Tokyo Tower កំពូល​ស្ថាបត្យកម្ម​ដែល​ពិបាក​នឹង​ធ្វើ​ឡើង​វិញ​ដោយ​ប្រើ​បច្ចេក​ទេស​ស្រដៀង​គ្នា

Tokyo Tower ស្ថិតនៅកណ្តាលទីក្រុងតូក្យូ ដែលជានិមិត្តរូបអមតៈនៃទឹកដីប្រទេសជប៉ុន តែងតែទទួលស្វាគមន៍ភ្ញៀវ​​ទេស​ចរណ៍​មក​​ពី​ជុំវិញ​ពិភព​លោក។

ការសាងសង់បញ្ចប់នាខែធ្នូ ឆ្នាំ ១៩៥៨ ខណៈពេលនោះប៉មតូក្យូគឺជាសំណង់ខ្ពស់ជាងគេនៅជប៉ុន ដែលមានកម្ពស់ ៣៣៣ ម៉ែត្រ។

ជាមួយនឹងកម្ពស់ខ្ពស់ជាងអគារនៅជុំវិញ ដូច្នេះអ្នកអាចមើលឃើញកន្លែងជាច្រើនក្នុងទីក្រុងតូក្យូ និងត្រូវគេចាត់​ទុក​ដូច​ជា​និមិត្តរូបនៃទីក្រុងតូក្យូ ប៉ុន្តែឥឡូវនេះ អគារនៅជុំវិញក៏កាន់តែខ្ពស់ ហើយ Tokyo Skytree ដែលជា​ប៉មទូរទស្សន៍មានកម្ពស់ ៦៣៤ ម៉ែត្រក៏ត្រូវបានសាងសង់ឡើង ហើយបានធ្វើឲ្យ Tokyo Tower កាត់បន្ថយភាព​លេច​ធ្លោ។ យ៉ាងណាមិញ ប៉មតូក្យូនៅតែទទួលបានការនិយមចូលចិត្តដោយសារការរចនារបស់វា។

ការសាងសង់ Tokyo Tower ត្រូវបានធ្វើឡើងក្រោមស្ថានភាពពិបាក រហូតដល់ថ្នាក់មនុស្សជាច្រើនយល់ថា នេះជារឿងអស្ចារ្យ ហើយមិនអាចធ្វើឡើងវិញតាមរបៀបដូចសព្វថ្ងៃនេះទេ។

អត្តបទនេះនឹងពន្យល់លម្អិតទៅលើបរិបទនៃការសាងសង់ Tokyo Tower ដោយមូលហេតុ​នោះជួយឲ្យយើងមើលឃើញ​ពី​ស្មារតី​តាំង​ចិត្ត និង​ឆន្ទៈ​ដ៏​រឹង​មាំ​របស់​ប្រជាជន​ជប៉ុន។

រយៈពេលបញ្ចប់ដែលមិនគួរឲ្យជឿ

ការសាងសង់បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ ១៩៥៧ ហើយត្រូវបានបញ្ចប់នៅខែធ្នូ ឆ្នាំ ១៩៥៨ ។ ពិតជាគួរឲ្យភ្ញាក់ផ្អើល​ណាស់ សំណង់​ដ៏​ធំ​នេះ​ត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំកន្លះប៉ុណ្ណោះ។

កម្មករសំណង់ដែលធ្វើការនៅកន្លែងខ្ពស់គេហៅថា Tobishokunin (鳶職人) ។ កម្មករសំណង់វ័យក្មេងអាយុ ២៥ ឆ្នាំម្នាក់ឈ្មោះ Kiryu Goro បានក្លាយជាអ្នកដឹកនាំគម្រោង ហើយចាប់ផ្តើមសាងសង់ជាមួយកម្មករ ២០ នាក់ផ្សេង​ទៀត។

ជាការពិតណាស់ នៅមានជំនួយមកពីគ្រួសារផ្សេងទៀត ប៉ុន្តែការសាងសង់គម្រោងដ៏ធំ និងចំនួនកម្មករមិនច្រើន​ដូច​នេះ ហើយ​ក្នុង​រយៈពេលដ៏ខ្លីត្រឹម ១ ឆ្នាំកន្លះ ពិតជាអស្ចារ្យណាស់។

បើប្រៀបនឹងសម័យសព្វថ្ងៃ ដែលមានគ្រឿចក្រធុនធ្ងន់ជាច្រើនប្រភេទ នេះជាអំឡុងពេលអស្ចារ្យក្នុងបរិបទដែលឧបករណ៍​ជំនួយ​នៅ​មាន​កម្រិត​នៅ​ឡើយ។ 

ខ្ញុំមើលឃើញស្មារតី​តាំង​ចិត្ត​យ៉ាងខ្លាំង ស្ទើរ​តែដូចជាធ្លាក់ក្នុងគំនិត “បង្កើត​និមិត្តរូប​នៃ​ប្រទេស​ជប៉ុន​ដោយ​ដៃ​របស់​​​ពួក​យើង” ។

វិធានការសុវត្ថិភាព៖ ស្ទើរតែស្មើសូន្យ

ដូចដែលរូបភាពបង្ហាញ Tokyo Tower ត្រូវបានសាងសង់ឡើងដោយផ្គុំរចនាសម្ព័ន្ធដែក ប៉ុន្តែលក្ខខណ្ឌសុវត្ថិភាពនៅ​កន្លែង​សាង​សង់​ស្ទើរ​តែ​ស្មើសូន្យ។ គ្មានសំណាញ់ការពារធ្លាក់ ខ្សែសុវត្ថិភាព ឬដៃកាន់ត្រូវបានបំពាក់ឡើយ។

មែនហើយ ប្រៀបដូចជាស្ថាបត្យកម្មនរក ដោយគ្រាន់តែរអិលជើងចេញពីរបារដែកស្តើងក៏អាចស្លាប់បានដែរ។

ថ្វីត្បិតែ ទីក្រុងតូក្យូមានខ្យល់បក់ខ្លាំងជាប្រចាំ ប៉ុន្តែស្ថាបត្យកម្មនៅតែត្រូវបានអនុវត្តខណៈដែលល្បឿនខ្យល់ ១៥m/s ។

ដើម្បីស្មានមើល​កម្រិត​ខ្យល់​ ១៥ ម៉ែត្រ​ក្នុង​មួយ​វិនាទី នេះជាកម្រិតខ្យល់ខ្លាំងដែលអាចធ្វើឲ្យផ្លាកសញ្ញាលើអគារ​ត្រូវ​បក់​បើង ហើយ​សេចក្តី​ព្រមាន​ទាក់ទងនឹងខ្យល់ខ្លាំងត្រូវបានដាក់ចេញ។

ទោះជាយ៉ាងណា ប្រសិនបើខ្យល់មិនទាន់ឈានដល់កម្រិតនោះ ការងារនៅតែបន្តនៅរយៈកម្ពស់ខ្ពស់ដោយមិនមាន​វិធាន​ការ​សុវត្ថិភាពណាមួយឡើយ។

បោះដែកក្តៅពីខាងក្រោម

Tokyo Tower ត្រូវបានសាងសង់ដោយផ្គុំរចនាសម្ព័ន្ធដែក និងត្រូវបានភ្ជាប់ដោយដែកគោលមឹន។

ដែកគោលមឹនជាប្រភេទសម្ភារៈមានរាងមួក ដែលត្រូវបានកំដៅនៅសីតុណ្ហភាពខ្ពស់ បន្ទាប់មកដាក់ចូលរន្ធ ហើយ​ពត់​ចុង​ម្ខាង​ស្រួច ដើម្បីជួយឲ្យជាប់នៅមួយកន្លែង។

មិនដូចជាប៊ូឡុងនោះទេ Tokyo Tower ត្រូវគេចាត់ទុកថាប្រើដែកគោលមឹនច្រើន ព្រោះវាមិនរលុង។ យ៉ាង​ណា​មិញ វិធី​ដែល​ធ្វើ​ឲ្យ​ដែក​គោល​មឹន​ក្តៅ​នៅ​ការ​ដ្ឋាន​ជា​ចំណុចគ្រោះថ្នាក់បំផុតអំឡុងពេលដំណើរការសាងសង់។

ដែកគោលមឹនត្រូវបានកម្តៅនៅលើដី ហើយបន្ទាប់ពីឡើងដល់សីតុណ្ហភាពសមស្រប គេគៀបវាដោយដង្កៀបដែក ហើយ​​បោះ​​ទៅ​លើ​ឲ្យកម្មករដែលកំពុងរង់ចាំនៅខាងលើ។ កម្មករ​ប្រើ​ធុង​សម្រាប់​ចាប់​យក​ដែក​គោល​មឹន។

អាចយល់បានថា ការសាងសង់តាមរបៀបនេះមានប្រយោជន៍ព្រោះដែកគោលមឹននៅក្តៅ ប៉ុន្តែបើពិចារណា​លើ​បច្ចេក​ទេសបោះរបស់អ្នកនៅខាងក្រោម និងហានិភ័យដួលធ្លាក់ ប្រសិនបើអ្នកនៅខាងលើមិនមានលំនឹងពេលទទួល យើង​ឃើញ​ថា នេះជាការងារដែលមានគ្រោះថ្នាក់បំផុត។

អំឡុងពេលសាងសង់ ការដ្ឋានសំណង់ត្រូវបានដំឡើងខ្ពស់ទៅៗ។ ដូច្នេះដែកគោលមឹនដែលត្រូវបោះ និងបញ្ជូនពីក្រោម​​ឡើង​​លើ កាន់​តែ​ឡើង​ខ្ពស់​តាម​ទម្រង់​បញ្ជូន​បន្ត។

គេនិយាយថា បច្ចេកទេសប្រើដែកគោលមឹននេះឈានដល់កម្រិតត្រឹម​ត្រូវខ្ពស់ រហូតដល់ថ្នាក់សព្វថ្ងៃលែងមានកម្មករ​​ដែលអាចដំឡើងដែកគោលមឹនមានកម្រិតជាក់លាក់ស្រដៀងគ្នានេះ។

Tokyo Tower គឺជា​ស្នាដៃ​ស្ថាបត្យកម្ម​ដែល​បង្កើត​ឡើង​ដោយ​ប្រជាជន​ជប៉ុន។

ដោយក្រឡេកទៅមើលភាពស្រស់ស្អាតរបស់ Tokyo Tower ក្រោយពេលបំភ្លឺ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាយល់អំពីគ្រោះ​ថ្នាក់​នៅ​ពេល​ដែល “ពួកគេធ្វើការងារនៅរយៈកម្ពស់ខ្ពស់ដោយមិនមានវិធានការសុវត្ថិភាពណាមួយឡើយ” ។

ដោយវិធីសាស្រ្តសាងសង់ដែលមិនអាចទទួលយកបានក្នុងសម័យសព្វថ្ងៃ ការសាងសង់ប៉មទូរទស្សន៍ដែលពេញទៅដោយទឹកចិត្តរបស់កម្មករគឺជារឿងដែលមិនអាចទៅរួច។

ដោយពឹងលើភាពក្លាហាន ការច្នៃប្រឌិត និងស្មារតីការងារដែលមិនគិតពីខ្លួនឯង ទើបយើងអាចមើលឃើញស្នា​ដៃ​​ស្ថាបត្យកម្ម​ដ៏​ពិសេស និង​អស្ចារ្យ​នេះ។ ពួកគេជាវីរបុរសដែលបានរួមចំណែកបង្កើតមោទនភាពសម្រាប់ប្រទេស​ជប៉ុន។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: