សាមូរ៉ៃនៃកីឡាបាល់ទាត់ប្រៀបដូចជាបាតុភូតដ៏កម្រនៅលើតារាងបាល់

សួស្តីប្រិយមិត្តអ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក។

តើអ្នកទាំងអស់គ្នាធ្លាប់មើលរឿង Anime បាល់ទាត់ល្បី “Captain Tsubasa” របស់ជប៉ុនដែរទេ?

ដោយចេញផ្សាយនៅឆ្នាំ ១៩៨១ និងល្បីនៅជុំវិញពិភពលោក រឿងនឹងបញ្ចប់ក្រោយរយៈពេលជាង ៤០ ឆ្នាំ ហើយព័ត៌មាន​នេះ​ត្រូវបានប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាប្រទេសជាច្រើនប្រកាស។

តើអ្នកដឹងទេថាកីឡាកររូបណាដែលគេចាត់ទុកដូចជាគំរូរបស់តួអង្គ “Captain Tsubasa” ដែរទេ?

នោះគឺលោក Miura Kazuyoshi ជាកីឡាករដែលបានចាកចេញពីជប៉ុនទៅកាន់ប្រទេសប្រេស៊ីលដើម្បីរៀនទាត់បាល់ ហើយ​បានបង្ហាញខ្លួនយ៉ាងជំនាញនៅ Santos FC ក្នុងឆ្នាំ ១៩៨៦ ។

អ្នកនិពន្ធរឿង “Captain Tsubasa” ត្រូវបានបំផុសគំនិតដោយលោក Miura ហើយអ្វីដែលអស្ចារ្យគឺថានៅអាយុ ៥៧ ឆ្នាំ លោក​នៅ​តែ​លះ​បង់សម្រាប់បាល់ទាត់អាជីព។

សព្វថ្ងៃនេះ កីឡាករជប៉ុនដែលទៅប្រកួតហើយទទួលបានជោគជ័យនៅក្រៅប្រទេសមិនមែនជារឿង​កម្រ​ទៀតទេ ប៉ុន្តែអ្នក​ដែល​បាន​ផ្តួចផ្តើមគឺលោក។

ការលេងបាល់ទាត់ទាមទារកម្លាំងកាយច្រើន ហើយក្នុងកម្រិតអាយុដូចនេះ ការប្រកួតអាជីពជារឿងដែលកម្រណាស់។

ចូរក្រឡេកមើលកីឡាករវ័យ​ចំណាស់​ដែលបង្ហាញខ្លួននៅលើតារាងបាល់ពិភពលោក។

អ្នកចាំទី៖ Brad Guzan (៣៩ ឆ្នាំ / Atlanta United)

ខ្សែការពារស្តាំ៖ Jesus Navas (៣៨ ឆ្នាំ / Sevilla)

ខ្សែការពារកណ្តាល៖ Pepe (៤១ ឆ្នាំ / Porto)

ខ្សែការពារកណ្តាល៖ Jose Fonte (៤០ ឆ្នាំ / Braga)

ខ្សែការពារឆ្វេង៖ Cristian Ansaldi (៣៧ ឆ្នាំ / Parma)

ខ្សែបម្រើកណ្តាល៖ Felipe Melo (៤០ ឆ្នាំ / Fluminense)

ខ្សែបម្រើកណ្តាល៖ Santi Cazorla (៣៩ ឆ្នាំ / Real Oviedo)

ខ្សែបម្រើកណ្តាល៖ Andreas Iniesta (៣៩ ឆ្នាំ / Emirates Club)

ខ្សែប្រយុទ្ធស្តាំ៖ Kazuyoshi Miura (៥៧ ឆ្នាំ / Oliveirense)

ខ្សែប្រយុទ្ធកណ្តាល៖ Roque Santa Cruz (៤២ ឆ្នាំ / Libertad)

ខ្សែប្រយុទ្ធឆ្វេង៖ Lukas Podolski (៣៨ ឆ្នាំ / Górnik Zabrze)

ប្រហែលជាអ្នកយល់នូវអ្វីដែលកីឡាករអាយុ ៥៧ ​ឆ្នាំដូចជាលោក Miura នៅតែបន្តលេងបាល់។

អាចនិយាយបានថា នៅសម័យសព្វថ្ងៃគាត់ជាសាមូរ៉ៃពិតប្រាកដមួយរូប ដែលបន្តអាជីពប្រកួតបាល់ពេញមួយជីវិត។

ចូរយើងក្រឡេកមើលពាក្យសម្តីដែលល្បីមួយចំនួនរបស់កីឡាករ Miura ៖

តើឳកាសមាន ១% ឬ? ដូច្នេះខ្ញុំនឹងជឿលើ ១% នោះ។

នៅពេលដែលមិនអាចយកឈ្នះ សូមទុកឲ្យខ្លួនរងការរិះគន់។ ខ្ញុំក៏ត្រូវក្លាយទៅជាអ្នកជំនាញខាងផ្នែកស្មារតីមួយរូបផងដែរ។

ការសរសើរគ្នាទៅវិញទៅមកគឺជារឿងដែលអាក្រក់បំផុតសម្រាប់អត្តពលិកអាជីព។

ក្លាយ​ជា​អត្តពលិក​អាជីពមួយរូបមិនមែនព្រោះតែប្រាក់នោះទេ។ ជាការតស៊ូអស់ពីសមត្ថភាព មិនបោះបង់ចោលទោះក្នុង​កាលៈទេសៈ​ណាក៏ដោយ។

ការដែលក្លាយជាផ្នែកមួយនៃក្រុមបាល់ទាត់់ល្បីគ្មានន័យអ្វីឡើយ ប្រសិន​បើ​អ្នក​មិន​អាចប្រកួតនៅលើតារាងបាល់។

ខ្ញុំមិនចង់ត្រឡប់ទៅអតីតកាលនោះទេ។ អតីតកាលគឺជាអតីតកាល។

ចូរឆ្ពោះទៅមុខទោះមួយសង់ទីម៉ែត្រក៏ដោយ។

ដរាបណាអ្នកតែងតែប្រឈមនឹងអ្វីមួយថ្មី អ្នកនឹងមិនបាត់បង់ពន្លឺឡើយ។

នៅពេលដែលអ្នកលែងមានអារម្មណ៍ថាមានសម្ពាធ គ្រប់យ៉ាងនឹងបញ្ចប់។

ភ្លើងប្រកួតប្រជែងក្នុងខ្លួនខ្ញុំមិនមែនដើម្បីយកឈ្នះយុវជនជំនាន់ក្រោយនោះទេ ប៉ុន្តែដើម្បីយកឈ្នះខ្លួនឯង។

ការបោះបង់ចោលពាក់កណ្តាលផ្លូវ ទោះក្នុងកាលៈទេសៈណាក៏ដោយ មិនមែនជារឿងល្អនោះទេ។

លុះត្រាតែអ្នកខំប្រឹងអស់ពីសមត្ថភាព ហើយសម្រេចបាន នោះទើបជាកម្លាំងពិតប្រាកដ។

ប្រសិនបើចង់ឲ្យកាន់តែល្អប្រសើរ ចូរបន្តពង្រឹងចំណុចខ្លាំងរបស់ខ្លួន។

ក្រោយពេលឆ្លងកាត់ការលំបាកពេលហ្វឹកហាត់ ទើបអ្នកអាចញញឹម​នៅលើតារាងប្រកួត។

ដើម្បីសម្រេចបាននូវភាពរីករាយ អ្នកត្រូវអត់ធ្មត់ខាងផ្នែកណាមួយ។

ការដែលមើលងាយគូប្រកួតនឹងឆ្ពោះទៅរកបរាជ័យ។

សត្រូវដ៏ធំបំផុតមិនមែនគូប្រកួតទេ គឺខ្លួនយើង។

មិនថាអ្នកដទៃនិយាយយ៉ាងណាក៏ដោយ ខ្ញុំនៅតែធ្វើរឿងដែលខ្លួនត្រូវធ្វើ។

មានតែអ្នកដែលតាំងចិត្តជំនះ​ឧបសគ្គ​បច្ចុប្បន្ន​ប៉ុណ្ណោះ ទើប​អាច​នៅបន្ត។

ខ្ញុំជឿជាក់ថា ពាក្យទាំងនេះមានអត្តន័យសម្រាប់អ្នករាល់គ្នា មិនត្រឹម​តែកីឡាករបាល់ទាត់បុណ្ណោះទេ។

លោក Miura Kazuyoshi បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបាល់ទាត់ ដោយផ្តោតលើកីឡានេះពេញមួយ​ជីវិត​របស់​ខ្លួន។

តើអ្នកគិតថានោះជារឿងដែលគួរតែឲ្យតម្លៃដែរទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: