តើស្ទីលសម្លៀកបំពាក់ “Yankee” បានត្រឡប់មកវិញ និងពេញនិយមនៅជប៉ុនមែនទេ?
នៅពេលដែលនិយាយពីឯកសណ្ឋានសិស្សក្នុង anime អ្នកគាំទ្រប្រាកដជាមិនអាចរំលងឈុតសម្លៀកបំពាក់ដែលគួរឲ្យចាប់អារម្មណ៍នោះទេ។
ជាពិសេសឯកសណ្ឋានក្នុងស្នាដៃល្បីដូចជា Tokyo Revengers, WIND BREAKER ឬ CROWS ។
ចំណុចលេចធ្លោពិសេស ឯកសណ្ឋានមិនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីបុគ្គលិកលក្ខណៈ និងភាពខុសគ្នារបស់តួអង្គនីមួយៗផងដែរ។
រូបភាពយុវជនបើកម៉ូតូស្លៀកសម្លៀកបំពាក់ពិសេសដែលគេហៅថា “Tokko-fuku” ស្រដៀងទៅនឹងអាវក្រៅវែងបានទាក់ទាញចំណាប់អារម្មណ៍។
ស្ទីលម៉ូដសម្លៀកបំពាក់នេះមានឈ្មោះថា “Yankee” ដែលធ្លាប់ពេញនិយមនៅជប៉ុនកាលពី ៤០ ឆ្នាំមុន។
សម្រាប់អ្នកដែលកើតនៅទសវត្សរ៍ឆ្នាំ ១៩៧០ ដូចជាខ្ញុំ ស្ទីលនេះអាចនឹងនាំមកនូវអារម្មណ៍ដូចជាហួសសម័យបន្តិច។
យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ឈុតសម្លៀកបំពាក់នេះកំពុងតែពេញនិយមសម្រាប់យុវវ័យនៅសម័យសព្វថ្ងៃ។
ការផ្លាស់ប្តូរឯកសណ្ឋានសិស្ស
នៅជប៉ុនជាទូទៅសិស្សប្រុសស្លៀកពាក់ឯកសណ្ឋានពេលរៀនអនុវិទ្យាល័យ និងវិទ្យាល័យ។ ប្រភេទឯកសណ្ឋានទូទៅបំផុតគេហៅថា “Gakuran” ។
នៅពេលដែលស្លៀក Gakuran មើលទៅសុភាពសង្ហា ប៉ុន្តែស្ទីល “Yankee” បែរជាផ្លាស់ប្តូរសម្លៀកបំពាក់នេះតាមរបៀបខុសៗគ្នា។
ស្ទីលដែលនិយមមានដូចជាកាត់ខ្លី ឬប្រែទៅជាវែងខ្លាំង។
តើការផ្លាស់ប្តូរ Gakuran មានអ្វីគួរឲ្យចាប់អារម្មណ៍?
ការផ្លាស់ប្តូរឯកសណ្ឋានសាលាមានន័យថាបំពានបទបញ្ជាផ្ទៃក្នុងរបស់សាលា។
ចំណុចនេះបង្ហាញពីបំណងចង់គេចចេញពីការរឹតបណ្តឹងនៃបទបញ្ជាផ្ទៃក្នុង។
ទោះជាយ៉ាងណា ស្ទីលម៉ូដសម្លៀកបំពាក់នេះក៏តែងតែទាក់ទាញចំណាប់អារម្មណ៍ និងនាំឲ្យមានបញ្ហាដូចជាត្រូវរករឿងវាយគ្នាជាដើម។
ជាការពិតណាស់ ប្រសិនបើមិនរឹងមាំ អ្នកនឹងមិនអាចស្លៀកសម្លៀកបំពាក់ប្រភេទនេះបានទេ។ ព្រោះវាក៏ជានិមិត្តរូបនៃកម្លាំង បង្កើតបានជារូបរាងពិសេសប្លែក។
យ៉ាងណាមិញ បើគិតទៅលើម៉ូដសម្លៀកបំពាក់ តាមគំនិតរបស់ខ្ញុំវាមិន “ឡូយ” ប៉ុន្មានទេ។
អំពើហឹង្សាមានន័យថាអាក្រក់
នៅទីបំផុត ការយល់ឃើញដែលថា “អំពើហឹង្សាគឺអាក្រក់” បានផ្សព្វផ្សាយនៅទូទាំងប្រទេសជប៉ុន បានធ្វើឲ្យស្ទីល “Yankee” ក្លាយទៅជាម៉ូដសម្លៀកបំពាក់ដែលលែងស្អាត។
ថ្វីត្បិតតែ អាចនិយាយបានថាជប៉ុនបានក្លាយជាប្រទេសស្រលាញ់សន្តិភាព ប៉ុន្តែនៅពេលដែលមនុស្សគ្រប់រូបដូចគ្នា សង្គមក៏មិនសូវមានគំនិតច្នៃប្រឌិត និងថាមពល ធ្វើឲ្យប្រទេសកាន់តែគួរឲ្យធុញទ្រាន់។
ដូច្នេះហើយ ទើបថ្មីៗនេះយុវវ័យចាប់ផ្តើមមានអារម្មណ៍មិនពេញចិត្តនឹងស្ថានភាពដ៏គួរឲ្យធុញនោះ។
នោះហើយជាមូលហេតុដែលម៉ូដ Yankee បែរជាមានប្រជាប្រិយភាពវិញ។
តើម៉ូដដែលពេញនិយមមុនសង្គ្រាមអាចជាមូលដ្ឋានគ្រឹះនៃស្ទីល “Yankee” នេះដែរទេ?
បន្ទាប់ពីសម័យសាមូរ៉ៃបានបញ្ចប់ របៀបរស់នៅរបស់ប្រទេសលោកខាងលិចត្រូវបាននាំចូលប្រទេសជប៉ុន។
ស្ទីលបែបប្រទេសលោកខាងលិចនេះគេហៅថា “Haikara” ។ យ៉ាងណាមិញ មានមនុស្សមួយចំនួនដើរផ្ទុយនឹងទំនោរនេះ។
ស្ទីលរបស់ពួកគេហៅថា “Bankara” ។ គឺជារូបភាពឈុតគីម៉ូណូធម្មតា ពាក់ស្បែកជើងឈើ និងពាក់មួកសិស្ស។ នៅសម័យនោះ សម្លៀកបំពាក់រយៀករហែកគឺជានិមិត្តរូបនៃកម្លាំង បង្ហាញពីភាពមិនគោរពតាមបទបញ្ជា។
ខ្ញុំគិតថា ស្ទីលម៉ូដសម្លៀកបំពាក់នេះបានបង្កើតទៅជាម៉ូដ “Yankee” ។
ការវាយតប់ និងអំពើហិង្សាមិនមែនជារឿងល្អនោះទេ។ ទោះជាយ៉ាងណា ការដែលបញ្ជាក់ពីខ្លួនឯងក៏មានសារៈសំខាន់ណាស់ដែរ។
មិនថាវា “ឡូយ” ឬអត់នោះទេ ប្រសិនបើស្ទីល Yankee ពេញនិយមឡើងវិញក្នុងសម័យសព្វថ្ងៃ ដូចជានិមិត្តរូបដែលបង្ហាញពីខ្លួនឯង និងបុគ្គលិកលក្ខណៈ នេះអាចជារឿងល្អសម្រាប់សង្គមជប៉ុនដែលកំពុងខ្វះថាមពល។
Abe Kengo