កំពូលតារាសម្តែង Katsu Shintaro ជាតួអង្គដែលមិនអាចបំភ្លេចបាននៃភាពយន្តជប៉ុន
នៅពេលដែលរំលឹកដល់ភាពយន្តជប៉ុន មិនអាចមិនរំលឹកដល់តារាសម្តែងដែលមានភាពទាក់ទាញ និងឥទ្ធិពល ជាអ្នកដែលបានរួមចំណែកបង្កើតយុគសម័យមាសនៃវិស័យភាពយន្ត។ ក្នុងចំណោមនោះមានតារាសម្តែង Katsu Shintaro ហើយកំពូលស្នាដៃល្បីបំផុតគឺ – Zatoichi ។
ខ្សែភាពយន្តនិយាយពី Zatoichi ជាអ្នកកាន់ដាវដ៏ពូកែមួយរូបធ្វើដំណើរជុំវិញប្រទេសជប៉ុន ប្រព្រឹត្តអំពើសុចរិត និងកម្ចាត់មនុស្សអាក្រក់។
ដោយសារឥទ្ធិពលដ៏ធំធេង Zatoichi ត្រូវបានចាក់ផ្សាយតាមបណ្តាប្រទេសជាច្រើន និងទាក់ទាញទស្សនិកជនយ៉ាងច្រើន។
ចូរយើងស្វែងយល់អំពីកំពូលរឿងរ៉ាវរបស់ Katsu Shintaro ។
“ខ្ញុំនឹងមិនស្លៀកខោទ្រនាប់ទៀតទេ”
នៅឆ្នាំ ១៩៩០ លោក Katsu ត្រូវចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Honolulu, Hawaii ព្រោះរក្សាទុកកូកាអុីន និងកញ្ឆា។
ព័ត៌មានខ្លះបានឲ្យដឹងថា លោក Katsu បានលាក់ថ្នាំញៀនក្នុងខោទ្រនាប់របស់ខ្លួន។
យ៉ាងណាមិញ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈជនគឺសម្តីរបស់លោក Katsu ក្នុងសន្និសីទកាសែតបន្ទាប់ពីត្រូវចាប់ខ្លួន។
“ដើម្បីការពារកុំឲ្យមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងម្តងទៀត ខ្ញុំនឹងលែងស្លៀកខោទ្រនាប់” ។
តើឈប់ជក់បារីហើយឬនៅ?
លោក Katsu Shintaro ត្រូវបានគេស្គាល់ថាជាមនុស្សជក់បារីយូរឆ្នាំ ហើយត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកបំពង់កនៅឆ្នាំ ១៩៩៦ ។
ក្នុងសន្និសីទកាសែត គាត់បានជក់បារីមួយដើមហើយនិយាយថា “ខ្ញុំបានឈប់ជក់ព្រោះកំពុងទទួលការព្យាបាលមហារីក” ។
ល្បីដោយសារចិត្តទូលាយ
លោក Katsu Shintaro តែងតែនាំក្រុមថតរឿងទាំងមូលទៅផឹក ហើយទូទាត់វិក្កយបត្រទាំងអស់។
ប្រសិនបើពួកគេប្តូរទៅហាងទីពីរ លោក Katsu ក៏នឹងអញ្ជើញគ្រប់គ្នាក្នុងហាងទីមួយទៅជាមួយផងដែរ។
ចំនួនអ្នកចូលរួមអាចនឹងឡើងដល់ ១០០ នាក់ ប៉ុន្តែលោក Katsu នៅតែជាអ្នកទូទាត់ទាំងអស់។
ការចំណាយផឹកស្រារបស់លោក Katsu Shintaro អាចនឹងច្រើនជាង ១០០ លានយ៉េនក្នុងមួយឆ្នាំ។
បើគណនាតាមតម្លៃសព្វថ្ងៃ ប្រហែលជាអាចនឹងឡើងដល់ ៥០០ លានយ៉េន។
របៀបបង្រៀនកូនសិស្សចេះបង្ហាញពីអារម្មណ៍ពិត
លោក Katsu នាំកូនសិស្សសាលាសម្តែងដែលខ្លួនបង្កើតទៅកាន់ភោជនីយដ្ឋានលំដាប់ខ្ពស់មួយ។
មុខម្ហូបសាច់គោលំដាប់ខ្ពស់ត្រូវបានលើកចេញ លោក Katsu ខាំមួយមាត់ ហើយស្រែកឡើង។
“តើភោជនីយដ្ឋាននេះចាប់ផ្ដើមបម្រើមុខម្ហូបអន់បែបនេះតាំងពីពេលណា?”
នៅពេលនោះបុគ្គលិកខ្លាចស្លន់ស្លោរត់គេចចេញ មេចុងភៅបានមកសុំទោស។
លោក Katsu បានពន្យល់ថា គាត់ចង់ឲ្យកូនសិស្សរៀនអំពី “ការបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលពិតរបស់មនុស្ស” ។
លោក Katsu បញ្ជាក់ប្រាប់ចុងភៅដែលកំពុងសុំទោសថា “មិនអីទេៗ” ហើយប្រគល់ឲ្យចុងភៅស្រោមសំបុត្រដែលពេញទៅដោយប្រាក់។
នៅមានរឿងជាច្រើននិយាយពីលោក Katsu ដូចជាលោកបានជួបមិត្តភ័ក្តិតារាសម្តែងម្នាក់ដែលកំពុងទៅផឹកស្រាជាមួយបុគ្គលិកប្រហែល ៣០ នាក់ ហើយលោកបានទូទាត់វិក្កយបត្រទាំងអស់ឲ្យពួកគេ ឬគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្តែងវេទមន្ត ហើយជូនប្រាក់អ្នកសម្តែងវេទមន្តចំនួន ៥០ ម៉ឺនយ៉េននៅនឹងកន្លែង។
ប្រភេទរឿងដែលគាត់សម្តែងមានឈ្មោះថា Jidai-geki (សម័យកាលល្ខោន) ឬគេហៅថារឿងបុរាណជប៉ុន។ ទោះជាយ៉ាងណា ចាប់ពីដើមទសវត្សរ៍ឆ្នាំ ២០០០ ការផលិតភាពយន្តប្រភេទនេះកាន់តែតិចទៅៗ ធ្វើឲ្យលោក Katsu ធ្លាក់ក្នុងស្ថានភាពលំបាក។
យ៉ាងណាមិញ លោក Katsu នៅតែមិនបោះបង់របៀបរស់នៅដោយសេរីរបស់ខ្លួន។
នៅទីបំផុត ក្រុមហ៊ុនរបស់លោកបានក្ស័យធនជាមួយនឹងបំណុលចំនួន ១,២ ពាន់លានយ៉េន ទុកឲ្យប្រពន្ធដែលនៅរស់របស់លោកសងបំណុល។
លោក Katsu ជាមនុស្សចិត្តទូលាយមួយរូប។ ទោះបីជាលោកបានទទួលមរណៈភាព ប៉ុន្តែរឿងរ៉ាវរបស់លោកនៅតែត្រូវបានបន្សល់ទុក។
ប្រជាជនជប៉ុនជាច្រើនមានអារម្មណ៍សោកសៅដែលមនុស្សដូចជាលោក Katsu មិនមាននៅជប៉ុនសព្វថ្ងៃ។
លោក Katsu Shintaro នឹងស្ថិតនៅក្នុងការចងចាំប្រៀបដូចជានិមិត្តរូបនៃទឹកចិត្តទូលាយ និងក្តីស្រលាញ់ ជាមនុស្សដែលបានបំផុសគំនិតដល់ប្រជាជនជប៉ុនជំនាន់ក្រោយៗ។
Abe Kengo