីនាក់ ហើយអ្នកស្រីជាកូនស្រីពៅរបស់លោក។ អ្នកស្រីមានឈ្មោះថា Oui ជាឈ្មោះដែលកម្រមាននៅជប៉ុន។ គេនិយាយថា លោក Hokusai តែងតែហៅអ្នកស្រីថា “Oi” ដូច្នេះទើបអ្នកស្រីបានប្តូរទៅជាឈ្មោះនេះ។
ចាប់ពីពេលនោះមក អ្នកស្រីខុសពីក្មេងដទៃទៀត។
គេនិយាយថា ចង្ការបស់អ្នកស្រីរាងវែងបន្តិច ដូច្នេះហើយ លោក Hokusai ក៏ហៅអ្នកស្រីថា “Ago” ផងដែរ។
ពិតជាឪពុកដ៏ចម្លែកមួយរូបមែន។
អ្នកស្រីបានបន្សល់ទុកនូវស្នាដៃដ៏ស្រស់ស្អាតជាច្រើន ក្នុងនោះមានស្នាដៃជាច្រើនទទួលឥទ្ធិពលពីរចនាប័ទ្មគំនូរប្រទេសលោកខាងលិច។
អ្នកស្រីជាវិចិត្រការនីដែលមានស្ទីលគូរគំនូរស្អាតប្លែកទាំងស្រុងពីឪពុករបស់ខ្លួន។
គេនិយាយថា អ្នកស្រីបានជួយឳពុករបស់ខ្លួនធ្វើការតាំងពីក្មេង ដូច្នេះអ្នកស្រីទទួលបានការបង្រៀនយ៉ាងល្អ។
ជីវិតដែលពោរពេញទៅដោយបញ្ហា
អ្នកស្រី Oi បានរៀបការជាមួយវិចិត្រករជនជាតិជប៉ុនម្នាក់ ប៉ុន្តែដោយសារតែអ្នកស្រីប្រៀបធៀបប្តី និងឪពុកដ៏មានទេពកោសល្យរបស់ខ្លួន ដូច្នេះអ្នកស្រីតែងតែចំអកប្តីរបស់គាត់។
លទ្ធផលពួកគាត់លែងលះគ្នា ហើយអ្នកស្រីត្រឡប់ទៅផ្ទះឪពុកម្តាយវិញ។
យ៉ាងណាមិញ ចាប់តាំងពីពេលនោះ ជីវិតដ៏អាក្រក់រវាងឪពុក និងកូនទើបតែចាប់ផ្តើមប៉ុណ្ណោះ។
ទាំងឪពុក និងកូនសុទ្ធតែមិនអាចសម្អាតផ្ទះបាន។
ផ្ទះរបស់ពួកគាត់ពេញទៅដោយសំរាម យ៉ាងណាពួកគេមិនខ្វល់ទាល់តែសោះ។
នៅពេលដែលផ្ទះកាន់តែកខ្វក់ទៅៗ ពួកគេគ្រាន់តែប្តូរទៅកន្លែងមួយថ្មី។ ឪពុករបស់អ្នកស្រី Oi លោក Hokusai បានរើផ្ទះដល់ទៅ ៩៣ ដងដោយសារមូលហេតុនេះ។
ប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់អ្នកស្រី Oi ព្រោះតែខ្លាចសេចក្តីស្លាប់ អ្នកស្រីបានជ្រកកោនក្រោមម្លប់ព្រះ អ្នកស្រីរាំផង សូត្រធម៌ផង (រាំ Nembutsu) ។
អ្នកស្រីថែមទាំងហូបផ្សិតប៉ារ៉ាស៊ីតលើឫសដើមឈើក្រោមដីដែលប្រៀបដូចជាប្រភេទថ្នាំប៉ូវកម្លាំង និងធ្វើតុក្កតាតូចៗ
គេនិយាយថា តុក្កតាទាំងនោះស្អាតណាស់ ហើយជួយឲ្យអ្នកស្រីរកប្រាក់បានច្រើនដែរ។
ពិតជាមនុស្សដែលមានទេពកោសល្យម្នាក់មែន។
ពាក្យសម្តីដែលគួរឲ្យចងចាំរបស់អ្នកស្រី Oi
Oi កូនស្រីរបស់លោកឪពុកដ៏មានទេពកោសល្យមួយរូប ហើយក៏ជាមនុស្សមានកោសល្យអស្ចារ្យម្នាក់ដែរ។ ខាងក្រោមនេះគឺជាសម្រង់សម្តីរបស់អ្នកស្រី៖
“ឪពុករបស់ខ្ញុំ Hokusai គូរគំនូរជារៀងរាល់ថ្ងៃតាំងពីគាត់នៅតូចរហូតដល់អាយុ ៨០ ឆ្នាំ។ ទោះជាយ៉ាងណា គាត់នៅតែត្អូញត្អែរ និងស្រក់ទឹកភ្នែក ព្រោះតែមិនអាចគូររូបឆ្មាពីរក្បាលបានល្អឥតខ្ចោះ។ ចំណុចនេះក៏ត្រូវណាស់ដែរ នៅពេលដែលគ្រប់យ៉ាងដូចការរំពឹងទុក នោះជាឱកាសដ៏ល្អសម្រាប់អ្នករីកចម្រើន” ។
សូម្បីតែអ្នកដែលមានកោសល្យពេលខ្លះក៏ពិបាកដែរ។
ការដែលយើងជាមនុស្សធម្មតាជួបបញ្ហាលំបាកក៏ជារឿងធម្មតាដែរ។ ហើយយកឈ្នះលើការលំបាកទាំងនោះជាគន្លឹះឆ្ពោះទៅរកដំណាក់កាលបន្ទាប់ក្នុងជីវិត។
Abe Kengo