អត្ថន័យដែលគួរឲ្យខ្លាចបង្កប់នៅពីក្រោយរឿងព្រេងនិទានជប៉ុន
នៅលើពិភពលោកមានរឿងព្រេងនិទានជាច្រើន។
ទោះបីជាមានចំណុចមួយចំនួនមិនជាក់ស្តែង ប៉ុន្តែចុងបញ្ចប់រឿងនៅតែល្អ ដែលជាទម្រង់រឿងព្រេងនិទានសម្រាប់កុមារ។
យ៉ាងណាមិញ ប្រសិនបើពិចារណាលម្អិតពីអត្ថន័យលាក់កំបាំងនៅពីក្រោយ នៅពេលខ្លះយើងមានអារម្មណ៍ថាខ្លាច។
នៅថ្ងៃនេះ ខ្ញុំចង់ចែករំលែកប្រាប់អ្នកទាំងអស់គ្នារឿង “Momotaro” (កុមារាផ្លែប៉េស) – គឺជារឿងដែលប្រជាជនជប៉ុនគ្រប់រូបសុទ្ធតែដឹង។
រឿងដែលកុមារដឹង
រឿងចាប់ផ្តើមដោយទិដ្ឋភាពបុរសចំណាស់ និងស្ត្រីចំណាស់ពីរនាក់រស់នៅជាមួយគ្នាតែគ្មានកូន។
នៅពេលដែលស្រ្តីចំណាស់កំពុងបោកខោអាវលើទន្លេ ស្រាប់តែមានផ្លែប៉េសយក្សមួយអណ្តែតតាមទឹកនៅចំពោះមុខគាត់។
ស្ត្រីចំណាស់យកផ្លែប៉េសទៅផ្ទះ ហើយបុរសចំណាស់កាត់ចេញ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលបានកើតឡើង នៅខាងក្នុងផ្លែប៉េសមិនមានសាច់ផ្លែប៉េសទុំនោះទេ ប៉ុន្តែជាទារកតូចថ្លោសគួរឲ្យស្រលាញ់ម្នាក់។
ក្មេងប្រុសមានឈ្មោះថា Momotaro ព្រោះចាប់កំណើតចេញពីផ្លែប៉េស។
នៅពេលដែលធំដឹងក្តី Momotaro បានក្លាយជាយុវជនដែលមានកម្លាំងរឹងមាំ និងក្លាហានមួយរូប។
នៅពេលនោះ មានបិសាចមួយក្បាលកំពុងបង្កបញ្ហាដល់ប្រជាជន Momotaro ក៏សម្រេចធ្វើដំណើរទៅកម្ចាត់ពួកវា។
នៅតាមផ្លូវ Momotaro ធ្វើជាមិត្តជាមួយឆ្កែ ស្វា និងចាបមួយក្បាល។ ដោយពឹងលើជំនួយពីមិត្តភក្តិទាំងនេះ Momotaro បានយកឈ្នះពួកបិសាច ហើយនាំមកនូវសន្តិភាពដល់ប្រជាជន។
ពិតជារឿងរ៉ាវដែលមានអត្តន័យល្អធ្វើឲ្យមនុស្សគ្រប់គ្នារីករាយ។
តើទារកកើតចេញមកពីផ្លែប៉េស? ផ្លែប៉េសអណ្តែតតាមទន្លេ?
ឈប់សិន ត្រង់ចំណុចនេះដូចជាមិនត្រូវ។
រឿងរ៉ាវផ្លែប៉េសយក្សអណ្តែតលើទន្លេ ហើយចាប់កំណើតចេញជាទារកម្នាក់ពិតជាចម្លែកណាស់? ទោះជារឿងប្រឌិតក៏ដូចជាមិនសមហេតុផលទាល់តែសោះ។
ទោះជាយ៉ាងណា ប្រសិនបើយើងក្រឡេកមើលរឿងនេះក្នុងបរិបទប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតរបស់ជប៉ុន យើងអាចនឹងមើលឃើញអត្ថន័យលាក់កំបាំងនៅពីក្រោយ។
ការសម្លាប់ទារកជាទំនៀមទម្លាប់ដ៏ឃោរឃៅ ធ្លាប់ពេញនិយមនៅកន្លែងជាច្រើនលើពិភពលោក។
ទំនៀមទម្លាប់នេះផ្អែកលើទស្សនៈឲ្យតម្លៃបុរសមើលងាយស្រ្តី ដែលចាត់ទុកក្មេងប្រុសជាបុគ្គលមានកម្លាំងធ្វើការងារ ហើយចាត់ទុកក្មេងស្រីដូចជាបន្ទុកសម្រាប់គ្រួសារ។ គួរឲ្យសោកស្តាយ ទំនៀមទម្លាប់នេះធ្លាប់មាននៅប្រទេសជប៉ុន។
វិធីមួយក្នុងចំណោមនោះដែលគេប្រើសម្រាប់ចាត់ចែងក្មេងស្រីគឺទម្លាក់តាមទន្លេ។
ជាការពិតណាស់ ជំនួសដោយផ្លែប៉េស រឿងរ៉ាវអាចនឹងជាក់ស្តែងជាងនេះប្រសិនបើយើងនិទានថា ទារកស្រីត្រូវបានគេដាក់ក្នុងវត្ថុប្រើប្រាស់ណាមួយ ហើយអណ្តែតតាមទឹកទៅដល់ស្ត្រីចំណាស់។
តើមិត្តភ័ក្ដិរបស់ក្មេងប្រុសទន់ខ្សោយពេកទេ?
នៅតាមផ្លូវទៅកម្ចាត់បិសាច Momotaro មានមិត្តភក្តិរួមដំណើរចំនួនបីគឺ៖ ឆ្កែ ស្វា និងចាប។ ទោះជាយ៉ាងណា មើលទៅពួកវាពិតជាទន់ខ្សោយណាស់មែនទេ? តើពួកវាអាចរួមចំណែកដល់ការប្រយុទ្ធដែរទេ? មនុស្សមួយចំនួនយល់ថា ការដែល Momotaro ទៅជាមួយឆ្កែ ស្វា និងចាប បែរជាមិនទៅជាមួយខ្លាឃ្មុំ ឬចចកបង្កប់អត្តន័យណាមួយ។
- 犬 (Inu) – ឆ្កែ និង 居ぬ (Inu) – មិនមាន៖ ការពន្យល់នេះបង្ហាញថា ឈ្មោះ “Inu” (ឆ្កែ) បង្កប់អត្តន័យ “មិនមាន” ។
- 猿 (Saru) – ស្វា និង 去る (Saru) – ចាកចេញ៖ ការពន្យល់នេះបង្ហាញថា ឈ្មោះ “Saru” (ស្វា) បង្កប់អត្តន័យ “ចាកចេញ” ។
- 雉 (Kiji) – ចាប និង 帰じ (Kiji) – មិនត្រឡប់៖ ការពន្យល់នេះផ្អែកលើរបៀបបញ្ចេញសំឡេង “Kiji” (ចាប) ដែលស្រដៀងនឹង “Kijinai” (មិនត្រឡប់) ។
ពិតមែនហើយ ប្រសិនបើយើងពិចារណាមើលឈ្មោះទាំងនេះដូចជាពាក្យសម្ងាត់សំដៅលើការសម្លាប់ទារក គ្រប់យ៉ាងនឹងកាន់តែងាយយល់។
ការដែលថាមិត្តរួមដំណើររបស់ក្មេងប្រុសផ្លែប៉េសមិនមែនខ្លាឃ្មុំ ឬចចកខ្លាំងក្លាបង្ហាញពីអត្ថន័យប្រៀបធៀបនៃឈ្មោះទាំងនេះ។
តើបិសាចជានរណា?
បិសាចតែងតែបង្ហាញខ្លួនក្នុងរឿងព្រេងនិទានជប៉ុន។ ពួកវាមានមាឌធំ កែវភ្នែកធំ ហើយមានកម្លាំងខ្លាំងអស្ចារ្យមិនមែនវេទមន្តពិសេសនោះទេ។
ទិដ្ឋភាពបិសាចកាចសាហាវបញ្ចូលតាមរយៈរឿងរ៉ាវបែបនេះ។ ទោះជាយ៉ាងណា មានទ្រឹស្តីមួយនិយាយថា រូបភាពបិសាចទាំងនេះផ្តើមមកពីជនជាតិអឺរ៉ុបរសាត់ទៅដល់ជប៉ុន។
ម្យ៉ាងវិញទៀត ប្រភេទបិសាចទាំងពីរដែលបង្ហាញខ្លួនក្នុងរឿងគឺ Aka Oni (បិសាចក្រហម) និង Ao Oni (បិសាចខៀវ) ។
ជនជាតិស្បែកសងាយនឹងប្តូរពណ៌ស្បែកជាជាងជនជាតិជប៉ុន ហើយនៅពេលដែលពួកគេរលាកស្បែកដោយសារកម្តៅថ្ងៃ ពួកគេមើលទៅស្លេកស្លាំងជាជាងស្បែកស។
ដូច្នេះហើយ មានទ្រឹស្តីនិយាយថា រូបភាពរបស់ Aka Oni និង Ao Oni អាចនឹងមានប្រភពមកពីភាពខុសគ្នារវាងប្រជាជនជប៉ុន និងជនជាតិស្បែកស។
ទោះបីជាពួកគេមិនមានស្នែង ប៉ុន្តែជនជាតិជប៉ុនសម័យនោះមានមាឌតូច ដូច្នេះមិនអាចមើលឃើញក្បាលរបស់ជនជាតិអឺរ៉ុបដែលមានមាឌខ្ពស់នោះទេ។ ដូច្នេះហើយ ពួកគេប្រហែលជាស្រមៃពីរូបភាពស្នែងនៅលើក្បាលរបស់ជនជាតិអឺរ៉ុប។
អ្នកដែលរសាត់អណ្តែតមិនអាចប្រាស្រ័យទាក់ទង ហើយដើម្បីរស់នៅ ពួកគេគ្មានជម្រើសអ្វីក្រៅពីប្លន់យកអាហារពីភូមិឡើយ។
នេះគ្រាន់តែជាសម្មតិកម្មមួយក្នុងចំណោមសម្មតិកម្មជាច្រើនទៀត។ យ៉ាងណាមិញ នៅពេលដែលក្រឡេកមើលរឿងព្រេងនិទានក្រោមទស្សនៈបរិបទប្រវត្តិសាស្ត្រ យើងអាចរកឃើញការពិតដែលគួរឲ្យភ្ញាក់ផ្អើល។
នៅពេលដែលយើងអានរឿងព្រេងនិទាន ក៏ដូចជាទេវកថា ប្រៀបដូចជាមធ្យោបាយដែលបង្ហាញពីប្រវត្តិសាស្ត្រ យើងអាចទទួលបានការយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រពិត។
តើប្រទេសរបស់អ្នកមានរឿងរ៉ាវអាថ៌កំបាំងដែលបង្កប់នៅពីក្រោយរឿងព្រេងនិទានដូចនេះដែរទេ?
សូមចែករំលែកប្រាប់ JAPO ផង!
Abe Kengo