តំណាលរឿងនិយាយពីអណ្តូងឋាននរកដែលជាផ្លូវនាំមកទៅកាន់ឋានមនុស្សស្លាប់
ឋាននរកជាកន្លែងដាក់ទណ្ឌកម្មព្រលឹងវិញ្ញាណដែលធ្លាក់នរកបន្ទាប់ពីស្លាប់ ដែលតែងតែលាក់កំបាំងនូវភាពភ័យខ្លាចអាថ៌កំបាំងក្នុងចិត្តមនុស្ស។
តើអ្នកដឹងទេថា មានអណ្តូងទឹកមួយដែលគេចាត់ទុកថាមនុស្សធ្លាប់ប្រើសម្រាប់ធ្វើដំណើរទៅមកឋាននរកដែរទេ?
រឿងព្រេងនិយាយពី Ono no Takamura
អំឡុងសម័យ Heian នៅពេលដែលវណ្ណៈអភិជនគ្រប់គ្រងជប៉ុន លោក Ono no Takamura ជាមន្ត្រីរាជការមួយរូបដែលមានជីវិតចម្លែកអស្ចារ្យ។ នៅពេលថ្ងៃ លោកបម្រើរាជការ ហើយនៅពេលយប់គាត់បែរជាចុះឋាននរកដើម្បីធ្វើការ។
ថ្វីត្បិតតែ មិនដឹងថាការងារចម្បង ឬបន្ទាប់បន្សំរបស់លោកជាអ្វីក៏ដោយ ប៉ុន្តែមូលហេតុដែលលោក Ono no Takamura ចុះឋាននរកគឺមកពីម្តាយដែលបានចែកឋានរបស់លោក។
យោងទៅតាមរឿងព្រេង ចាប់ពីសម័យ Heian មានអណ្តូងមួយនាំផ្លូវទៅកាន់ឋាននរក។ លោក Ono no Takamura ដោយសារមានសមត្ថភាពអស្ចារ្យបានប្រើអណ្តូងនេះចុះទៅកាន់ឋាននរក។
នៅទីនោះ លោកប្រទះឃើញថាម្តាយរបស់ខ្លួនកំពុងតែរងទុក្ខក្នុងពិភពខ្មោចស្រេកឃ្លាន ដែលជាភពមួយក្នុងចំណោមភពទាំងប្រាំមួយនៃវដ្តសង្សារក្នុងព្រះពុទ្ធសាសនា។
ដោយបំណងចង់ជួយសង្គ្រោះម្តាយចេញពីឋាននរក លោក Ono no Takamura បានសម្រេចចិត្តស្នើសុំយមរាជដែលជាអ្នកគ្រប់គ្រងឋាននរក។
ភាពក្លាហាន និងចិត្តកតញ្ញូរបស់លោក Takamura បានយកឈ្នះចិត្តរបស់យមរាជ។ ដោយដឹងពីសមត្ថភាព និងគុណសម្បត្តិរបស់លោក Takamura យមរាជបានហៅគាត់ឲ្យធ្វើការនៅឋាននរក។
អណ្តូងនាំផ្លូវទៅកាន់ឋាននរក
រឿងព្រេងរបស់ Ono no Takamura ថែមទាំងបាននិយាយតំណាលពីអណ្តូងពីរដែលប្រើសម្រាប់ធ្វើដំណើរទៅមករវាងឋានទាំងពីរ។
ដើម្បីទៅកាន់ឋាននរក លោក Takamura ប្រើអណ្តូងអាថ៌កំបាំងដែលគ្មាននរណាម្នាក់ស្គាល់ទីកន្លែង។ យ៉ាងណាមិញ នៅពេលដែលគាត់ត្រឡប់មកវិញ គាត់បានប្រើអណ្ដូងមួយដែលមានឈ្មោះថា “អណ្តូង Meido” (អណ្តូងឋាននរក) ។
អណ្តូងនេះស្ថិតនៅវត្ត Rokudochinnoji ក្នុងស្រុក Higashiyama ទីក្រុង Kyoto ។ វត្តស្ថិតនៅលើភ្នំ Toribeyama ជាកន្លែងដែលគេចាត់ទុកជាព្រំដែនរវាងមនុស្សរស់ និងមនុស្សស្លាប់។
ឈ្មោះនេះផ្តើមមកពីទំនៀមទម្លាប់នាសម័យនោះ នៅពេលនោះសាកសពរបស់ប្រជាជនតែងតែត្រូវគេទុកចោលសម្រាប់សត្វស្លាបសុី និងទុកឲ្យរលួយ។
ទិដ្ឋភាពសាកសពជាមួយនឹងសំឡេងយំរបស់សត្វបក្សីបង្កើតបានជាទិដ្ឋភាពអាប់អួរ និងគួរឲ្យខ្លាច។
បើយោងទៅតាមរឿងព្រេងអណ្ដូងនៅ Toribeyama មិនត្រឹមតែជាកន្លែងបញ្ចុះសពដ៏អាប់អួរប៉ុណ្ណោះទេ ថែមទាំងជាច្រកទ្វារនាំផ្លូវទៅកាន់ឋាននរកផងដែរ។
មានពាក្យចចាមអារ៉ាមថា អ្នកដែលចុះទៅក្រោមអណ្តូងនេះនឹងមិនអាចត្រឡប់មកវិញឡើយ។
ផ្លូវត្រឡប់មកវិញគឺជាអណ្តូងមួយផ្សេងទៀត
អណ្តូងចេញពីឋាននរកគេហៅថា “អណ្តូង Yomigaeri” ។
នេះគឺជាអណ្តូងនៃការរស់ឡើងវិញ ឈ្មោះនេះមានប្រភពមកពីជំនឿដែលថា មនុស្សស្លាប់អាចរស់ឡើងវិញបន្ទាប់ពីត្រឡប់មកពី Yomi – ពិភពរបស់មនុស្សស្លាប់។
ទីកន្លែងពិតនៃអណ្តូង Yomigaeri នៅតែជាអាថ៌កំបាំង។ ទោះជាយ៉ាងណា នៅឆ្នាំ ២០១១ អណ្តូងមួយត្រូវបានគេរកឃើញ ដែលប្រហែលជាអណ្តូង Yomigaeri ក្នុងរឿងព្រេងរបស់ Ono no Takamura ។
យ៉ាងណាមិញ ដោយសារតែការស្រាវជ្រាវតាមមិនទាន់ ដូច្នេះនៅតែមិនទាន់អាចកំណត់ថានេះជាផ្លូវត្រឡប់មកវិញពិតដែរអត់នោះទេ។ ប្រហែលជាត្រូវការពេលវេលាបន្ថែមសម្រាប់បញ្ជាក់ពីរឿងនេះ។
ចំណុចដែលថា ផ្លូវទៅ និងត្រឡប់មកវិញខុសគ្នាធ្វើឲ្យយើងស្រមៃគិតដល់រឿងប្រឌិតបែបវិទ្យាសាស្ត្រ។
ប្រហែលជាច្រកចេញនៅឋាននរកខុសពីច្រកចេញនៅឋានមនុស្ស។ ដូច្នេះហើយ ប្រសិនបើនរណាម្នាក់ជ្រុលដើរចូលឋាននរក ពួកគេប្រហែលជាមិនអាចរកផ្លូវចេញ ដើម្បីត្រលប់មកវិញនោះទេ។
Goshuin ៖ ការបញ្ជាក់ខាងព្រលឹងវិញ្ញាណ និងការបួងសួង
នៅពេលដែលអ្នកទៅវត្តហើយបួងសួង អ្នកអាចនឹងទទួលបាន Goshuin – ត្រាវត្តប្រាសាទ ដូចជាភស្តុតាងដែលបញ្ជាក់ថាអ្នកបានទៅវត្ត។
Goshuin នៅវត្ត Rokudochinnoji ពិតជាពិសេសខ្លាំងណាស់ ព្រោះមានរូបភាពរបស់យមរាជ។ ប្រសិនបើអ្នកទៅកាន់ Kyoto អ្នកអាចមកកាន់វត្តនៅទីនេះ។
វត្តប្រាសាទ Rokudochinnoji
595 Komatsucho, Nishi Iru Kitagawa, Higashioji-dori, Matsubara-dori, Higashiyama-ku, Kyoto-shi
Abe Kengo