សេដ្ឋកិច្ច​​ជប៉ុន​ស្តារ​ឡើង​វិញ​ដោយ​ផ្អែក​លើ​ឧស្សាហកម្ម​?

ជប៉ុនបានធ្លាក់ក្នុងស្ថានភាពអន់ថយអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

យុវជនជំនាន់ក្រោយធំដឹងក្តីទាំងមិនដឹងថា “យុគសម័យមាស” ជាអ្វីនោះទេ ប៉ុន្តែឥឡូវនេះ អ្នកនាំមុខកំពុងខិត​ខំប្រឹង​ប្រែង​ស្តារ​វិស័យឧស្សាហកម្ម​ដែលបានបាត់បង់ ដើម្បីពង្រឹងសេដ្ឋកិច្ចឡើងវិញ។

ដូច្នេះតើអ្វីទៅកំពុងកើតឡើងនៅជប៉ុនបន្ទាប់ពីប្រាក់យ៉េនធ្លាក់ចុះ?

ឧស្សាហកម្មសារធាតុពាក់កណ្តាលចម្លងស្តារឡើងវិញ

សារធាតុពាក់កណ្តាលចម្លងគឺជាសមាសធាតុសំខាន់នៃកុំព្យូទ័រ។

ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ជប៉ុនមានចំណែកទីផ្សារធំជាងគេលើពិភពលោកខាងវិស័យនេះ ដែលរួមចំណែកយ៉ាងសំខាន់​ដល់​ការ​អភិវឌ្ឍន៍​ដ៏​រឹង​មាំ​នៃ​សេដ្ឋកិច្ច។

នៅពេលនោះចំណែកទីផ្សារពិភពលោករបស់ជប៉ុនឈានដល់ជាង ៥០% ដែលជាចំនួនបង្ហាញពីចំណុចខ្លាំងនៃវិស័យ​ឧស្សាហកម្ម​សារធាតុពាក់កណ្តាលចម្លងក្នុងប្រទេសនេះ។

យ៉ាងណាមិញ បន្ទាប់ពីកិច្ចព្រមព្រៀងសារធាតុពាក់កណ្តាលចម្លងត្រូវបានចុះហត្ថលេខារវាងជប៉ុន និងសហរដ្ឋ​អាមេរិក វិស័យ​ឧស្សាហកម្ម​សារ​ធាតុ​​ពាក់​​កណ្តាល​​ចម្លង​​របស់​ជប៉ុនចាប់ផ្តើមធ្លាក់ចុះ។

ទោះជាយ៉ាងណា ជប៉ុននៅតែរក្សាចំណាត់ថ្នាក់ល្អខាងវិស័យផលិតគ្រឿងចក្រ និងសម្ភារៈសម្រាប់ឧស្សាហកម្មសារធាតុ​ពាក់​កណ្តាល​ចម្លង។ ថ្វី​ត្បិត​តែ ការ​ផ្តោត​សំខាន់​នៃឧស្សាហកម្មនេះបានប្តូរទៅកាន់តៃវ៉ាន់ និងកូរ៉េខាងត្បូង ប៉ុន្តែតួនាទីរបស់ជប៉ុននៅតែសំខាន់។

សព្វថ្ងៃនេះ សារធាតុពាក់កណ្តាលចម្លងមិនត្រឹម​តែមានក្នុងកុំព្យូទ័រប៉ុណ្ណោះទេ ថែមទាំងជាធាតុផ្សំសំខាន់ក្នុងរថ​យន្ត ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ទូរសព្ទ​ដៃ និង​ផលិត​ផល​ផ្សេងៗ​ទៀត។

Renesas Electronics ដែលជាក្រុមហ៊ុនផលិតសារធាតុពាក់កណ្តាលចម្លងធំរបស់ជប៉ុន បានចាប់ផ្តើមដំណើរការ​រោង​ចក្រក្នុងស្រុកបន្ទាប់ពី​ផ្អាក​រយៈ​ពេល ៩ ឆ្នាំ។ ការផ្លាស់ប្តូរនេះបើកឲ្យមានរលកស្រដៀងគ្នាពីអាជីវកម្មផ្សេង​ទៀត ដោយ​សន្យា​ថា​នឹង​ស្តារ​ឧស្សាហកម្ម​សារ​ធាតុ​ពាក់កណ្តាលចម្លងជប៉ុន។

ជំងឺរាតត្បាតកូវីដ ១៩ បានបណ្តាលឲ្យកើតមានស្ថានភាពខ្វះខាតប្រភពផ្គត់ផ្គង់សារធាតុពាក់កណ្តាលចម្លងជា​សកល ដោយប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក។

យ៉ាងណាមិញ នៅជប៉ុនការជម្រុញផលិតបន្ទះឈីបក្នុងស្រុកអាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ឧស្សាហកម្ម​ផ្សេង​ទៀត និង​ជម្រុញ​ការ​នាំ​ចេញ ជាពិសេសក្នុងបរិបទប្រាក់យ៉េនធ្លាក់ចុះ។

នាំយកយន្តហោះជប៉ុនទៅកាន់ពិភពលោក

បន្ទាប់ពីបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ឧស្សាហកម្មអាកាសចរណ៍ជប៉ុនត្រូវប្រឈមមុខនឹងបញ្ហាធំជាច្រើន។

ការរំលាយឧស្សាហកម្ម លុបចោលវគ្គបណ្តុះបណ្តាលឌីណាមីកអាកាសនៅសាកលវិទ្យាល័យ បានបង្អាក់ការអភិវឌ្ឍន៍ខាង​វិស័យ​នេះ​អស់​ជា​ច្រើន​ទសវត្សរ៍។

ទោះជាយ៉ាងណា ឥឡូវនេះពេលវេលាសម្រាប់ការផ្លាស់ប្តូរបានមកដល់ហើយ។

MRJ (Mitsubishi Regional Jet) ជាយន្តហោះដឹកអ្នកដំណើរកម្រិតមធ្យមដែលត្រូវបានបង្កើតឡើងដោយ​សាជីវកម្ម Mitsubishi បាន​បញ្ឈប់​ការ​អភិវឌ្ឍន៍​ជា​ផ្លូវនៅខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោយដំណើរការយ៉ាងលំបាក។

គម្រោងដ៏មាន​មហិច្ឆតា​នេះ ជាមួយនឹងទុនវិនិយោគដ៏ធំរហូតដល់ទៅ ១៨០ កោដិយ៉េន បានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងរឿងដែលមិនទទួលបានវិញ្ញាបនប័ត្រហោះពីសហរដ្ឋអាមេរិក ដោយមិនអាចដាក់បញ្ចូលក្នុងប្រតិបត្តិការពាណិជ្ជកម្ម។

វាត្រូវបានគេជឿថា ប្រសិនបើយន្តហោះមាន ៩៥០.០០០ គ្រឿងបន្លាស់ (ច្រើនជាងរថយន្ត ៣០ ដង) ត្រូវបានដាក់ឲ្យផលិតទ្រង់ទ្រាយធំ មិន​ត្រឹម​​តែ​អាច​ជួយ​ដល់​សាជីវកម្ម Mitsubishi ប៉ុណ្ណោះទេ ថែមទាំងជួយអាជីវកម្មជប៉ុន​ជា​ច្រើន​ទៀត​ផង​ដែរ។

ស្មានតែគ្រប់យ៉ាងបានបញ្ចប់ទៅហើយ ប៉ុន្តែសង្ឃឹម​បានលេចឡើងនៅឆ្នាំនេះ ដោយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន​បានសម្រេចចិត្តចាប់ផ្តើមគម្រោងឡើងវិញ។

ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសហគ្រាសឯកជន គម្រោង MRJ នឹងបន្តអនុវត្តជាមួយនឹងការ​វិនិយោគ​សរុប​រហូតដល់ទៅ ៥ ពាន់កោដិយ៉េន។

ក្រៅពីគម្រោង MRJ ដ៏មានមហិច្ឆតា សញ្ញាវិជ្ជមានមួយទៀតសម្រាប់ឧស្សាហកម្មជប៉ុនគឺរំពឹងលើការផលិតយន្ត​ហោះ​ចម្បាំង​ជំនាន់​ក្រោយ​សម្រាប់​​កង​​កម្លាំង​ស្វ័យ​ការ​ពារ​អាកាស​ជប៉ុន (JASDF) ការពារដែនអាកាសជប៉ុន។

កាលពីមុន កងកម្លាំងស្វ័យការពារជប៉ុន (JASDF) ភាគច្រើនប្រើយន្តហោះចម្បាំងដែលផលិតដោយអាមេរិក។

គម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងក្នុងស្រុក F-2 ក៏ជួបនឹងការលំបាកជាច្រើន ព្រោះត្រូវផ្អែកលើជំនួយបច្ចេក​ទេស​ពី​សហរដ្ឋ​អាមេរិក ដែល​ឈាន​ទៅ​ដល់​កិច្ច​សហប្រតិ​បត្តិការ​អភិវឌ្ឍន៍​រួមគ្នា។

ដោយទទួលបានមេរៀនកន្លងទៅ ជប៉ុនកំពុងសហការជាមួយអង់គ្លេស និងអុីតាលី ដើម្បីបង្កើតយន្តហោះចម្បាំងជំនាន់​ក្រោយ​ហៅ​ថា F-3 ។

គម្រោង​អភិវឌ្ឍន៍​យន្តហោះ​ចម្បាំង F-3 កំពុងត្រូវបានអនុវត្តជាបន្ទាន់ជាមួយនឹងគោលដៅបញ្ចប់នៅឆ្នាំ ២០៣៥ ។

ក្រៅ​ពី​បំពេញ​តម្រូវ​ការ​ផ្នែក​ការពារ​ជាតិ រដ្ឋាភិបាល​ជប៉ុន​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​យន្តហោះ​ចម្បាំង F-3 អាច​​នាំ​​ចេញ​​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ការនាំចេញអាវុធតែងតែជាប្រធានបទចម្រូងចម្រាស ប៉ុន្តែយន្តហោះចម្បាំង F-3 ត្រូវបានផលិតដោយផ្អែក​លើ​បច្ចេក​វិទ្យា​អាកាស​ចរណ៍ឈានមុខគេលើពិភពលោក អាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ឧស្សាហកម្មអាកាស​ចរណ៍​ជប៉ុន។

ប​ច្ចេ​ក​វិទ្យា​កម្រិត​ខ្ពស់ដែលបានអនុវត្តក្នុងយន្តហោះ F-3 អាចត្រូវបានអនុវត្តចំពោះគម្រោងផលិតយន្តហោះដឹកអ្នកដំណើរនាពេលអនាគត ដែលរួមចំណែកដល់ការលើកកម្ពស់ចំណាត់ថ្នាក់ខាងវិស័យឧស្សាហកម្មអាកាសចរណ៍ជប៉ុន​លើ​ទីផ្សារ​អន្តរ​ជាតិ។

អាចស្មានបានថា នៅថ្ងៃណាមួយយន្តហោះ “Made in JAPAN” នឹង​ហោះហើរ​លើផ្ទៃមេឃជុំវិញពិភពលោក។

នៅជប៉ុនសញ្ញាស្តារសេដ្ឋកិច្ច​កំពុង​លេចឡើងបណ្តើរៗនៅ​កន្លែង​ជា​ច្រើន​ ដោយជម្រុញក្តីស្រមៃរួចផុតពី​រយៈ​ពេល​ជាប់​គាំង ៣០ ឆ្នាំ ដែល​ហៅ​ថា “ទសវត្សរ៍​នៃ​ភាព​បាត់​បង់” ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: