សាច់គោលំដាប់ខ្ពស់របស់ជប៉ុន “ការផ្លាស់ប្តូរប្រវត្តិសាស្ត្រ និងអាថ៌កំបាំងនៅពីក្រោយ”
សាច់គោ និងសាច់ជ្រូកជប៉ុនល្បីនៅលើពិភពលោកដោយសារគុណភាពល្អ។ ទោះជាយ៉ាងណា មនុស្សតិចណាស់ដែលដឹងថា នៅពីក្រោយវប្បធម៌ដ៏អស្ចារ្យនេះគឺជាប្រវត្តិសាស្ត្រខ្មៅងងឹត។
នៅថ្ងៃនេះ ចូរយើងស្វែងយល់អំពីអាថ៌កំបាំងនៃវប្បធម៌សាច់នៅជប៉ុន។
ហេតុអ្វីបានជាគេដាក់ឈ្មោះសាច់តាមប្រភេទដើមឈើ?
មនុស្សជាច្រើនប្រហែលជាធ្លាប់ដឹងអំពីឈ្មោះពិសេសរបស់សាច់ក្នុងវប្បធម៌ម្ហូបអាហារជប៉ុន។
Baniku (សាច់សេះ) = Sakura (ដើមផ្កាសាគូរ៉ា)
Inoshishiniku (សាច់ជ្រូកព្រៃ) = Botan (ដើមផ្កាមូតាន)
Rokuniku (សាច់ក្តាន់) = Momiji (ដើមម៉េផលស្លឹកក្រហម)
Toriniku (សាច់មាន់) = Kashiwa (ដើមជ្រៃ)
អ្នកប្រហែលជាភ្ញាក់ផ្អើលដែលដឹងថារបៀបហៅនេះនៅតែមានរហូតមកដល់សព្វថ្ងៃ។
ជប៉ុនជាប្រទេសដែលរងឥទ្ធិពលយ៉ាងខ្លាំងពីពុទ្ធសាសនា ជាកន្លែងដែលការសម្លាប់ និងបរិភោគសាច់ត្រូវបានចាត់ទុកដូចជាបម្រាម។ យ៉ាងណាមិញ ចំណុចនេះមិនអាចរារាំងចំណូលចិត្តរបស់ប្រជាជនជប៉ុនចំពោះមុខម្ហូបនោះទេ។
ដើម្បីបិទបាំងសកម្មភាពបរិភោគសាច់ ប្រជាជនបានបង្កើតរបៀបហៅពិសេស ដោយប្រើឈ្មោះនៃប្រភេទដើមឈើសម្រាប់ជំនួសឈ្មោះសាច់។
មុខម្ហូបដែលគ្រប់គ្នាចូលចិត្ត រួមទាំងលោកមេទ័ព
កាលពីសម័យមុនប្រជាជនធម្មតាតែងតែបរិភោគសាច់មួយប្រភេទដោយសម្ងាត់ ព្រោះពួកគេជឿថា ប្រភេទសាច់នេះនាំមកនូវកម្លាំង និងការស៊ូទ្រាំ។
ប្រភេទសាច់ “បង្កើនកម្លាំង” នោះគឺសាច់គោ Omi (Omi gyu) ដែលជាម៉ាកសាច់គោលំដាប់កំពូលនៅជប៉ុននាពេលសព្វថ្ងៃនេះ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺថាសាច់គោ Omi ប្រឡាក់ជាមួយនឹង miso មានរសជាតិទាក់ទាញមេទ័ពសាមូរ៉ៃ ដែលជាអ្នកមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម។
ដោយល្បីថាសាច់ទន់ឆ្ងាញ់រលាយក្នុងមាត់ សាច់គោ Omi ត្រូវបានចិញ្ចឹមយ៉ាងប្រុងប្រយ័ត្ន បង្កើតបានជាគុណភាពខ្ពស់។
សាច់គោ Omi ប្រឡាក់ជាមួយនឹងគ្រឿងទេស miso ពិសេសច្រើនថ្ងៃ។ អំបិលក្នុង miso ជ្រាបចូលយ៉ាងជ្រៅតាមស្រទាប់សាច់ ជួយបន្ថែមកម្រិតផ្អែមធម្មជាតិ និងបង្កើនរសជាតិដ៏សម្បូរបែប។
ចំណុចពិសេសត្រង់ថា ជាមួយនឹងបច្ចេកទេសប្រឡាក់ miso ថែមទាំងអាចជួយឲ្យទុកបានយូរផងដែរ។
គ្រាន់តែគិតដល់ពេលដែលខាំសាច់លាយខ្លាញ់ទន់ហើយឆ្ងាញ់ មានរសជាតិប្រៃ ផ្អែមរបស់ miso ក៏ធ្វើឲ្យខ្ញុំទ្រាំលែងបានទៅហើយ។
ក្នុងប្រវត្តិសាស្ត្រជប៉ុនមានលោកមេទ័ពជាច្រើនចូលចិត្តសាច់គោ Omi ប្រឡាក់ miso នេះណាស់។
ពួកគេតែងតែរង់ចាំអំណោយដ៏មានតម្លៃនៃទឹកដី Hikone (ដែលសព្វថ្ងៃស្ថិតនៅខេត្ត Shiga) – ជាកន្លែងដែលផលិតសាច់គោលំដាប់ខ្ពស់នេះ។
តើកំហឹងព្រោះតែអាហារពិតជាគួរខ្លាចដែរទេ?
ដើមឡើយប្រជាជនបរិភោគសាច់គោ Omi ដោយស្ងាត់ ហើយចាត់ទុកដូចជា “មុខម្ហូបបង្កើនកម្លាំង” ប៉ុន្តែវត្តមាននៃតួអង្គសំខាន់មួយរូបបានផ្លាស់ប្តូរគ្រប់យ៉ាង។
បុគ្គលរូបនោះគឺ Ii Naosuke (井伊直弼) ជាស្តេចក្រាញ់កំពូលនៃទឹកដី Hikone – ដែលជាកន្លែងផលិតសាច់គោ Omi ហើយក៏ជាមន្ត្រីខ្ពស់បំផុតក្នុង Shogunate Tokugawa នាពេលនោះផងដែរ។ លោកជាអ្នកដឹកនាំនយោបាយ។
លោក Ii Naosuke មានចិត្តគោរពចំពោះពុទ្ធសាសនា បានចេញបញ្ជាហាមឃាត់សកម្មភាពផលិតសាច់នៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។
នៅទីបំផុត មុខម្ហូប “សាច់គោ Omi ប្រឡាក់ miso” ដែលលោកមេទ័ពជាច្រើននាក់ចូលចិត្ត បានរលាយបាត់ពីពិភពលោកនេះ។
បញ្ជាហាមឃាត់របស់លោក Ii Naosuke ប្រឈមនឹងការចំទាស់យ៉ាងខ្លាំងពី Tokugawa Nariaki ដែលជាស្តេចក្រាញ់នៃទឹកដី Mito (ដែលសព្វថ្ងៃស្ថិតនៅខេត្ត Ibaraki) ។
ក្នុងនាមជាស្តេចក្រាញ់ដែលមានឥទ្ធិពល និងជាសាច់ញាតិរបស់លោកមេទ័ព លោក Tokugawa Nariaki មានអារម្មណ៍ខឹងសម្បារចំពោះការសម្រេចចិត្តនេះ។
Tokugawa Nariaki ជាមនុស្សម្នាក់ដែលចូលចិត្តសាច់គោ Omi ប្រឡាក់ miso នេះណាស់។ រាល់ពេលដែលគាត់បរិភោគមុខម្ហូបនេះ លោកតែងតែសរសេរសំបុត្រអរគុណ។ ដូច្នេះហើយ មុខម្ហូបដែលលោកចូលចិត្តត្រូវហាមឃាត់បានធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង។
នៅទីបំផុត Tokugawa Nariaki បានសម្រេចចិត្តធ្វើសកម្មភាព។ គាត់បានបញ្ជាឲ្យសាមូរ៉ៃនៃទឹកដី Mito វាយប្រហារ និងសម្លាប់ Ii Naosuke ។
នៅសម័យកាលដែលកើតមានព្រឹត្តិការណ៍នេះ ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលចលាចល ដោយសារភាគីសហរដ្ឋអាមេរិកស្នើឲ្យបើកទ្វារ។
ទោះបីជាគេនិយាយថា មូលហេតុនៃព្រឹត្តិការណ៍នេះដោយសារតែទស្សនៈខុសគ្នា ប៉ុន្តែប្រហែលជា “កំហឹងព្រោះតែអាហារ” ទើបជាមូលហេតុធំបំផុត។
សុភាសិតជប៉ុនពោលថា “食い物の恨みは怖い” (kuimono no urami wa kowai) ដែលមានន័យថា “កំហឹងព្រោះតែអាហារទើបជារឿងដែលគួរឲ្យខ្លាច” ។
កំហឹងព្រោះតែអាហារមិនងាយរលាយបាត់នោះទេ វាឆេះងំ ផ្ទុះឡើងយ៉ាងខ្លាំង ហើយបណ្តាលឲ្យកើតមានសោកនាដកម្ម រហូតអាចស្លាប់ក៏ថាបាន។
សូមប្រយ័ត្នប្រយែងចំពោះរឿងទាំងនេះ។
ហើយរីករាយនឹងសាច់គោលំដាប់ខ្ពស់របស់ជប៉ុន។
Abe Kengo