ផ្កាសាគូរ៉ា និងទស្សនៈរបស់ប្រជាជនជប៉ុនចំពោះជីវិត និងសេចក្តីស្លាប់
ផ្កាសាគូរ៉ាជប៉ុនរីកស្រស់ស្អាតចាប់ពីចុងខែមីនាដល់ខែមេសា និងតំបន់ដែលត្រជាក់ជាងប្រហែលខែឧសភា។
ផ្កាប្រភេទនេះមិនត្រឹមតែប្រជាជនជប៉ុនចូលចិត្តប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរណ៍ដែលមកពីជុំវិញពិភពលោកផងដែរ។
ផ្កាសាគូរ៉ា – និមិត្តរូបនៃប្រទេសជប៉ុន
ផ្កាសាគូរ៉ា Somei-Yoshino ដែលគេចាត់ទុកដូចជានិមិត្តរូបនៃផ្កាសាគូរ៉ាជប៉ុន គឺជាលទ្ធផលនៃដំណើរបង្កាត់ពូជដែលត្រូវបានជ្រើសរើស មិនមែនដោយធម្មជាតិនោះទេ។ ជាពិសេស ពូជផ្កានេះមិនអាចបង្កកំណើតដោយខ្លួនឯងនោះទេ ប៉ុន្តែបង្កកំណើតដោយគ្រាប់ពូជ និងវិធីសាស្រ្តញែកមែកឈើប៉ុណ្ណោះ។
ដូច្នេះហើយ បានជាពូជផ្កាសាគូរ៉ា Somei-Yoshino ទាំងអស់ដែលនៅទូទាំងប្រទេសជប៉ុនសុទ្ធតែមាន DNA ដូចគ្នា។ នៅទូទាំងប្រទេសមានដើម Somei-Yoshino ប្រហែលប៉ុន្មានលានដើម។
ហេតុអ្វីបានជាប្រជាជនជប៉ុនចូលចិត្តផ្កាសាគូរ៉ា Somei Yoshino ដូច្នេះ?
អត្តបទថ្ងៃនេះនឹងស្វែងយល់អំពី “ភាពស្រស់ស្អាតនៃសេចក្តីស្លាប់” ក្នុងវប្បធម៌ជប៉ុន ដែលរួមចំណែកពន្យល់ពីចំណូលចិត្តរបស់ប្រជាជនជប៉ុនចំពោះផ្កាសាគូរ៉ា Somei Yoshino ។
លក្ខណៈពិសេសរបស់ Somei-Yoshino
ថ្វីត្បិតតែ ជប៉ុនមានប្រភេទផ្កាសាគូរ៉ាច្រើន ប៉ុន្តែផ្កា Somei Yoshino នៅតែលេចធ្លោព្រោះតែលក្ខណៈពិសេស បើប្រៀបទៅនឹងពូជដទៃទៀត។
១. ផ្ការីកមុនពេលដែលចេញស្លឹក
ផ្កា Somei Yoshino រីកមុនពេលដែលចេញស្លឹក។ ដូច្នេះផ្ការីកស្រស់ស្អាតមិនត្រូវបាំងដោយស្លឹកពណ៌បៃតង។
ខុសនឹងប្រភេទផ្កាសាគូរ៉ាផ្សេងទៀតរីកបន្តិចម្តងៗ ផ្កា Somei Yoshino មានលក្ខណៈពិសេសត្រង់ថា រីកក្នុងពេលដំណាលគ្នានៅលើដើម។ ដែលធ្វើឲ្យទិដ្ឋភាពផ្កាសាគូរ៉ាកាន់តែស្រស់ស្អាត និងលេចធ្លោ។
២. ពណ៌ស្រស់ស្អាត
មិនដូចជាពូជផ្កាសាគូរ៉ាដទៃទៀតនោះទេ។
នៅពេលមើលជិត ផ្កាសាគូរ៉ា Somei Yoshino ហាក់ដូចជាមានពណ៌ស។ មើលពីចម្ងាយ ផ្កាដូចជាមានពណ៌ផ្កាឈូកស្រាល។
ដោយសារការប្តូរពណ៌ដ៏អស្ចារ្យនេះ ទើបបង្កើតបានជាភាពទាក់ទាញ់នៃផ្កា Somei Yoshino ។
៣. ត្របកផ្ការីកស្រស់ស្អាត
សម្រាប់ពូជផ្កាផ្សេង ផ្ការីកជាចង្កោម បង្កើតជារាងមូល អាចមើលឃើញចង្កោមនីមួយៗយ៉ាងច្បាស់។
ទោះជាយ៉ាងណា ចំពោះពូជផ្កាសាគូរ៉ា Somei-Yoshino ផ្ការីករាយប៉ាយនៅលើដើម បង្កើតបានជាភាពស្រស់ស្អាតរួម ស្រទន់ ដែលធ្វើឲ្យដើមឈើទាំងមូលដូចជាគ្របដណ្តប់ដោយស្រទាប់ពណ៌ផ្កាឈូកស្រាល។
ប្រភេទផ្កាដែលតំណាងឲ្យភាពបែកបាក់ និងសេចក្តីស្លាប់ដ៏អស្ចារ្យ
ថ្វីត្បិតតែ ផ្កាមានភាពស្រស់ស្អាត ប៉ុន្តែប្រជាជនជប៉ុនបែរជាផ្សារភ្ជាប់ផ្កាសាគូរ៉ានឹងអត្តន័យ “បែកបាក់” និង “សេចក្តីស្លាប់” ។
តើអ្នកធ្លាប់ប្រទះឃើញរូបភាពខាងក្រោមក្នុងរឿងជប៉ុនដែរទេ?
- ឈុតឆាកតួអង្គឯកស្លាប់៖
នៅខាងក្រៅមានទិដ្ឋភាពផ្កាសាគូរ៉ារីកស្គុះស្គាយ។
ផ្កាសាគូរ៉ាតំណាងឲ្យការបញ្ចប់ជីវិត។
- ទិដ្ឋភាពសាមូរ៉ៃអនុវត្តពិធី seppuku ៖
ផ្កាសាគូរ៉ាធ្លាក់នៅជុំវិញ។
ភាពស្រស់ស្អាតដ៏ផុយស្រួយរបស់ផ្កាសាគូរ៉ាបង្ហាញពីសោកនាដកម្មនៃការលះបង់។
- ឈុតឆាកចែកផ្លូវគ្នារបស់គូស្នេហ៍៖
ផ្ទៃខាងក្រោយគឺជាទិដ្ឋភាពផ្កាសាគូរ៉ារីកស្គុះស្គាយ។
សម្រស់ដ៏រ៉ូមែនទិករបស់ផ្កាសាគូរ៉ាបន្ថែមអារម្មណ៍ដល់ឈុតឆាកបែកបាក់។
សោភ័ណភាពចំពោះសេចក្តីស្លាប់របស់ជប៉ុន
ទស្សនៈរបស់ប្រជាជនជប៉ុនចំពោះសោភ័ណភាពនៃសេចក្តីវិនាស ដែលគេហៅថា “Shishokan” (ទស្សនៈចំពោះជីវិត និងសេចក្តីស្លាប់) ។
នេះជាទស្សនៈសោភ័ណភាពចំពោះរបៀបដែលមនុស្សគួរតែស្លាប់។
ទស្សនៈនេះប្រកាន់ភ្ជាប់ថា មនុស្សគ្រប់គ្នាសុទ្ធតែត្រូវស្លាប់ ហើយអ្វីដែលសំខាន់គឺថា យើងត្រូវរស់នៅយ៉ាងណាដើម្បីឲ្យពេលស្លាប់ទៅ យើងអាចចាកចេញតាមរបៀបដ៏ស្រស់ស្អាតបំផុត។
គោលបំណងនៃជីវិតមិនមែនចង់រស់ដោយលះបង់គ្រប់យ៉ាងណានោះទេ ប៉ុន្តែរស់នៅយ៉ាងណាឲ្យល្អ ហើយស្លាប់ក្នុងនាមជាមនុស្សម្នាក់។
នេះទស្សនៈចំពោះជីវិត និងសេចក្តីស្លាប់របស់ប្រជាជនជប៉ុន។
ផ្កាសាគូរ៉ារីកស្គុះស្គាយត្រឹមរយៈពេលខ្លី ដោយបង្ហាញពីសម្រស់ដ៏ស្អាតបំផុតរបស់ខ្លួន ហើយបន្ទាប់មកក៏បាត់ទៅតាមខ្យល់។
ប្រភេទផ្កាផ្សេង ឧទាហរណ៍ដូចជាផ្កាកុលាប បន្ទាប់ពីបញ្ចប់ដំណាក់កាលដែលស្អាតបំផុតនឹងប្រែទៅជាពណ៌ត្នោត ហើយនៅជាប់នៅលើដើម។
ផ្កាសាគូរ៉ារីកស្គុះស្គាយត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់មកត្របក់ផ្កាជ្រុះស្ទើរតែទាំងអស់។ យើងមិនអាចមើលឃើញទិដ្ឋភាពផ្កាសាគូរ៉ាប្រែទៅជាពណ៌ត្នោតនៅលើដើមដូចប្រភេទផ្កាផ្សេងទៀតឡើយ។
ចាប់តាំងពីពេលនោះមក ប្រជាជនជប៉ុនដឹងពី “ភាពស្រស់ស្អាត” នៃផ្កាសាគូរ៉ា ហើយសង្ឃឹមថា “នៅពេលដែលខ្លួនស្លាប់ក៏មានភាពស្រស់ស្អាតដូចជាផ្កាសាគូរ៉ា” ផងដែរ។
ចំណុចនេះបង្ហាញពីទំនាក់ទំនងរវាងផ្កាសាគូរ៉ា និងទស្សនៈចំពោះជីវិត និងសេចក្តីស្លាប់របស់ប្រជាជនជប៉ុន។
បំណងចង់ជួបជុំនៅក្រោមដើមផ្កាសាគូរ៉ាស្រុកកំណើត
ជប៉ុនបាត់បង់ទាហានរាប់មិនអស់អំឡុងសង្គ្រាមលោកលើកទី ២ ។ ជាពិសេសនៅដំណាក់កាលក្រោយ អ្នកបើកយន្តហោះដែលស្ម័គ្រស្លាប់សុទ្ធតែគិតថា “សេចក្តីស្លាប់គឺជារឿងធម្មតា” ។ ពាក្យសន្យារបស់ពួកគេនៅពេលនោះគឺ “ជួបគ្នាក្រោមដើមផ្កាសាគូរ៉ា Yasukuni” ។
Yasukuni គឺជាទីសក្ការៈបូជានៅទីក្រុងតូក្យូ ដែលជាកន្លែងឧទ្ទិសដល់អ្នកដែលបានលះបង់ដើម្បីជប៉ុន។
Yasukuni គឺជាកន្លែងដែលអ្នកប្រយុទ្ធ និងលះបង់យ៉ាងក្លាហ៊ានដើម្បីប្រទេសជប៉ុនជួបជុំ។
ផ្កាសាគូរ៉ានៅ Yasukuni រីកស្គុះស្គាយ ស្រស់ស្អាតខ្លាំងណាស់។ អ្នកខ្លះនិយាយថា ដោយសារទីនេះប្រមូលផ្តុំព្រលឹងវិញ្ញាណរបស់អ្នកដែលបានពលីដើម្បីប្រទេសជប៉ុនទើបផ្កាស្អាតដូច្នេះ។
មានអារម្មណ៍ថា ទិដ្ឋភាពព្រលឹងរបស់ពួកគេប្រមូលផ្តុំនៅ Yasukuni ផឹកស្រារួមគ្នាក្រោមដើមផ្កាសាគូរ៉ារីកស្គុះស្គាយ នោះហើយជាអត្តន័យនៃទីសក្ការៈ Yasukuni ដែលជាកន្លែងដឹងគុណចំពោះអ្នកដែលលះបង់ដើម្បីការពារប្រទេសជប៉ុន។
ប្រហែលជាមានតែពេលដែលក្រឡេកមើលផ្កាសាគូរ៉ាដោយអារម្មណ៍ទាំងមូល មិនត្រឹមតែភាពស្រស់ស្អាត ថែមទាំងមានភាពឯកកោ និងភាពអាប់អួរ ទើបយើងយល់អំពីទស្សនៈចំពោះជីវិត និងសេចក្តីស្លាប់របស់ប្រជាជនជប៉ុន។
ដោយទស្សនៈគំនិតនោះ ចូរយើងរីករាយនឹងស្រា sake ជប៉ុនក្រោមដើមផ្កាសាគូរ៉ាយ៉ាងស្រស់ស្អាត។
Abe Kengo