កម្លាំង​ដ៏​អស្ចារ្យ​នៃ​ក្បាច់ Aikido អាច​ផ្តួល​គូ​ប្រកួត​ដែល​មាន​មាឌ​ធំ​​ជាង​​ខ្លួន

តើអ្នកធ្លាប់ភ្លឹកអារម្មណ៍មើលការសម្តែង Aikido ដ៏គួរឲ្យចាប់អារម្មណ៍ ដោយបុរសមាឌតូចចាប់បោះ​គូប្រកួតមាឌ​ធំ​លើ​ស្មា​យ៉ាង​ស្រួល​ដែរ​ទេ?

Aikido គឺជាសិល្បៈក្បាច់គុនបុរាណជប៉ុន ដោយល្បីជាមួយនឹងបច្ចេកទេសចាប់បោះយ៉ាងល្អមើល និងមានប្រសិទ្ធភាព។

យើងអាចមើលឃើញយ៉ាងច្បាស់ពីភាពខុសគ្នារវាង Aikido និងក្បាច់គុនផ្សេងទៀត។ ដូចជាក្បាច់គុន Karate និង Judo ប្រើ​កណ្តាប់​ដៃ ទាត់ ឬ​ចាប់​បោក​ដោយ​ផ្ទាល់ ចំណែកឯ Aikido បែរជាប្រើបច្ចេកទេសចាប់បោះដែលគួរឲ្យ​ចាប់​អារម្មណ៍។

ផ្ទុយនឹង Judo មនុស្សពីរនាក់មានរូបរាងកាយប្រហាក់ប្រហែលគ្នា រីឯ Aikido តែងតែបង្ហាញឲ្យយើងឃើញពីទិដ្ឋភាព​​អ្នក​​ដែល​​មាន​មាឌ​តូច​ចាប់​ទម្លាក់​គូប្រកួត​មាឌ​ធំ​ពីលើ​ស្មា។

ក្នុងអត្តបទនេះយើងនឹងស្វែងយល់ពីអាថ៌កំបាំងរបស់ Aikido និងបកស្រាយចំពោះកម្លាំងនៅពីក្រោយក្បាច់គុនពិសេស​នេះ។

ការ​ប្រកួត​រវាង​អង្គរក្ស​ប្រធានាធិបតី និង​កំពូល Aikido

កំពូលគ្រូបង្រៀន Aikido មួយរូបដែលមានឈ្មោះថា Shioda Gozo ។

ក្នុងឆ្នាំ ១៩៦២ នៅពេលដែលប្រធានាធិបតី Robert F. Kennedy បានទៅធ្វើទស្សនកិច្ចនៅជប៉ុន គាត់សង្ស័យពីកម្លាំងរបស់លោក Shioda Gozo ហើយ​ស្នើ​ឲ្យអង្គរក្សរបស់ខ្លួនប្រកួតជាមួយនឹងលោក។

អង្គរក្សរូបនោះមានកម្ពស់ ១៩០ សង់ទីម៉ែត្រ ទម្ងន់ជាង ១០០ គីឡូក្រាម ហើយមិនមែនជាមនុស្សធម្មតានោះទេ ប៉ុន្តែ​ជា​អង្គរក្ស​អាជីព​មួយ​រូប។

ផ្ទុយនឹងអង្គរក្ស លោក Shioda Gozo មានកម្ពស់ត្រឹម ១៥៤ សង់ទីម៉ែត្រ និងទម្ងន់ ៤៦ គីឡូក្រាមប៉ុណ្ណោះ។

ភាពខុសគ្នារវាងរាងកាយ និងកម្លាំងរបស់អ្នកទាំងពីរគឺជាក់ស្តែងណាស់។ យ៉ាងណាមិញ លទ្ធផល​នៃ​ការ​ប្រកួត​បាន​​​ធ្វើ​​ឲ្យ​គ្រប់​​គ្នា​​ភ្ញាក់​​ផ្អើល។

ត្រឹមប៉ុន្មានក្បាច់ Aikido លោក Gozo Shioda បានចាប់បោះអង្គរក្សមាឌធំរបស់ប្រធានាធិបតីជាច្រើនដង។

ព្រឹត្តិការណ៍នេះបានធ្វើឲ្យលោកប្រធានាធិបតី Kennedy និងអ្នកមើលចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្លាំងនៃ Aikido និង​ទេព​កោសល្យ​របស់​លោក Shioda Gozo ។

អង្គរក្សខំប្រឹងដោះសារចំពោះ​បរាជ័យ​របស់ខ្លួនដោយនិយាយថា “ខ្ញុំមិនទាន់ហូបអាហារពេលព្រឹក…” ។

ប្រហែលជាគាត់គ្រាន់តែចង់រកលេសដើម្បីបិទបាំងបរាជ័យរបស់ខ្លួនប៉ុណ្ណោះ។

ហើយក៏អាចដែលថាគាត់ពិតជាមានអារម្មណ៍ឃ្លាន និងជឿថាវាប៉ះពាល់ដល់សមត្ថភាពប្រកួតរបស់ខ្លួន។

អ្វីដែលសំខាន់គឺសមត្ថភាពគ្រប់គ្រងការដកដង្ហើម

មានចំណុចពិសេសមួយក្នុង Aikido នោះគឺ “សមត្ថភាពគ្រប់គ្រងការដកដង្ហើម” ត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុត។

នេះជាទស្សនៈមួយដែលកម្រត្រូវបានគេលើក​ឡើង​ក្នុង​សិល្បៈ​ក្បាច់គុន និង​កីឡា​ប្រយុទ្ធ​ផ្សេង​ទៀត។

បើតាមទស្សនៈ Aikido ពាក្យ “Dantian” – កន្លែងនៅខាងក្រោមផ្ចិត – គឺជាកន្លែងប្រមូលផ្តុំកម្លាំងដែលរួមបញ្ចូលគ្នា​រវាង​ស្មារតី ឆន្ទៈ និង​រាង​កាយ។

ជាការពិតណាស់ កម្លាំងសាច់ដុំក៏ចាំបាច់ផងដែរ។ យ៉ាង​ណា​មិញ បើគ្រាន់តែហ្វឹកហាត់សាច់ដុំមិនងាយទេដែលបុរស​ចំណាស់​​ទម្ងន់ ៤៦ គីឡូក្រាមអាចលើកបោះបុរសមាឌធំទម្ងន់​ជាង ១០០ គីឡូក្រាម។

អាថ៌កំបាំងនៃគ្រូបង្រៀន Aikido ស្ថិតលើសមត្ថភាពគ្រប់គ្រងការដកដង្ហើម។ ពួកគេប្រើដង្ហើមដើម្បីគ្រប់គ្រងកម្លាំង​រាង​កាយ​ទាំង​មូល​តាម​ចិត្ត និង​លើក​បោះ​គូប្រកួត។

សមត្ថភាពគ្រប់គ្រងការដកដង្ហើមនេះមិនអាចធ្វើបានដោយផ្អែកលើកម្លាំងសាច់ដុំប៉ុណ្ណោះទេ។

ដោយចិត្តស្ងប់ស្ងាត់ចង់រួមបញ្ចូលតែមួយជាមួយនឹងគូប្រកួត ទាំងដង្ហើមរបស់ពួកគេ យើងអាចទាយដឹងចលនារបស់ពួក​គេ។

ត្រង់ចំណុចនេះ យើងអាចនឹងយល់ តែក៏មិនយល់ដែរ…

ឪពុករបស់ខ្ញុំក៏ជាគ្រូ Aikido មួយរូបដែរ។ ខ្ញុំ​មាន​កម្ពស់ ១៧៣ សង់ទីម៉ែត្រ ឪពុក​ខ្ញុំ​មាន​កម្ពស់ ១៥៦ សង់ទីម៉ែត្រ។

ទោះបីជាមានកម្ពស់ខុសគ្នា ប៉ុន្តែខ្ញុំនៅតែចាំថា រាល់ពេលដែលខ្ញុំធ្វើខុស ឪពុករបស់ខ្ញុំនឹងលើកបោះខ្ញុំ។

ឪពុករបស់ខ្ញុំពិតជាខ្លាំងមែន នៅ​ពេល​នោះ ខ្ញុំ​ពិត​ជា​គិត​ថា ខ្លួនមិនអាចយកឈ្នះគាត់បាន។

សមត្ថភាព​គ្រប់គ្រង​ការ​ដក​ដង្ហើមនេះ នៅពេលដែលរៀនហើយខុសពីកម្លាំងសាច់ដុំ អាចប្រើបានទាំងវ័យចាស់​​ក៏​​ដោយ។

ដូច្នេះតើ “សមត្ថភាពគ្រប់គ្រងការដកដង្ហើម” ជាអ្វី?

នេះគឺជាថាមពលអាថ៌កំបាំង ពិបាកយល់ទាំងដែលបានពន្យល់ដោយពាក្យសម្តី ហើយក៏មិនទាន់មានការពន្យល់ពេញលេញពីវិទ្យាសាស្រ្តដែរ។ ទោះជាយ៉ាងណា ហាក់បីដូចជាសមត្ថភាពគ្រប់គ្រងការដកដង្ហើមនេះផ្អែកលើ​ការ​ផ្តោត​អារម្មណ៍ និង​សមត្ថភាព​រក្សា​តុល្យភាព។

ការផ្តោតអារម្មណ៍ដើម្បីវិភាគចលនារបស់គូប្រកួតដោយស្ងប់ស្ងាត់ ដង្ហើមរបស់គូប្រកួត និងស្ថានភាពរបស់ខ្លួន។

ក្នុងក្បាច់គុន និង Budō ធម្មតា មនុស្សតែងតែពត់ខ្លួនពេលលើកបោះគូប្រកួត ប៉ុន្តែ Aikido បែរជាបោះគូប្រកួត​ដោយ​ខ្នង​ត្រង់។

នេះក៏ជាផ្នែកមួយដែលហាក់បីដូចជា “ក្លែងក្លាយ” ប៉ុន្តែជាប្រភពកម្លាំងពិតប្រាកដនៃ Aikido ។

ការប្រយុទ្ធមិនមែនជាគោលដៅនោះទេ

គោល​បំណង​របស់ Aikido មិន​មែន​កំណត់ឈ្នះចាញ់ ឬខ្ពស់ទាបជាមួយគូប្រកួតនោះទេ ដូច្នេះ​មិនមានការប្រកួតឡើយ។

ខ្លួនក៏មិនវាយប្រហារមុន ឬលើកបោះគូប្រកួតដែរ។

មូលដ្ឋាននៃ Aikido គឺទប់ទល់នឹងចលនារបស់គូប្រកួត ដូច្នេះនេះជាក្បាច់គុនដែលពិបាកវាយតម្លៃកម្លាំង។

ជាមួយនឹងគុណសម្បត្តិបែបនេះ Aikido គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ស្ត្រីដែលចង់ហ្វឹកហាត់ការពារខ្លួន។

សព្វថ្ងៃនេះ Aikido មានប្រជាប្រិយភាពយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកជាមួយនឹងប្រព័ន្ធ Dojo ចម្រុះ។ ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​ក្បាច់​គុន​ដែល​ស័ក្តសម សូម​សាក​ល្បង Aikido ។

ដោយឡែកខ្ញុំផ្ទាល់ មានអារម្មណ៍ខ្លាចឪពុករបស់ខ្លួន ដូច្នេះខ្ញុំមិនចង់រៀនក្បាច់គុននេះទេ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: