លោក Yukio Mishima អ្នក​ចម្បាំង​សាមូរ៉ៃ​ចុង​ក្រោយ

យុគសម័យសាមូរ៉ៃរុងរឿងក្នុងសម័យកាល Edo បានបញ្ចប់នៅឆ្នាំ ១៨៦៧ ។ ឈ្មោះជាសាមូរ៉ៃក៏ត្រូវបានលុបចោលជា​ផ្លូវ​ការ ដែលបង្ហាញពីវណ្ណៈមួយត្រូវរលាយ។ យ៉ាងណាមិញ ស្មារតីសាមូរ៉ៃ ចិត្តស្មោះត្រង់ និង​ភាព​ក្លាហាន​នៅ​តែមាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

នៅថ្ងៃនេះ ខ្ញុំចង់ចែករំលែកអំពីតំណាងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលទាក់ទងនឹង Yukio Mishima គឺជាអ្នកនិពន្ធ​ជន​ជាតិ​ជប៉ុន​ដែល​គេ​ហៅ​ថា “អ្នកចម្បាំងសាមូរ៉ៃចុងក្រោយ” និងស្នាដៃដែលគាត់បានបន្សល់ទុក។

តើ Yukio Mishima ជានរណា?

លោក Yukio Mishima ជាតំណាងអ្នកនិពន្ធជប៉ុននៅសម័យ Showa បានបង្កការភ្ញាក់ផ្អើលដោយអំពាវនាវឲ្យមាន​រដ្ឋ​ប្រហារ​នៅ​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន​ក្នុង​ឆ្នាំ ១៩៧០ ហើយ​បន្ទាប់​មក​អនុវត្ត​ពិធី​វះ​ពោះ។

តើលោក Yukio Mishima បាន​ពលី​ជីវិត​ដើម្បី​បង្ហាញពីអ្វីដល់ប្រជាជនជប៉ុន?

ព្រឹត្តិការណ៍ Mishima

ការខិតខំប្រឹងប្រែងធ្វើរដ្ឋប្រហារបរាជ័យដែលបានរៀបរាប់ខាងលើគេហៅថាព្រឹត្តិការណ៍ Mishima ។ នៅវេលាម៉ោង​ប្រហែល ១០ៈ៥៨ នាទី​ព្រឹក​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៩៧០ លោក Yukio Mishima និងជំនួយការ ៤ នាក់បានទៅទីស្នាក់ការកណ្តាល Ichigaya នៃ​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជប៉ុន​នៅ​ទីក្រុង​តូក្យូ។

បន្ទាប់ពីបានណាត់ជួប លោក Mishima និងមិត្តត្រូវបាន​នាំ​ចូល​បន្ទប់​របស់​ប្រធានសេនាធិការ។ លោក Mishima យក​​តាម​ដាវ​យោធា​ដែល​ផលិត​ពី​ដាវ​បុរាណ​ជប៉ុន Seki Magoroku ដែលមន្ត្រីយោធាជប៉ុនធ្លាប់ប្រើកំឡុងសង្គ្រាមលោកលើកទីពីរ។ 

នៅសម័យនោះ ជប៉ុនក៏ហាមមិនឲ្យយកដាវតាមដូចសព្វថ្ងៃនេះដែរ។ ប៉ុន្តែលោក Mishima តែង​តែ​យក​ដាវ​ជប៉ុនតាម​ខ្លួន ដែលជាតំណាងនៃ “ស្មារតី​សាមូរ៉ៃ” ។

ជំនួយការរបស់លោក Mishima បានចងអ្នកដែលទទួលពួកគេដោយខ្សែពួរ ហើយរៀបចំរបាំងការពារដោយកៅអី និងតុតាមផ្លូវទៅកាន់បន្ទប់​របស់​ប្រធាន​សេនា​ធិការ។

ដោយសង្កេតឃើញចំណុចខុសប្រក្រតី ទាហាននៃកងកម្លាំងស្វ័យការពារជប៉ុនបានព្យាយាមទម្លុះចូល ប៉ុន្តែដោយ​សារ​តែ​លោក Mishima កំពុងចាប់ប្រធានសេនាធិការជាចំណាប់ខ្មាំង ដូច្នេះពួកគេបរាជ័យ ហើយមនុស្ស ៨​ នាក់​រង​របួស។

បន្ទាប់មក ប៉ូលីសត្រូវបានហៅមក

ទោះជាយ៉ាងណា លោក Mishima មានសំណើតែមួយប៉ុណ្ណោះគឺ ប្រមូលផ្តុំបុគ្គលិកក្រុមការពារជាតិទាំងអស់ ដើម្បីស្តាប់សុន្ទរកថារបស់គាត់។

សុន្ទរកថារបស់លោក Mishima

ខ្លឹមសារ​នៃ​សុន្ទរកថារបស់លោក Mishima ដូចខាងក្រោម។

សូមស្ងប់ស្ងាត់ស្តាប់ទាំងអស់គ្នា។
មានបុរសម្នាក់កំពុងប្រថុយជីវិតសុំអង្វរ​អ្នករាល់គ្នា។

ប្រសិនបើប្រជាជនជប៉ុនមិនក្រោកឈរនៅពេលនេះ
កងកម្លាំងស្វ័យការពារជប៉ុនត្រូវបង្ខំចិត្តធ្វើសកម្មភាព។

កងកម្លាំងស្វ័យការពារជប៉ុនត្រូវតែក្រោកឈរឡើង។
បើ​នៅ​តែ​បន្ត​បែប​នេះ គ្រប់គ្នាគ្រាន់តែជាអ្នកបម្រើរបស់កងទ័ពអាមេរិកប៉ុណ្ណោះ។

ខ្ញុំរង់ចាំកងកម្លាំងស្វ័យការពារជប៉ុនធ្វើសកម្មភាពអស់រយៈពេល ៤ ឆ្នាំមកហើយ។
ហើយឥឡូវនេះ ក្នុងរយៈពេល ៣០ នាទីចុងក្រោយ ខ្ញុំកំពុងរង់ចាំអ្នកទាំងអស់គ្នាក្រោកឈរឡើង។

តើអ្នកទាំងអស់គ្នាដែលនៅទីនេះសុទ្ធតែជាសាមូរ៉ៃមែនទេ?
ហេតុ​អ្វីបានជាអ្នករាល់គ្នាបដិសេធរដ្ឋធម្មនុញ្ញដែលយើងប្រយុទ្ធដើម្បីការពារ?

ហេតុ​អ្វី​បាន​ជា​អ្នក​ឱន​ក្បាល​ចំពោះ​រដ្ឋធម្មនុញ្ញ​ដែល​បដិសេធអ្នកទាំងអស់គ្នា?
ដរាបណារដ្ឋធម្មនុញ្ញនេះនៅតែមាន អ្នកនឹងមិនអាចទទួលបានការជួយសង្គ្រោះឡើយ។

ហើយបន្ទាប់មកដល់ Seppuku (វះពោះធ្វើអត្តឃាត)

បន្ទាប់ពីបញ្ចប់សុន្ទរកថារបស់ខ្លួន លោក Mishima បាននិយាយយ៉ាងគួរសមទៅកាន់ប្រធានសេនាធិការដែលកំពុង​ត្រូវ​ខ្លួន។

“ខ្ញុំមិនមានបំណងអាក្រក់អ្វីចំពោះលោកប្រធានសេនាធិការនោះទេ។ គោលបំណងរបស់ខ្ញុំគឺ​ប្រគល់​កង​កម្លាំង​ស្វ័យ​​ការ​ពារ​​ទៅ​ឲ្យ​ព្រះ​ចៅ​​អធិរាជ។ នេះជាវិធីតែមួយគត់ដែល​ខ្ញុំ​អាច​ធ្វើ​បាន” ។ បន្ទាប់ពីនិយាយរួច លោកដោះអាវចេញ។

បន្ទាប់មក គាត់ប្រគល់ដាវ Seki Magoroku ដែលខ្លួនតែងតែយកតាមទៅឲ្យជំនួយការ ហើយកាន់កាំបិតស្នៀត។ គាត់​ចាក់​កាំបិត​ស្នៀត​ចូល​​ត្រគាក​​ខាង​​ឆ្វេង​ ហើយវះទៅខាងស្តាំដើម្បីធ្វើអត្តឃាត។

ទោះជាយ៉ាងណា មនុស្សមិនអាចស្លាប់ភ្លាមៗបន្ទាប់ពីវះពោះនោះទេ។ វាគ្រាន់តែនាំមកនូវភាពឈឺចាប់យ៉ាងខ្លាំងប៉ុណ្ណោះ។

ជំនួយការដែលទទួលយកដាវ Seki Magoroku បានលើកដាវកាត់ក្បាលរបស់លោក Mishima ប៉ុន្តែកាត់មិនដាច់។ ម្នាក់នោះលើកដាវកាត់ចំនួន ៣ ដងតែ​មិន​បានសម្រេច នៅទីបំផុតជំនួយការ​ម្នាក់ទៀត​ចេញមុខ ហើយលោក Mishima បាន​បញ្ចប់​​ជីវិត​។

គេនិយាយថាលោកប្រធានសេនាធិការដែលកំពុងត្រូវចាប់ខ្លួន បានដឹងពីទឹកចិត្តខ្នះខ្នែងរបស់លោក Mishima ហើយ​បួង​សួង​សុំ​ឲ្យ​វិញ្ញាណ​របស់​លោក Mishima បាន​ទៅ​កាន់​សុគតិភព។

ជប៉ុនសព្វថ្ងៃ

ថ្វីត្បិតតែ បច្ចុប្បន្នរដ្ឋធម្មនុញ្ញជប៉ុនបដិសេធមិនមានយោធា ប៉ុន្តែកងកម្លាំងស្វ័យការពារជប៉ុន (JSDF) តាមពិត​ទៅ​ជា​កម្លាំង​យោធា។

ហើយគ្រប់គ្នាសុទ្ធតែមើលឃើញយ៉ាងច្បាស់ថា ទោះបីជាយើងអំពាវនាវរកសន្តិភាពក៏សង្គ្រាមឈ្លានពានមិនអាចបញ្ចប់បានដែរ។

ជប៉ុននៅតែពឹងផ្អែកលើ​អាមេរិក​ទាំង​ផ្នែក​យោធា និង​នយោបាយ។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ជប៉ុនត្រូវឯករាជ្យលើគ្រប់វិស័យ ដើម្បី​ក្រោក​ឈរ​ឡើង​វិញ​ម្តង​ទៀត។

លោក Mishima បានប្រថុយជីវិតដើម្បីបង្ហាញពីចំណុចនេះ។

ប៉ុន្តែប្រជាជនជប៉ុនមិនបានទទួលយករឿងនេះ។

ជប៉ុន​មិន​ត្រូវ​ការ​កងទ័ព​សម្រាប់ធ្វើសង្គ្រាមនោះទេ។ យ៉ាងណាមិញ ចំណុចសំខាន់គឺជប៉ុនត្រូវការពារខ្លួនឯង។

រួចផុតពីស្ថានភាពបច្ចុប្បន្ន ដែលមិនអាចធ្វើបានរឿងដែលយើងគិតថាជាក់ស្តែង ទើបអាចបញ្ចប់សម័យកាល​ក្រោយ​​សង្គ្រាម​​របស់​​ជប៉ុន។

ខ្ញុំគិតថា យើងគួរតែចងចាំអ្វីដែលលោក Mishima ចង់បង្ហាញ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: